អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អួតអាងថា កម្ពុជាមានសន្តិភាព ដោយសារតែគោលនយោបាយឈ្នះឈ្នះ នោះជាការប្រមាថអង្គការសហប្រជាជាតិ ដែលបានជ្រួយជ្រោមជ្រែងឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក គឹម សុខ មានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឲ្យពលរដ្ឋរងទុក្ខ ភ័យខ្លាច បាត់បង់ឯកភាពជាតិ និងធ្វើឲ្យបរទេសមានឥទ្ធិពលលើកម្ពុជា ដូចជាវៀតណាម និងចិន ជាដើម ដែលរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «ការងាររបស់អ៊ុនតាក់ហ្នឹងហើយ ដែលនាំឲ្យមានការសម្របសម្រួល និងជាផ្លូវនាំទៅដល់បង្កើតប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែក្រុមលោក ហ៊ុន សែន បំផ្លាញចោល ដោយមិនខ្វល់អំពីការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបង្កើតនូវអ្វីដែលជាស្នាដៃវាលពិឃាតថ្មីមួយបន្ទាប់ពីសម័យ ប៉ុល ពត គឺពិឃាតវាសនាជាតិខ្មែរ ដោយការប្រើអំពើហិង្សាតាមទំនើងចិត្ត និងមិនគោរពរដ្ឋធម្មនុញ្ញ»។
លោក ហ៊ុន សែន ថ្លែងនៅក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១កញ្ញា អះអាងថា កម្ពុជាទទួលបានសន្តិភាពទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨មក តាមរយៈ នយោបាយឈ្នះ ឈ្នះរបស់លោក ដែលធ្វើឲ្យកម្ពុជារីកចំរើនគ្រប់វិស័យ។ លោកហ៊ុន សែន បន្ថែមថា ក្រោមម្លប់សន្តិភាពនេះ លោកបានបញ្ជូនកងកម្លាំងជាង ៨ពាន់ ៣រយនាក់ (៨,៣០២នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន៩ជាដើម។
ទោះបីជាបែបនេះក្ដី អ្នកវិភាគលើកឡើងថា កម្ពុជាសព្វថ្ងៃនេះ មិនទាន់មានសន្តិភាពពិតប្រាកដឡើយ។ លោក គឹម សុខ បញ្ជាក់ថា ដើម្បីឲ្យកម្ពុជាមានសន្តិភាពពិតប្រាកដ លុះត្រាតែ លោក ហ៊ុន សែន អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានពេញលេញ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភាគីកម្ពុជាសន្យាថា ធានាគោរព និងប្រតិបត្តិតាមគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា គាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជាទាំងអស់ក្នុងការធ្វើសកម្មភាព ដែលជំរុញ និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន ព្រមទាំងចូលរួមគោរពតាមកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ស្មារតីសំខាន់ជាងគេនៃកិច្ចព្រមព្រៀងនេះ គឺការបង្រួបបង្រួមជាតិ។ ប៉ុន្តែគោលនយោបាយឈ្នះឈ្នះ របស់លោក ហ៊ុន សែននេះ ធ្វើឲ្យពលរដ្ឋរងទុក្ខបាត់បង់សិទ្ធិសេរីភាព បំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងបែកបាក់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។