ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួនបង្ហាញជំហរគាំទ្រការកែប្រែខ្នាតផែនទីដែលលោក ហ៊ុន សែន ផ្ដួចផ្ដើមគំនិតជាមួយរដ្ឋាភិបាលវៀតណាម ថ្មីៗនេះ។ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីបានពិគ្រោះយោបល់ជាមួយប្រមុខរដ្ឋាភិបាលវៀតណាម ថានឹងស្នើឲ្យប្រទេសបារាំង ធ្វើផែនទីថ្មីឡើងវិញសម្រាប់កម្ពុជា-វៀតណាម។ ខ្នាតផែនទីដែលប្រធានគណបក្សប្រជាជនកម្ពុជា មានបំណងកែប្រែនេះ គឺកែពី ១/១០០.០០០ (មួយលើមួយរយពាន់) មកជាខ្នាត ១/៥០.០០០ (មួយលើហាសិបពាន់) វិញ។
អ្នកវិភាគនយោបាយមើលឃើញថា ការខ្វែងគំនិតគ្នារឿងផែនទី និងភាពចម្រូងចម្រាសបញ្ហាព្រំដែននេះ ប្រហែលជាអាចលែងកើតមានទៀតហើយរវាងបក្សប្រឆាំង និងបក្សកាន់អំណាច ប្រសិនបើបំណងនៃការកែប្រែខ្នាតផែនពីការប្រើប្រាស់ខ្នាតផែនទីបោន (Bonne) មកជាខ្នាត យូ.ធី.អឹម (UTM) វិញ។ ការបញ្ជាក់ដូចនេះរបស់លោកបណ្ឌិត មាស នី ស្របពេលប្រធានគណបក្សប្រឆាំងបង្ហាញជំហរគាំទ្រគំនិតរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលទ្រាំរស់នៅដោយគេចពីការចាប់ខ្លួនដោយតុលាការក្រុងភ្នំពេញ អស់ពេលជាច្រើនឆ្នាំណាស់មកហើយ បង្ហាញបំណងរបស់ខ្លួនគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន សែន ដែលស្នើឲ្យរដ្ឋាភិបាលបារាំង កែប្រែខ្នាតផែនទីនេះ។
ប្រមុខដឹកនាំបក្សប្រឆាំង ដែលធ្លាប់រិះគន់ដោយមិនសំចៃមាត់ និងធ្លាប់ត្រូវតុលាការក្រុងភ្នំពេញ កាត់ទោស ព្រោះរឿងព្រំដែននេះដែរ យល់ឃើញថា អ្វីដែលប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងវាក៏ជាវត្ថុបំណងដែលលោកតែងតែគិតចង់បានដែរ៖ «វាជាគំនិតល្អ ខ្លួនខ្ញុំក៏មានគំនិតដូចគ្នាអ៊ីចឹងដែរ។ យើងត្រូវពឹងពាក់អ្នកដែលមានជំនាញ មានបទពិសោធន៍ មានឯកសារ ដោយសារគេមានពាក់ព័ន្ធរឿងនេះជិត ១៥០ឆ្នាំមកហើយ ដូច្នេះយើងសប្បាយចិត្ត»។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ស្រងសម្ដីរបស់លោក ហ៊ុន សែន ចុះផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ថា ការបម្លែងខ្នាតផែនទីពី មួយលើមួយរយពាន់មកជាខ្នាត មួយលើហាសិបពាន់វិញនេះ គឺដើម្បីឲ្យស៊ីគ្នាទៅនឹងសន្ធិសញ្ញាបំពេញបន្ថែមពីឆ្នាំ២០០៥។ គេនៅចាំបានថា មានបក្សប្រឆាំង និងក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនធ្លាប់រត់ភៀសខ្លួន និងត្រូវជាប់គុក ព្រោះតែរិះគន់សន្ធិសញ្ញាបំពេញបន្ថែមនេះ។
ក្រុមអ្នករិះគន់ចាត់ទុកថា សន្ធិសញ្ញាបំពេញនេះហើយ ដែលធ្វើឲ្យសន្ធិសញ្ញាឆ្នាំ១៩៨៥ រស់ឡើងវិញ។ មិនតែប៉ុណ្ណោះ សន្ធិសញ្ញាដែលព្រមព្រៀងរវាងកម្ពុជា-វៀតណាម នេះ គឺជាដើមចមដែលនាំឲ្យកម្ពុជា ត្រូវបាត់បង់ដីនៅតាមខ្សែបន្ទាត់ព្រំដែនទៅវៀតណាម បន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នៅខេត្តសៀមរាប លោក ហ៊ុន សែន បានចាត់ឲ្យលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសព្រាងឯកសារជាមួយភាគីវៀតណាម ដើម្បីរៀបចំលិខិតស្នាមផ្លូវការ ស្នើឲ្យរដ្ឋាភិបាលបារាំង ជួយកែខ្នាតផែនទីនេះឡើងវិញ។
ទាក់ទិនរឿងនេះ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ឃើញថា ប្រធានគណបក្សប្រឆាំងមិនគួរប្រញាប់ប្រញាល់លឿនពេក យល់ព្រមការចង់បានរបស់លោក ហ៊ុន សែន នេះទេ។ ជាងនេះទៀត ការកែប្រែត្រូវមានសេចក្ដីសម្រេចពីរដ្ឋសភាជាមុនសិន មុននឹងចង់កែប្រែអ្វីមួយ ព្រោះកម្ពុជា ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ មាត្រា២ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិចែងថា បូរណភាពទឹកដីកម្ពុជា មិនអាចនរណារំលោភបំពានបានឡើយ ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាតមួយលើមួយរយពាន់ដែលទទួលស្គាល់ជាអន្តរជាតិ។
អ្នកវិភាគសង្គម និងនយោបាយលោកបណ្ឌិត មាស នី មើលឃើញថា ការបង្ហាញជំហររបស់មេបក្សប្រឆាំងប្រហែលជាចង់បានការអនុគ្រោះផ្នែកនយោបាយពីរដ្ឋាភិបាល។
លោកបន្តថា លោក សម រង្ស៊ី ធ្លាប់ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ផ្ដល់ការអត់ឱនផ្នែកនយោបាយនេះ តាមរយៈរូបមន្តនៅក្នុងរដ្ឋសភាម្ដងរួចមកហើយ៖ «ខ្ញុំគិតថា រឿងនេះមិនខុសគ្នាអីពីស្ថានភាពមួយដែលកើតឡើងពីអាណត្តិមុនទាក់ទិនទៅនឹងរឿង ៥០+១ ហើយនិង ២ភាគ៣ទេ ដែលពេលនោះគឺគណបក្សប្រឆាំងបានយល់ព្រមអនុម័ត ៥០+១ ដែលជាការអនុម័តផ្សេងៗនៅក្នុងសភា»។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហាញជំហរកែប្រែរដ្ឋធម្មនុញ្ញត្រង់មាត្រា២ នេះដែរ។ អ្នកវិភាគនយោបាយរិះគន់ថា ប្រសិនបើមាត្រា២ នេះត្រូវធ្វើវិសោធនកម្ម ដូចបំណងប្រាថ្នារបស់រដ្ឋាភិបាលមែន នោះមិនខុសពីការកាត់តម្រឹមផែនទីទៅនឹងផ្ទៃដីជាក់ស្ដែងដែលពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនអះអាងថា កំពុងបាត់បង់ទៅវៀតណាម ឡើយ។
បញ្ហាព្រំដែននេះ នៅតែជាចំណុចរសើប និងក្ដៅគគុករបស់រដ្ឋាភិបាលដែលចាត់វិធានការមិនរើសមុខ។ ទាក់ទិនរឿងនេះ បណ្ដាលឲ្យមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលសកម្មក្នុងរឿងព្រំដែនលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ និងចាប់ដាក់គុកក្រោមហេតុផលថា ក្បត់ជាតិ និងនាំឲ្យវឹកវរដល់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។