អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ ច័ន្ទ ដារ៉ូ
2024.04.09
អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែង​នៅក្នុងកិច្ចប្រជុំ​គណបក្ស។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំងជាតិ​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ទាមទារ​ដោះលែង​អ្នកទោស​មនសិការ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​កម្លាំង​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ការសម្រេច​របស់​អាជ្ញាធរ​ថា ជា​ការ​រឹតត្បិត​លើ​សេរីភាព​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរ​ជាតិ។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ដឹកនាំ​អ្នកគាំទ្រ​ធ្វើបាតុកម្ម ឬ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សមាជិក​បក្ស​ដែល​កំពុង​ជាប់ឃុំ​នោះ​ទេ។ ប៉ុន្តែ​ការ​សម្ដែង​មតិ​នេះ​អាជ្ញាធរ​ឱ្យ​រៀបចំ​នៅ​ទីស្នាក់ការ​បក្ស​វិញ។

ទោះ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​កម្លាំងជាតិ​លោក ជា មុនី ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោក​ខកចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​មិន​ឱ្យ​ថ្នាក់​ដឹកនាំ និង​សមាជិក​បក្ស​ជួបជុំ​សម្តែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ ពីព្រោះ​ទីលាន​ប្រជាធិបតេយ្យ​ជា​ទីកន្លែង​សម្រាប់​ពលរដ្ឋ​គ្រប់​និន្នាការ​ប្រើប្រាស់​​សម្រាប់​សម្តែង​មតិ​ស្រប​តាមច្បាប់។  លោក ជា មុនី ថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​នឹង​យក​ទៅ​ប្រជុំ​ពិភាក្សា​ផ្ទៃក្នុង និង​ចេញ​សេចក្តី​សម្រេច​នៅ​ពេល​ឆាប់ៗ​នេះ​ខាង​មុខ។

លោក ជា មុនី៖ «នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គេ​មិន​អនុញ្ញាត​អ៊ីចឹង យើង​សោកស្តាយ បើសិន​សាលារាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​យើង​សម្តែង​មតិ​ទៅ​បាន​អាច​កែ​សង្គម​បាន​ច្រើន កន្លង​ខុស​កែ​ទៅ ពីព្រោះ​ការដឹកនាំ​សង្គម​ទាល់តែ​មាន​សង្គម​ស៊ីវិល បក្ស​ប្រឆាំង​ទើប​សង្គម​រីកចម្រើន ប្រទេស​មួយ​អត់​មាន​គណបក្សប្រឆាំង អត់​មាន​សង្គម​ស៊ីវិល​រិះគន់​ស្ថាបនា​ទេ​គឺ​មិន​សូវ​រីកចម្រើន​ប៉ុន្មាន​ទេ អ៊ីចឹង​នៅ​លើ​ពិភព​លោក​នេះ​គឺ​ប្រទេស​សេរី​ត្រូវ​មាន​គណបក្ស​ប្រឆាំង​ហ្នឹង​ដើម្បី​កែតម្រូវ​ឱ្យ​ប្រទេស​ជាតិ​ជឿន​លឿន »

គណបក្ស​កម្លាំង​ជាតិ កាល​ពី​ថ្ងៃទី២ ខែ​មេសា បាន​ដាក់​លិខិត​ជូន​ដំណឹង​​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អំពី​ការ​ប្រមូលផ្ដុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ។ គម្រោង​ជួប​ជុំ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​មាន​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២២ ដល់​​ថ្ងៃទី​២៤ ខែ​មេសា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១៥០នាក់ លើក​បដា និង​រូបថត​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក គា វិសាល លោក អ៊ំ វីរៈរដ្ឋ ដែល​ពួកគេ​ចាត់​ទុក​ការ​ចាប់​ខ្លួន​មន្ត្រី​ទាំង​នេះ​ថា​ជា​រឿង​អយុត្តិធម៌​ក្រោម​រូបភាព​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​រង និង​ជា​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាងដា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៨ ខែ​មេសា។

ប៉ុន្តែ​បើ​តាម​កំណត់​ហេតុ​នៃ​កិច្ចប្រជុំ​ពិភាក្សា​រយៈពេល​ជាង៣ម៉ោង​រវាង អាជ្ញាធរ​ក្រុងភ្នំពេញ និង​តំណាង​បក្ស​កម្លាំងជាតិ​នៅ​​​រសៀល​ថ្ងៃ​ទី០៨ ខែមេសា ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នោះ ភាគី​អាជ្ញាធរ​លើក​ហេតុផល​ថា ការ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយសារ​តែ​សកម្មភាព​ជួបជុំ​នោះ គឺ​ធ្វើឡើង​ផ្ទុយ​ពី​មាត្រា៥២២ មាត្រា៥២៣ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​សំណុំរឿង​ចាប់​ឃុំខ្លួន​មន្ត្រី​បក្ស​កម្លាំង​ជាតិ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នីតិ​វិធី​របស់​តុលាការ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍​ថា ការ​ជូនដំណឹង​របស់​គណបក្ស​កម្លាំង​ជាតិ​នោះ​ត្រឹមត្រូវ​តាម​ច្បាប់ តែ​លោក​សោកស្តាយ​ចំពោះ​សម្រេច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ហាក់​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព។ លោក​យល់​ថា ភាគី​អាជ្ញាធរ និង​បក្ស​កម្លាំង​ជាតិ​គួរ​ជជែក​គ្នា​បន្ថែម​ទៀត​ដើម្បី​រក​ចំណុច​រួម​មួយ​ដែល​អាច​ឱ្យ​បក្ស​កម្លាំង​ជាតិ​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ការអនុវត្ត​សិទ្ធិ​សេរីភាព​ជួបជុំ​សម្តែង​មតិ​ដោយ​សន្តិវិធី។

លោក អំ សំអាត៖ «បើសិន​គេ​ធ្វើ​តាម​ច្បាប់​ហើយ ការ​ជជែក​ត្រឹមត្រូវ​ហើយ​អាជ្ញាធរ​នៅតែ​មិន​ឱ្យ​គេ​ជួបជុំ​ដោយ​សន្តិវិធី អាហ្នឹង​វា​ជា​ការ​ប៉ះពាល់​ដល់​សេរីភាព​ជួបជុំ​ដោយ​សន្តិវិធី ពីព្រោះ​នេះ​ជា​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​ទូទៅ​ជួបជុំ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ទាស់​ខុស​ត្រង់​ណា​ជជែក​គ្នា​ទៅ​ដើម្បី​ស្វែងរក​ចំណុច​រួម​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​ជួបជុំ​គ្នា​បាន​នោះ​បាទ»

ទោះបី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំងជាតិ​ធ្វើ​ការ​សម្តែង​មតិ​យ៉ាងណា​ក្តី តែ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ពន្យល់​ថា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ និង​ជួបជុំ​ទាមទារ​យុត្តិធម៌​នៅក្នុង​សង្គម​ដែល​សិទ្ធិ​ទាំងនេះ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ផង។ ពួកគេ​ថា​សូម្បីតែ​នៅក្នុង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ក៏​មិន​បាន​តម្រូវ​ឱ្យ​ពលរដ្ឋ​ទៅ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែរ គឺ​ត្រឹម​តែ​ជូន​ដំណឹង​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ​បើសិន​សមត្ថកិច្ច​ខ្លាច​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ សមត្ថកិច្ច​គួរ​តែ​សម្រួល​ដល់​អ្នក​តវ៉ា​ដោយ​រៀបចំ​សណ្ដាប់ធ្នាប់​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។