សាលា​ឧទ្ធរណ៍​ភ្នំពេញ បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់លោក គា វិសាល ​មន្រ្តី​គណបក្ស​កម្លាំង​ជាតិ ខេត្ត​កំពង់ចាម

ដោយ សេក បណ្ឌិត
2024.05.08
សាលា​ឧទ្ធរណ៍​ភ្នំពេញ បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់លោក គា វិសាល ​មន្រ្តី​គណបក្ស​កម្លាំង​ជាតិ ខេត្ត​កំពង់ចាម មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​លោក គា វិសាល ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន​បញ្ជូនមកស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មីនា ២០២៤។
រូប៖ នគរបាល

សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា ដោយ​បដិសេធបណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ខេត្ត​កំពង់ចាម លោក គា វិសាល។ សង្គម​ស៊ីវិល លើកឡើង​ថា បើ​យោង​ទៅ​តាម​មូលហេតុ និង​ការ​ធានា​របស់​មន្ត្រី​បក្ស​ប្រឆាំង តុលាការ​គួរតែ​យល់ព្រម​ចំពោះ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​នេះ។

ជំទប់ទី២ ឃុំកោះមិត្ត មក​ពី​បក្ស​ភ្លើង​ទៀន ដែល​ជា​ប្រពន្ធ​របស់​លោក គា វិសាល គឺ​អ្នកស្រី ញ៉ែ សុខឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ ខែឧសភា ថា ការ​ប្រកាស​សាលដីកា តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោកស្រី​បាន​ចូលរួម​ស្ដាប់ និង​មាន​ឱកាស​ជួប​មុខ​ប្ដី​ឡើយ ដោយ​លោកស្រី​បាន​អង្គុយ​ចាំ​រហូត​ដល់​ម៉ោង ១០ព្រឹក រហូត​ដល់​ចប់​សវនាការ ទើប​សមត្ថកិច្ច​នាំ​ខ្លួន​ប្ដី​ដើរ​ចេញ​មក ដែល​ពេលនោះ​លោកស្រី​បាន​ជួប​មុខ​ប្ដី ដោយ​លោក គា វិសាល បាន​ងាក​ប្រាប់​ទៅ​លោកស្រី​ថា តុលាការ​នៃ​សាលាឧទ្ធរណ៍ មិន​យល់ព្រម​ដោះលែង​ឱ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ឡើយ។

អ្នកស្រី ញ៉ែ សុខឿន៖ «និយាយ​ទៅ​សម្រាប់​ខ្ញុំ​ជា​គ្រួសារ ខ្ញុំ​ពិតជា​មាន​ការ​ខកចិត្ត​ខ្លាំង​មែនទែន ចំពោះ​សាលក្រម​នៃ​សាលាឧទ្ធរណ៍ ដែល​តម្កល់​សំណុំ​រឿង​គាត់ ដែល​បន្ត​ឃុំ​ខ្លួន​គាត

កាល​ពី​ថ្ងៃ​ទី១០ ខែមេសា លោក គា វិសាល បាន​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​សាច់ញាតិ​អះអាង​ថា លោក គា វិសាល ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ប៉េហ្ស៊ី​(PJ) បណ្ដាល​មក​ពី​ជំងឺ​បេះដូង។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក គា វិសាល នៅ​ក្នុង​លិខិត​សុំ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ឱ្យ​ដឹង​ថា លោក គា វិសាល និង​ដើម​បណ្ដឹង គឺ​លោក ម៉ៃ ហុងស្រៀង មាន​ទំនាស់​ជាមួយ​គ្នា ដោយសារ​លោក ម៉ៃ ហុងស្រៀង ព្យាយាម​អូសទាញ​លោក គា វិសាល ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បណ្ដាល​ឱ្យ​មាន​ជម្លោះ និង​ជេរ​គ្នា​ទៅវិញ​ទៅមក តាម​បណ្ដាញ​សង្គម។ លិខិត​ដដែល​ឱ្យ​ដឹង​ថា ទំនាស់​រវាង លោក គា វិសាល និង​លោក ម៉ៃ ហុងស្រៀង នេះ កើត​មាន​តែ​នៅ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ ដោយ​មិន​មាន​ការ​រើសអើង ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ម៉ៃ ហុងស្រៀង ឡើយ ហើយ​ដោយ​ផ្អែក​លើ​មាត្រា ៣០៧ នៃ​ក្រម​ព្រហ្មទណ្ឌ បទ​ជេរ​ប្រមាទ​ជា​សាធារណៈ មិន​មាន​ទោស​ជាប់​ពន្ធនាគារ​នោះ​ទេ គឺ​គ្រាន់តែ​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គា វិសាល គឺ​លោក ជូង ជូងី និង​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែឧសភា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា បើ​យោង​ទៅ​តាម​ហេតុផល និង​ការ​ធានា​របស់​លោក គា វិសាល តុលាការ​គួរតែ​យល់ព្រម​ចំពោះ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​នេះ។ ទន្ទឹម​គ្នា​នេះ លោក​សង្កេត​ឃើញ​ថា បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្រ្តី​បក្ស​ប្រឆាំង ភាគច្រើន តែងតែ​ត្រូវ​បាន​តុលាការ​បដិសេធ។ ផ្ទុយ​ទៅ​វិញ ចំពោះ​ឧក្រិដ្ឋជន ឬ​អ្នក​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន បែរ​ជា​មាន​ឱកាស​បាន​នៅ​ក្រៅ​ឃុំ ទោះបី​ជា​ពួកគេ បាន​ប្រព្រឹត្ត​ទោស​ធ្ងន់​ជាង​ក៏​ដោយ។

លោក នី សុខា៖ «មក​ដល់​ពេល​នេះ សម្រាប់​បរិយាកាស​នយោបាយ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ឱ្យ​បាន​រួសរាន់ ធ្វើ​យ៉ាង​ណា ដើម្បី​បន្ធូរបន្ថយ​នូវ​បរិយាកាស​នយោបាយ​នៃ​ការ​រឹតត្បិត នៃ​ការ​គាប​សង្កត់ អា​ហ្នឹង​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​យើង ទទួល​បាន​នូវ​កេរ្តិ៍ឈ្មោះ ទទួល​ស្គាល់​នៅ​លើ​ឆាក​ជាតិ អន្តរជាតិ​ត្រឡប់​មក​វិញ»

កាលពី​ថ្ងៃ​ទី១៥ ខែ​មីនា សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន អនុ​ប្រធាន​ក្រុម​ការងារ បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ខេត្ត​លេខ​រៀង​ទី១ គឺ​លោក គា វិសាល ពី​បទ ”ញុះញង់​បង្ក ឱ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាទ​ជា​សាធារណៈ​” ដែល​ប្ដឹង​ដោយ​អតីត​សកម្មជន​បក្ស​ប្រឆាំង ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច គឺ​លោក ម៉ៃ ហុងស្រៀង។ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​បញ្ជូន​លោក គា វិសាល ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ម១ ឬ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១៨ ខែមីនា។

ប្រពន្ធ​លោក គា វិសាល ទទូច​ឱ្យ​តុលាការ ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​ករណី​របស់​ប្ដី​លោកស្រី គឺជា​ទំនាស់​រវាង​បុគ្គល​នឹង​បុគ្គល​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។