កូន​លោក ប៉ែន សុវណ្ណ ថា​ម្ដាយ​លោកស្រី​មិន​មែន​ជា​កូន​អតីត​នាយករដ្ឋមន្ត្រី​វៀតណាម

ដោយ សេក បណ្ឌិត
2016-11-01
Share
កូន ប៉ែន សុវណ្ណ ប៉ែន សូណា ៨៥៥ កូនស្រី​របស់​លោក ប៉ែន សុវណ្ណ លោកស្រី ប៉ែន សូណា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៦ នា​ខេត្ត​តាកែវ។
RFA/Cheu Sideth

កូនស្រី​របស់​លោក ប៉ែន សុវណ្ណ បដិសេធ​ចំពោះ​មតិ​របស់​អ្នក​នយោបាយ ឬ​សារព័ត៌មាន​មួយ​ចំនួន​ដែល​លើក​ឡើង​ថា ម្ដាយ​របស់​នាង​ជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាំ វ៉ាន់ដុង (Pham Van Dong) នោះ មិន​មែន​ជា​ការ​ពិត​ឡើយ។

លោកស្រី ប៉ែន សូណា បញ្ជាក់​នៅ​ក្នុង​ពិធី​បុណ្យ​សព​លោក ប៉ែន សុវណ្ណ នៅ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ថា ម្ដាយ​គាត់​ជា​កូន​អ្នក​រក​ស៊ី​ធម្មតា​ក្នុង​គ្រួសារ​ជនជាតិ​វៀតណាម មិន​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ក្នុង​ប្រទេស​វៀតណាម នោះ​ទេ។

លោកស្រី​បារម្ភ​ថា ការ​លើក​ឡើង​បែប​នេះ អាច​ប៉ះពាល់​ដល់​កិត្តិយស និង​ការងារ​របស់​ឪពុក​របស់​នាង៖ «ខ្ញុំ​ឮ​រឿង​នេះ​ច្រើន​ដង​មក​ហើយ ថា​ម៉ាក់​ខ្ញុំ​ជា​កូន​របស់​លោក ផាំ វ៉ាន់ដុង ការងារ​នេះ​វា​ប៉ះពាល់​ដល់​ការងារ​នយោបាយ​របស់​ប៉ា​ខ្ញុំ និង​អាច​ប៉ះពាល់​ដល់​ការងារ​នយោបាយ​របស់​ប្រទេស​ខ្មែរ​យើង»

​លោក ប៉ែន សុវណ្ណ ជា​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម ក្នុង​ឆ្នាំ​១៩៨១ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ ក្នុង​អាណត្តិ​ទី​៥​នេះ។

លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦ ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៨០​ឆ្នាំ នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ។

​កូនស្រី​របស់​លោក​ដែល​មាន​ម្ដាយ​ជា​ជនជាតិ​វៀតណាម និង​បាន​រស់​នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​វៀតណាម នោះ អះអាង​ថា ជីវិត​ការងារ​របស់​ឪពុក​របស់​នាង តាំង​ពី​ដើម​មក​មិន​មាន​ការ​ដាក់​សម្ពាធ​ពី​ក្រុម​គ្រួសារ​របស់​នាង​នៅ​ប្រទេស​វៀតណាម នោះ​ឡើយ ហើយ​ឪពុក​នាង និង​ក្រុម​គ្រួសារ​ស្រឡាញ់​ប្រទេស​កម្ពុជា ណាស់ ហើយ​រូប​នាង​ផ្ទាល់​តែង​លើក​ទឹក​ចិត្ត និង​ផ្ដល់​ឱកាស​ការងារ​ឲ្យ​ឪពុក​មក​ធ្វើ​ការងារ​ជួយ​កសាង​កម្ពុជា ជានិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល