សាលាដំបូង​ខេត្ត​ប៉ៃលិន​កោះហៅ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់​សាកសួរ

0:00 / 0:00

តុលាការ​ខេត្ត​ប៉ៃលិន​កោះហៅ​ប្រធាន​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ស្រុក​សាលាក្រៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ ពី​បទ​ឆបោក រំលោភ​លើ​សេចក្ដីទុកចិត្ត និង​កាន់កាប់​លើ​អចលនវត្ថុ​ឯកជន​។​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ករណី​រឿង​នេះ​គឺ​មាន​ភាព​មិន​ប្រក្រតី និង​ជា​ធ្វើទុក្ខបុកម្នេញ​ដល់​មន្ត្រី​គណបក្ស​ភ្លើងទៀន។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​កោះហៅ​ប្រធាន​គណបក្ស​ភ្លើងទៀន​ស្រុក​សាលា​ក្រៅ​លោក ពេជ្រ បូរិន ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី​២៨ មិថុនា ខាងមុខនេះ​។ លោក ពេជ្រ បូរិន ចាត់ទុក​ការ​កោះហៅ​នេះ​ថា ជា​ទង្វើ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ប្រកាន់​និន្នាការ​គណបក្ស។

ប្រធាន​គណបក្ស​ភ្លើងទៀន​ស្រុក​សាលាក្រៅ លោក ពេជ្រ បូរិន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦​មិថុនា ថា លោក​មិន​ស្គាល់​បុគ្គល​ដែល​បាន​ប្ដឹង​លោក​នោះ​ជា​មិន​ហើយក៏​មិន​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា​ដែរ។ លោក​បន្ត​ថា ដីកា​កោះហៅ​តក់ក្រហល់​បែប​នេះ គឺជា​រឿង​នយោបាយ​ច្រើនជាង​ដោយសារតែ​លោក​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ដូច្នេះហើយ​បាន​អាជ្ញាធរ​ប្រឹងប្រែង​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​រូប​លោក។

លោក ពេជ្រ បូរិន៖ «ខ្ញុំ​មានការ​សោកស្ដាយ​ខ្លាំង​សម្រាប់​ខ្ញុំ​ក៏ដូចជា​គ្នីគ្នា​ខ្ញុំ​មួយចំនួន​កន្លង​មក​ធ្លាប់​ជួប​រឿង​អយុត្តិធម៌​អ៊ីចឹង​ដែរ ក៏ប៉ុន្តែ​ខ្ញុំ​អត់​ធ្លាប់​ជួប​ផ្ទាល់​ទេ ធ្លាប់តែ​ឃើញ​គ្នា​ខ្ញុំ​ជួប​ភាព​ធ្វើ​ទុក្ខបុកម្នេញ ឬក៏​រង​ភាព​អយុត្តិធម៌ ឥឡូវ​នេះ​ធ្លាក់​មក​លើ​ខ្ញុំ​ហើយ ទាំង​ដែល​ខ្ញុំ​អត់​ដឹង​អី​ផង​ហ្នឹង»។

