សមត្ថកិច្ច​បញ្ជូន​​លោក ប៉ុល ទិត្យធានី មន្ត្រី​បក្ស​ប្រឆាំង​​ ទៅ​​ឃុំ​​នៅ​​ពន្ធនាគារ​​ខេត្ត​​កំពង់ឆ្នាំង

ដោយ វ៉ែន សុមេធ
2019.05.17
ប៉ុល ទិត្យធានី កំពង់ឆ្នាំង លោក ប៉ុល ទិត្យធានី ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង។
Provided photo

មន្ត្រី​តុលាការ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​បញ្ជូន​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​គឺ លោក ប៉ុល ទិត្យធានី​ ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃ​ទី១៧ ឧសភា ក្រោម​បទ​ចោទ​បើក​កន្លែង​ព្យាបាល​ជំងឺ​ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​ភរិយា​ជនសង្ស័យ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ និង​ថា​ការ​ចាប់​ខ្លួន​ស្វាមី​នេះ​ដោយ​​គ្មាន​ដីកា​ពី​តុលាការ។

អ្នក​ស្រី ហៃ ធារី ប្រាប់​អាស៊ី​សេរី​ថា ប្ដី​របស់​អ្នក​ស្រី​ គឺ​លោក​ ប៉ុល ទិត្យធានី មិន​បាន​បើក​អាជីវកម្ម​ទីតាំង​ព្យាបាល​ជំងឺ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ ព្រោះ​ទីតាំង​ដែល​បើក​កន្លែង​ព្យាបាល​ជំងឺ​នោះ ជា​របស់​កូន​ស្រី​អ្នក​ស្រី ដែល​មាន​សញ្ញាប័ត្រ​ពេទ្យ​បើក​ព្យាបាល​ជំងឺ​ត្រឹមត្រូវ។ អ្នកស្រី​ចាត់​ទុក​ករណី​នេះ​ថា ការ​គំរាមកំហែង​ផ្នែក​នយោបាយ​មក​លើ​ស្វាមី ដោយ​សារ​លោក ប៉ុល ទិត្យធានី ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ឆ្អឹង​ទទឹង​ក​ដល់​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​មួយ​នេះ៖ «បើ​សិន​ជា​រឿង​ចាក់​ថ្នាំ​គឺ​សមត្ថកិច្ច​ចាប់​ប្ដី​ខ្ញុំ​តាំង​ពី​យូរ​ណាស់​ហើយ​ មិន​មែន​មក​ចាប់​ពេល​ប្ដី​ខ្ញុំ​គាត់​កំពុង​ហូប​បាយ​ដូច្នេះ​ទេ។គេ​ចាប់​គាត់​ទៅ​គឺ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​ព្រោះ​គាត់​ជា​មេ​គ្រួសារ​​ ហើយ​បើ​អត់​ពី​គាត់​ទៅ​ពួក​ខ្ញុំ​លំបាក​ហើយ ​ព្រោះ​កូន​ៗ​ត្រូវ​ពឹង​លើ​គាត់​ទាំង​អស់​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​យប់​ព្រលប់​អី​នោះ។ហើយ​គាត់​ធ្វើ​ជា​គ្រូបង្រៀន​ផង​បើ​គេ​ចាប់​គាត់​ទៅ​ទៅ​បង្រៀន​មិន​កើត​ ហើយ​គេ​នឹង​លុប​ឈ្មោះ​ចេញ​ពី​គ្រូ»

អ្នក​ស្រី​បន្ត​ថា​ ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​១០​នាក់​បាន​ឃាត់​ខ្លួន​ប្ដី​អ្នក​ស្រី​ ខណៈ​កំពុង​ហូប​បាយ​នៅ​តូប​លក់​ដូរ​ក្នុង​ផ្សារ​ថ្នល់​ទទឹង​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ម៉ោង​ ៨ព្រឹក​ថ្ងៃទី១៧​ ឧសភា។​ ក្រោយ​មក​សមត្ថកិច្ច​បាន​បញ្ជូន​ស្វាមី​របស់​ខ្លួន​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​មួយ​នេះ​នៅ​ម៉ោង ​១២​ថ្ងៃ​​ត្រង់​ក្នុង​ថ្ងៃ​​ដដែល​ បន្ទាប់​ពី​ចៅក្រម​​នៃ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​​សាកសួរ​អស់​ជា​ច្រើន​ម៉ោង។

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ លោក ឈួន ស៊ីវិល ប្រាប់​អាស៊ី​សេរី​ថា តុលាការ​បាន​ចោទ​ប្រកាន់​លោក ប៉ុល ទិត្យធានី ពី​បទ​បើក​អាជីវកម្ម​ផ្នែក​សុខាភិបាល​ដោយ​ពុំ​មាន​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ជា​អំពើ​ខុស​ច្បាប់៖ «គាត់​ជាប់​ចោទ​ពី​បទ​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ដែល​ពុំ​មែន​ជា​អ្នក​ពុំ​មែន​ជា​អ្នកមាន​វិជ្ជាជីវៈ​សុខាភិបាល​ នៅ​ភូមិ​សំរោង ឃុំ​តាជេស​ ស្រុក​កំពុង​ត្រឡាច​ ខេត្ត​កំពុង​ឆ្នាំ​​។ហើយ​ពាក់​បណ្ដឹង​នេះ​មិន​មែន​តាម​ពាក្យ​ពី​ណា​ទេ​ គឺ​ខាង​ក្រសួង​សុខាភិបាល​គេ​ចុះ​ទៅ​បង»

ប៉ុន្តែ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង​លោក សំ ច័ន្ទគា លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ​ គឺ​សមត្ថកិច្ច​បាន​អនុវត្ត​ខុស​នីតិវិធី និង​ដោយ​ខុស​ច្បាប់ ព្រោះ​មិន​​មាន​ដីកា​ចាប់ខ្លួន។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​បាន​លើកលែង​ជា​បទល្មើស​ជាក់​ស្ដែង​ ប៉ុន្តែ​ករណី​នេះ​ជន​សង្ស័យ​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ណា​មួយ ដែល​ចាត់​ជា​បទ​ល្មើស​ជាក់ស្ដែង​​នោះ​ទេ៖ «ហើយ​បើ​មិន​មែន​ករណី​ជាក់​ស្ដែង​ទេ​តុលាការ ឬ​សមត្ថកិច្ច​នឹង​ត្រូវ​ចេញ​ដីកា​កោះ​ហៅ​គេ​មក​ឆ្លើយ​ដោះសា​ជុំ​វិញ​ករណី​ចោទ​ប្រកាន់​នេះ ដូច្នេះ​អ្វី​ដែល​សមត្ថកិច្ច និង​តុលាការ​កំពុង​ធ្វើ​នេះ​យើង​មិន​ដឹង​គាត់​យក​ច្បាប់​ណា​មក​អនុវត្ត​ទេ យើង​រស់​នៅ​កម្ពុជា​ដែរ​យើង​អត់​ដែល​យល់​នីតិវិធី​នេះ»

អ្នក​ស្រី ហៃ ធារី ឱ្យ​ដឹង​ថា រហូត​មក​ទល់​រសៀល​ថ្ងៃ​ទី១៧ ឧសភា អ្នក​ស្រី​មិនទាន់​រក​មេធាវី​ការពារ​ក្ដី​ជូន​ស្វាមី​បាន​នៅ​ឡើយ​ទេ។

លោក ប៉ុល ទិត្យធានី ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​ បាន​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព​ម្ដង​រួច​មក​ហើយ បន្ទាប់ពី​មន្ត្រី​ប៉ូលិស​ខេត្ត​នេះ​ជា​ច្រើន​នាក់ បើក​ឡាន​ដេញ​ចាប់ ប៉ុន្តែ​លោក​បាន​គេច​រួច​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​ទី៦ មេសា​កន្លង​ទៅ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​ពេល​ថ្មីៗ នេះ ហើយ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​តែម្ដង។

កាល​ពី​ដើម​ខែ​មេសា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ គឺ​លោក កែវ ថៃ ក៏​បាន​រត់​គេច​ខ្លួន​ដែរ បន្ទាប់​ពី​ទទួល​ដំណឹង​ថា អាជ្ញាធរ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។