មន្ត្រីបក្សប្រឆាំងម្នាក់នៅខេត្តបាត់ដំបងឈឺធ្ងន់នៅពន្ធនាគារព្រៃស
2023.08.30
ប្រពន្ធមន្ត្រីគណបក្សប្រឆាំងម្នាក់នៅខេត្តបាត់ដំបង អះអាងថា ប្ដីរបស់លោកស្រី គឺលោក ខាន់ ប៊ុនផេង ធ្លាក់ខ្លួនឈឺធ្ងន់នៅពន្ធនាគារព្រៃស និងស្នើឱ្យមន្ត្រីពន្ធនាគារបញ្ជូនប្ដីទៅព្យាបាលជំងឺនៅខាងក្រៅមន្ទីរឃុំឃាំង។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា មន្ត្រីពន្ធនាគារគួរតែប្រញាប់បញ្ជូនជនជាប់ឃុំរូបនេះទៅព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារឱ្យបានឆាប់។
ប្រពន្ធសកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងព្រួយបារម្ភខ្លាចស្ថានភាពជំងឺរបស់លោក ខាន់ ប៊ុនផេង កាន់តែធ្ងន់ធ្ងរ ហើយគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រពន្ធលោក ខាន់ ប៊ុន ផេង គឺលោកស្រី ម៉ែន គន្ធាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ សីហាថា លោក ខាន់ ប៊ុនផេង រលាកតម្រងនោមធ្ងន់ធ្ងរ ហើយបណ្ដាលឱ្យនោមញឹក និងឈឺចុកចាប់រាល់ថ្ងៃដោយពុំមានថ្នាំព្យាបាលនោះទេ។ លោកស្រីស្នើឱ្យមន្ត្រីពន្ធនាគារបញ្ជូនលោកទៅព្យាបាលជំងឺនៅខាងក្រៅពន្ធនាការឱ្យបានឆាប់។
លោកស្រី ម៉ែន គន្ធារី៖ «បារម្ភព្រះថាជំងឺនឹងវាអាចវិវឌ្ឍទៅធ្ងន់ហើយព្រោះអីវា ៣ឆ្នាំហើយ ដែលមិនបានព្យាបាលមើលឱ្យដិតដល់។ វាឈឺខ្លាំងទៅៗ ហើយគាត់នៅនោះ គាត់ថា ពិសាបាយមិនសូវបានគេងក៏មិនសូវលក់អីចឹងគាត់ពីមុនគាត់ ៦០គីឡូ ឥឡូវធ្លាក់មកនៅ ៥២គីឡូ»។
លោក ខាន់ ប៊ុនផេង អាយុ ៦៥ឆ្នាំ ជាអតីតចៅសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងរបស់គណបក្សសង្គ្រោះជាតិ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួននៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងគម្រោងវិល ចូលស្រុករបស់អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការស្នើសុំទៅព្យាបាលជំងឺនេះបានទេនៅថ្ងៃទី២៩ សីហា។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍ថា ជនជាប់ឃុំបាត់បង់តែសេរីភាពដើរហើរប៉ុណ្ណោះ ចំពោះសេរីភាពផ្សេងទៀតក្នុងនាមជាមនុស្សនៅមានដដែល ដូច្នេះលោកថា មន្ត្រីពន្ធនាគារគួរតែបញ្ជូនលោក ខាន់ ប៊ុនផេង ទៅព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារឱ្យបានឆាប់។
លោក យិន ម៉េងលី៖ «តាមពិតពេទ្យនៅទីនោះ ឬមន្ត្រីគ្រប់គ្រងគាត់ដឹងផ្ទាល់ហើយមិនចាំបាច់មានការស្នើសុំទេ។ ពិនិត្យ ពីព្រោះអ្នកនៅទីនោះ នៅក្រោមការគ្រប់គ្រងរបស់មន្ត្រីពន្ធនាគារផ្ទាល់។ អ៊ីចឹង មន្ត្រីពន្ធនាគារគាត់ពិនិត្យមើលស្ថានភាពហើយ។ អ៊ីចឹង គាត់មើលឃើញថា ស្ថានភាពគាត់ធ្ងន់ធ្ងរបាត់បង់ភាពជាមនុស្ស ហើយយើងគប្បីបញ្ជូនគាត់ទៅសម្រាកព្យាបាលទៅ»។
ទោះជាយ៉ាងណាជារឿយៗ អ្នកជាប់ឃុំក្រីក្រ និងអ្នកទោសមនសិការ កម្រទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅណាស់ ដែលខុសពីអ្នកជាប់ឃុំខ្លះជាឧក្រិដ្ឋជន តែមានលុយមានអំណាច ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
ជាឧទាហរណ៍ ឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងរឿងក្ដីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំ២០១៥ នោះ បានជាប់ឃុំក្នុងពន្ធនាគារមិនដល់មួយសប្ដាហ៍ផង ក៏ត្រូវបានគេបញ្ជូនមកស្នាក់នៅបន្ទប់វីអាយភី (VIP) ក្នុងមន្ទីរពេទ្យខាងក្រៅពន្ធនាគារ រហូតទាល់តែតុលាការដោះលែង។ រីឯបងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង គឺឧកញ៉ា គិត ធាង វិញ តុលាការក្រុងភ្នំពេញបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ក្នុងករណីជួញដូរគ្រឿងញៀនជិត ៥០គីឡូក្រាម ប៉ុន្តែលោកជាប់ឃុំប្រមាណកន្លះខែ ក៏ត្រូវបានគេបញ្ជូនទៅស្នាក់នៅក្នុងបន្ទប់វីអាយភី (VIP) នៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារដែរ រហូតទាល់តែតុលាការដោះលែងកាលពីឆ្នាំ២០២១។ ថ្មីៗ នេះមន្ត្រីពន្ធនាគារអនុញ្ញាតឱ្យអ្នកទោសគ្រឿងញៀនជនជាតិតៃវ៉ាន់ (Taiwanese) ម្នាក់ចេញទៅព្យាបាលធ្មេញនៅគ្លីនិកធ្មេញឯកជនរហូតត្រូវបានខ្មាន់កាំភ្លើង ចូលទៅរំដោះបានដោយសុវត្ថិភាព មុននឹងត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។