សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំជាថ្មីរបស់លោក ថាច់ សេដ្ឋា
2023.08.03
សាលាដំបូងរាជធានីភ្នំពេញ បន្តបដិសេធសំណើសុំនៅក្រៅឃុំជាថ្មីរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បើទោះជាចៅក្រមស៊ើបសួរបានបិទបញ្ចប់ដំណើរការស៊ើបសួរហើយក្ដី។ មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងដូចៗ គ្នាថា តុលាការគួរតែដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញជាបន្ទាន់ ដោយសារសុខភាពលោក ថាច់ សេដ្ឋា កាន់តែទ្រុឌទ្រោម ព្រោះលោក មានជំងឺប្រចាំកាយជាច្រើន ដែលតម្រូវឱ្យព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនលោក ថាច់ ស៊ីថា នៅពន្ធនាគារ ដោយលើកហេតុផលថា ខ្លាចលោក ថាច់ សេដ្ឋា បង្កភាពវឹកវរនាំឱ្យខូចសណ្ដាប់ធ្នាប់សង្គម។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី នៅថ្ងៃទី៣ ខែកក្កដា បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា ជាថ្មីម្ដងទៀត បើទោះជាសំណុំរឿងពាក់ព័ន្ធនឹងបទចោទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន ឬចេញសែក (Cheque) អត់លុយ បានបិទបញ្ចប់ការស៊ើបអង្កេតហើយក្ដី។
ជុំវិញរឿងនេះ មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ថ្លែងថា សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងដោយមិនមានហេតុផលត្រឹមនោះឡើយ ព្រោះការងាររបស់លោក ថាច់ សេដ្ឋា មិនដែលបានបង្កឱ្យមានភាពវឹកវរ ឬខូចសណ្ដាប់ធ្នាប់សង្គមដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកបន្ថែមថា តុលាការគូរតែដោះលែងលោក ថាច់ សេដ្ឋា ឱ្យនៅក្រៅឃុំ ដើម្បីឱ្យលោកអាចព្យាបាលជំងឺប្រចាំកាយ ដែលមានសភាពកាន់តែធ្ងន់ធ្ងរ ខណៈពេទ្យនៅក្នុងពន្ធនាគារមិនមានគុណភាពគ្រប់គ្រាន់ ដើម្បីព្យាបាលជំងឺកូនក្ដីរបស់លោកនោះឡើយ។
លោក សឺន ជុំជួន៖ «សំអាងហេតុទៅលើខាងពន្ធនាគារក៏មានពេទ្យដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អ្វីដែលជាការសំអាងហ្នឹងមិនអាចទទួលយកបានទេ ពីព្រោះថាពេទ្យនៅខាងពន្ធនាគារហ្នឹង គឺមិនមានជំនាញគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺរបស់គាត់»។
បើទោះជាលោក ថាច់ សេដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនពីពន្ធនាគារព្រៃស មកចូលរួមសវនាការសុំនៅឃុំក្ដី ក៏សមត្ថកិច្ចមិនបានអនុញ្ញាតឱ្យគ្រួសាររបស់លោក បានជួបសួរសុខទុក្ខលោកនោះទេ។ ដោយឡែក នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក៏មានសកម្មជនគណបក្សភ្លើងទៀនជាង ២០នាក់ បានទៅតាមដានសវនាការ និងផ្ដល់ការលើកទឹកចិត្តទៅដល់លោក ថាច់ សេដ្ឋា និងក្រុមគ្រួសាររបស់លោកផងដែរ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៦ មករា ដោយចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកអត់លុយចំនួនប្រាំសន្លឹក។ បន្ថែមពីលើនេះកាលពីថ្ងៃទី២៨ ខែមេសា សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក ថាច់ សេដ្ឋា នូវបទល្មើសថ្មីពីរទៀត គឺបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង ជុំវិញការបំពេញទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២។ ផ្ទុយពីការចោទប្រកាន់នេះ អ្នកវិភាគនយោបាយលើកឡើងថា ការឃុំខ្លួនលោក ថាច់ សេដ្ឋា ធ្វើឡើងដោយសារតែរបបលោក ហ៊ុន សែន រើសអើងនិន្នាការនយោបាយ និងមិនមែនជាការអនុវត្តច្បាប់អ្វីនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្ដីអត្ថាធិប្បាយពីប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ជុំវិញរឿងនេះបានឡើយ ដោយសារលោកស្រីមានអាការៈវិលមុខ បណ្ដាលមកពីជំងឺលើសឈាម ក្រោយពីសវនាការបិទបញ្ចប់។
ជុំវិញរឿងនេះ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន យល់ឃើញថា ការឃុំខ្លួនរបស់លោក ថាច់ សេដ្ឋា ជាប់ពាក់ព័ន្ធជាមួយនិន្នាការនយោបាយ ជាជាងដំណើរការអនុវត្តច្បាប់។ លោកបន្ថែមថា រដ្ឋាភិបាលគួរពិចារណាដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ ដើម្បីទទួលបានការសាទរពីសហគមន៍អន្តរជាតិ។
លោក រ៉ុង ឈុន៖ «មកដល់ពេលនេះវាសមល្មមនឹងផ្ដល់សេរីភាពជូនគាត់ បើយើងមើលកំហុសឆ្គង វាមិនមានកំហុសឆ្គងអ្វីទេ ភាគច្រើនទាក់ទងរឿងនយោបាយ ហើយនៅពេលខាងមុខនេះ ដើម្បីមុខមាត់រដ្ឋាភិបាលថ្មី វាត្រូវស្ដារឡើងវិញលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្ស»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី៣ ខែកក្កដា។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយចំពោះការសម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា ខណៈចៅក្រមស៊ើបសួរបានបិទបញ្ចប់ការស៊ើបសួររឿងក្ដីនេះរួចទៅហើយ។
លោក អំ សំអាត៖ «តាំងពីដើមមក អង្គការសង្គមស៊ីវិលចង់ឱ្យឃើញអ្នកនយោបាយទាំងអស់ហ្នឹង ក៏មានអ្នកហ្នឹង ក៏ជាអ្នកមានភាពចាស់ទុំហ្នឹង គួរជជែកគ្នាស្វែងរកដំណោះស្រាយនយោបាយឱ្យមានភាពល្អប្រសើរសម្រាប់កម្ពុជាយើង ហើយជាពិសេស រាជរដ្ឋាភិបាលថ្មីហ្នឹង ត្រូវកើតឡើងក្នុងពេលខាងមុខហ្នឹងផងដែរ!។
បើទោះជាលោក ថាច់ សេដ្ឋា មានជំងឺប្រចាំកាយ ដូចជា ជំងឺខ្សោយបេះដូង លើសជាតិស្ករ និងលើសជាតិអាស៊ីដក្ដី ក៏លោកនៅតែរក្សាស្មារតីរឹងមាំ ដើម្បីទាមទារយុត្តិធម៌ ជាជាងឆ្លើយទម្លាក់កំហុសដាក់ខ្លួនឯង ឬសុំទោសលោក ហ៊ុន សែន ដើម្បីប្ដូរយកសេរីភាព។ មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងពិភាក្សាជាមួយលោក ថាច់ សេដ្ឋា បន្តសុំនៅក្រៅឃុំទៀតទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ក្នុងពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។