មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ពលរដ្ឋ​ឱ្យ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​របប​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2020.06.10
អេង ឆៃអ៊ាង ៦២២ ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​កម្មវិធី​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១៨ នា​រដ្ឋធានី​វ៉ាស៊ីនតុន។
RFA

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​អះអាង​ថា របប​លោក ហ៊ុន សែន ចាប់​ចង​មនុស្ស​ស្រេច​តែ​ចិត្ត និង​បំផ្លាញ​ប្រជាធិបតេយ្យ​បាន​ដូច​សព្វថ្ងៃ​នេះ ដោយសារ​តែ​ពលរដ្ឋ​ម្នាក់ៗ នៅ​ស្ងៀម​មិន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តប​ត​វិញ។ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម អះអាង​ថា ពលរដ្ឋ​កម្ពុជា​ប្រហែល​ជា​មិន​ទាន់​យល់​ដឹង​ច្បាស់លាស់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ការពារ​ខ្លួន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ស្រុះស្រួល​គ្នា ងើប​ឡើង​ប្រឆាំង​នឹង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដើម្បី ដាក់​សម្ពាធ​ឲ្យ​របប​ឯក​បក្ស​បញ្ឈប់​ការ​ចាប់​ខ្លួន​មនុស្ស​ត​ទៅ​ទៀត។

លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា នៅ​ពេល​ប្រជាពលរដ្ឋ​រួបរួម​ជា​ធ្លុង​តែ​មួយ​ហើយ​នោះ អាជ្ញាធរ​របប​លោក ហ៊ុន សែន នឹង​មិន​ហ៊ាន​បន្ត​សកម្មភាព​ចាប់​ខ្លួន​ពលរដ្ឋ​ស្លួត​ត្រង់​ទៀត​ទេ ទោះ​ជា​សកម្មជន​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ក៏​ដោយ ។ លោក អេង ឆៃអ៊ាង បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ពលរដ្ឋ​មាន​អំណាច​ពេញលេញ ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​សមត្ថកិច្ច៖ «ដោយឡែក​នៅ​កម្ពុជា​យើង​រាល់​ថ្ងៃ​នេះ របប​លោក ហ៊ុន សែន ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ ឧទាហរណ៍​ដូច​ជា​អ្នក​រង​គ្រោះ​ដីធ្លី ដូចជា អ្នក​បឹង​កក់​ជា​ដើម តវ៉ា​រឿង​ដីធ្លី ខំ​តស៊ូ តែ​អ្នក​ដទៃ​បាន​ត្រឹម​សំដែង​ការ​អាណិត​មិន​បាន​ចូលរួម​ទេ នៅ​មាន​ករណី​ដទៃ​ទៀត​ដូច​គ្នា ខ្មែរ​យើង​ប្រកាន់​ទស្សនៈ​ថា ក្បាល​អ្នក​ណា​សក់​អ្នក​ហ្នឹង តែ​ខ្ញុំ​នៅ​មាន​ជំនឿ​ថា នៅ​ពេល​ខាង​មុខ​ខ្មែរ​យើង​នឹង​រួបរួម​គ្នា ពិសេស​យុវជន​ជំនាន់​ក្រោយ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​មិថុនា ព្រមាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​បន្ថែម​ទៀត ចំពោះ​បុគ្គល​ណា​ដែល​លោក​ចោទ​ថា ធ្វើ​ការ​តាម​បញ្ជា​របស់​លោក សម រស្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក ហ៊ុន សែន អះអាង​ថា ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ៖ «អា​ហ្អែង​កុំ​អាល​មើល​ស្រាល​អញ​ពេក​ហ្អា។ អញ​សូម​ប្រាប់​ហ្អែង​ថា ហ្អែង​កុំ​ភ្លេច​ណា ហ្អែង​ចង្អុល​ប្រាប់​អ្នក​ណា​ធ្វើ​សកម្មភាព​ខាង​ក្នុង​អញ​ចាប់​ខ្លួន​ទាំង​អស់ អញ​សូម​ប្រាប់​ហ្អែង​តែ​ប៉ុណ្ណឹង​ទេ»

របបលោក ហ៊ុន សែន បាន​ប្រើ​អំណាច​លើស​លុប​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ២០១៧ មក ដែល​សហគមន៍​ជាតិ អន្តរជាតិ​ថ្កោលទោស និង​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​ឫស​គល់​ប្រជាធិបតេយ្យ ដែល​កំពុង​លូតលាស់​នៅ​កម្ពុជា។ ចាប់​តាំង​ពី​ពេល​នោះ​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ក៏​មាន​សន្ទុះ​ឡើង​ជា​បន្ត​បន្ទាប់។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក បណ្ឌិត មាស នី មានប្រសាសន៍ថា នៅ​ក្នុង​ប្រទេស ដែល​មាន​មេ​ដឹក​នាំ​មាន​ប្រវត្តិ​ចេញ​មក​ពី​កងទ័ព ការ​ដោះ​ស្រាយ​បញ្ហា​តែងតែ​យក​របៀប​យោធា មក​ប្រើ​ដូច​ដែល​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ។ ចំពោះ​ពលរដ្ឋ​វិញ លោក បណ្ឌិត មាស នី មើល​ឃើញ​ថា ពលរដ្ឋ​ក៏​មិន​ទាន់​អនុវត្ត ឬ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ៖ «ផ្នត់​គំនិត​របស់​ពលរដ្ឋ​កម្ពុជា ពេល​ណា​គាត់​បោះ​ឆ្នោត​ឲ្យ​អ្នក​ដឹក​នាំ​របស់​គាត់​រួច​ហើយ គាត់​ទុក​ឲ្យ​អ្នក​ដឹក​នាំ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ចុះ គាត់​សុំ​តែ​ម៉ា​តែ​រួច​ខ្លួន​នៅ​ក្នុង​លក្ខខ័ណ្ឌ​នៃ​ស្ថានភាព​ប្រព័ន្ធ​គ្រប់គ្រង​នយោបាយ ឬ​ភាព​មាន​កម្រិត​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​មាន​ការ​លំបាក​រហូត​មក​ដល់​សព្វថ្ងៃ»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ និង​និតិរដ្ឋ ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ជា​ការ​អនុវត្ត​តាម​ច្បាប់៖ «លទ្ធិ​ប្រជាធិបតេយ្យ​ដំណើរ​ការ​ទៅ​ល្អ​វា​ផ្សា​ភ្ជាប់​ទៅ​នឹង​នីតិរដ្ឋ​ដែរ បើ​សិន​ជន​ណា​គណបក្ស​នយោបាយ ឬ​អ្នក​នយោបាយ​អនុវត្ត​ប្រព្រឹត្តិ​ខុស​ច្បាប់ ហើយ​យើង​មិន​ហ៊ាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ខ្លាច​ប៉ះពាល់​ប្រជាធិបតេយ្យ អា​ហ្នឹង​មិន​ត្រឹម​ត្រូវ​ទេ»

ការអនុវត្ត​ច្បាប់ និង​គោរព​តាម​នីតិរដ្ឋ​ដូច​ដែល​លោក សុខ ឥសាន នេះ ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ​មើល​ឃើញ​ថា ជា​ការ​អនុវត្ត​មិន​ស្មើភាព​ឡើយ ប៉ុន្តែ​ជា​ការ​អនុវត្ត​ការពារ​តែ​ក្រុម​បក្ខ​ពួក​អ្នក​មាន​អំណាច​ដែល​គ្មាន​អ្នក​ណា​អាច​ប៉ះ​បាន។ រីឯ​ក្រុម​ប្រជា​ពលរដ្ឋ ឬ​អ្នក​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង​វិញ មិន​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ដោយ​ស្មើភាព​ឡើយ។

មួយ​ចំណែក​នៃ​ការ​ចាប់​ខ្លួន​ក៏​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩ ដែរ។ ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស អ..ប អ្នកស្រី មីសែ្សល បាស្សេឡេត( Michelle Bachelet) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺណែវ (GENVA) ប្រទេស​ស្វីស កាល​ពី​ដើម​ខែ​មិថុនា​នេះ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​វិធានការ​គាប​សង្កត់ ដើម្បី​រារាំង​ការ​និយាយ​ស្ដី​ស្រប​ច្បាប់ រួម​ទាំង​ចាប់​ខ្លួន​មនុស្ស​ផង ក្រោម​លេស​ថា ការពារ​ពី​ភាព​ចលាចល​សង្គម ក្នុង​ពេល​ជំងឺ​កូវីដ១៩ កំពុង​រាតត្បាត។

ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ចងក្រង​ជា​ឯកសារ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន ៣០នាក់ រាប់​ទាំង​ស្ត្រី​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​អាយុ ១៤ឆ្នាំ ដោយសារ​តែ​ការ​និយាយ​អធិប្បាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩។ អ្នកស្រី​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ “ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​រៀបចំ​ផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល“

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។