មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា លោក ហ៊ុន ម៉ាណែត ពូកែ​ខាង​អួត តែ​ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព

2024.01.10
មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា លោក ហ៊ុន ម៉ាណែត ពូកែ​ខាង​អួត តែ​ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព លោក ហ៊ុន ម៉ាណែត ​ក្នុង​ពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស អេ (A) ឆ្នាំសិក្សា២០២២-២០២៣ នៅ​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជា​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ពូកែ​ខាង​អប់រំ​ប្រៀនប្រដៅ​គេ​ឯង ប៉ុន្តែ​ការ​អនុវត្ត​ការងារ​ជាក់​ស្ដែង​គ្មាន​ប្រសិទ្ធភាព​ឡើយ។ ប្រតិកម្ម​នេះ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​ប្រដៅ​ទៅ​សិស្ស ដែល​ប្រឡង​ជាប់​និទ្ទេស អេ (A) ថា ការ​រៀន​សូត្រ​ចេះ​ដឹង​ពុំ​មែន ដើម្បី​ធ្វើ​ការ​បាន​ប្រាក់​ខែ​ខ្ពស់​នោះ​ទេ គឺ​ត្រូវ​មាន​សុជីវធម៌​និង​គុណធម៌​ផង​ដែរ។

មន្ត្រី​គណបក្ស​ប្រឆាំង​និង​​អ្នក​ឃ្លាំ​មើល​កម្ពុជា​សោកស្ដាយ ដែល​លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​យក​ចំណេះ​ដឹង​របស់​ខ្លួន​​​ទៅ​ប្រើប្រាស់ ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​គ្រប់​និន្នាការ​បក្ស​នយោបាយ ដូច​ការ​ប្រដៅ​ដល់​អ្នក​ដទៃ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក ម៉េង សុធារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ មករា​ថា លោក ហ៊ុន ម៉ាណែត ពូកែ​បាន​តែ​ខាង​ប្រដៅ​គេ​ឯង ប៉ុន្តែ​ការ​អនុវត្ត​ការងារ​ជាក់​ស្ដែង​គ្មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត គួរតែ​យក​ចំណេះ​ដឹង​ដែល​បាន​សិក្សា​រៀន​សូត្រ​ពី​ប្រទេស​លោក​សេរី​មក​ប្រើប្រាស់​ក្នុង​ការ​ដឹក​នាំ​ប្រទេស ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ។

លោក ម៉េង សុធារ៉ា៖ «ការ​បំផ្លាញ​ប្រជាធិបតេយ្យ​​ការ​កម្ទេច​គណបក្ស​ពី​រយៈ​លោក ហ៊ុន សែន បន្ត​ដល់​លោក​ ហ៊ុន ម៉ាណែត​ខ្លាំង​ជាង​​ឪពុក​របស់​លោក​ទៅ​ ការ​អនុវត្ត​របស់​លោក​​ហ៊ុន ម៉ាណែត​។​នេះ​ហើយ​ជា​គំរូ​អាក្រក់ ជា​គំរូ​ដែល​គួរ​ឱ្យ​ខ្មាសអៀន​ដែល​បាន​ទៅ​សិក្សា​​ដល់​ប្រទេស​លោក​សេរី​ យើង​មក​ធ្វើ​ដ៏​កខ្វក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឱ្យ​ជាតិ​បែក​បាក់។​គួរ​ឱ្យ​ខ្មាសអៀន​ណាស់​គំរូ​នឹង​ អីចឹង​បាន​ថា​បាន​តែ​ប្រដៅ​គេ​ប៉ុន្តែ​ខ្លួន​ឯង​ស្មោកគ្រោក​បំផុត​​នៅ​ក្នុង​ស្រុក​ខ្មែរ​ហើយ​»

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​​ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​សិស្ស​​ដែល​ទើប​ប្រឡង​ជាប់​និទ្ទេស​អេ(A)​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​​ថ្ងៃ​ទី​៩​មករា​ថា ការ​អប់រំ​​ល្អ​ពុំ​មែន​ដើម្បី​តែ​ធ្វើ​ការងារ​​​បាន​ប្រាក់​ខែ​​ច្រើន​ ដើម្បី​​បង្កើន​​​សេដ្ឋកិច្ច​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ។​លោក​បញ្ជាក់​ថា ​ការ​អប់រំ​ល្អ​ត្រូវ​មាន​គោលដៅ​​៤​​ គឺ ទី១​អប់រំ​មនុស្ស​ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ល្អ ទី​២​អប់រំ​ ដើម្បី​ឱ្យ​មាន​ចំណេះ​ដឹង​យល់​ពី​ស្ថានភាព​ជុំ​វិញ​ខ្លួន ទី​៣​អប់រំ​ដើម្បី​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​មាន​សីលធម៌​ល្អ និង​ការ​អប់រំ​ឱ្យ​ចេះ​រស់​នៅ​ក្នុង​សង្គម​ប្រកប​ដោយ​ភាព​សុខដុមរមនា។

លោក ហ៊ុន ម៉ាណែត៖ «អីចឹង​ការ​រៀបចំ​គោលនយោបាយ​​របស់​រដ្ឋាភិបាល​មិន​មែន​ដាក់​ឱ្យ​តែ​ពីរោះ​ទេ​ ប៉ុន្តែ​យើង​បាន​គិតគូរ​ច្បាស់​លាស់។ មាន​មូលដ្ឋាន​ច្បាស់​លាស់​ ការ​ផលិត​មនុស្ស​ម្នាក់​មិន​មែន​​ផលិត​តែ​ចេះ​ពូកែ​ធ្វើ​ការ​ ចេះ​តែ​ប្រកួតប្រជែង​ ដោយ​មិន​គិត​បី​ក្រមសីលធម៌​នោះ​ទេ ជាន់​ពី​ណា​ក៏​ជាន់​អត់​បាន​ទេ។ ត្រូវ​តែ​ចេញ​មក​ចេះ​ប្រកួតប្រណាំង​ដោយ​វិជ្ជមាន​ ដើម្បី​យើង​រួម​គ្នា​កសាង​ ចេះ​ជួយ​យកអាសា​ចេះ​មាន​ក្រមសីលធម៌​ល្អ​ដែល​ជា​ពលរដ្ឋ​ល្អ»

ទោះ​ជា​យ៉ាង​ណា ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ លោក រ៉ុង ឈុន ​មាន​ប្រសាសន៍​ថា ​ការ​លើក​ឡើង​របស់​លោក ហ៊ុន​ ម៉ាណែត​ នេះ​ ហាក់​​ខុស​​ស្រលះ​ពី​ការ​អនុវត្ត​ជាក់​ស្ដែង​។ លោក​ថា ​លោក ហ៊ុន ម៉ាណែត ​មាន​អំណាច​កំពូល​លើស​គេ​នៅ​កម្ពុជា និង​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ ប៉ុន្តែ​​លោក​មិន​បាន​យក​ចំណេះ​ដឹង​ទាំង​នោះ​​​មក​ដឹង​នាំ​ប្រទេស​​ដើម្បី​ភាព​សុខសាន្ត​​របស់​ពលរដ្ឋ​គ្រប់​និន្នាការ​បក្ស​នយោបាយ​ឡើយ។

លោក រ៉ុង ឈុន៖ «មើល​តែ​ឧទាហរណ៍​តូច​មួយ​ដូច​ជា​កម្មករ​ណាហ្គាវើលដ៍​ ហើយ​ប្អូន​សុណ្ណារិទ្ធ​ដែល​ក្រសួង​អប់រំ​បាន​បណ្ដេញ​គាត់​ចេញ​​មិន​ឱ្យ​រៀន​សូត្រ​អី​ អា​ហ្នឹង​វា​អយុត្តិធម៌​ណាស់។ គួរ​តែ​មើល​ក្រសួង​ហ្នឹង​មើល​វា​យ៉ាង​ម៉េច​  អា​ហ្នឹង​វា​អយុត្តិធម៌​។ ហើយ​ការ​និយាយ​ឈរ​​មួយ​ម៉ោង​២​ម៉ោង​វា​បាន​តែ​​ល្អ​ស្ដាប់​ប៉ុន្តែ​រាល់​ប្រសិទ្ធភាព​​រាល់​ការ​អនុវត្ត​ចាត់​វិធានការ​ហ្នឹង​វា​មិន​ឆ្លើយ​តប​ទៅ​ហ្នឹង​អ្វី​ដែល​ខ្លួន​បាន​និយាយ​ បាទ

លោក​ហ៊ុន ម៉ាណែត បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈ​ពេល​ជិត​៤​ខែ​ហើយ​ ក៏​ប៉ុន្តែ​​គេ​សង្កេត​ឃើញ​ថា លោក​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់ ប្រជាពលរដ្ឋ​នៅ​តែ​មាន​ជីវភាព​ក្រីក្រ​និង​ជំពាក់​បំណុល​ធនាគារ​បាន​ជា​ដុំកំភួន​នៅ​ឡើយ ខណៈ  ​ពលរដ្ឋ​មួយ​ចំនួន​​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ដដែល។ ថ្មី​ៗ​នេះ​អាជ្ញាធរ​បាន​ចាប់​អ្នក​រិះគន់​ភាព​អសកម្ម​របស់​គណបក្ស​កាន់​អំណាច​ និង​មន្ត្រី​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ​​ជា​បន្តបន្ទាប់​ ជា​ឧទាហរណ៍​ ប្រជាពលរដ្ឋ​​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ គឺ​លោក កង សារ៉ន ​ត្រូវ​បាន​តុលាការ​កាត់​ទោស ​​ដាក់​ពន្ធនាគារ​៣​ឆ្នាំ​និង​ ​ការ​ចាប់​ខ្លួន​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ជា​ដើម​។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​​ពី​ញុះញង់​ ពាក់ព័ន្ធ​នឹង​ការ​​បញ្ចេញ​មតិ​រិះគន់​​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Face book)​

​​ថ្មីៗ​នេះ​នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ​បាន​ចាត់​ទុក​​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​​អ្នក​រិះគន់​​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​​ឆ្លុះបញ្ចាំង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​​តាម​គន្លង​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​ដូច​ឪពុក​របស់​លោក តាមរយៈ​ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​បញ្ចេញមតិ និង​ការគាបសង្កត់​ទៅលើ​សារព័ត៌មាន​ឯករាជ្យ​​ដែល​មាន​បន្តិចបន្តួច​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។