មេដឹកនាំ​យោធា​ភូមា​បដិសេធ​សំណើ​របស់​លោក ហ៊ុន សែន ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី

ដោយ ជីវិតា
2024.05.10
មេដឹកនាំ​យោធា​ភូមា​បដិសេធ​សំណើ​របស់​លោក ហ៊ុន សែន ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី អ្នកស្រី អ៊ុង សានស៊ូជី (ឆ្វេង) អតីត​ទីប្រឹក្សា​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា (Myanmar) និង​អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ជំនួប​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ កាលពី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា មូលហេតុ ដែល​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា បដិសេធ​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ជួប​ជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi)​អាច​មកពី​ភាគី​ភូមា ខ្លាច​លោក ហ៊ុន សែន ទាញ​យក​ប្រជាប្រិយភាព ខណៈ​ដែល​រដ្ឋាភិបាល​របស់​លោក ក៏​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ដែរ។ កា​លើកឡើង​នេះ បន្ទាប់​ពី​សំណើ​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដែល​ល្បីឈ្មោះ​ខាង​គំរាម និង​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ដាក់គុក​នោះ ស្នើ​ទៅ​កាន់​មេដឹកនាំ​របប​សឹក​ភូមា​សុំ​ជួប អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ត្រូវ​បាន​បដិសេធ។

ពេលនេះ សំណើ​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺ​លោក ហ៊ុន សែន ដែល​ស្នើសុំ​ជួប​មេដឹកនាំ​រដ្ឋាភិបាល​ស្របច្បាប់​ភូមា ដែល​កំពុង​ជាប់ឃុំ គឺ​អ្នកស្រី អ៊ុង សាន ស៊ូជី នោះ មិន​បាន​សម្រេច​ដូច​បំណង​ឡើយ។

អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៩ ខែ​ឧសភា ថា មូលហេតុ​ដែល​មេដឹកនាំ​របប​សឹក​ភូមា លោក ម៊ីន អ៊ុងលាំង (Min Aung Hlaing) មិន​អនុញ្ញាត​ឱ្យ​លោក ហ៊ុន សែន ជួប​ជាមួយ​មេដឹកនាំ រដ្ឋាភិបាល​ស្របច្បាប់ ដែល​កំពុង​ជាប់ឃុំ គឺ​អ្នកស្រី អ៊ុង សានស៊ូជី ដោយសារ​មេដឹកនាំ​របប​សឹក​ភូមា មិន​ចង់ឱ្យ​លោក ហ៊ុន សែន លូកដៃ​ចូល​អន្តរាគមន៍ និង​ឆ្លៀត​យក​វិបត្តិ​នៅ​ភូមា ដើម្បី​រក​ប្រជាប្រិយភាព​។ ទោះជា​យ៉ាងណា លោក អ៊ំ សំអាន លើក​ជា​សំណួរ​ថា ខុសពី​ថ្នាក់ដឹកនាំ​ប្រទេស​ដទៃទៀត លោក ហ៊ុន សែន មាន​គីឡូ​ធ្ងន់ ដែល​រាប់អាន​គ្នា​ជាមួយ លោក ម៊ីន អ៊ុងលាំង ដូចជា​បងប្អូន​ធម៌​ហើយ តែ​ហេតុអ្វី​មេដឹកនាំ​របប​សឹក​រូប​នេះ នៅតែ​មិន​ទុក​មុខ​ឱ្យ​លោក ហ៊ុន សែន ដូច្នេះ?

លោក អ៊ំ សំអាន៖ «លោក ហ៊ុន សែន គឺ​គីង្គក់​លក់​ថ្នាំ​ស្រែង ស្រែង​ខ្លួនឯង​ព្យាបាល​មិន​ជា​ផង ទៅ​ព្យាបាល​ស្រែង​ឱ្យ​គេ​យ៉ាងម៉េច​? ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ចាប់ចង​ដាក់​ពន្ធនាគារ​សម្រាប់​បក្ស​ប្រឆាំង​ហ្នឹង មិនអាច​ដោះស្រាយ​បាន​ផង​ហ្នឹង ហើយ​ចង់​ដោះស្រាយ​ការ​បង្រួបបង្រួម នៅ​ភូមា​យ៉ាងម៉េច​បាន»

រដ្ឋាភិបាល​នៃ​របប​សឹក​ភូមា តាមរយៈ​អ្នកនាំពាក្យ លោក ច មីនទុន (Zaw Min Tun) នៅ​ថ្ងៃទី​០៨ ខែ​ឧសភា បាន​ឆ្លើយតប​តាមរយៈ​សារ​សំឡេង​ដែល​ក្រុម​យោធា​ផ្ញើ​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​បដិសេធ​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន សុំ​ជួប​មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ម្ចាស់​ជ័យលាភី​ណូបែល​សន្តិភាព​អាយុ ៧៨ ឆ្នាំ អ្នកស្រី អ៊ុងសាន ស៊ូជី ថា របប​យោធា​មិន​មាន​ហេតុផល​ដើម្បី​សម្របសម្រួល​ឱ្យ​មាន​ជំនួប​កើតឡើង​នៅពេល​នេះ​ឡើយ ដោយ​រដ្ឋាភិបាល​កំពុង​ផ្ដោត​ទៅ​លើ​ការ​រៀបចំ​ការបោះឆ្នោត​នៅពេល​ខាងមុខ​តាម​ការ​សន្យា ដែល​ជា​ហេតុ​នាំ​ឱ្យ​រដ្ឋាភិបាល​យោធា​ត្រូវ​ចៀសវាង​រាល់​បញ្ហា​ដែល​អាច​ពន្យារ​ពេល ឬ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត។

ការ​បដិសេធ​នេះ ធ្វើឡើង​ក្រោយ​ពេល លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​យោធា លោក ម៊ីន អ៊ុងលាំង តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​៧ ខែ​ឧសភា។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ជួប​លោក ម៊ីន អ៊ុងលាំង តាម​ប្រព័ន្ធ​វីឌីអូ​នេះ នៅ​ក្រោយ​ពី​លោក ហ៊ុន សែន បាន​ជួប​ឯកអគ្គរដ្ឋទូត​នៃ​របប​ដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា គឺ​លោក ខ្យហ៍ ស៊ូមីន (Kyaw Soe Min) កាលពី​ថ្ងៃទី​០៨ ខែ​មេសា នៅ​វិមាន​ព្រឹទ្ធសភា​។ ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន បាន​សំណូមពរ​ចង់​ជួប​លោក ម៊ីន អ៊ុងលាំង តាមរយៈ វីដេអូ Conference ដែល​លោក​អះអាង​ថា ដើម្បី​សួរសុខទុក្ខ និង​ពិគ្រោះ​យោបល់​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។

កាលពី​ឆ្នាំ​២០២២ ក្នុង​ពេល​ដែល​កម្ពុជា ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​មេដឹកនាំ​របប​សឹក​ភូមា បដិសេធ​មិន​ឱ្យ​ចូល​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ម្ដង​ដែរ ក្រោម​ហេតុផល​ថា អ្នកស្រី​កំពុង​ស្ថិត​ក្រោម​នីតិវិធី​តុលាការ។

ទាក់ទិន​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញ​ថា ការ​បដិសេធ​របស់​មេ​ដឹកនាំ​របប​សឹក​យោធា ក៏​អាច​បណ្ដាល​មក​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មិន​ទាន់​មាន​ឯកភាព​ជាតិ​នៅ​ឡើយ​។​

លោក សេង វណ្ណលី៖ «ហើយ​ណាមួយ​យើង​ឃើញថា អ្នកគាំទ្រ​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ឥស្សរជន​គណបក្ស​នយោបាយ​មកពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុង សានស៊ូជី ខ្លួនឯង ក៏​មិន​គាំទ្រ​កិច្ច​ខិតខំ​ព្យាយាម​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែរ។ ជាពិសេស​ត្រង់​ចំណុច​ដែរ អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​នៅ​ជា​ប្រធាន​អាស៊ាន ព្យាយាម​បញ្ចុះបញ្ចូល​សមាជិក​អាស៊ាន​ដទៃទៀត ដើម្បី​អនុញ្ញាត​ឱ្យ​របប​សឹក​ហ្នឹង​បញ្ជូន​អ្នកនយោបាយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នានា​របស់​អាស៊ាន ក្រោយមក​ត្រូវ​បាន​សមាជិក​អាស៊ាន ទាត់​ចោល​ចំពោះ​សំណើ​នេះ»

វិបត្តិ​នយោបាយ​នៅ​ភូមា បាន​ជាប់​គាំង​ជាង ៣​ឆ្នាំ​មក​ហើយ គិត​ចាប់​តាំង​ពី​មេដឹកនាំ​យោធា លោក ម៊ីន អ៊ុងលាំង បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល អ្នកស្រី អ៊ុង សានសូជី កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ មក​។ ឥលូវ​នេះ វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ ដែល​នាំ​ឱ្យ​ប្រទេស​នេះ ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ និង​បង្ហូរឈាម​នៅ​ទូទាំង​ប្រទេស។

តាំងតែ​ពី​ជាប់​ពន្ធនាគារ​ក្នុង​រដ្ឋធានី ណៃពិដោ (Naypyitaw) អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​នេះ អ្នកស្រី អ៊ុងសាន ស៊ូជី ធ្លាប់​ជួប​ជាមួយ​បេសកជន​បរទេស​តែ​ម្នាក់​គត់ កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ នោះ​គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ដុន ប្រាមុដវីណៃ (Don Pramudwinai) ដោយ​បាន​និយាយ​គ្នា អស់​រយៈពេល​ជាង​មួយ​ម៉ោង។

យ៉ាងណា​ក៏ដោយ​ចុះ លោក អ៊ំ សំអាន ដែល​ធ្លាប់​ត្រូវ​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ដែរ​នោះ លើកឡើង​ថា ទង្វើ​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មិន​ខុសពី​មេដឹកនាំ​ភូមា លោក ម៊ីន អ៊ុងលាំង នោះ​ឡើយ ពីព្រោះ​លោក​បាន​បញ្ជា​ឱ្យ​តុលាការ​ចាប់ខ្លួន និង​ផ្ដន្ទាទោស​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា ឃុំ​ក្នុងផ្ទះ​រយៈពេល​២៧​ឆ្នាំ និង​ហាម​មិន​ឱ្យ​ជួប ឬ​ទាក់ទង​ជាមួយ​មនុស្សម្នា ក្រៅ​តែ​ពី​ក្រុម​គ្រួសារ​របស់​លោក​។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ជំរុញ​ឱ្យ​លោក ហ៊ុន សែន ធ្វើជា​គំរូ ដោយ​ដោះលែង​អ្នកប្រឆាំង និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុងផ្ទះ​ខ្លួនឯង​ជាមុន​សិន មុន​នឹង​ចង់​ដើរតួ​ជា​អ្នក​ផ្សះផ្សា​ជម្លោះ​ឱ្យ​ជាតិ​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។