ប៉ូលិស​ច្រក​ប៉ោយប៉ែត​ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​

ដោយ អាស៊ីសេរី
2019.10.06
មាន ឡា អ្នក​ស្រី មាន ឡា ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដូនតី​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​នគរបាល​ចាប់​ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​​ព្រឹក​ថ្ងៃ​ទី៦ ខែ​​តុលា​ ឆ្នាំ២០១៩។
រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ម្នាក់ នៅ​ពេល​​សកម្មជន​រូប​នោះ​​ព្យាយាម​ឆ្លងដែន​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​នៅ​ប្រទេស​ថៃ​ តាម​ច្រក​ព្រំដែន​​អន្តរជាតិ​​ប៉ោយប៉ែត ក្នុង​​ខេត្ត​បន្ទាយ​មានជ័យ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​លើ​​​ប្រជាពលរដ្ឋ​ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគាត់​ទៅ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ និយាយ​ថា ប៉ូលិស​បាន​​ចាប់​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដូនតី​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​អ្នក​ស្រី មាន ឡា ​នៅ​ព្រឹក ​ថ្ងៃ​ទី៦ ​តុលា​ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​ដោយ​មិន​ដឹង​មូលហេតុ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​ លោក ឈួន លីហេង ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​៦ ​តុលា​​ថា មន្ត្រី​ប៉ូលិស​ចាប់​ខ្លួន​អ្នក​​ស្រី មាន ឡា ដោយ​អយុត្តិធម៌​ ពី​ព្រោះ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ជា​ច្រើន​នាក់​ បាន​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ ​រក​ចាប់​អ្នក​ស្រី មាន ឡា ​ម្ដង​រួច​ហើយ​ ​កាល​ពី​ថ្ងៃ​ទី​៥ ​តុលា​ ​ប៉ុន្តែ​រក​មិន​ឃើញ​ ដោយសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​រក​កន្លែងមាន​សុវត្ថិភាព​តាំង​ពី​ថ្ងៃ​ទី​៤​ តុលា៖ គាត់​​អត់​មាន​កំហុស​អី​សោះ​គ្រាន់​តែ​ពាក្យ​អីចឹង​ក៏​ឃាត់​ខ្លួន​គាត់​ដែរ​។ ខ្ញុំ​ឃើញ​គាត់​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ថា ថ្ងៃ​ទី​៩ ​វិច្ឆិកា​ អញ្ជើញ​បងប្អូន​ទៅ​ញាំ​អំបុក​នៅ​ភ្នំពេញ​ គាត់​និយាយ​តែ​ប៉ុណ្ណឹង​តើ​។ គ្រាន់​តែ​ប៉ុណ្ណឹង​អាជ្ញាធរ​ទៅ​ធ្វើ​បាប​គាត់​ ប្រើ​អំណាច​តុលាការ​ទៅ​គាបសង្កត់​គាត់​វា​ដូច​អយុត្តិធម៌​សម្រាប់​ពួកគាត់​ណាស់»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន្ត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ខឹម ចិត្រា ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​៦​តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល។

រីឯ​នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន្ត​​​ប៉ោយប៉ែត លោក សំ សីហា ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា​លោក​​ពុំ​​​បាន​ដឹង​ពី​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ទេ ពី​ព្រោះ​លោក​មិន​បាន​ប្រចាំ​នៅ​កន្លែង​ធ្វើ​ការ៖ «អូ! ខ្ញុំ​អត់​ដឹង​ផង​បង​ ខ្ញុំ​អត់​បាន​នៅ​កន្លែង​ផង​ ខ្ញុំ​ដាក់​ច្បាប់​ឈប់​សម្រាក»

សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ខេត្ត​ត្បូងឃ្មុំ​បី​នាក់​ រួម​មាន​លោក ស៊ឹម ស៊ាងឡេង ហៅ វេង អ្នក​ស្រី យ៉ែម វណ្ណ​ណែត និងអ្នក​ស្រី មាន ឡា ពី​បទ​​រួមគំនិត​ក្បត់ជាតិ​។ តុលាការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី៤ តុលា​ថា ​សកម្មជន​ទាំង​បី​នាក់ និង​មនុស្ស​មួយ​​​​​​​​​​​​​​​ចំនួន​ទៀត បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ធ្វើដំណើរ​មក​ក្រុងភ្នំពេញ​ ដើម្បី​ចាំ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​មក​កាន់​មាតុប្រទេស​វិញ​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ​ការ​បង្ហោះ​សារ​ឈឺ​ឆ្អាល​រឿង​នយោបាយ​គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។លោក​ហៅ​វិធាន​ការ​របស់​សមត្ថកិច្ច​នេះ​​ថា ​ជា​ចេតនា​របស់​អាជ្ញាធរ​ ដើម្បី​រារាំង​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «ហើយ​​មួយ​ទៀត​ ការ​ធ្វើ​នេះ​គឺ​បង្ហាញ​ថា ​យើង​កំពុង​តែ​រឹត​ត្បិត​សេរីភាព​ អីចឹង​វា​ហាក់​ដូច​ជា​មាន​ការ​រឹត​បន្តឹង​ជា​ពិសេស​ទៅ​លើ​អតីត​សកម្មជន​បក្ស​ប្រឆាំង​។ អីចឹង​យើង​ថា ​ទង្វើ​ទាំង​អស់​នេះ​វា​អាច​ធ្វើ​ឱ្យ​អន្តរជាតិ​ជាពិសេស​សហគមន៍​អឺរ៉ុប​ដែល​លក្ខខណ្ឌ​ EBA ដែល​ជិត​ដល់​ពេល​ដំបូង​នៃ​ការ​ធ្វើ​របាយការណ៍​នឹង​គេ​អាច​មើល​ឃើញ​ទិដ្ឋភាព​ទាំង​អស់​នេះ​ ដែល​យើង​មិន​​ទាន់​​បាន​​មាន​​ឆន្ទៈ​​ប្រាកដ​ប្រជា​​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ»

គិត​ត្រឹម​ថ្ងៃទី៦ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣១​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​ និង​ឃុំឃាំង​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន​ ១៦៨​នាក់​ផ្សេងទៀត ត្រូវ​បាន​កោះហៅ​​ទៅ​បំភ្លឺ ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ទៀត​ បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ដោយ​សារ​ពួកគេ​ឈឺឆ្អាល​រឿង​នយោបាយ។

​​លោក ​អំ សំអាត​ យល់​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ​ ផ្ទុយ​ទៅ​វិញ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ជិត​កន្លះ​នគរ ​កាន់​តែ​ក្ដៅ​ក្រហាយ ហើយ​ពួក​គាត់​​អាច​នឹង​នាំ​គ្នា​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាង​មុខ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ឱ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។