លោក ពេជ្រ បូរិន ជា​អតីត​មេឃុំ​ស្ទឹង​កាច់​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ឆ្នាំ​២០១៧ ក្រោយ​លោក​ឡើង​កាន់​ដំណែង​ជា​មេឃុំ​ស្ទឹង​កាច់​បាន​រយៈពេល​ជិត​៤​ខែ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ទាំង​កំរោល។ លោក ពេជ្រ បូរិន បញ្ជាក់​ថា ក្នុង​រយៈពេល​លោក​ធ្វើជា​មេឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​លោក​មិនដែល​ស្គាល់​បុគ្គល​ដែល​ជា​ដើមបណ្ដឹង គឺ​លោក ឡាវ ស៊ាងហេង និង​លោក ឈុន ឆៃហ៊ាង នោះ​ទេ ដូច្នេះ​ករណីនេះ​គឺ​ការ​គំរាមកំហែង​កំបាក់​ស្មារតី​ដោយសារ​លោក​មិន​ព្រម​ចូលរួម​ជីវភាព​នយោបាយ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុន្នីកុសល ថ្លែង​ថា បញ្ហា​លោក ពេជ្រ បូរិន នេះ​គឺជា​ការ​ប្រឌិត​ឡើង​ដើម្បី​បំភិតបំភ័យ​ឱ្យ​លោក​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​តែប៉ុណ្ណោះ ពីព្រោះ​លោក ពេជ្រ បូរិន ជា​មនុស្ស​ស្លូតបូត​និង​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ។ លោក​អះអាង​ថា លោក ពេជ្រ បូរិន គ្មាន​ដីធ្លី​នៅ​ភូមិ​អូរឈើក្រំ ឃុំ​ស្ទឹងកាច់ នោះ​ទេ ដូច្នេះ​ដីកា​កោះហៅ​របស់​តុលាការ​នេះ គ្រាន់តែ​ជា​ឧបករណ៍​គាបសង្កត់​ដល់​សមាជិក​គណបក្ស​ភ្លើងទៀន​តែ​ប៉ុណ្ណោះ។

លោក ខឹម មុន្នីកុសល៖ «សូម​អំពាវនាវ​ទៅ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ជាពិសេស​លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន​សូម​ឱ្យ​ដក​ពាក្យបណ្ដឹង​ហ្នឹង​វិញ​ដើម្បី​ឱ្យ​លោក ពេជ្រ បូរិន ហ្នឹង​អាច​បន្ត​កិច្ចការ​របស់​លោក​នៅ​ថ្នាក់​មូលដ្ឋាន​ហ្នឹង​បាន​ដូច​ប្រក្រតី​ឡើង​វិញ ពីព្រោះ​លោក​ជា​មនុស្ស​ស្អាតស្អំ អ៊ីចឹង​ហើយ​ខ្ញុំ​មាន​ការ​សោកស្ដាយ ហើយ​និង​ហួសចិត្ត​ទៅ​នឹង​ដីកា​ដែល​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​កោះហៅ​លោក ពេជ្រ បូរិន យ៉ាង​តក់ក្រហល់​បែបនេះ»។

ឆ្លើយតប​បញ្ហា​នេះ​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​លោក ពិន សុខុម ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ។

លោក ពិន សុខុម៖ «ពាក់ព័ន្ធ​នឹង​ម្នាក់​ឈ្មោះ បូរិន ហ្នឹង​ដោយសារ​ព័ត៌មាន​ខ្ញុំ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ឬក៏​ដីកា​កោះហៅ ពេជ្រ បូរិន ទេ​ខ្ញុំ​ចូល​ធ្វើការ​វិញ​ថ្ងៃស្អែក​ច្បាស់​អ៊ីចឹង​ខ្ញុំ​អាច​ផ្ដល់​ព័ត៌មាន​ជូន​វិញ​ថ្ងៃស្អែក»។

ទោះជា​យ៉ាងណា​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ករណី​រឿង លោក ពេជ្រ បូរិន នេះ​គឺ​មាន​ភាព​មិន​ប្រក្រតី។ លោក​កត់សំគាល់​ថា ទី​១​លោក ពេជ្រ បូរិន ជា​អតីតមេឃុំ​ស្ទឹងកាច់ របស់​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ ក្រោយ​កាន់​តំណែង​បាន​ជិត​៤​ខែ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រម្លាយ​ចោល ក៏ប៉ុន្តែ​ក្នុង​ដីកា​ដាក់​ថា អំឡុង​ឆ្នាំ​២០១៩​ដល់​បច្ចុប្បន្ន​ដែល​លោក ពេជ្រ បូរិន បាន​រំលោភ​យក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ឯកជន។ ចំណុច​ទី​២ នគរបាល​យុត្តិធម៌​យក​ដីកា​មក​ប្រគល់​ឱ្យ​មន្ត្រី​បក្ស​ភ្លើងទៀន នៅ​ថ្ងៃ​២៦ មិថុនា ហើយ​ឱ្យ​ចូល​បំភ្លឺ​ថ្ងៃទី​២៨ មិថុនា គឺ​មាន​រយៈពេល​ខ្លី ដែល​ធ្វើ​ឱ្យ​ចុង​ចោទ​មិន​អាច​ត្រៀម​ឯកសារ និង​រក​មេធាវី​ទាន់​ពេល​នោះ​ទេ។

លោក យិន ម៉េងលី៖ «ពាក់ព័ន្ធ​នឹង​បទ​ចោទ​នេះ​ប្រសិនបើ​មិន​មាន​ធាតុ​ផ្សំ​អី​គ្រប់គ្រាន់​ទេ ខ្ញុំ​សង្ឃឹមថា តុលាការ​នឹង​តម្កល់​រឿង​នេះ​ចោល​ឥត​ចាត់ការ ព្រោះ​តាម​នីតិវិធី​ប្រសិនបើ លោក បូរិន គាត់​ពាក់ព័ន្ធ​មែន បើ​ដីកា​នេះ​តាម​ខ្ញុំ​ចាប់​អារម្មណ៍​គឺ លោក បូរិន ជា​អតីត​មេឃុំ អ៊ីចឹង​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៧ លោក បូរិន គឺជា​មេឃុំ​មើល​ឃើញ​មេឃុំ កាល​ហ្នឹង​យើង​បោះឆ្នោត​ខែ​៦ គាត់​ជា​មេឃុំ​បាន​រយៈពេល​តែ​៤​ខែ​ស្រាប់​តែ​មាន​បទល្មើស​ដល់ទី​២​បណ្ដឹង​ដោយ​មនុស្ស​ដល់​ទៅ ២​នាក់ អ៊ីចឹង​យើង​មាន​ការ​ចាប់អារម្មណ៍»។

ក្រៅពី​លោក ពេជ្រ បូរិន រង​ការ​ធ្វើទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​នោះ នៅ​មាន​សកម្មជន​បក្ស​ភ្លើងទៀន​មួយ​ចំនួន​ទៀត​ដូចជា​លោក ខឹម មុន្នីកុសល ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ការរើសអើង និង​ដក​លោក​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ​ជាដើម។ លើស​ពី​នេះ​ទៀត​អភិបាលខេត្ត​ប៉ៃលិន​នេះ​ក៏​មាន​ឈ្មោះ​ថា អ្នក​ពូកែ​ខាង​រើសអើង​នយោបាយ​លើ​សកម្មជន​គណបក្ស​ភ្លើងទៀន ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅក្នុង​ខេត្ត​នេះ​ដែរ។ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​មក​ពី​គណបក្ស​ភ្លើងទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រជុំ​ត្រួត​ពិនិត្យ និង​ដាក់​ទិសដៅ​ការងារ របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ស្មៀន​ទូទាំង​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​អភិបាលខេត្ត​ប៉ៃលិន​អ្នកស្រី បាន ស្រីមុំ នោះ​ទេ។ ការ​បំភិតបំភ័យ​តាម​ប្រព័ន្ធ​តុលាការ ការ​គំរាមកំហែង ការរើសអើង​សកម្មជន​គណបក្ស​ភ្លើងទៀន​នេះ​ហើយ ជាដើម​ហេតុ​ធ្វើ​ឱ្យ​សមាជិក​បក្ស​ភ្លើងទៀន​មួយចំនួន​បង្ខំចិត្ត​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច។

ទោះ​យ៉ាងណា​លោក ពេជ្រ បូរិន អះអាង​ថា បើ​ទោះ​បី​មាន​អាជ្ញាធរ​គំរាមកំហែង​ក្រោម​រូបភាព​បែប​ណា​ក៏​ដោយ ក៏​លោក​មិន​តក់ស្លុត​ឡើយ​ហើយ​នៅតែ​ប្រកាន់​ជំហរ​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។