តុលាការក្រុងភ្នំពេញបន្តសវនាការរឿងក្ដីសកម្មជនបក្សប្រឆាំងក្នុងបទញុះញង់ និងរួមគំនិតក្បត់
2022.01.27

សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការរឿងក្ដីសកម្មជនគណបក្សប្រឆាំងបន្តទៀតនៅព្រឹកថ្ងៃទី២៧ មករា ដោយបន្តបង្ហាញភស្តុតាងជាវីដេអូឃ្លិបពាក់ព័ន្ធនឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងប្រជុំបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេសកាលពីឆ្នាំ២០១៨។ សាច់ញាតិជនជាប់ចោទចាត់ទុកនីតិវិធីរបស់តុលាការបែបនេះថា ជាការធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដោយអយុត្តិធម៌និងមិនអាចទទួលយកបានឡើយ។
សវនាការលើកទី១០ នេះ ក៏មិនខុសពីសវនាការពេលមុនៗ ដែរ ដោយមានជនជាប់ឃុំចំនួន ១៣នាក់ មានជាអាទិ៍ លោក កែវ ថៃ លោក ស៊ុន ធន់ លោក យឹម សារ៉េត លោក ជុំ ចាន់ និងលោក ញ៉ែម វាន ជាដើម។ សមត្ថកិច្ចបានដឹកពួកគាត់តាមរថយន្តពីពន្ធនាគារព្រៃស មកចូលរួមក្នុងសវនាការ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការក្រុងភ្នំពេញ លោក រស់ ពិសិដ្ឋ មិនបានសួរដេញដោលលើសកម្មជនទាំងនោះទេ ដោយបន្តចាក់វីដេអូឃ្លិបពាក់ព័ន្ធនឹងការបង្កើតចលនាសង្គ្រោះជាតិរបស់អ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សប្រឆាំងដដែល។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះរូបនេះក៏បង្គាប់ឱ្យក្រឡាបញ្ជីបង្ហាញភស្តុតាងមួយទៀត ដែលពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទរបស់ជនជាប់ចោទចំនួន ៣នាក់ ដែលបាននិយាយរិះគន់រដ្ឋាភិបាលអំពីវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០។ បន្ទាប់ពីចាក់បង្ហាញវីដេអូចប់ហើយ ចៅក្រម រស់ ពិសិដ្ឋ ក៏បានបិទបញ្ចប់សវនាការនៅម៉ោងជិត ១២ថ្ងៃត្រង់។ នៅមុនពេលបញ្ចប់សវនាការនេះ លោក កែវ ថៃ បន្តស្នើសុំតុលាការអនុញ្ញាតឱ្យគ្រូពេទ្យរបស់អង្គការលីកាដូចូលព្យាបាលជនជាប់ឃុំដល់ពន្ធនាគារ។ លោកបញ្ជាក់ថា លោកនិងសកម្មជនមួយចំនួនទៀតធ្លាក់ខ្លួនឈឺ និងខ្លះមានជំងឺប្រចាំកាយ ដែលត្រូវការគ្រូពេទ្យព្យាបាលឱ្យបានទៀងទាត់។
ឆ្លើយតបនឹងការស្នើសុំនេះចៅក្រម រស់ ពិសិដ្ឋ មិនជំទាស់នោះទេ ដោយលោកណែនាំឱ្យគ្រូពេទ្យអង្គការលីកាដូទាក់ទងទៅខាងពន្ធនាគារដោយខ្លួនឯង។
តុលាការនឹងបន្តសវនាការសំណុំរឿងនេះជាថ្មីទៀតនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខ។ សមត្ថកិច្ចបានដឹកជនជាប់ចោទទៅពន្ធនាគារព្រៃសវិញក្រោយពេលចប់សវនាការ។ សវនាការនៅខែក្រោយនេះ ជាការធ្វើសេចក្ដីសន្និដ្ឋានការពាររបស់មេធាវី និងតំណាងអយ្យការព្រមទាំងការធ្វើសំណូមពររបស់ជនជាប់ទាំងអស់។
ទោះជាយ៉ាងណាក្ដី មេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំងលោក សំ សុគង់ យល់ថា ការស្ដាប់វីដេអូរបស់កូនក្ដីនេះជាការរំលោភសិទ្ធិឯកជន ដែលសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ បន្ថែមពីនេះលោកមើលឃើញថា ភស្តុតាងជាវីដេអូឃ្លីបដែលតុលាការចាក់បង្ហាញនោះមិនមានទំនាក់ទំនងអ្វីជាមួយកូនក្ដីរបស់លោកនោះទេ៖ «គឺជារឿងផ្សេងពីគ្នា ដោយសារវាចែកដាច់ពីរវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហើយហ្នឹងពួកគាត់ក្រោយពីគណបក្សសង្គ្រោះត្រូវបានរំលាយពួកគាត់ពុំមានសកម្មភាពនយោបាយអីដែរ។ ប៉ុន្តែអ្វីដែលគាត់បានលើកឡើង ដែលគាត់ស៊ែរ (Share) គាត់បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ហ្នឹង គឺជាសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគាត់ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ»។
សវនាការនេះមានការចូលរួមឃ្លាំមើលពីតំណាងទូតសហភាពអឺរ៉ុប តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិល និងសាច់ញាតិរបស់ជនជាប់ចោទជាច្រើននាក់។
ចំណែកនៅខាងក្រៅរបងតុលាការវិញ អាជ្ញាធរបានពង្រាយកងកម្លាំងជាច្រើននាក់ ប៉ុន្តែមិនមានក្រុមគ្រួសាររបស់មន្ត្រីបក្សប្រឆាំង និងអ្នកគាំទ្រឃ្លាំមើលសវនាការដូចពេលមុននោះទេ។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី ប្រាប់វិទ្យុអាស៊ីសេរីក្រោយចប់សវនាការថា ភស្តុតាងដែលតុលាការបង្ហាញនោះ ជាការរៀបចំ ដើម្បីទម្លាក់កំហុសមកលើប្ដីរបស់លោកស្រី និងសកម្មជនដទៃដោយអយុត្តិធម៌មិនអាចទទួលយកបានឡើយ។ លោកស្រីចាត់ទុកនីតិវិធីរបស់តុលាការបែបនេះថា ជាការសម្ដែងល្ខោនលេងសើច ដើម្បីបោសសំអាតអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលឯកបក្សប៉ុណ្ណោះ៖ «គឺឈឺចាប់ខ្លាំងណាស់មិនមែនតែគ្រួសារខ្ញុំទេ គឺគ្រួសារអ្នកជាប់ឃុំទាំងអស់ គឺពិតជារងភាពអយុត្តិធម៌ខ្លាំងបំផុត ដែលមិនអាចទទួលយកបាន។ជីវភាពគ្រួសារពួកខ្ញុំម្នាក់ៗ ខ្វះខាតដូចខ្ញុំសព្វថ្ងៃនេះរកមួយខែទប់ទល់មួយខែអត់គ្រប់ទេ ដោយសារខ្ញុំឡើងមកសវនាការរៀងរាល់សប្ដាហ៍ ដើម្បីចង់ដឹងថា តើតុលាការហ្នឹង គាត់កាត់ទោសប្ដីខ្ញុំយ៉ាងម៉េច? គាត់ចោទថា ប្ដីខ្ញុំហ្នឹងមានកំហុសអីពិតប្រាកដ? ដែលយកគាត់ទៅឃុំឃាំងទាំងអយុត្តិធម៌អស់ជិត ២ឆ្នាំមកនេះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៣ មករា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា នៅតែមើលឃើញថា រឿងក្ដីក្ដាំនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយភ្ជាប់សាច់រឿងរបស់ពួកគេមកចាត់វិធានការតាមផ្លូវតុលាការ។ លោកយល់ថា ដើម្បីដោះស្រាយបញ្ចប់បញ្ហានេះមានតែមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងងាកមកចរចាត្រូវរ៉ូវគ្នា ដើម្បីប្រយោជន៍ជាតិ និងសេចក្ដីសុខរបស់ពលរដ្ឋ៖ «អាហ្នឹងវាជាជាងយើងខិតខំប្រឹងប្រែងយករឿងនយោបាយទៅឱ្យប្រព័ន្ធតុលាការដោះស្រាយ វាធ្វើឱ្យប្រទេសកម្ពុជា និងប្រព័ន្ធយុត្តិធម៌យើងកាន់តែរងអាម៉ាស់ទៅ ជាពិសេស មានការកាន់តែរិះគន់កាន់តែធ្ងន់ធ្ងរទៅពីសំណាត់ទាំងមតិជាតិ និងអន្តរជាតិ ដែលគេមើលឃើញថា ប្រព័ន្ធយុត្តិធម៌យើងមិនឯករាជ្យ នៅក្រោយឥទ្ធិពលអ្នកនយោបាយ។ បើសិនជាយើងចេះតែខំបន្តឱ្យប្រព័ន្ធយុត្តិធម៌ធ្វើបែបហ្នឹង អាហ្នឹងវាធ្វើឱ្យប្រព័ន្ធយុត្តិធម៌វាបាត់តម្លៃទៅវិញទេ»។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងចំនួន ៤២នាក់នេះ ពីបទ “រួមគំនិតក្បត់” និង "ញុះញង់” ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ២០១៩។ តុលាការគ្រោងនឹងបញ្ចប់ការសួរដេញដោលសំណុំរឿងនេះនៅចុងខែកុម្ភៈខាងមុខ។
កន្លងមកអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។