អ្នកវិភាគ​ថា​កម្ពុជា​នឹង​នៅ​ក្រោម​ការត្រួតត្រា​របស់​វៀតណាម​ផ្ដាច់មុខ​បើ​មិន​ជួយ​សង្គ្រោះ​ទាន់​ពេល

ដោយ ទីន ហ្សាការីយ៉ា
2019.01.06
RithyOung លោក អ៊ុង ឫទ្ធី (រូបកាន់មេក្រូនិយាយ) ចូលរួមបាតុកម្មតវ៉ាឲ្យដោះលែងលោក កឹម សុខា នៅមុខក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧។
RFA

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស បាន​នាំគ្នា​ងើប​ផុលផុស​ឡើង​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា ដែល​របប​លោក ហ៊ុន សែន អះអាង​ថា ជា​ថ្ងៃ​ត្រូវ​ដឹងគុណ​វៀតណាម សង្គ្រោះ​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម តែ​ក្រុម​បញ្ញវន្ត និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អះអាង​ថា ថ្ងៃ​៧ មករា​នេះ ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន និង​ឈាន​ទៅ​គ្រប់គ្រង​កម្ពុជា​ទាំងស្រុង​នៅ​ពេល​អនាគត​មិន​ខាន។

អ្នកវិភាគ​លើកឡើង​ថា បើសិនជា​ពលរដ្ឋ​ខ្មែរ​មិន​នាំគ្នា​ជួយសង្គ្រោះ​ប្រទេស​កម្ពុជា ចេញពី​របប​លោក ហ៊ុន សែន ទាន់​ពេល​វេលា​ទេ​នោះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​នៅ​ក្រោម​ការត្រួតត្រា​របស់​កុម្មុយនិស្ត​វៀតណាម​ផ្ដាច់មុខ។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ងើប​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ថ្ងៃ​៧​មករា របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស គឺជា​ការត្រឹមត្រូវ ដើម្បី​ជួយសង្គ្រោះ​កម្ពុជា ឲ្យ​រួច​ផុត​ពី​នឹម​ត្រួតត្រា​របស់​វៀតណាម និង​កុំ​ឲ្យ​កម្ពុជា​ក្លាយទៅជា​កម្ពុជា​ក្រោម​ទី​២ ដែល​ត្រួតត្រា​ទាំង​ស្រុង​ដោយ​អាជ្ញាធរ​វៀតណាម។

លោក គឹម សុខ មាន​ប្រសាសន៍​ថា ការ​ផុលផុស​ឡើង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ងើបឈរ​ឡើង​ប្រឆាំង​នឹង​ថ្ងៃ​៧​មករា នេះ ដោយសារតែ​ពួកគាត់​បាន​រស់នៅ​ឆ្លងកាត់​ជាច្រើន​ជំនាន់ និង​មានការ​យល់ដឹង​ច្បាស់​អំពី​ប្រវត្តិ​ពិត​របស់​កម្ពុជា គឺ​មិនមែន ដូច​ការឃោសនា​របស់​របប​ក្រុងភ្នំពេញ​ដែល​អំពាវនាវ​និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ដឹងគុណ​វៀតណាម​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រវត្តិសាស្ត្រ​ពិត​បាន​កត់ត្រា​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា មិនមែន​ជា​ថ្ងៃ​ដែល​វៀតណាម​មក​សង្គ្រោះ​កម្ពុជា ដូចដែល​របប​លោក ហ៊ុន សែន កំពុងតែ​បន្លំ​ប្រវត្តិសាស្ត្រ​ពិត​នេះ​ទេ៖ «ការ​ងើបឡើង​នេះ ដោយសារ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​បារម្ភ​ពី​មរណភាព​របស់​ប្រទេស​ជាតិ ដែល​មេដឹកនាំ​ដឹកនាំ​ប្រទេស​បន្ត​ពី​របប​ខ្មែរក្រហម​ដែល​លោក​បន្តុប​ដោយ​វៀតណាម ហើយ​វៀតណាម​ធ្វើ​ភាវូបនីយកម្ម​កម្ពុជា គឺ​ធ្វើ​ឲ្យ​កម្ពុជា​ទៅជា​វៀតណាម»

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ ធ្វើឡើង​នៅ​ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស មាននៅ​អូស្ត្រាលី និង​នៅ​រដ្ឋ​ផ្សេងៗ​ទៀត​នៃ​សហរដ្ឋអាមេរិក បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​នេះ ជា​បន្តបន្ទាប់​គ្នា។ ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​ទី​៧ មករា​នេះ កាលពី​ថ្ងៃ​ទី​៥ មករា ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​វង្វេង​ថា ថ្ងៃនេះ ជា​ថ្ងៃ​ដែល​ត្រូវ​ដឹងគុណ​វៀតណាម ដូចដែល​របប​លោក ហ៊ុន សែន កំពុងតែ​ឃោសនា​ថា ជា​ថ្ងៃ​ដែល​ជួយ​រំដោះ​ជាតិ​កម្ពុជា​នោះ។

 

កាលពី​រសៀល​ថ្ងៃ​ទី​៦ មករា ពលរដ្ឋ​ខ្មែរ តំណាង​ពលរដ្ឋ​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វីនីញ៉ា លោក ចៅ វាសនា បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​អាមេរិក មិន​អាច​នៅ​ស្ងៀម បណ្ដោយ​ឲ្យ​របប​លោក ហ៊ុន សែន ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​ចិត្ត​នោះ​ទេ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​កាន់តែ​ឈឺចាប់ និង​មិន​ទទួល​យក​បាន​នូវ​ទង្វើ​ដ៏​ខុសឆ្គង​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​លោក ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ទទួលស្គាល់​ព្រឹត្តិការណ៍​ក្លែងក្លាយ​៣ ទៅជា​ពិធី​បុណ្យជាតិ៖ «ខ្ញុំ​មាន​ជំនឿ​ថា នៅ​ពេល​ខាងមុខ នៅ​ពេល​ហ៊ុន សែន អស់អំណាច រដ្ឋាភិបាល និង​គណបក្ស​ថ្មី​ដឹកនាំ​ប្រទេស​និង​សើរើ​អំពី​របប​កាប់​សម្លាប់​របស់ ហ៊ុន សែន»

ព្រឹត្តិបត្រ​ដំណឹង​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម បាវមឺយ (baimoi) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៩ នេះ​សរសេរ​ថា ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហមុនី ទើប​ទ្រង់​យល់ព្រម​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អោយ​មាន​ថ្ងៃបុណ្យ​សំខាន់​បី​នៅ​កម្ពុជា​។ ទី​១ ទទួលស្គាល់​ថ្ងៃ​២១ មិថុនា ឆ្នាំ​១៩៧៨ ថា​ជា​ទិវា​ដែល​លោក ហ៊ុន សែន បាន​ទៅ​សុំ​អោយ​វៀតណាម អោយ​មក​ជួយ​កម្ពុជា។ ទី​២ អោយ​ទទួល​ស្គាល់​ថ្ងៃ​៧​មករា ១៩៧៩ ថា​ជា​ថ្ងៃបុណ្យ ដែល​វៀតណាម​ចូល​រំដោះ​ប្រជារាស្ត្រ​ខ្មែរ​ចេញពី​របប ប៉ុល ពត ហើយ​ថា គឺជា​ស្នាដៃ​កងទ័ព​វៀតណាម សហការ​ជាមួយ​កងទ័ព​ខ្មែរ។ ទី​៣ ទទួលស្គាល់​ថ្ងៃ​២៩ ធ្នូ ១៩៩៩ ថា​ជា​ទិវា​ឈ្នះ​ឈ្នះ ដែល​បាន​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ​នឹង​ខ្មែរ។ ព្រឹត្តិបត្រ​បន្ត​ថា ទិវា​បី​ដែល​នាយករដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​ខ្មែរ​ទទួល​យល់ព្រម​ថា ជា​ទិវា​បុណ្យ​ដ៏​សំខាន់​នេះ វា​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​វៀតណាម ដ្បិត​វា​ជា​តឹកតាង​បង្ហាញ​ថា សហគមន៍​អន្តរជាតិ និង​ប្រទេស​កម្ពុជា​ខ្លួនឯង​ផ្ទាល់ ទទួលស្គាល់​យ៉ាង​ពេញទំហឹង នូវ​ភាព​ស្របច្បាប់ ចំពោះ​ការដែល​ប្រទេស​វៀតណាម​បញ្ជូន​កងទ័ព​មក​ប្រទេស​កម្ពុជា​នៅ​ដើម​ឆ្នាំ​១៩៧៩ ហើយ​និង​នៅ​ជួយ​ប្រទេស​នេះ​១០ ឆ្នាំ​បន្ត​ទៀត។

គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​អបអរ ថ្ងៃ​៧​មករា​លើក​ទី​៤០ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​រាជធានី​ភ្នំពេញ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់​ទុក​ថ្ងៃ​ជ័យជំនះ​៧ មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​គ្រោះ​មរណ​:​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ទាន់​ពេល​វេលា និង​ធ្វើ​ឲ្យ​ខ្មែរ​មានការ​បង្រួបបង្រួម​ជាតិ។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក គឹម សុខ អះអាង​ថា វៀតណាម​គ្មាន​ជួយ​អ្វី​ដល់​កម្ពុជា​ឡើយ ក្រៅពី​មក​ឈ្លានពាន​កម្ពុជា​នោះ វៀតណាម​មក​បំផ្លាញ​ធនធានធម្មជាតិ​ខ្មែរ លំហូរ​ជនជាតិ​វៀតណាម​មក​កម្ពុជា​កាន់តែ​ច្រើន​និង​មាន​អត្ត​សញ្ញាប័ណ្ណ​ខ្មែរ ដោយសារ​មន្ត្រី​ពុករលួយ​មួយ​ចំនួន។ លោក គឹម សុខ ព្រួយ​បារម្ភ​ថា នៅ​ពេល​អនាគត​កម្ពុជា នឹង​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​គ្រប់គ្រង​ជា​មិនខាន។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​នឹង​ថ្ងៃ​៧​មករា​នេះ មិនមែន​តែ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទេ ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ភាគច្រើន​ក៏​មិន​ទទួលស្គាល់​ថ្ងៃ​៧​មករា​នេះ​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​សហរដ្ឋអាមេរិក លោក អ៊ុង ឫទ្ធី បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៩ មករា​ខាងមុខនេះ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង មកពី​ជាង ៣០​រដ្ឋ នឹង​មក​ជួបជុំគ្នា​ដ៏​ធំ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាតុកម្ម​នៅមុខ​វិមាន​រដ្ឋសភា និង​សេតវិមាន ប្រឆាំង​នឹង​របប​ឯក​បក្ស​ដែល​រណប​វៀតណាម និង​បន្លំ​ថ្ងៃ​៧​មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជួយសង្គ្រោះ​កម្ពុជា​នេះ។ ក្រៅ​ពីនេះ​ទៀត លោក បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​អន្តរា​គម​ទៅ​របប លោក ហ៊ុន សែន ឲ្យ​ដោះលែង លោក កឹម សុខា ផ្ដល់​សុពលភាព​ជូន​គណបក្ស​សង្គ្រោះជាតិ ផ្ដល់​តំណែង​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ផ្ដល់​សិទ្ធិ​ឲ្យ​មន្ត្រី​ប្រឆាំង​ចំនួន ១១៨​នាក់​ធ្វើ​នយោបាយ​ឡើងវិញ។

អ្នកវិភាគ​ពន្យល់​ថា បើសិនជា​ពលរដ្ឋ​ខ្មែរ​មិន​រួម​កម្លាំង​គ្នា ហើយ​អ្នកនយោបាយ​នៅតែ​បន្ត​បែកបាក់​គ្នា កម្ពុជា​នឹង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​វៀតណាម​ទាំងស្រុង​នៅ​ពេល​ខាងមុខ។ ហើយ​កម្ពុជា​សល់​តែ​ឈ្មោះ នៅ​លើ​តែ​ក្រដាស​តែប៉ុណ្ណោះ តែ​ការគ្រប់គ្រង អំណាច សេដ្ឋកិច្ច ស្ថិតនៅ​លើក​កណ្ដាប់ដៃ​វៀតណាម​ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។