លោក ហ៊ុន សែន រិះគន់អ្នកថាអាចធ្វើឲ្យទំនិញចុះថោក
2013.02.26
នៅក្នុងពិធីចែកសញ្ញាបត្រឲ្យនិស្សិតសកលវិទ្យាល័យឯកជនមួយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៦ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយចំអកចំពោះអ្នកនយោបាយកម្ពុជា ដោយមិនចេញឈ្មោះថា កំពុងដើរភូតកុហកប្រជាពលរដ្ឋថា អាចធ្វើឲ្យថ្លៃទំនិញចុះថោកបាន។
លោកបានហៅវិធានការកំណត់តម្លៃទំនិញឲ្យចុះថោកថា ជាប្រភេទសេដ្ឋកិច្ចផែនការ ដែលគេមិនអនុវត្តទៀតទេនៅកម្ពុជា៖ «ហើយរឿងនេះកំពុងកើតនៅស្រុកខ្មែរ។ គេកំពុងដើរឃោសនា។ ខ្ញុំក៏អត់យល់ដែរ តើគេចង់បានអីពិតប្រាកដ? សាំងត្រូវតែ ១.០០០រៀល អគ្គិសនីត្រូវតែ ៥០០ ក្នុង១គីឡូវ៉ាត់។ មនុស្សនេះត្រូវតែបាន ម្នាក់ៗត្រូវតែបានប៉ុណ្ណេះៗ។ អុញ! មកនាំជេរ ខ្លះជេររដ្ឋាភិបាលនេះកុម្មុយនិស្ត ផ្តាច់ការ។ ដល់ទៅអនុវត្តកំពុងរុញច្រានទ្រឹស្ដីសេដ្ឋកិច្ចផែនការ ចាប់បង្ខំមកអនុវត្ត។ នែ! វាទៅជារឿងអ៊ីចេះទៅវិញ។ តើសភាពការណ៍កម្ពុជា វានឹងវិលវល់យ៉ាងម៉េចទៅវិញ បើវាដើរផ្ទុយជាមួយក្រឹត្យក្រមទីផ្សារទៅហើយនោះ»។
លោក ហ៊ុន សែន បានពន្យល់ថា ដោយសារប្រទេសកម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះប្រទេសកម្ពុជា មិនអាចអនុវត្តសេដ្ឋកិច្ចផែនការទេ ហើយរដ្ឋក៏មិនអាចធ្វើសេដ្ឋកិច្ចដោយផ្ទាល់បានដែរ៖ «អាហ្នឹងសេដ្ឋកិច្ចផ្សារវាទៅអ៊ីចឹង។ អាហ្នឹងជាក្រឹត្យក្រម ជាវិធាននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ហើយរដ្ឋអត់មានទៅលូកដៃអានេះថ្លៃប៉ុណ្ណេះ អាននោះប៉ុណ្ណោះទេ អត់ តែសាកមើលទៅ។ ប៉ុន្តែអ្នកជំនាញភូត គាត់ជំនាញភូត។ អានេះជាមុខជំនាញម្ដង ប៉ុន្តែមុខជំនាញនេះ បើសិនជាអង្គការពាណិជ្ជកម្មពិភពលោកគេសួរ ប្រហែលជាឆ្លើយអត់រួចទេ»។
ពិតមែនតែការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី មិនបានចេញឈ្មោះអ្នកនយោបាយកម្ពុជាមែន តែបច្ចុប្បន្ននេះ អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្កើតឡើងដោយការរួមគ្នារបស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កំពុងតែរៀបចំការសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ខេត្ត ខណ្ឌ មួយចំនួន។
លោក កឹម សុខា ដែលជាប្រធានគណបក្សសិទ្ធិមនុស្ស បានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខ ហើយនៅពេលណាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ នឹងរៀបចំលើកស្ទួយជីវភាព ប្រជាពលរដ្ឋ ដោយបញ្ចុះតម្លៃទំនិញ ជាពិសេសប្រេងសាំង ឲ្យថោកជាងប្រទេសជិតខាង ៥០០រៀល និងថ្លៃភ្លើងអគ្គិសនីឲ្យមានតម្លៃត្រឹម ១.០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រតិកម្មចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការលើកឡើងរបស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ អំពីការបញ្ចុះថ្លៃទំនិញនោះ គឺពិតជាគណបក្សសង្គ្រោះជាតិអាចធ្វើបាន។
លោក យឹម សុវណ្ណ៖ «នេះសឲ្យឃើញថា រដ្ឋាភិបាលនេះអត់មានសមត្ថភាព ជារដ្ឋាភិបាលបិទបាំងអំពើពុករលួយ ហើយអ្វីដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិលើកឡើង គឺបានសិក្សាយ៉ាងល្អិតល្អន់។ គឺប្រាប់ទាំងការចំណាយ និងប្រាប់ទាំងប្រភពចំណូលទៅរកពីកន្លែងណាទៀត។ មិនមែននិយាយដើម្បីប្រជាភិថុតិទេ»។
លោក យឹម សុវណ្ណ បានបន្ថែមថា ការលើកឡើងរបស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិនោះ ចំកន្លែងខ្សោយរបស់អ្នកដឹកនាំរដ្ឋាភិបាលហើយ ទើបបានអ្នកកាន់អំណាចមានការបារម្ភ។
ការផ្ដោះផ្ដងវាយប្រហារដោយពាក្យសំដីរបស់អ្នកនយោបាយនៅកម្ពុជា ទៅវិញទៅមក បានចាប់ផ្ដើមជាបណ្តើរៗហើយ នៅពេលការបោះឆ្នោតសកលរើសសមាជិកតំណាងរាស្ត្រនៅខែកក្កដា កាន់តែខិតជិតមកដល់។
អ្នកវិភាគ៖ រដ្ឋាភិបាលមិនអាចបញ្ចុះតម្លៃសាំងបានដោយសារឈ្មួញជាមន្ត្រីរដ្ឋាភិបាល
ពាក់ព័ន្ធនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាតម្លៃប្រេងសាំងមិនអាចបញ្ចុះបានអ្នកវិភាគសេដ្ឋកិច្ច និងសង្គមលោកបណ្ឌិត កែម ឡី មានប្រសាសន៍នៅថ្ងៃ២៦ កុម្ភៈ ថា មូលហេតុដែលរដ្ឋាភិបាលកម្ពុជា មិនអាចបញ្ចុះតម្លៃសាំងបាន គឺដោយសារតែអ្នកជំនួញធំៗផ្នែកប្រេងឥន្ធនៈ គឺជាមន្ត្រីរដ្ឋាភិបាល ឬមានខ្នងបង្អែកជាអ្នកធំ។
លោក ហ៊ុន សែន បានឲ្យហេតុផលថា ដោយសារ ប្រទេសកម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ហើយប្រទេសកម្ពុជា មិនអាចអនុវត្តសេដ្ឋកិច្ចផែនការបានទេ ដោយសាររដ្ឋក៏មិនអាចធ្វើសេដ្ឋកិច្ចដោយផ្ទាល់បាននោះទេ ទើបរដ្ឋាភិបាលកម្ពុជា មិនអាចកំណត់តម្លៃប្រេងសាំងបាន។
ប៉ុន្តែលោកបណ្ឌិត កែម ឡី បានអះអាងបន្ថែមថា ប្រសិនបើកម្ពុជា បើកឲ្យមានការប្រកួតប្រជែងដោយចំហ បញ្ហាតម្លៃប្រេងសាំងនេះអាចចុះបាន ហើយមិនមានពាក់ព័ន្ធនឹងកម្ពុជា ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនោះទេ។
មន្ត្រីសង្គមស៊ីវិលនៅកម្ពុជា បានរិះគន់ថា បញ្ហាជំនួញប្រេងឥន្ធនៈនេះ ភាគច្រើនអ្នកជំនួញច្រើនមានការពាក់ព័ន្ធយ៉ាងស្និទ្ធស្នាលជាមួយមន្ត្រីរដ្ឋាភិបាល ឬអ្នកមានអំណាច។ ឧទាហរណ៍ម្ចាស់ក្រុមហ៊ុនសូគីម៉ិច របស់លោកឧកញ៉ា សុខ គង់ ជាអ្នកស្និទ្ធស្នាលនឹងថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាល និងគណបក្សប្រជាជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។