របប​ក្រុង​ភ្នំពេញ​ចំណាយ​លុយ ៧សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ជួល​ក្រុមហ៊ុន​អាមេរិកាំង​ផ្ដល់​សេវាកម្ម​បញ្ចុះបញ្ចូល​គោល​នយោបាយ​អាមេរិក​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​

ដោយ មាន ឫទ្ធិ
2019-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Sorn Chanratha

រដ្ឋាភិបាល​លោក​ ហ៊ុន ​សែន ​តាមរយៈ​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ​សហរដ្ឋ​អាមេរិក​ ​ចំណាយ​លុយ​ ៧សែន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ ​ឬ​ ១សែន ៨ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ត្រី​មាស​ ​ជួល​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ច្បាប់​ របស់​អាមេរិកាំង​មួយ​ ​ឈ្មោះ​ Brownstein Hyatt Farber Schreck ​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា​ជាមួយ​កម្ពុជា។

កិច្ចសន្យា​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ច្បាប់​របស់​អាមេរិកាំង​មួយ​នេះ​ ត្រូវ​បាន​លាតត្រដាង​ឲ្យ​ដឹង​តាមរយៈ​គេហទំព័រ​របស់​ក្រសួង​យុត្តិធម៌​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ ក្រោម​ច្បាប់​ស្ដីពី​ការ​ចុះ​បញ្ជី​ស្ដីពី​ផ្ដល់​សេវាកម្ម​ឲ្យ​ភ្នាក់ងារ​នយោបាយ​បរទេស ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ ​បញ្ចេញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវាកម្ម​បែបនេះ។ កិច្ចសន្យា​នេះ​ចុះ​ហត្ថលេខា​ដោយ​លោក ជុំ សុន្ទរី ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន និង​លោក​ អាល់ហ្វ្រែដ មុតួរ (Alfred Mottur) មេធាវី​អាមេរិកាំង​តំណាង​ឲ្យ​ក្រុមហ៊ុន​ Brownstein Hyatt Farber Schreck ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩។ កិច្ចសន្យា​នេះ​ មាន​រយៈ​ពេល ១ឆ្នាំ​ ​គឺ​ដល់​ថ្ងៃ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២០ ​ហើយ​អាច​នឹង​ត្រូវ​បន្ត​រយៈ​ពេល​ ១២ខែ​បន្ថែម​ទៀត ប្រសិន​បើ​មាន​ការ​ចាំបាច់។

 

អាស៊ី​សេរី ​បាន​ព្យាយាម​ទាក់​មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ ​និង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​ ​ដើម្បី​សុំ​ការ​ពន្យល់​ ​ថា​តើ​ការ​ចំណាយ​លុយ​ជួល​ក្រុមហ៊ុន​អាមេរិកាំង​នេះ​ ​មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​ជួយ​បញ្ចុះបញ្ចូល​សមាជិក​សភា ​ព្រឹទ្ធសភា ​ឬ​មន្ត្រី​រដ្ឋាភិបាល​អាមេរិកាំង​ ​កុំ​ឲ្យ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក​ ហ៊ុន ​សែន ​ដែរ​ឬ​ទេ​ ​ក្រោយ​របប​ក្រុង​ភ្នំពេញ​បាន​ជម្នះ​រៀបចំ​រដ្ឋាភិបាល​ខ្វះ​ភាព​ស្រប​ច្បាប់​រួចមក។ ក៏ប៉ុន្តែ​ ​ទាំង​លោក​ ​ផៃ​ ស៊ី​ផាន ​និង​លោក​ ​សុខ ​ឥសាន ​បដិសេធ​ផ្ដល់​អត្ថាធិប្បាយ​ជុំវិញ​កិច្ចសន្យា​ជួល​ក្រុមហ៊ុន​ច្បាប់​អាមេរិកាំង​មួយ​នេះ​ ​ដោយ​ថា​ពួក​លោក​ពុំ​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។ អាស៊ី​សេរី ​ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ ​ជុំ ​សុន្ទរី ​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក​ តាមរយៈ​លេខ​ទូរស័ព្ទ​ស្ថានទូត​ ​ក៏ប៉ុន្តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​។​

នេះ​ជា​លើក​ទី​ពីរ​ហើយ​ ​ដែល​ដំណឹង​អំពី​ការ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​ដល់​ទៅ​រាប់​សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ របស់​របប​ក្រុង​ភ្នំពេញ ដើម្បី​ជួល​ជនជាតិ​អាមេរិកាំង​ ​ឬ​ក្រុមហ៊ុន​អាមេរិកាំង​ ឲ្យ​ផ្ដល់​សេវាកម្ម​បញ្ចុះបញ្ចូល​ ​ឬ​ Lobby ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ មក​លើ​កម្ពុជា​ ​ត្រូវ​បាន​លាតត្រដាង​។ ​កាលពី​ដើម​ខែ​មេសា​នេះ​ របប​លោក​ ហ៊ុន ​សែន ​ក៏​បាន​ជួល​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​តំបន់​ Whatcom County ​នៃ​រដ្ឋ​វ៉ាស៊ីនតុន​ State ​ដែល​មិន​មែន​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​សហព័ន្ធ​អាមេរិកាំង​ ​នូវ​ទឹក​ប្រាក់​ប្រមាណ​កន្លះ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ដើម្បី​ផ្ដល់​សេវា​ពិគ្រោះ​យោបល់​ ​និង​ធ្វើជា​ភ្នាក់ងារ​បញ្ចុះបញ្ចូល​គោលនយោបាយ​សហរដ្ឋ​អាមេរិក​ ​ជំនួស​ឲ្យ​របប​នេះ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​។ ​ការជួល​ជនជាតិ​ ​និង​ក្រុមហ៊ុន​អាមេរិកាំង​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​ ​និង​សភា​អាមេរិកាំង​ មកពី​ទាំង​ពីរ​គណបក្ស​ ​គឺ​គណបក្ស​សាធារណៈ​រដ្ឋ​ ​និង​គណបក្ស​ប្រជាធិបតេយ្យ​ ​កំពុង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​ក្រុង​ភ្នំពេញ​ ​ដែល​ក្នុង​នោះ​រួមមាន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ ​ឆ្នាំ ២០១៩ ​និង​ច្បាប់​ស្ដីពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP ​របស់​សហរដ្ឋ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល