មន្ត្រី​បក្ស​​ប្រឆាំង​ខេត្ត​បន្ទាយមានជ័យ​បារម្ភ​ពី​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​តិច

ដោយ អាស៊ីសេរី
2017.09.28
ចុះ​ឈ្មោះ​បោះឆ្នោត ប៉ោយប៉ែត ២០១៦ ៨៥៥ ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រសៀល​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​បន្ទាយមានជ័យ ​ព្រួយបារម្ភ​ជា​ថ្មី អំពី​ប្រជាពលរដ្ឋ​​ទៅ​ចុះឈ្មោះ​បោះឆ្នោត ​នៅ​ក្នុង​ខេត្ត​នេះ​មាន​ចំនួន​តិចតួច ខណៈ​ការ​ចុះ​ឈ្មោះ​បាន​ដំណើរ​ការ​​មក​ជិត​មួយ​ខែ​ទៅ​ហើយ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា បញ្ហា​​ដែល​​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តិច​នេះ​ ដោយសារ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ផ្សព្វផ្សាយ​ព័ត៌មាន មិន​បាន​ទូលំទូលាយ​និង​នីតិវិធី​នៃ​ការ​ចុះឈ្មោះ​ស្មុគស្មាញ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​បន្ទាយមានជ័យ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ហើយ​មិន​ទាន់បាន​ចុះឈ្មោះ ត្រូវ​ប្រញាប់​នាំគ្នា​​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​លោក សោ ចាន់ដេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កញ្ញា ថា មូលហេតុ​ដែល​លោក​ទទូច​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រៀបចំ​ការ​ចុះ​ឈ្មោះ​នៅ​ក្នុង​ខេត្ត​នេះ ហាក់​ពុំ​ខ្វល់​ពី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​នោះ​ទេ។ លោក​សង្កត់ធ្ងន់​ថា ប្រសិន​បើ​ពលរដ្ឋ​មិន​ប្រញាប់​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​ទាន់​ពេល​ទេ​ ពួកគាត់​នឹង​មិន​អាច​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុន​បាន​ឡើយ៖ «ធម្មតា​ជា​រដ្ឋ​ប្រជាធិបតេយ្យ ក្នុង​នាម​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​យើង ត្រូវ​តែ​ធ្វើ​បែប​ណា​បង្ក​លក្ខណៈ​ឱ្យ​ពលរដ្ឋ​យើង ងាយស្រួល​មក​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​នេះ វា​បែរ​ជា​រក​វិធីសាស្ត្រ​បែប​ណា​បង្កើត​ភាព​ស្មុគស្មាញ កុំ​មនុស្ស​មក​ចុះ​ឈ្មោះ​ឆ្នោត។ អាហ្នឹង​ខ្ញុំ​មិន​យល់​ទេ»

អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់​ទង​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ ខេត្ត​បន្ទាយមានជ័យ លោក ហ៊ី គឹមសេង​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៧​កញ្ញា។ ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​ពលរដ្ឋ​ចុះ​ឈ្មោះ​បាន​តិច ដោយសារ​ពួកគាត់​ភាគច្រើន​ជាប់រវល់​ការងារ ហើយ​ម្យ៉ាង​ទៀត​អាច​ថា ពួកគាត់​រង់ចាំ​ចុះ​ឈ្មោះ​នៅ​កៀក​ថ្ងៃ​ចុង​បញ្ចប់។

ទោះ​ជាយ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ករណី​នេះ​គ្រប់​គណបក្ស​នយោបាយ​ និង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ព្រោះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ មាន​សារសំខាន់​ខ្លាំង​ដល់​ប្រទេស​ជាតិ ដែល​ពលរដ្ឋ​ត្រូវ​តែ​ទៅចុះ​ឈ្មោះ​ឲ្យ​បាន​​ទាំង​អស់​គ្នា ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន៖ «យើង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ប្រទេស​កម្ពុជា​យើង ជា​ប្រទេស កាន់​របប​ប្រជាធិបតេយ្យ​តាំង​ពីឆ្នាំ ១៩៩៣​មក។ អីចឹង​ទៅ​ជា​ប្រជា​ពលរដ្ឋ​មិន​ទាន់​យល់​ពី​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ម៉េច​ផង។ គ្រាន់តែ​នាំ​គ្នា​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត គ្រាន់តែ​នាំ​គ្នា​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​រឿង​ហ្នឹង។ អំពី​ការ​ចុះ​ឈ្មោះ និង​គុណសម្បត្តិ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ហ្នឹង បែរ​ជា​នាំ​គ្នា​មិន​បាន​ជួយ​គ្នា​យ៉ាង​សស្រាក់សស្រាំ។ យើង​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង»

លោក​បន្ថែម​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ ដែល​គ្រប់​អាយុ​បោះឆ្នោត​ហើយ​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​មិន​បាន​ទៅចុះ​ឈ្មោះ​ទេ​នោះ​ ពួកគាត់​នឹង​ពុំ​អាច​ទៅ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​បាន​ឡើយ។

ពលរដ្ឋ​ដែល​គ្រប់​អាយុ​ ហើយ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ជាង​១៥ម៉ឺន​នាក់ (១៥០,០០០) ចំណែក​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ គិត​ត្រឹម​ថ្ងៃ​ទី​២៦​កញ្ញា​ មាន​ជាង​៧ពាន់​នាក់ ​(,៦៥៣)

លោក សោ ចាន់ដេត លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​ជំរុញ​ពលរដ្ឋ​ឲ្យ​​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​ទូលំទូលាយ​ទេ នៅ​​ថ្ងៃ​បញ្ចប់​នៃ​ការ​ចុះ​ឈ្មោះ លោក​រំពឹង​ថា​​​​អ្នក​ដែល​បាន​​​​ចុះ​ឈ្មោះ​នឹង​មិន​ដល់​​៥០​ភាគ​រយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។