ពលរដ្ឋ​ថា មួយ​ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត ជីវភាព​របស់​ពួកគេ​មិន​បាន​ប្រសើរ​នោះ​ទេ

ដោយ ថន ថារ៉ូ
2019.08.01
សមាជិក​សភា​ឯកបក្ស​ប្រជុំ​ដំបូង ៦២២ សមាជិក​សភា​ឯកបក្ស​បើក​កិច្ច​ប្រជុំ​ដំបូង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ រដ្ឋសភា
រូប៖ រដ្ឋសភា

ថ្ងៃ​ទី​២៩ ខែ​កក្កដា ជា​ខួប​មួយ​ឆ្នាំ​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុកថា ការបោះឆ្នោត​ក្លែងក្លាយ​។ ព្រឹត្តិការណ៍ ធ្វើឡើង​ដោយ​គ្មាន​យុត្តិធម៌​និង​សេរី​នេះ បណ្ដាល​អន្តរជាតិ​ថ្កោលទោស​កម្ពុជា ហើយ​អឺរ៉ុប​និង​អាមេរិក​កំពុង​ធ្វើ​ច្បាប់​និង​វិធានការ​ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំង​លើ​របប​លោក ហ៊ុន សែន ឱ្យ​ងាក​មក​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។

តើ​ពលរដ្ឋ​និង​អ្នកវិភាគ​មាន​ប្រតិកម្ម​យ៉ាង​ណា​ខ្លះ​ដែរ មួយ​ឆ្នាំក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា​ឆ្នាំ​២០១៨​មក?

ប្រជាពលរដ្ឋ​លើកឡើង​ថា ទោះបីជា​ការបោះឆ្នោត​បាន​កន្លង​ផុត​ទៅ​អស់​រយៈពេល​មួយ​ឆ្នាំ​ក្តី រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ផ្ដាច់មុខ​ដោយ​គណបក្ស​ប្រជាជន ពុំបាន​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​នោះ​ឡើយ​។ ពូក​គេ​ថា​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ធ្លាក់​ដុនដាប។

លោក វ៉ាន់ កុសល ជា​អាជីវករ​ម្នាក់​ក្នុង​ក្រុងភ្នំពេញ កត់សម្គាល់​ថា ក្រោយ​ការបោះឆ្នោត​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ទោះបី​មានការ​រីក​ចំរើន​ខាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ មាន​អាគារ​ខ្ពស់​ក៏​ពិតមែន តែ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​រឹតតែ​ជួប​ការ​លំបាក​យ៉ាប់​យ៉ឺន។ ប្រជាពលរដ្ឋ​ជាច្រើន​លក់​ដី លក់​ផ្ទះសម្បែង ហើយ​មួយ​ចំនួន​ទៀត​ជំពាក់​បំណុល​ធនាគារ​ដោយសារតែ​ជីវភាព​របស់​ពួកគាត់​ខ្វះខាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជួយ​គិត​គូ​ធ្វើ​យ៉ាងណា​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ដោះស្រាយ​ការរំលោភ​ដីធ្លី​របស់​ពលរដ្ឋ ស្ដារ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជា​ពលរដ្ឋ​ទុកចិត្ត​ក្នុង​ការដឹកនាំ​របស់​ខ្លួន ពេលនោះ​ប្រជាពលរដ្ឋ​នឹង​បោះឆ្នោត​ឱ្យ​សាជាថ្មី​ទៀត​នៅ​ពេល​ក្រោយៗ។

បើ​នៅ​តាម​ជនបទ​វិញ​ភាគច្រើន គាត់​នៅ​តែ​មាន​ជីវភាព​ខ្វះខាត​ដដែល​។ ទី​ពីរ ការ​ជំពាក់​បំណុល​ទៅ​ធនាគារ ក៏ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា គឺ​រឹតតែ​មាន​ការ​វ័ណ្ឌក​ឡើង។ និយាយ​ទៅ​ប្រជាពលរដ្ឋ​រឹតតែ​មានការ​ជំពាក់​ឡើង​។ មួយវិញទៀត ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​បន្តិចបន្តួច​អី​ហ្នឹង ដូចជា​នៅ​ស្រុក​កំណើត​ខ្ញុំ​អ៊ីចឹង ខ្វះខាត​អីចឹង គាត់​លក់​អស់ហើយ ដោយសារតែ​ជំពាក់​ធនាគារ​ផង អត់​មុខរបរ​ផង​។ ជា​សំណូមពរ​ផង​ដែរ​ឱ្យ​ប្រមុខ​ថ្នាក់ដឹកនាំ គិត​គូ​ឱ្យ​បាន​ច្រើន​ខ្លាំង​ថែមទៀត​។ ដើម្បី​ឱ្យ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​នឹង​បោះឆ្នោត​ជូន​ទៀតហើយ បើ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាក់​អន់​ស្រពន់​ចិត្ត ដូច​ជា​មាន​បញ្ហា​ដីធ្លី បញ្ហា​រំលោភ​សិទ្ធិមនុស្ស បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។​

ចំណែក លោក យឹម ស៊ីណា អាយុ​៣៤​ឆ្នាំ អ្នក​រត់​រ៉ឺម៉ក​កង់បី (Tuktuk) ក្នុង​ក្រុង​ភ្នំពេញ បាន​ប្រាប់​អាស៊ីសេរី​ថា ចាប់ពី​ក្រោយ​បោះឆ្នោត​រហូតមកដល់​ពេលនេះ ជីវភាព​របស់​លោក​ក៏​មិនបាន​ប្រសើរ​ជាង​មុន​ដែរ មានតែ​ចុះ​ដុនដាប​ជាង​មុន ព្រោះ​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​របស់​លោក រក​បាន​មួយថ្ងៃ​គឺ​សំរាប់​តែ​រស់​មួយថ្ងៃ​តែប៉ុណ្ណោះ​។ លោក​ថា​លោក​មានការ​ព្រួយបារម្ភ​ពេល​ដែល​កូនលោក​ឈឺ​ព្រោះ​លោក​ពុំ​មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​ពេទ្យ​។ លោក​បន្ត​ទៀត​ថា អាជ្ញាធរ​ពុំបាន​ជួយ​ខ្នះខ្នែង​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​នោះ​ទេ ផ្ទុយទៅវិញ​មានតែ​គាបសង្កត់​សិទ្ធិ​ប្រជាពលរដ្ឋ និង​តម្រូវ​ការ​ឱ្យ​បង់​ប្រាក់​គ្រប់​បែប​យ៉ាង នៅ​ពេល​ប្រជាពលរដ្ឋ​ទៅ​រក​សេវា​សង្គម​ផ្សេងៗ៖ «មិន​មាន​អ្វី​ជា​ការ​ប្រែប្រួល ហើយ​មិន​មាន​អ្វី​ជា​ការ​ជួយ​ផ្ដល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ថា​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង រកស៊ី​កាន់​កើន​ឡើង អត់​មាន​ទេ កាន់តែ​ដាំ​ក្បាល​ចុះ តាំងពី​បោះឆ្នោត​ហើយ​មក​ហ្នឹង​។ ខ្ញុំ​បារម្ភ​ពេល​ដែល​គ្រួសារ​របស់ខ្ញុំ​មាន​ជំងឺ​ដង្កាត់​អ្វីមួយ ទៅ​ពឹង​គ្រូពេទ្យ​ដើម្បី​ជួយ​ខ្ញុំ​ឱ្យ​បានជា​ហ្នឹង​។ គ្រូពេទ្យ​នៅ​ស្រុក​ខ្មែរ បើ​យើង​អត់​លុយ​ចាំតែ​ថ្ងៃ​ងាប់​ទេ តែ​ប៉ុណ្ណឹង​ឯង អត់​មាន​អាជ្ញាធរ​ណា​ដែល​ជួយ​ទំនាក់​បម្រុង​ប្រជាពលរដ្ឋ ឱ្យ​គាត់​រកស៊ី​មាន​ជីវភាព​ធូរធារ អត់​មានតែ​ម្ដង មានតែ​បឺត​ពី​ប្រជាពលរដ្ឋ​វិញ​។ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ពិបាក​អ្វីមួយ​ហ្នឹង ទៅ​ពឹង​អាជ្ញាធរ​ដែនដី គាត់​បើសិនជា​យើង​អត់​មាន​លុយ គាត់​មិន​អើពើ​នឹង​យើង​តែម្ដង ​លំបាកលំបិន​ណា​ក៏​គាត់​មិនដែល​រវីរវល់​ដែរ សំខាន់​ខ្លួន​ទីពឹង​ខ្លួន មាន​ន័យថា បើ​យើង​មិន​ប្រឹង យើង​ត្រូវ​ងាប់ សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង»

របប​លោក ហ៊ុន សែន បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​។ ព្រឹត្តិការណ៍​នេះ គ្មាន​គណបក្សប្រឆាំង​គឺ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួតប្រជែង​ឡើយ​។ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ថា បច្ចុប្បន្ន​កម្ពុជា​ជា​រដ្ឋ​ឯក​បក្ស និង​បាន​ស្នើសុំ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​។ អ្នកស្រី រ៉ូណា ស្មីត លើកឡើង​ថា លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា គឺជា​ការបោះឆ្នោត​ខ្វះ​ភាព​ត្រឹមត្រូវ ដោយសារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​។ សេត​វិមាន​ប្រធានាធិបតី​អាមេរិក ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​សំដែង​ក្ដី​សោកស្ដាយ​និង​ខកចិត្ត​យ៉ាង​ខ្លាំង​ពី​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ហៅ​ការបោះឆ្នោត​នោះ​ថា​គ្មាន​សេរីភាព គ្មាន​ភាព​ត្រឹមត្រូវ និង​មិនបាន​តំណាង​ឱ្យ​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា​នោះ​ឡើយ ហើយ​សហរដ្ឋអាមេរិក​ក៏បាន​គំរាម​ដាក់ទណ្ឌកម្ម​ផ្សេងៗ​មក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ។ផ្ទុយ​ពី​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ និង​ប្រទេស​មហាអំណាច​មួយ​ចំនួន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បាន​ប្រាប់​អាស៊ីសេរី​ថា កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយសារ​រដ្ឋាភិបាល​បាន​ដើរ​ចំ​ផ្លូវ​ត្រូវ មិន​ដូចជា​ការ​លើកឡើង​របស់​មតិ​មួយ​ចំនួន​នោះ​ទេ​។ លោក​បន្ត​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​ភាគរយ​គាំទ្រ​នូវ​សកម្មភាព​ការងារ​របស់​រដ្ឋាភិបាល ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​មាន​រថយន្ត​ផ្ទាល់ខ្លួន​ជិះ ហើយ​មួយ​ចំនួន​ទៀត​បាន​ចេញ​ទៅ​ដើរលេង​នៅ​ក្រៅ​ប្រទេស​នៅ​ពេល​មាន​ពិធីបុណ្យ​ទាន​និង​ការ​សម្រាក​ម្តងៗ​។ លោក​បន្ថែម​ទៀត​ថា ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​មានការ​ថយ​ចុះ​ក្រោម​១០​ភាគរយ ហើយ​កម្រិត​អ្នក​ដែល​មាន​ជីវភាព​មធ្យម​មានការ​កើន​ឡើង៖ «យើង​វាយ​តម្លៃ​ទៅលើ​ការ​ចំណាយ​នៅ​ពេល​មាន​បុណ្យទាន​ម្តងៗ ហើយ​យើង​ឃើញ​ចំនួន​ការប្រើប្រាស់ មាន​ដូចជា​រថយន្ត មានការ​ប្រើប្រាស់​ដទៃ​ទៀត ដូចជា​ការ​ធ្វើ​ទេសចរណ៍​ទៅ​ខាង​ក្រៅ​ក៏​ច្រើន នេះ​ហើយ​យើង​វាយ​តំ​លៃ​ថា​ល្អ យើង​ដើរ​ចំ​ផ្លូវ​ត្រូវ។ មនុស្ស​ច្រើនជាង​៦០​ភាគរយ​ដែល​គាំទ្រ ដែល​វាយ​តម្លៃ​រាជរដ្ឋាភិបាល​ដើរ​ចំ​ទិសដៅ​ល្អ ដែល​គេ​ពេញចិត្ត»

មិន​ត្រឹមតែ​ពលរដ្ឋ​ធម្មតា ដែល​រង​ផល​ប៉​ពាល់​ដោយសារតែ​ព្រឹត្តិការណ៍​ថ្ងៃទី២៩ កក្កដា ឆ្នាំ​២០១៨ នោះទេ អ្នកស្រី មុន្នី ពេជ្ជ អាយុ ៣៦​ឆ្នាំ ជា​មន្ត្រីរាជការ​មួយ​រូប​បាន​ថ្លែងប្រាប់​អាស៊ីសេរី​ថា អ្នកស្រី​បាន​ប្រើ​ការងារ​ជា​មន្ត្រីរាជការ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​ប្រាក់ខែ​របស់​អ្នកស្រី​មិន​អាច​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ខ្លួន​និង​ក្រុម​គ្រួសារ​នោះ​ទេ​។ អ្នកស្រី​ក៏បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ពិនិត្យមើល​ឡើងវិញ​នូវ​មន្ត្រី​អសមត្ថភាព​មួយ​ចំនួន ដែល​បាន​តំណែង​តាមរយៈ​ខ្សែស្រឡាយ​និង​ក្រុម​គ្រួសារ​៖ «ប្រាក់ខែ​ខ្ញុំ​ចាយ​អត់​គ្រប់។ អ្វី​គ្រប់​បែប​យ៉ាង​អី​ក៏​ថ្លៃ​ដែរ​។ គ្រាន់តែ​យើង​ចំណាយ​ព្រឹក​ឡើង ញាំ​កាហ្វេ​មួយ​កែវ ចាក់​សាំង​ម៉ូតូ ឬក៏​ញាំ​អាហារ​ពេលព្រឹក​មួយ​ចាន​ចុះ គ្រាន់​ញាំ​កន្លែង​កាច់ជ្រុង កន្លែងធ្វើការ ក៏​មួយ​ចាន​៥ ទៅ​៦​ពាន់​ហើយ អ៊ីចឹង​ក្នុង​មួយថ្ងៃ​សម្រាប់​ការ​ចាយ​របស់​នាង​ខ្ញុំ ខ្ញុំ​ចាយ​យ៉ាង​សាមញ្ញ​បំផុត ជីវិត​ធម្មតា ខ្ញុំ​ជិះ​ម៉ូតូ​ញាំ​អីចឹង​ក៏​ខ្ញុំ​ត្រូវ​ចាយ​អស់ ៥​ដុល្លារ​ដែរ ឬ​ស្មើ​២​ម៉ឺន​រៀល ដែល​វា​ពាក់​កណ្ដាល​បាត់​ហើយ គ្រាន់តែ​លើ​យើង​ចំណាយ​ក្នុង​ការ​ញាំ​អី​កំប៉ិកកំប៉ុក អី​ហ្នឹង គឺ​ពាក់​កណ្ដាល​នៃ​ប្រាក់ខែ​បាត់​ហើយ។ អ្វី​បើ​ថា ឱ្យ​គ្រប់​ជីវិត​ប្រចាំថ្ងៃ​ម៉ង គឺ​អត់​គ្រប់​ទេ បើ​យើង​មិន​ប្រឹង​រក​ចំណូល​បន្ថែម​។ ខ្ញុំ​ចង់បាន​ប្រាក់ខែ​សមរម្យ ហើយ​រស់​ស្រួល​ក្នុង​សង្គម​។ បញ្ហា​ខ្សែ បក្ស​ពួកវា​នៅ​តែ​មាន​អ៊ីចឹង ដូចនេះ​គួរ​ផ្ដល់​ឱកាស​និង​អតីតភាព​ការងារ​គេ​ឱ្យ​មាន​ឱកាស​បាន​ឡើង​ផង»

ដោយឡែក យុវជន សុខ ពុទ្ធា អាយុ​២១​ឆ្នាំ និង​ជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ថ្លែងប្រាប់​អាស៊ីសេរី​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ការបោះឆ្នោត ប្អូន​សង្កេតឃើញ​មានការ​រីក​ចំរើន​ក្នុង​វិស័យ​មួយ​ចំនួន​ដែរ ដូចជា​វិស័យ​សំណង់ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការ​វិនិយោគ​បរទេស​ជាដើម ពិសេស​ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​។ ទោះជា​យ៉ាង​នេះ​ក្តី យុវជន​រូប​នេះ​បន្ត​ថា ក្រុម​ជនជាតិ​ចិន​ដែល​មក​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនសូវ​គោរព​តាមច្បាប់​របស់​ប្រទេស​កម្ពុជា​ទេ ពួក​ចិន​ទាំងនោះ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត បង្ក​ភាព​អនាធិបតេយ្យ​។ យុវជន​រូប​នេះ​ក៏បាន​លើកឡើង​ផង​ដែរ ពី​បញ្ហា​អសន្តិសុខ ចោរកម្ម និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើតមាន​ឡើងជា​ញឹកញាប់ ហើយ​អាជ្ញាធរ ហាក់​ដូចជា​គ្មាន​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេល​វេលា​។ យុវជន សុខ ពុទ្ធា ក៏បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ពង្រឹង​និង​រឹត​បន្តឹង​វិស័យ​សន្តិសុខ​សាធារណៈ ក៏ដូចជា​ផ្ដល់​ការងារ​ធ្វើ​ឱ្យ​បាន​សមរម្យ​ដល់​និស្សិត​ដែល​រៀន​ចប់ ជៀសវាង​គិតតែ​លើក​តម្កើង​តែ​ខ្សែស្រឡាយ​របស់​ខ្លួន៖ «ការ​វិនិយោគ​របស់​ជនជាតិ​បរទេស​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ ដល់​ប្រទេស​ខ្មែរ​យើង​។ ឧទាហរណ៍​ដូចជា​យើង​ឃើញ​ជនជាតិ​ចិន នៅ​ពេល​ដែល​គាត់​មកដល់​ខ្មែរ​អ៊ីចឹង គាត់​ហាក់បីដូចជា​អត់​សូវ​គោរព​ច្បាប់​ប្រទេសជាតិ​យើង គាត់​ធ្វើ​អី​ដូច​អានាធិបតេយ្យ​ពេក អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​មើល​ឃើញ​ថា វា​ជា​ផ្នែក​អវិជ្ជមាន​មួយ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ មាន​ចោរកម្ម គ្រោះថ្នាក់​ចរាចរ​អី​ហ្នឹង​ជាដើម គឺ​នៅ​តែ​មាន ពិសេស​គឺ​នៅ​ដដែល គឺ​រឿង​ជនជាតិ​ចិន​តែម្ដង​។ ពេលខ្លះ​គាត់​បើកបរ បើក​បណ្ដើរ​គាត់​ជក់បារី​បណ្ដើរ បោះ​សំរាម​ពេញ​ហ្នឹង ជិះ​បុក​គេ គាត់​ស៊ីផ្លេ​ដាក់​គេ​គ្មាន​សណ្ដាប់ធ្នាប់​។ ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​រដ្ឋាភិបាល ជួយ​ធ្វើ​យ៉ាងណា​បើកឱកាស​ឱ្យ​និស្សិត ដែល​មាន​សមត្ថភាព​គាត់​បាន​ចូលរួម​ការងារ​ក្នុង​សង្គម ឱ្យ​គាត់​មាន​ប្រាក់ខែ​សមរម្យ​ក្នុង​ការ​ប្រកប​ជីវភាព​ក៏ដូចជា​ជួយ​គ្រួសារ​រស់នៅ​ប្រចាំថ្ងៃ»

អ្នកវិភាគ​សង្គម លោក គឹម សុខ ប្រាប់​អាស៊ីសេរី​ថា ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​ជីវភាព​ដោយ​វេទនា​ទាំង​ខាង​ផ្លូវចិត្ត​និង​មានការ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​លោក​ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ងាក​ចេញពី​របប​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ ផ្ដាច់​ទំនាក់ទំនង​ពី​បណ្ដា​ប្រទេស​លោក​ខាងលិច​និង​ងាក​ទៅ​រក​ប្រទេស​កុម្មុយនិស្ត​ចិន៖ «ប្រជាពលរដ្ឋ​រស់​ក្នុង​ស្ថានភាព​ជីវភាព ទាំង​ស្ថានភាព​ផ្លូវចិត្ត​ព្រួយបារម្ភ​ជាង​មុន​ការបោះឆ្នោត​ទៅទៀត ពីព្រោះ​ពួកគាត់​ដឹង​ច្បាស់ អំពី​របៀប​ដឹកនាំ​នៃ​ក្រុម​លោក ហ៊ុន សែន កំពុងតែ​គំរាមកំហែង​ប្រទេស​កម្ពុជា​ឱ្យ​ចាក​ឆ្ងាយ​ពី​ទំនាក់ទំនង​ដែល​បាន​ប្រយោជន៍ ពី​សហគមន៍​នៃ​ប្រទេស​លោក​សេរី ដែល​ធ្វើ​ឱ្យ​ពួកគាត់​ដឹង​ច្បាស់​ថា ការបាត់បង់​ការងារ​កំពុងតែ​ប្រឈម ហើយ​ជីវភាព​របស់​ពួកគាត់​ក៏​កំពុងតែ​លំបាកលំបិន»

សហគមន៍​អន្តរជាតិ ពិសេស​អាមេរិក នៅតែ​មាន​បំណង​ចង់​កម្ពុជា​វិល​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ។ ស្ថានទូត​អាមេរិក​កាល​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ជាក់ស្ដែង​នានា ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ រួម​​ទាំង​ធ្វើ​ការ​ទម្លាក់​បទចោទប្រកាន់​ទាំងឡាយ ប្រឆាំង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ហើយ​បញ្ចប់​ការ​អនុវត្ត​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ ដើម្បី​យាយី​ពលរដ្ឋ​របស់​ខ្លួន​។ សេចក្ដី​ថ្លែងការណ៍​នោះ​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា​គួរតែ​អាច​ប្រើ​សិទ្ធិ​របស់​គេ​ក្នុង​ការ​សម្ដែង​មតិ ដោយ​សេរី និង​អាច​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​។ នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ កម្ពុជា​អាច​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម​អន្តរជាតិ រួមមាន​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ទណ្ឌកម្ម​ទាំងនោះ​រួមមាន ការ​បាត់បង់​សិទ្ធិ​ទទួល​បាន​ការលើកលែង​ពន្ធ​ពិសេស ដែល​អាច​ជួយ​ដល់​សេដ្ឋកិច្ច និង​ការងារ​ពលរដ្ឋ​ខ្មែរ​។ មន្ត្រី​របប​លោក ហ៊ុន សែន ក៏​នឹង​ត្រូវ​អាមេរិក​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។