ពលរដ្ឋ​បារម្ភ​ពី​ការ​យក​តម្លៃ​សេវា​សាធារណៈ​លើស​រដ្ឋ​កំណត់​ពេល​គ្មាន​ក្រុមប្រឹក្សា​​បក្ស​ប្រឆាំង

ដោយ យន់ សាមៀន
2017-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាឃុំ​តាសៀម ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ ថត​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៧
សាលាឃុំ​តាសៀម ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ ថត​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៧
Photo provided

ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ផ្ដល់​សេវា​សាធារណៈ នៅ​តាម​ឃុំ-សង្កាត់​ដែល​ពួកគាត់​រស់នៅ ខណៈ​ដែល​លែង​មាន​វត្តមាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បក្ស​ប្រឆាំង​ធ្វើការ។ ពលរដ្ឋ​បារម្ភ​ថា ក្រុមប្រឹក្សា ថ្មី​ដែល​កើត​ចេញ​ដោយ​ការ​លើក​បន្តុប​ដោយ​មេដឹកនាំ​បក្ស​កាន់អំណាច នឹង​ជិះ​សេះ​លែងដៃ មិន​បម្រើ​ពលរដ្ឋ និង​ប្រព្រឹត្ត​អំពើ​កិកកុក​រកលុយ​ក្រៅផ្លូវការ នៅ​តាម​មូលដ្ឋាន។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ប្រាប់​អាស៊ីសេរី​ថា លោក​បារម្ភ​ថា មន្ត្រី​គណបក្ស​ដែល​បោះឆ្នោត​មិន​បាន​បោះឆ្នោត​ឲ្យ ប៉ុន្តែ​បាន​ជ័យ​ភណ្ឌ​នោះ គ្មាន​បទពិសោធន៍​ការងារ​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​បន្ត​ថា មន្ត្រី​ទាំងនោះ​ក្រៅពី​ទទួល​បាន​កៅអី​ដោយ​ការ​ប្លន់​សំឡេង​ឆ្នោត​រាស្ត្រ និង ជា​ទីង​ម៉ោង ពួកគេ​អង្គុយ​ធ្វើតាម​ការ​បង្គាប់​របស់​មន្ត្រី​បក្ស​កាន់អំណាច​តែប៉ុណ្ណោះ៖ «ការ​ព្រួយបារម្ភ​ខ្លាំង​! អាហ្នឹង​ជា​ការ​ពិត កាលបើ​នៅ​ក្នុង​ឃុំ​សង្កាត់​មានតែ​បក្ស​តែមួយ ហើយ​មិន​មាន​គណបក្ស​មួយទៀត​ប្រកួតប្រជែង ពីព្រោះ​អី​វា​អាច​ធ្វើ​ឲ្យ​មាន​មិន​ប្រក្រតី ទាក់ទង​នឹង​ការ​ធ្វើការ​នៅ​កន្លែង​ហ្នឹង និង​មិន​មាន​អ្នក​ចាំ​មើល​មិន​ប្រក្រតី​នៅ​ក្នុង​ឃុំ​ហ្នឹង»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ដែល​គ្រប់គ្រង​ដោយ​សុទ្ធតែ​មន្ត្រី​បក្ស​កាន់អំណាច​នោះ ប្រកាស​ថា អាសនៈ​ទាំង​ជាង ៥​ពាន់ អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ចំនួន​៧​នៅ​តាម​ឃុំ​សង្កាត់ ទូទាំង​ប្រទេស។ ចំណែក អាសនៈ​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​វិញ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧១៧​អាសនៈ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​គ្មាន​សំឡេង​គាំទ្រ​ពី​រាស្ត្រ​តាំងពី​ឃុំ​រហូតដល់​ថ្នាក់​ជាតិ ទទួល​បាន​៤៨​អាសនៈ ពី​ការ​ចែក​គ្នា។

គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ច្រើន​ជាងគេ ចំនួន​ជាង ៤​ពាន់​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​ជិត ៣​រយ​អាសនៈ និង​គណបក្ស​មិន​ជាប់ឆ្នោត​ផ្សេងទៀត។

ព្រះសង្ឃ គង់នៅ​ខេត្ត​ស្វាយរៀង យល់​ឃើញ​ថា សេវា​សាធារណៈ នឹង​លែង​ផ្ដល់​ទាន់​ពេល​វេលា​ទៀត​ហើយ នៅ​ពេល​ដែល​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​សម្រាប់​ប្រកួតប្រជែង​នៅ​ក្នុង​ឃុំ​សង្កាត់។ ព្រះអង្គ​បន្ត​ថា​កាលពី​ការដឹកនាំ​អាណត្តិ​កន្លងទៅ​របស់​បក្ស​កាន់អំណាច​តែឯង បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ប្រទះ ការ​លំបាក​ណាស់ ដូចជា​ការ​បញ្ជាក់ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ជាដើម​។ ហេតុដូច​នេះ ទើប​ពលរដ្ឋ​ឈប់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​ឃុំ​សង្កាត់​ជាច្រើន។ ព្រះអង្គ​ហៅ​ការ​យក​សំឡេង​ឆ្នោត រំលោភ​ឆន្ទៈ​រាស្ត្រ ទៅ​បែង​ចែក​គ្នា ហាក់​ដូច​ហែក​សាច់​ចែក​គ្នា​ស៊ី ដោយ​គ្មាន​ភាព​អៀន​ខ្មាស​ពលរដ្ឋ​នៅ​មូលដ្ឋាន​សូម្បីតែ​បន្តិច៖ «ខ្លាច​ពេល​តែងតាំង​ហើយ​មានការ​រើសអើង ប្រជាពលរដ្ឋ ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនបាន​ចុះចូល​ជាមួយ​ខ្លួន ពិបាក​គ្រប់​បែប​យ៉ាង។ អាត្មា​គិត​ថា សេវា មិន​លឿន​ដូច​ការងារ​របស់​ក្រុមប្រឹក្សា​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​នោះ​ទេ។ នៅ​លើ​ពិភពលោក លទ្ធិប្រជាធិបតេយ្យ​គេ​មិនដែល​សម្លាប់​គូរ​ប្រកួត ហើយ​ប្លន់​យក​កៅអី​នោះ​ទេ នៅ​លើ​ពិភពលោក​មិន​ទាន់​មាន​នោះ​ទេ​បង»

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ ជឿជាក់​ថា ក្រុម​ប្រឹក្សាឃុំ សង្កាត់​មានតែ​បក្ស​កាន់អំណាច ដុះ​ស្លែ​តែមួយ នឹង​គ្មាន​ប្រសិទ្ធភាព​ការងារ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ឲ្យ​រីកចម្រើន​ដូច​បណ្ដា​ប្រទេស​ជឿនលឿន​ឡើយ។ លោក ទឹម ម៉ាឡៃ យល់​ថា ការ​ប្លន់​អាសនៈ​របស់​បក្ស​ប្រឆាំង បាន​បង្ហាញ​ពី​ភាព​ខ្សោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «ការ​មិន​បង្ហាញ​នូវ​ឆន្ទៈ​របស់​ពួកគាត់ ព្រោះថា ឃើញ​ថា សេវា​របស់​រដ្ឋ​កន្លងមក​មាន​បញ្ហា​ទើប​គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ ឬ​ពីរ​ផ្សេងទៀត ដែល​ធានា​អំពី​គុណភាព ឬ​សេវា​ផ្សេងទៀត។ នៅ​ពេល​ដែល​គណបក្ស​មួយ​យក​សន្លឹកឆ្នោត​ពលរដ្ឋ​ទៅ​បែងចែក​ឲ្យ​គណបក្ស​មួយ ឬ​គណបក្ស​កាន់អំណាច វា​ធ្វើ​ឲ្យ​សំឡេង គុណ​តម្លៃ​នៃ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​ត្រូវ​បាត់។ គេ​ហៅថា គុណភាព​នៃ​អភិបាលកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្លាក់​ចុះ»

ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ដៃគូ​ប្រកួត​ការបោះឆ្នោត​តែមួយគត់​របស់​គណបក្ស កាន់អំណាច​នេះ មិន​ត្រឹមតែ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ក៏​បណ្ដាល​ឲ្យ​សហគមន៍​អន្តរជាតិ​រិះគន់ និង​ឈប់​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រីក​ចំរើន​ឡើងវិញ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បាត់បង់​គណបក្ស​សង្គ្រោះជាតិ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា។ សហរដ្ឋអាមេរិក​បាន​ផ្អាក​ផ្ដល់​ជំនួយ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា ចំណែក​សហគមន៍​អឺរ៉ុប​ព្រមាន​នឹង​ឈប់​អនុគ្រោះ​នាំចូល​សំលៀកបំពាក់​ពី​កម្ពុជា ក្រោយ​កម្ពុជា​បាន​ក្លាយ​ទៅ​ប្រទេស​ឯក​បក្ស និង​កំពុង​ឈាន​ទៅ​រក​របប​ផ្ដាច់ការ។ វិស័យ​កាត់ដេរ​កម្ពុជា​បាន​ផ្ដល់​ប្រាក់ចំណូល​ដល់​កម្ពុជា​ប្រមាណ ៦​ពាន់​លាន​ដុល្លារ ជា​រៀងរាល់​ឆ្នាំ។ សហគមន៍​អឺរ៉ុប អះអាង​ថា កម្ពុជា​នាំចូល​សំលៀកបំពាក់​ក្នុង​ទីផ្សារ​អឺរ៉ុប ប្រមាណ ៤០​ភាគរយ ខណៈ​សហរដ្ឋអាមេរិក​ទទួល​ការ​នាំ​ចូល ២០​ភាគរយ ចំណែក​ចិន​មាន​ចំនួន​តិចតួច​ប្រមាណ ៦​ភាគរយ កាលពី​ឆ្នាំ​២០១៦។ សមាគម​កាត់ដេរ​សំលៀកបំពាក់​នៅ​កម្ពុជា (GMAC) ដែល​តំណាង​ឲ្យ​រោងចក្រ​ចំនួន ៦០០ និង​មាន​កម្មករ ៧​សែន​នាក់ បាន​អំពាវនាវ​ឲ្យ​អន្តរជាតិ​បន្ត​គាំទ្រ​វិស័យ​កាត់ដេរ​កម្ពុជា។ GMAC​លើក​ឡើង​ថា វិស័យ​កាត់ដេរ​នឹង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ចំណែក​កម្មករ​វិញ ក៏​សំដែង​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ការងារ​ទៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល