"របបភ្នំពេញបរាជ័យរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី តែជោគជ័យ ក្នុងការបង្ក្រាបអ្នកហ៊ានរិះគន់"
2019.07.12
រយៈពេល ៣ឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី គឺរបបក្រុងភ្នំពេញ បានបរាជ័យក្នុង ការរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ប៉ុន្តែរបបក្រុងភ្នំពេញ ជោគជ័យយ៉ាងសម្បើមក្នុងការបង្ក្រាប អ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី ដែលបញ្ចេញមតិរិះគន់ និងពិភាក្សាពាក់ព័ន្ធនឹងការធ្វើឃាតលោកបណ្ឌិត កែម ឡី។ គិតមកដល់ពេលនេះ មានអ្នកនយោបាយប្រឆាំង អ្នកវិភាគ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកគាំទ្របណ្ឌិត កែម ឡី មិនតិចជាង ១០នាក់ទេ ដែលជាប់ពន្ធនាគារ ជាប់បណ្តឹងនៅតុលាការ និងបង្ខំចិត្តរត់ចោលស្រុក។ តើនរណាខ្លះដែលទទួលរងការបង្ក្រាប ពីសំណាក់របបក្រុងភ្នំពេញ?
បីឆ្នាំក្រោយឃាតកម្មបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏មានប្រជាប្រិយមួយរូប របបក្រុងភ្នំពេញ មិនបាននាំយកឃាតកពិត និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ និងក្រុមអ្នកគាំទ្រនោះទេ។ ផ្ទុយទៅវិញរបបលោក ហ៊ុន សែន បែរជាប្រើអំណាចចាប់អ្នកណា ដែលហ៊ានបញ្ចេញមតិទាមទារយុត្តិធម៌ និងគាំទ្រទស្សនៈ បណ្ឌិត កែម ឡី និងពិភាក្សាអំពីរឿងឃាតកម្មដ៏ព្រៃផ្សៃនេះថែមទៀត។
អ្នកដែលត្រូវគេចាប់ដាក់ពន្ធនាគារ និងរងនូវការប្តឹងប្តល់ទាំងនោះ រួមមានអ្នកនយោបាយ អ្នកវិភាគនយោបាយ យុវជន និងពលរដ្ឋសាមញ្ញផង។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តុលាការ បានប្រកាសសាលក្រមកំបាំងមុខផ្តន្ទាទោស លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេស ឲ្យជាប់ពន្ធនាគារ ២០ខែ និងពិន័យ ១០លានរៀល និងទឹកប្រាក់ ១០០រៀល សម្រាប់សងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាភាគីដើមបណ្តឹង។ ទោសទណ្ឌដែលជាដើមចមនៃបណ្តឹង គឺមកពីលោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកខ្លួនថា រដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។
រីឯអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានរត់គេចខ្លួន និងទទួលបានសិទ្ធិជ្រកកោននៅប្រទេសស៊ុយអែត បន្ទាប់ពីលោក ហ៊ុន សែន ប្តឹងអ្នកស្រី ពីបទបរិហារកេរ្តិ៍ និងញុះញង់ជុំវិញវីដេអូឃ្លីប ដែលទំនងជាបង្ហាញថា អ្នកស្រីចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានបញ្ជាឱ្យមានការធ្វើឃាតលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា។ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសកំបាំងមុខ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ឱ្យអ្នកស្រីជាប់ពន្ធនាគាររយៈ ពេល ១៨ខែ និងបង្គាប់ឲ្យចាប់ខ្លួន ព្រមទាំងពិន័យជាប្រាក់ ៨លានរៀល និងសងប្រាក់ជំងឺចិត្ត ១០០ រៀលដល់លោក ហ៊ុន សែន ។
ក្រៅពីប្តឹងអ្នកនយោបាយលោក ហ៊ុន សែន ក៏បានប្តឹងទៅតុលាការឲ្យចាប់ អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ដាក់ពន្ធនាគារអស់រយៈពេល ១៨ខែដែរ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ»។ សំណុំរឿងនេះ លោក ហ៊ុន សែន ប្ដឹងចោទលោក គឹម សុខ ថា បាននិយាយចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី។
លោក គឹម សុខ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រោយពីអនុវត្តទោសតាមការកំណត់របស់តុលាការ។ ប៉ុន្តែ លោក ហ៊ុន សែន បានប្តឹងលោក គឹម សុខ មួយករណីផ្សេងទៀត ចំពោះការអធិប្បាយរបស់លោកដែលថា ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្នមិនអាចរកមុខឃាតកពិត ដែលបានសម្លាប់លោកកែម ឡី លោក ជា វិជ្ជា ព្រះសង្ឃ សម ប៊ុនធឿន និងលោក ឈុត វុទ្ធី ជាដើមនោះ។ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ដដែលនេះ លោក គឹម សុខ ក៏ត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន ៨លានរៀលចូលថវិកាជាតិ និងសំណងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាដើមបណ្តឹង ចំនួន ៨០០លានរៀល (ឬប្រមាណជា ២០ម៉ឺនដុល្លារអាមេរិក)។
ក្រោយដោះលែងលោក គឹម សុខ មិនបានប៉ុន្មានថ្ងៃផង លោក ហ៊ុន សែន បានព្រមានថា លោក នឹងបញ្ជាឲ្យតុលាការ ចាប់លោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើនៅតែព្រហើន ហ៊ានរិះគន់របបលោក។ កាលនោះលោក គឹម សុខ ថា របបក្រុងភ្នំពេញមិនមែនជាប្រទេសនីតិរដ្ឋទេ តែជាប្រទេសនីតិមាត់៖ «កុំព្រហើន..កុំអាលព្រហើន..គុកវានៅចាំ ទ្វាគុកនៅចំហ ហើយកុំថា នីតិមាត់ ព្រោះអាមាត់និយាយនេះ វាចេញពីច្បាប់ វាចេញពីនីតិរដ្ឋ បានវានិយាយចេញទៅអ៊ីចឹង ប៉ុន្តែវាចង់ដើម្បីបន្តុះបង្អាប់ខ្ញុំ។ ហ្អែងចង់សាកមើល អញយកហ្អែងបញ្ចូលគុកវិញ»។
ដោយសារការគំរាមចាប់ដាក់គុកផង គំរាមសម្លាប់ទាំងឪពុក និងកូនស្រីផង លោក គឹម សុខ បាន បង្ខំចិត្តរត់ភៀសខ្លួនទៅប្រទេសថៃ ហើយបន្ទាប់មកលោកទទួលបានសិទ្ធិជ្រកកោននៅប្រទេស ហ្វាំងឡង់។
ពីមួយឆ្នាំទៅមួយឆ្នាំ យុត្តិធម៌ជូនបណ្ឌិត កែម ឡី កាន់តែឆ្ងាយដូចជើងមេឃ ដែលធ្វើឲ្យអ្នកគោរពស្រឡាញ់រូបលោក កាន់តែមានកំហឹង និងហ៊ានចោទដោយត្រង់ៗ ថា រដ្ឋអំណាចសព្វថ្ងៃនេះ ជាអ្នក សម្លាប់បណ្ឌិត កែម ឡី។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ត្រីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលដាក់ឈ្មោះ ហេង លក្ខិណា (Heng Leakhena) ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន បន្ទាប់ពីបានបង្ហោះវីដេអូនិយាយចោទថា ក្រុមគ្រួសារត្រកូល ហ៊ុន គឺជាអ្នកសម្លាប់ ឬនៅពីក្រោយឃាតកម្ម លោក កែម ឡី។ បន្ទាប់មក សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ត្រីរូបនេះក្នុងពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
សូម្បីតែភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ក្រោយឃាតកម្មលើស្វាមីរបស់អ្នកស្រីភ្លាមៗ អ្នកស្រីបានបង្ខំចិត្តបិទមាត់មិននយាយអ្វីសោះ ពេលនៅក្នុងស្រុកនៅឡើយ ក៏ទទួលរងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរដែររហូតដល់ អ្នកស្រីវេចសម្ពាយ កណ្តៀតកូនតូចៗ ៤នាក់ទៅសម្ងំលាក់ខ្លួនក្នុងប្រទេសថៃ។ គឺនៅទីនោះហើយ ដែលអ្នកស្រី បង្កើតកូនប្រុសពៅ តូចម្នាក់ទៀតឈ្មោះថា កែម ឡី វីរៈបុត្រ។ បន្ទាប់ពីលាក់ខ្លួននៅប្រទេសថៃជិតពីរឆ្នាំនោះ អ្នកស្រីបានទទួលសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលអូស្ត្រាលីផង និងប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីផង។ រស់នៅលើទឹកដីមានសុវត្តិភាព មានការគោរពច្បាប់ និងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងនោះ អ្នកស្រីបានទម្លាយថា អ្នកសម្លាប់ប្តីរបស់អ្នកស្រី គឺរបបក្រុងភ្នំពេញតិរច្ឆានសព្វថ្ងៃ។ អ្នកស្រីបន្ថែមថា នៅពេលប្តីរបស់អ្នកស្រីស្លាប់ សូម្បីតែពិធីបុណ្យ និងការដង្ហែសពទៅបញ្ជុះនៅស្រុកកំណើត ក៏ត្រូវបានអាជ្ញាធររបបមួយនេះ រារាំង និងអ៊ុកឡុកតាមវិធីនានា។
សំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី នេះ កាន់តែអាក្រក់ និងមានភាពមិនប្រក្រតីជាច្រើនកើត ឡើង ដោយសារសមត្ថកិច្ច និងតុលាការមិនព្យាយាមស្វែករក និងបានបង្ហាញឃាតកពិត និងអ្នកនៅពីក្រោយខ្នងនោះទេ បែរជាព្យាយាមតាមធ្វើទុក្ខបុកម្នេញអ្នកជួយពិធីបុណ្យសពបណ្ឌិត កែម ឡី នោះទៅវិញ។
កាលពីចុងឆ្នាំ២០១៧ តុលាការ បានចាត់ការបណ្ដឹងរបស់ប្រធានគណបក្សថ្មីថ្មោងមួយ ដែលគេដឹងថា ជាគណបក្សអាយ៉ងរបស់គណបក្សកាន់អំណាចនោះ បានប្ដឹងអតីតគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ចំនួន ៣រូប គឺព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ពីរឿងពាក់ព័ន្ធនឹងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ហើយតុលាការបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនអ្នកទាំងបី។ រឿងនេះ នរណាក៏ហួសចិត្តគ្រប់គ្នាដែរ ព្រោះក្រុមគណៈកម្មការបុណ្យសព និងក្រុមគ្រួសារបណ្ឌិត កែម ឡី ផ្ទាល់ អះអាងថា គ្មានការបាត់ ឬមានការកិបកេងបញ្ច័យបុណ្យសពទេ និងបានចាត់ទុកការចោទប្រកាន់នោះថា ជារឿងអយុត្តិធម៌ជារឿង ប្រឌិតរបស់អ្នកនយោបាយ និងតុលាការដែលជាប់ឈ្មោះថ្មីថា តុលាការតេឡេ។
អាជ្ញាធរលោក ហ៊ុន សែន មិនត្រឹមតែចាប់ ឬប្តឹងអ្នកដែលចោទថា លោក ហ៊ុន សែន ឬរបបលោកជាអ្នកនៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី ទេ អ្នកដែលគោរពស្រឡាញ់ និងគ្រាន់តែគាំទ្រទស្សនៈលោកបណ្ឌិត កែម ឡី ក៏របបក្រុងភ្នំពេញមិនឲ្យរស់នៅបានសុខដែរ។
ក្នុងអំឡុងពេលប្រារព្វខួប ៣ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី កាលពីថ្ងៃទី៩ ខែកក្កដា ស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នក កែម ឡីនិយម លោក គង់ រ៉ៃយ៉ា និងភរិយាព្រមទាំងប្អូនៗ របស់លោក ២នាក់ទៀត ដោយចោទប្រកាន់ថា ញុះញង់បង្កចលាចល នៅក្នុងសង្គម ដោយសារតែលោកបង្ហោះហ្វេសប៊ុកលក់អាវមានរូប និងពាក្យបណ្តាំរបស់លោក បណ្ឌិតកែម ឡី ថា ''បើអ្នកមិនធ្វើអ្វីសោះ គង់តែនឹងរងគ្រោះដែរ គ្រាន់តែ មិនទាន់ដល់វេនអ្នកប៉ុណ្ណោះ''។ ប៉ុន្តែភរិយា និងប្អូនៗ របស់លោក ត្រូវបានសមត្ថកិច្ចដោះលែងវិញ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឯក ប៉ូលីហ្វី បានសម្រេចឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា បណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយនោះមួយថ្ងៃ កាលពីថ្ងៃទី១០ ខែកក្កដា សមត្ថកិច្ច បានឃាត់ខ្លួនយុវជន ៣នាក់បន្ថែមទៀត ឈ្មោះ សួង នាគព័ន្ធ និងសកម្មជនបរិស្ថានកូនភ្លោះពីរនាក់បងប្អូនឈ្មោះ ជុំ ហួត និង ជុំ ហួរ ដោយសារតែពួកគេចូលទៅដាក់កម្រងផ្កាគោរពវិញ្ញា នក្ខន្ធបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈ កាល់តិច (Star Mart Caltex) ជិតស្តុបបូកគោ ដែលជាទីតាំងឃាតកម្មបណ្ឌិតកែម ឡី កាលពី ៣ឆ្នាំមុន។ លោក ជុំ ហួត និង លោក ជុំ ហួរ ត្រូវបានសមត្ថកិច្ចដោះលែងវិញកាលពីព្រលប់ថ្ងៃទី១០ ខែកក្កដា ប៉ុន្តែអាជ្ញាធរបន្តឃុំខ្លួនយុវជនម្នាក់ឈ្មោះ សួង នាគព័ន្ធ ដោយចោទប្រកាន់ថាយុវជនម្នាក់នេះ ចែកខិតប័ណ្ណញុះញង់។ ក្រៅពីការចាប់ខ្លួនយុវជនទាំងនេះ អាជ្ញាធររបបក្រុងភ្នំពេញ ក៏បានពង្រាយកម្លាំងគ្រប់ទីកន្លែង ដើម្បីឃ្លាំមើល និងរារាំង មិនឲ្យអ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី រៀបចំពិធីបុណ្យខួប៣ឆ្នាំនោះទេ ហើយការបញ្ចេញមតិពិភាក្សាពាក់ព័ន្ធនឹងការធ្វើឃាតលោកបណ្ឌិតកែម ឡី កំពុងតែក្លាយជាបញ្ហារសើប។ សូម្បីតែអ្នកពាក់អាវយឺតដែលមានរូបលោក កែម ឡី និងមានសរសេរទស្សនៈបណ្ឌិត កែម ឡី ក៏ត្រូវគេបង្ខំឱ្យដោះចេញ ឬពាក់អាវគ្របពីលើដែរ។
នៅមានករណីជាច្រើនទៀតដែលរបបក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញលើអ្នកគាំទ្រលោកបណ្ឌិត កែម ឡី ដូចជាហាមដាច់ខាត់មិនឲ្យចាក់បញ្ចាំងខ្សែវីដេអូស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី របស់ទស្សន៍អាល់ហ្សាហ្សេរ៉ា (Al Jazeera)។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯ ស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈ កាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។
ការរិះគន់ និងការចោទប្រកាន់នានា លើរបបលោក ហ៊ុន សែន បានអូសបន្លាយមកទល់នឹងពេលបច្ចុប្បន្ន ពីព្រោះរបបនេះនៅមិនទាន់អាចវែកមុខចាប់អ្នកបញ្ជាពីក្រោយខ្នង យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ។ អ្នកតាមដានសង្គមយល់ថា ប្រសិនបើរបបក្រុងភ្នំពេញចង់លុបបំបាត់ការចោទប្រកាន់ទាំងឡាយ ដែលពាក់ព័ន្ធនឹងឃាតកម្មលើបណ្ឌិត កែម ឡី របបនេះត្រូវតែហ៊ាននាំខ្លួនអ្នកពាក់ព័ន្ធទាំងអស់មកជំនុំជម្រះ និងផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនដល់គ្រួសារជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។