បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ធ្វើ​យុទ្ធនាការ​គូស​សន្លឹកឆ្នោត​ចោល​នៅ​ពេល​ទៅ​បោះឆ្នោត

0:00 / 0:00

គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ប្រកាស​ធ្វើ​យុទ្ធនាការ​គូស​សន្លឹកឆ្នោត​ចោល​នៅ​ពេល​ទៅ​បោះឆ្នោត រួម​ទាំង​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ថ្ងៃទី ២៣ កក្កដា ដែល​ពួកគេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន រារាំង​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត និង​កែ​ច្បាប់បោះឆ្នោត​បំបិទ​សិទ្ធ​របស់​ពលរដ្ឋ​ដើម្បី​កេង​ចំណេញ​នយោបាយ។

មន្ត្រី​គណបក្សប្រឆាំង​កំពុង​យុទ្ធនាការ​បង្ហោះ​សារ​នៅ​លើ​បណ្តេញ​សង្គម​ស្នើ​ឱ្យ​ពលរដ្ឋ​ទៅ​គូស​សន្លឹកឆ្នោត​ចោល​ដើម្បី​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ក្រោយ​លោក ហ៊ុន សែន រារាំង​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នា​ពេល​ខាង​មុខ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ហៅ​កាត់​ថា (CNRPO) លោក សួន ណារិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ថា ក្រោយពេល​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ផាត់​គណបក្ស​ប្រឆាំង​ចេញពី​សង្វៀន​ប្រកួតប្រជែង ហើយ​កែ​ច្បាប់​បំបិទ​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មិន​ចេញ​ទៅ​បោះឆ្នោត​នោះ គណបក្សប្រឆាំង​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ទាំងអស់​ចេញ​ទៅ​បោះឆ្នោត តែ​គូស​ខ្វែង​នៅ​លើ​សន្លឹកឆ្នោត​ចោល ដើម្បី​បញ្ចេញ​សំឡេង​ប្រឆាំង​នឹង​ការបោះឆ្នោត​អយុត្តិធម៌​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាង​មុខ​នេះ។ លោក​បញ្ជាក់​ទៀត​ថា មេដឹកនាំ​គណបក្ស​នេះ​កំពុង​មមាញឹក​ធ្វើ​សកម្មភាព​ការទូត ហើយ​ថ្នាក់ដឹកនាំ​នៅ​តាម​បណ្តា​ទ្វីប​ជុំវិញ​ពិភពលោក​ក៏​រៀបចំ​ធ្វើបាតុកម្ម​ឱ្យ​បាន​ច្រើនដង​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ និង​ធ្វើការ ដូចជា​នៅ​ប្រទេស​ជប៉ុន អឺរ៉ុប អាមេរិក និង​អូស្ត្រាលី​ជាដើម ដើម្បី​រុញ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ខុសច្បាប់​នៅ​ក្រោយ​ការ​បោះឆ្នោត។

លោក សួន ណារិទ្ធ៖ «ការប្រើប្រាស់​សិទ្ធិ​ហ្នឹង​អស់​ពិបាក​ទេ គឺថា​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​និយាយ​ឱ្យ​ស្រួល​ស្តាប់ គឺ​គូស​ខ្វែង​នៅ​លើ​សន្លឹកឆ្នោត​ចោល បើសិន​បងប្អូន​យល់​ថា នៅក្នុង​បញ្ជី​ឆ្នោត​ពុំ​មាន​គណបក្ស​ដែល​បងប្អូន​គាំទ្រ ហើយ​បងប្អូន​នៅក្នុង​ស្រុក​មិនបាច់​ធ្វើ​សកម្មភាព​អ្វី​ធំដុំ ឬ​គគ្រឹកគគ្រេង​ទេ ដើម្បី​សុវត្ថិភាព​របស់​បងប្អូន សារ​របស់​យើង​រហូតដល់​មួយ​ថ្ងៃមុន​ការបោះឆ្នោត​ដើម្បី​ឱ្យ​បងប្អូន​ជ្រាប​ទូទាំង​ប្រទេស​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ស្រដៀង​គ្នា​នេះ​តំណាង​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ជា​សកម្ម​បក្ស​ប្រឆាំង លោក ឆន សុខឿន ប្រាប់​ថា បច្ចុប្បន្ន​ក្រុមការងារ​របស់​លោក​កំពុង​ចុះ​ជួប​ក្រុម​កម្មករ​ខ្មែរ​ធ្វើការ​នៅ​តាម​តំបន់​នានា​នៅ​ប្រទេស​ថៃ រួម​ទាំង​បង្ហោះ​សារ​និង​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត ដើម្បី​ពន្យល់​ពួកគាត់​អំពី​ការប្រើប្រាស់​សិទ្ធិ​សេរីភាព និង​សារៈសំខាន់​នៃ​ការ​គូស​ខ្វែង​នៅ​លើ​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃ​បោះឆ្នោត ដើម្បី​ប្រឆាំង​ទៅ​នឹង​ការបោះឆ្នោត​ក្លែងក្លាយ​នៅ​ថ្ងៃទី​២៣ ខែកក្កដា​ខាងមុខនេះ​ដែល​គ្មាន​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន​។ លោក​ឱ្យ​ដឹង​ថា ក្រុម​កម្មករ​នឹង​នាំគ្នា​ចេញ​ដាក់​ញត្តិ​នៅ​តាម​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ នៅពេល​ឆាប់ៗ​នេះ ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើងវិញ។

Hunsen_not_vote.JPGOpens in new window
ការផ្សព្វផ្សាយគូសសន្លឹកឆ្នោត​ចោល ពេលបោះឆ្នោត​តំណងរាស្ត្រ នៅថ្ងៃទី២៣ កក្កដា ២០២៣។ រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី (Vadhna Vey)

លោក ឆន សុខឿន៖ «យើង​មិន​ទៅ​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ទេ ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បោះឆ្នោត​ក្លែងក្លាយ​ដោយសារ​គ្មាន​គណបក្ស​ភ្លើងទៀន។ ទីពីរ​បើសិនជា​មេដឹកនាំ​គឺ​លោក ហ៊ុន សែន ក៏ដូចជា​គណបក្សកាន់អំណាច​បង្ខំ​ឱ្យទៅ​បោះឆ្នោត គឺ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​គូស​ខ្វែង​នៅ​លើ​សន្លឹកឆ្នោត​ចោល​តែម្តង នេះ​គឺជា​យុទ្ធនាការ​របស់​ពួក​យើង​កំពុង​ធ្វើ​រាល់ថ្ងៃ»។

យុទ្ធនាការ​ពលរដ្ឋ នឹង​ទៅ​គូស​សន្លឹកឆ្នោត​ចោល​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន អះអាង​ជាថ្មី​ទៀត​នៅក្នុង​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃទី​៣០ ខែមិថុនា ថា ច្បាប់បោះឆ្នោត​ដែល​សភាព​ឯក​បក្ស​របស់​លោក​បាន​ធ្វើ​វិសោធនកម្ម​អាច​ដក​សិទ្ធិ​នយោបាយ​របស់​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​រហូត​មួយ​ជីវិត។

លោក ហ៊ុន សែន៖ «ដោយសារ​ពួក​អ្នកឯង​រុក​ចុះ​រុក​ឡើង​វិធានការ​ច្បាប់​ត្រូវ​ប្រកាន់​យក វា​មិនមែន​ជា​ការ​កាត់​សិទ្ធិ​ពលរដ្ឋ​ទេ គឺ​ដើម្បី​ការពារ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ដំណើរការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ អ៊ីចឹង​លោក​ឯង​មើល​នៅក្នុង​ច្បាប់​ហ្នឹង​ទៅ​ចេញ​ទៅ​លោក​ឯង​ស្រងាកចិត្ត​ទេ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិច​(Nicfec) លោក សំ គន្ធាមី ថ្លែង​ថា សង្គម​ប្រជាធិបតេយ្យ​ការ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ណាមួយ គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​គ្រប់រូប​ដោយ​មិន​បង្ខំ​បាន​ឡើយ​។ លោក​បញ្ជាក់​ថា បើសិន​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា​នេះ ប៉ុន្តែ​ពួកគាត់​គូស​នៅ​លើ​សន្លឹកឆ្នោត​ជ្រើស​គណបក្ស​នយោបាយ​ណាមួយ ឬ​មិន​គូស​ឱ្យ​គណបក្ស​ទាំងអស់​ក៏​បាន ព្រោះ​ការ​បោះឆ្នោត​ជា​ការ​សម្ងាត់ និង​គ្មាន​ទោសទណ្ឌ​អ្វី​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។