ពលរដ្ឋ​មួយ​ចំនួន​ថា តំណាងរាស្ត្រ​ថ្មី​ដែល​ត្រូវ​គេ​លើក​បន្តុប​គ្រាន់​តែ​លម្អ​សភា

ដោយ យន់ សាមៀន
2017.11.24
ប្រជុំ​សភា កែប្រែ​ច្បាប់​បក្ស​នយោបាយ ២០១៧ ៦២២ សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA/Yang Chandara

ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួកគាត់​គ្មាន​ជំនឿ​លើ​សមត្ថភាព​របស់​សមាជិក​រដ្ឋសភា​ថ្មី ដែល​ឡើង​ដោយ​ការ​លើក​បន្តុប​ដោយ​ច្បាប់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។ ពួកគាត់​យល់​ថា មនុស្ស​ដែល​ត្រូវ​លើក​បន្តុប​ដោយ​គ្មាន​សំឡេងឆ្នោត​ពី​ពលរដ្ឋ​ទាំង​នោះ គ្រាន់​តែ​ជា​មនុស្ស​សម្រាប់​លម្អ​រដ្ឋសភា ដើម្បី​បង្គ្រប់​កិច្ច និង​រង់ចាំ​ស្ដាប់ តាម​ការ​ចាត់ចែង​របស់​គណបក្ស​កាន់អំណាច ដោយ​គ្មាន​បាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ​នោះ​ទេ មាន​តែ​បំផ្លាញ​ថវិកា​ជាតិ​ទៅវិញ។

ពលរដ្ឋ​ព្រមាន​ថា អ្នក​នយោបាយ​ដែល​ចង់បាន​អាសនៈ​រដ្ឋសភា របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នឹង​ជាប់​ឈ្មោះ​អាស្រូវ​ក្នុង​ប្រវត្តិសាស្ត្រ។ ពលរដ្ឋ​ខ្លះ​ថា អ្នក​ទទួល​បាន​ជ័យភណ្ឌ​ផ្ដល់​ដោយ​គណបក្ស​កាន់​អំណាច ជា​មនុស្ស​គ្មាន​ភាព​ខ្មាសអៀន និង​ជា​មនុស្ស​គ្មាន​ការងារ​ធ្វើ រង់ចាំ​ឱកាស​រក​ប្រាក់​ដោយ​គ្មាន​មនសិការ។

សេចក្ដី​ប្រកាស​រដ្ឋសភា​ឯកបក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​ថា សភា​ឯកបក្ស​នឹង​សម្រេច​ផ្ដល់​សុពលភាព​ដល់​មន្ត្រី​គណបក្ស មិន​ជាប់ឆ្នោត​កាលពី​ការ​បោះឆ្នោត​សកល​ឆ្នាំ២០១៣ ចំនួន ៤៤​រូប ដែល​សម្រេច​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​ដើម​សប្ដាហ៍​ក្រោយ។ សភា​គ្រោង​នឹង​បែងចែក​អាសនៈ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១​ទៀត ទៅ​គណបក្ស​ផ្សេងទៀត។ គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​ទ្រង់ រណឫទ្ធិ បាន​ទទួល​ជ័យភណ្ឌ​ច្រើន​ជាង​គេ ដល់​ទៅ​៤១​អាសនៈ។ ចំណែក​គណបក្ស​ដែល​ត្រូវ​ទទួល​បាន​អាសនៈ​ដែរ ប៉ុន្តែ​បដិសេធ​មិន​ទទួលយក​រួមមាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។

ពលរដ្ឋ​រស់នៅ​ខែត្រ​កណ្ដាល​ម្នាក់ទៀត អះអាង​ថា លោក​មិន​សប្បាយចិត្ត​នោះ​ទេ ចំពោះ​ទង្វើ​របស់​សមាជិក​រដ្ឋសភា​ថ្មី ដែល​នឹង​ត្រូវ​គេ​លើក​បន្តុប។ កសិករ​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​បន្ត​ថា តំណាងរាស្ត្រ​ថ្មី​មកពី​គណបក្ស​មិន​ជាប់ឆ្នោត នឹង​មិន​បម្រើ​រាស្ត្រ​នោះ​ទេ ពោល​គឺ​ពួកគេ​ត្រូវការ​តែ​លុយ​កាក់ និង​តួនាទី​តែប៉ុណ្ណោះ។ «»

យុវជន​រូប​នេះ​ក៏​បង្ហាញ​ពី​ក្តី​កង្វល់​ជុំវិញ​សមត្ថភាព​របស់​តំណាងរាស្ត្រ​ដែល​ត្រូវ​ផ្ដល់​អាសនៈ​ពី​គណបក្ស​កាន​អំណាច​ថា គ្មាន​បទពិសោធន៍​ដូច​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។ «»

យុវត្តី​មាន​ស្រុកកំណើត​នៅ​ខែត្រ​កំពត​ម្នាក់ទៀត ក៏​យល់ស្រប​ថា វា​ជា​រឿង​អាម៉ាស់​ទៅវិញ​ទេ សម្រាប់​សមាជិក​រដ្ឋសភា​ថ្មី ដែល​ឡើង​កាន់​តំណែង និង​ទទួល​បាន​ប្រាក់ខែ ដោយ​សារ ទទួល​បាន​ជ័យភណ្ឌ​ពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ក្រោយ​ការរៀបចំ​ទាំងស្រុង​ដោយ​លោក ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា។ យុវតី​រូប​នេះ បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត ក្រុម​សមាជិក​រដ្ឋសភា លែង​បម្រើ​ផល​ប្រយោជន៍​សម្រាប់​រាស្ត្រ និង​ជាតិ​ទៀតហើយ។ តំណាងរាស្ត្រ​កើតឡើង​ដោយ​ការ​ចាត់តាំង​ដោយ​ខ្លួន​របស់ លោក ហ៊ុន សែន មាន​តែ​ធ្វើ​តាម​បង្គាប់​របស់​គណបក្ស​កាន់អំណាច ដើម្បី​រក្សា​តំណែង និង​ងារ​ជា​ឯកឧត្ដម ឬ​លោកជំទាវ​តែប៉ុណ្ណោះ។ «»

គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ថ្កោលទោស ការបែងចែក​អាសនៈ​សភា​បក្ស​ប្រឆាំង​ផង​ដែរ ។ សេចក្ដីថ្លែងការណ៍​គណបក្ស​សង្គ្រោះជាតិ​ចេញ​កាលពី​ថ្ងៃ​សុក្រ ទី​២៤ វិច្ឆិកា បាន​ថ្កោលទោស​គ..ប ដែល​បាន​រឹបអូស​អាសនៈ​រដ្ឋសភា​គណបក្សប្រឆាំង​ឲ្យ​គណបក្ស​ដទៃ​ទៀត តាមច្បាប់​របស់​គណបក្ស​កាន់អំណាច ដែល​បាន​ធ្វើឡើង​ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ។ គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ថា តំណាងរាស្ត្រ​ប្រឆាំង​នៅតែ​ជា​តំណាងរាស្ត្រ​ស្របច្បាប់​របស់​ពលរដ្ឋ​ខ្មែរ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ស្នើ​ឲ្យ​គណបក្ស​កាន់អំណាច និង​ស្ថាប័ន​ពាក់ព័ន្ធ​ឈប់​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ សកម្មជន​ដីធ្លី អ្នកសារព័ត៌មាន ដើម្បី​កុំ​ឲ្យ​កម្ពុជា​ទទួលរង​នូវ​ទណ្ឌកម្ម និង​ស្ថិតនៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។