រដ្ឋាភិបាលអំពាវនាវឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុបញ្ចុះការប្រាក់កម្ចី
2015.02.11
បច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនខ្ចីប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅអភិវឌ្ឍមុខរបបរកស៊ីរបស់ខ្លួន។ ប្រាក់កម្ចីនោះរួមជាមួយការប្រាក់ បានកើនឡើងជាលំដាប់ រហូតធ្វើឲ្យអ្នកជំពាក់ប្រាក់មិនអាចសងបាន ហើយត្រូវម្ចាស់បំណុលរឹបអូសយកផ្ទះ ឬដីដែលដាក់តម្កល់ដើម្បីខ្ចីប្រាក់។ ប្រជាពលរដ្ឋមួយចំនួនបានអំពាវនាវឲ្យរដ្ឋាភិបាលជួយពួកគាត់ ដោយបញ្ចុះការប្រាក់ជំពាក់។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា ថ្លែងនៅថ្ងៃទី ១១ កុម្ភៈ ថា នៅក្នុងទិសដៅទាក់ទាញអតិថិជន ស្ថាប័នមីក្រូហិរញ្ញវត្ថុ តែងតែបញ្ចុះការប្រាក់កម្ចីជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។
ការថ្លែងរបស់លោក ប៊ុន មុនី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កើតមានក្រោយពីមានសេចក្ដីអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ កុម្ភៈ សុំឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុខិតខំបញ្ចុះការប្រាក់កម្ចីឲ្យទាប ដើម្បីជួយសម្រាលបន្ទុកជំពាក់បំណុលរបស់ប្រជាពលរដ្ឋ។
ក្នុងពេលចែកសញ្ញាបត្រនិស្សិតមហាវិទ្យាល័យច្បាប់ នៅកោះពេជ្រ លោក ហ៊ុន សែន បានលើកឡើងថា ស្ថាប័នមីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋទេ គឺជារបស់ឯកជន ដូច្នេះ រដ្ឋមិនអាចធ្វើអ្វីបានចំពោះការរឹបអូសផ្ទះនិងដីរបស់ប្រជាពលរដ្ឋជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុនោះទេ។ ប៉ុន្តែលោកបានសុំឲ្យម្ចាស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនានា គិតអំពីការសមត្ថភាពសងបំណុលរបស់ប្រជាពលរដ្ឋមុនពេលឲ្យប្រាក់ខ្ចី។ លោកថ្លែងថា សុំធ្វើយ៉ាងណាចុះឲ្យបានតែទាបកាន់តែល្អ សម្រាប់ការយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍ គ្រួសាររបស់គាត់ និងមុខរបររបស់គាត់។ សុំធ្វើយ៉ាងណាកុំឲ្យកន្លែងមីក្រូហិរញ្ញវត្ថុ ក្លាយទៅជាទីកន្លែងបញ្ចាំរបស់គាត់។
លោក ប៊ុន មុនី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា កន្លងមក មុនពេលឲ្យប្រាក់ខ្ចី ស្ថាប័នមីក្រូហិរញ្ញវត្ថុតែងតែបានប្រកាសប្រាប់ប្រជាពលរដ្ឋថា អង្គភាពដែលឲ្យខ្ចីប្រាក់នេះ ជាក្រុមហ៊ុនឯកជន មិនមែនជាស្ថាប័នរបស់រដ្ឋទេ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមានការយល់ច្រឡំ។
លោកប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងថា ចំពោះការទារបំណុលដោយមានការរឹបយកទ្រព្យសម្បត្តិតម្កល់ ដូចជា ផ្ទះ ឬ ដីនោះ វាជាការមួយមិនអាចជៀសផុតបានទេ នៅក្នុងការទូទាត់បំណុល ប៉ុន្តែបាតុភាពនោះស្ថិតនៅក្នុងចំនួនមួយតិចតួចប៉ុណ្ណោះ។
លោក ប៊ុន មុនី ថ្លែងថា ក្នុងរយៈពេល ៩ឆ្នាំ គិតពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០១៥នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា របស់លោក កាត់បន្ថយអត្រាការប្រាក់ពី ៣១% ក្នុងមួយឆ្នាំ ចុះមក ២២%។ លោកថ្លែងថា វាជាកត្តាមិនអាចចៀសរួចសម្រាប់អ្នកខ្ចីបុល ដែលមិនអាចសងបំណុលដែលត្រូវរឹបអូស។ ចំពោះការរឹបអូសនោះ គឺយើងគ្មានអំណាចទៅរឹបអូសទ្រព្យសម្បត្តិ ទ្រព្យតម្កល់របស់ប្រជាពលរដ្ឋទេ គឺមានតែអំណាចរបស់តុលាការ។ ដូច្នេះកាលណាមានការខកខាន យឺតយ៉ាវមិនបានសងបំណុលអីជាដើមនោះ មានតែយើងប្ដឹងទៅតុលាការ។
ប្រជាពលរដ្ឋមួយរូបឈ្មោះ សារួត រស់នៅខេត្តបាត់ដំបង ថ្លែងថា គាត់មានការរីករាយ បើសិនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកាត់បន្ថយអត្រាការប្រាក់កម្ចីថែមទៀត។
ប្រភពមន្ត្រីសមាគមមីក្រូហិរញ្ញវត្ថុបានឲ្យដឹងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានស្ថាប័នមីក្រូហិរញ្ញវត្ថុជាង ៣០០ ដែលដើរតួនាទីជាអ្នកផ្ដល់ប្រាក់ឲ្យប្រជាពលរដ្ឋខ្ចីយកទៅប្រើប្រាស់ពង្រីកមុខជំនួញ។ ប៉ុន្តែ ក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុជាង ៣០០ នោះ មានតែ ៣៩ស្ថាប័នប៉ុណ្ណោះដែលមានអាជ្ញាប័ណ្ណធ្វើសកម្មភាពស្របច្បាប់ ដែលផ្ដល់ដោយធនាគារជាតិ ដែលជាអាជ្ញាធរមានសមត្ថកិច្ច៕