បក្ស​ប្រឆាំង​រិះគន់​បក្ស​រណប​លោក ហ៊ុន សែន ដែល​ចង់​ជួប​សហភាព​អឺរ៉ុប​រឿង​អនុគ្រោះ​ពន្ធ

ដោយ មួង ណារ៉េត
2018-11-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លោក សេង សុខេង។
ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លោក សេង សុខេង។
Photo: RFA

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង ថា​តំណាង​បក្ស​រណប​របប​លោក ហ៊ុន សែន ដែល​ចង់​ជួប​មន្ត្រី​សហភាព​អឺរ៉ុប​នៅ​កម្ពុជា រឿង​ដក​ការ​អនុគ្រោះ​ពន្ធ​នោះ គឺ​ជា​ការ​អង្គុយ​បក់ផ្សែង ឬ​អេះ​រមាស់​មិន​ត្រូវ​កន្លែង។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រម្លាយ ស្នើ​ឲ្យ​បក្ស​នយោបាយ​ទាំងអស់​នោះ បើ​អះអាង​ថា ខ្លួន​ស្រលាញ់​ជាតិ ស្រាឡាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​មែន គួរតែ​លើក​យក​បញ្ហា​នេះ ទៅ​ដាក់​លើ​តុ​សុំ​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ទើប​ត្រូវ ព្រោះ​កូន​សោរ​ដំណោះស្រាយ ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក ហ៊ុន សែន មិនមែន​នៅ​លើ​សហភាព​អឺរ៉ុប​នោះ​ទេ។ «»

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នេះ ធ្វើ​ឡើយ​ក្រោយ​ពី​គណបក្ស​នយោបាយ​មិន​ជាប់ឆ្នោត​ចំនួន​ពីរ ដែល​ប្រធាន​គណបក្ស សុទ្ធតែ​ជា​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន បាន​ស្នើ​សុំ​ជួប​តំណាង​សហភាព​អឺរ៉ុប ដោយ​អះអាង​ថា ដើម្បី​សុំ​សិក្សា​ពី​ដំណើរ​ការ​វិវត្ត នៃ​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (Everything but Arms) ឬ ហៅថា EBA ពី​កម្ពុជា។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ប្រធាន​គណបក្ស​សញ្ជាត​កម្ពុជា កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា បាន​ចេញ​លិខិត​រៀងៗ​ខ្លួន ស្នើសុំ​ជួប​ឯកអគ្គរដ្ឋទូត​សភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក George Edgar ដោយ​អះអាង​ថា ដើម្បី​សិក្សា​លើ​ដំណើរ​ការ​វិវត្ត នៃ​គម្រោង​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ។ ក្នុង​លិខិត​របស់​គណបក្ស​ទាំងពីរ បញ្ជាក់​ថា គោលបំណង​សុំ​ជួប​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប គឺ​ក្រោយ​ពេល​ទទួល​ដំណឹង​ថា ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ពាណិជ្ជកម្ម នៃ​សហភាព​អ៊ឺរ៉ុប អ្នកស្រី Cecilia Malstrom កាលពី​ថ្ងៃ​ទី​០៥ តុលា បាន​ជូនដំណឹង​ដល់​ភាគី​កម្ពុជា ថា សហភាព​អឺរ៉ុប កំពុង​ដំណើរ​ការ​នីតិវិធី ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

សហភាព​អឺរ៉ុប បាន​ដាក់​ឱសានវាទ​រយៈពេល​យ៉ាង​យូរ​បំផុត ១២​ខែ គិត​ចាំ​ពី​ថ្ងៃ​ទី៥ ខែ​តុលា​កន្លង​ទៅ ឱ្យ​របប​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ បើ​ពុំ​ដូច្នេះ​ទេ សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ វិធានការណ៍​នេះ នឹង​ត្រូវ​បាន​ដាក់​ចេញ ដោយសារតែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ មិន​ទាន់​ត្រូវ​បាន​កែប្រែ​នៅឡើយ​។ ប៉ុន្តែ ក្រុម​មេដឹកនាំ និង​អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ មិន​អើពើ​ទេ។

ប្រធាន​គណបក្ស​ខ្មែរ​តែមួយ ក្នុងនាម​ជា​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ បាន​ចេញ​សេចក្ដីថ្លែងការណ៍ សម្ដែង​ការ​ខកចិត្ត​នឹង​តំណាង​ជាន់ខ្ពស់​កិច្ចការ​បរទេស របស់​សហភាព​អឺរ៉ុប អ្នកស្រី Federica Mogherini ដែល​ជូនដំណឹង​អំពី​ការ​ចាប់ផ្តើម​នីតិវិធី ចាត់វិធានការ​បញ្ឈប់​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ ថា​មាន​ឆន្ទៈ​លំអៀង និង​មានបំណង​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ក្នុង​ពេលដែល​លោក​អះអាង​ថា កម្ពុជា​កំពុង​គោរព​គោលការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​ហើយ​នោះ។

ទោះបីជា​សហគមន៍​អន្តរជាតិ ថ្កោលទោស​របប​លោក ហ៊ុន សែន ជុំ​ទិស ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក្តី ក៏​គណបក្ស​ដែល​រណប​របប​លោក ហ៊ុន សែន ទាំងនោះ​គាំទ្រ​របប​នេះ យ៉ាង​ប្ដូរផ្ដាច់​នោះ​ដែរ។

លោក អេង ឆៃអ៊ាង យល់ថា ការ​ស្វះស្វែង ចង់​ជួប​មន្ត្រី​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​នោះ ថា​ជា​ការ​បង្ហាញ​អំពី​ភាពជា​មនុស្ស​ឱកាសនិយម ដែល​មិន​គិត​ពី​ផលប្រយោជន៍​សាធារណៈ ឬ​ផល​ប្រយោជន៍​សង្គម​នោះ​ទេ គឺ​គិតតែ​ពី​ឱកាស​ដែល​ចំណេញ​ដល់​ប្រយោជន៍​សួនតួ នៃ​បុគ្គល និង​បក្ស​ពួក​ខ្លួន​តែប៉ុណ្ណោះ ទើប​មើល​រម្លង​ឫសគល់​នៃ​បញ្ហា មិន​ហ៊ាន​រិះគន់​ទង្វើ​ខុសឆ្គង​របស់​លោក ហ៊ុន សែន តែ​បែរជា​ចាំតែ​ហៃអើ​តាម​លោក ហ៊ុន សែន បែបនេះ​ទៅវិញ។ «»

អ្នកវិភាគ​នយោបាយ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម បាន​ព្រមាន​រួច​ទៅ​ហើយ​ថា ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទៅមុខ​ហើយ មិន​ថយ​ក្រោយ​វិញ​ទេ ដរាបណា​របប​លោក ហ៊ុន សែន នៅតែ​បន្ត​ចចេស មិន​ធ្វើតាម​សំណូមពរ និង​ការ​ចង់​បាន​របស់​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ និង​ទីផ្សារ​អន្តរជាតិ​ដ៏​ធំ​របស់​កម្ពុជា​ទាំង​នេះ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល