អភិបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រោម​ឱវាទ បើក​សិទ្ធិ​សេរីភាព​ដល់​សង្គម​ស៊ីវិល

ដោយ សុ ជីវី
2019-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ
រូប៖ ហ្វេសប៊ុក រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​អះអាង​ថា ចំនួន​អង្គការ​-សមាគម មិន​មាន​ការ​ថយ​ចុះ​នោះ​ឡើយ ហើយ​ថា វា​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​បុគ្គល​មួយ​ចំនួន​ដែល​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ដាក់​កំហិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ​-សមាគម និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។ ក៏ប៉ុន្តែ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា ចំនួន​អង្គការ សមាគម មិន​មែន​ជា​​កត្តា​វាស់​វែង​ពី​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ឡើយ។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ទី៩ មេសា​ថា សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន ចំនួន៧២៩ អង្គភាព ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​រលូន​ស្រប​តាម​ច្បាប់ និង​គ្មាន​ការ​​រារាំង​នោះ​ឡើយ។

លោក​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ ជួយ​សម្របសម្រួល​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អង្គការ សមាគម​ទាំង​អស់ ដែល​បាន​ចុះ​បញ្ជី​ស្រប​តាម​ច្បាប់ អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី គ្មាន​ការ​គំរាម​កំហែង និង​មិន​លម្អៀង។ បន្ថែម​ពីលើ​នេះ លោក​ក៏​ស្នើ​ឱ្យ​ដៃគូ​អភិវឌ្ឍន៍​ សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សហគមន៍​មូលដ្ឋាន ឱ្យ​បន្ត​ឧបត្ថម្ភ​គាំទ្រ និង​ចូល​រួម​ជា​មួយ​អាជ្ញាធរ ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ ការ​ផ្ដល់​សេវា​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​កិច្ច ឱ្យ​កាន់​តែ​រីកចម្រើន​ថែម​ទៀត។

ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ក្រុម​សង្គម​ស៊ីវិល​ ពោល​គឺ​ត្រូវ​អនុវត្ត​បទ​បញ្ជា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​រង​ការ​រឹតត្បិត​ដដែល ជា​ពិសេស​អង្គការ-សមាគម​ផ្នែក​សិទ្ធិមនុស្ស​ ការ​តស៊ូ​មតិ ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ជា​ដើម​។ លោក​ថា បើ​ទោះជា​កន្លង​មក​ មាន​បទ​បញ្ជា​ពី​ក្រសួង​មហាផ្ទៃ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​សកម្មភាព​ក្ដី ក៏​ការ​អនុវត្ត​ជាក់​ស្ដែង​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដោយ​អាជ្ញាធរ​នៅ​តែ​មើល​មក​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ភាពជា​គូ​សត្រូវ ឬ​ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល។

អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ធ្លាប់​រង​របួស​ដោយ​អំពើ​ហិង្សា​របស់​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ពេល​ចុះ​ឃ្លាំមើល​ការ​ហែ​ក្បួន​សិទ្ធិ​លំនៅឋាន​រូប​នេះ បន្ថែម​ថា អាជ្ញាធរ​ខ្លះ​នៅតែ​ចុះ​ឃ្លាំមើល ​សួរ​នាំ និង​ថតរូប នៅ​ពេល​អង្គការ​សង្គម​ស៊ីវិល​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន ដែល​នេះ​គឺ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ​ចំពោះ​អង្គការសង្គម​ស៊ីវិល។ លោក​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ទង្វើ​រំលោភ​បំពាន​បែប​នេះ​តទៅ​ទៀត ព្រោះ​អង្គការសង្គម​ស៊ីវិល​បំពេញ​ការងារ​ដើម្បី​តែ​ផល​ប្រយោជន៍​សង្គម​ប៉ុណ្ណោះ៖ «អ្វី​ក៏​ដោយ​វា​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។ បើ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី គេ​និយាយ​អំពី​ការ​ជួប​ជុំ​ ការ​ប្រមូល​ផ្តុំ ការ​ដង្ហែ​ក្បួន វា​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ទៅ​តាម​ហ្នឹង តែ​កន្លង​មក​យើង​ឃើញ​ថា អត់​មាន​ទេ ដូច​កាល​ពី​ (ទិវា​សិទ្ធិមនុស្ស) ១០ ធ្នូ ខាង​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ បាន​សុំ​ហែ​ក្បួន តែ​មិន​អនុញ្ញាត។ អនុញ្ញាត​ឱ្យ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​គ្រាន់​តែ​កម្លាំង​ដែល​អាជ្ញាធរ​ថា ដើម្បី​ការពារ​នោះ វា​ច្រើន​ជាង​អ្នក​ចូល​រួម​ទៅ​ទៀត។ អ៊ីចឹង​យើង​ចង់​ថា ធ្វើ​យ៉ាងម៉េច​ឱ្យ​កិច្ច​សហការ​ហ្នឹង វា​ក្លាយ​ជា​កិច្ច​សហការ​មួយ​ដែល​ប្រកប​ដោយ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​គោល​បំណង​រួម​គ្នា​អភិវឌ្ឍ​ប្រទេស»

សិទ្ធិ​សេរីភាព​របស់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ត្រូវ​បាន​កាត់​បន្ថយ និង​រួម​តូច​ជាង​មុន​ ក្រោយ​​​​​ពេល​របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​កាល​ពី​ឆ្នាំ២០១៥ កន្លង​ទៅ។ ក្រៅ​ពី​ច្បាប់​នេះ របប​ក្រុង​ភ្នំពេញ​បាន​ចេញ​បទ​បញ្ជា និង​បញ្ញត្តិ​ជា​ច្រើន​ផ្សេង​ទៀត ដែល​បន្ថែម​ការ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​លើ​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

លើស​ពី​នេះ នៅមុន​ការ​បោះឆ្នោតខែកក្កដាឆ្នាំ២០១៨ របប​ក្រុង​ភ្នំពេញ​បាន​ដាក់​បញ្ជា​ឱ្យ​កង​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​តាម​ដាន​ និង​ក្ដាប់​រាល់​ព័ត៌មាន​របស់​​អង្គការ​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​ដែល​របប​នេះ​​សង្ស័យ​​ថា មាន​និន្នាការ​ប្រឆាំង​ទៀត​ផង​។ ដោយសារតែ​មូល​ហេតុ​ទាំង​នេះ​ហើយ ទើប​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ហាម​ឃាត់ និង​រឹតត្បិត​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាប់​តាំង​ពី​ពេល​នោះ​មក។

គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ អង្គការ-សមាគម​ក្នុង​ស្រុក​ដែល​បាន​ចុះ​បញ្ជី និង​តម្កល់​ឯកសារ​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​ជាង ៥ ពាន់ (,៥២៣) អង្គភាព ខណៈ​អង្គការ សមាគម​បរទេស ដែល​បាន​ចុះ​អនុស្សរណៈ​នៅ​ក្រសួង​ការ​បរទេស​មាន​ចំនួន ៤១៩អង្គភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល