អ្នកវិភាគនយោបាយថ្លែងថា នយោបាយការបរទេសកម្ពុជាដែលមានទំនោរទៅចិន ប្រៀបដូចកម្ពុជាកំពុងប្រឡែងលេងជាមួយនឹងភ្លើង។ លោកលើកឡើងបែបនេះក្នុងកិច្ចពិភាក្សាតុមូលស្ដីពីអាស៊ាន នៅចន្លោះចិន និងសហរដ្ឋអាមេរិកក្នុងបរិបទថ្មី នៅរាជបណ្ឌិតសភា នៅថ្ងៃទី១៤ កក្កដា។
អ្នកវិភាគនយោបាយ បណ្ឌិត មាស នី បង្ហាញក្ដីបារម្ភ ចំពោះទំនាក់ទំនងកម្ពុជា ចិន ដែលអាចនាំឱ្យមានបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
លោកលើកហេតុផលថា កម្ពុជាធ្វើសមយុទ្ធជាមួយចិន ហើយឈប់ធ្វើសមយុទ្ធជាមួយនឹងអាមេរិក នៅក្នុងបរិបទប្រទេសមហាអំណាចពីរនេះ កំពុងដណ្ដើមឥទ្ធិពលក្នុងតំបន់អាស៊ាន។ អ្នកវិភាគនយោបាយរូបនេះ ប្រៀបធៀបទំនាក់នងនយោបាយបរទេសកម្ពុជា ដែលចាត់ទុកមិត្តភាពកម្ពុជា ចិន ដូចជាមិត្តដែកថែបថា កម្ពុជាកំពុងប្រឡែងលេងជាមួយភ្លើង។ ជាមួយគ្នានេះលោកបានលើកឡើងពីវិបត្តិសេដ្ឋកិច្ច ដែលកើតចេញពីសង្គ្រាមអ៊ុយក្រែន និងរុស្សី នាំឱ្យបណ្ដាប្រទេសក្រីក្រមួយចំនួនជួបវិបត្តិសេដ្ឋកិច្ចដូចជាប្រទេស ស្រីលង្កា (Sri Lanka) ដែលបណ្ដាលឱ្យមានការទម្លាក់រដ្ឋាភិបាលក្នុងពេលថ្មីៗ នេះ ហើយលោកក៏បានបង្ហាញក្ដីបារម្ភពីវិបត្តិហិរញ្ញវត្ថុរបស់កម្ពុជា បើសិនជាវិបត្តិសង្គ្រាមនៅតែបន្តរ៖ «សកម្មភាពមួយទៀតឡើង ដែលធ្វើឱ្យបច្ចឹមប្រទេសមើលឃើញថា យើងឱបចិនប៉ុន្តែយើងធាក់អាមេរិកនោះ គឺនៅត្រង់ថា នៅពេលយើងធ្វើសមយុទ្ធយោធាជានឹងមួយចិន យើងក៏ចាប់ផ្ដើមលុបចោលនូវសមយុទ្ធយោធាជាមួយនឹងអាមេរិក ហើយនឹងការធ្វើ យើងហៅថា ជំនួយមនុស្សធម៌របស់កងទ័ពអាមេរិកនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយដូចជា រឿងការបំផ្លាញនូវអគារបស់សហរដ្ឋអាមេរិកនៅរាម នៅមូលដ្ឋានកងទ័ពជើងទឹករាមហ្នឹង ក៏ជាផ្នែកមួយបង្ហាញឱ្យយើងឃើញថា នយោបាយទំនាក់ទំនងការបរទេសរវាងប្រទេសចិន ហើយនឹងអាមេរិក គឺយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ បើខ្ញុំអាចនិយាយសន្និដ្ឋានឱ្យខ្លីថា ហាក់ដូចយើងកំពុងតែចូលទៅក្នុង បើខ្មែរយើងហៅថា កំពុងតែប្រឡែងលេងជាមួយនឹងភ្លើង » ។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា ភាគច្រើនមើលឃើញថា កម្ពុជាហាក់មិនទាន់ប្រកាន់ខ្ជាប់នយោបាយការបរទេសអព្យាក្រឹត្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា១ ដែលបានចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធនោះទេ។
ថ្លែងដោយសង្កត់សំឡេងធ្ងន់ៗ ប៉ុន្តែមិនបកស្រាយអំពីបញ្ហាវត្តមានកងទ័ពចិននៅសមុទ្ររាម លោក សុខ ទូច បដិសេធចំពោះការលើកឡើងថា មិត្តភាពកម្ពុជា ចិន ជាមិត្តភាពដែកថែប ពីព្រោះនៅក្នុងដំណើរទស្សនកិច្ចរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) កន្លងមកថ្មីៗ នេះ មិនបានមកប្រទេសកម្ពុជានោះទេ ហើយលោកអះអាងថា នយោបាយការបរទេសបច្ចុប្បន្នជានយោបាយផ្កាចម្រុះពណ៌ ដោយចាប់យកទាំងចិន និងអាមេរិកទៅវិញទេ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីគ្រោះថ្នាក់នយោបាយការបរទេស ដែលផ្កាប់មុខទៅកាន់ប្រទេសមហាអំណាចណាមួយផ្ដាច់មុខ ដោយបានរំឭកអំពីសោដនាដកម្មកើតមានក្នុងប្រទេសកម្ពុជា នៅពេលកម្ពុជាចាប់យកកុម្មុយនិស្ដចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៖ «ដោយសារតែយើងប្រើប្រាស់ផ្កាចម្រុះពណ៌ហ្នឹងហើយ ដែលយើងទទួលបានវ៉ាក់សាំងគ្រប់ប្រភេទ ដើម្បីមកការពារប្រជាជនរបស់យើង។ ទី២ គេមិនទទួលយកអ្នកកើតកូវីដ សូម្បីតែជប៉ុនក៏អត់ទទួលដែរ កម្ពុជានាយករដ្ឋមន្ត្រីទៅទទួលអ្នកណា? អាមេរិក។ ពួកម៉ាកជិតស្និទ្ធមិនទាំងទទួលផង កម្ពុជាទៅទទួលនៅផែកំពង់សោម ពិភពលោកត្រូវមើលកន្លែងហ្នឹង បើសិនជាកម្ពុជាផ្កាប់មុខទៅរកចិន កម្ពុជាអត់ទៅទេ»។
អ្នកឃ្លាំមើលឯករាជ្យពិនិត្យឃើញថា ទំនាក់ទំនងចិន និងកម្ពុជាត្រូវបង្ហាញឲ្យឃើញថា ដល់កម្រិតកំពូល ដោយលោក ហ៊ុន សែន ចាប់យកចិនជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ការពារអំណាច។ ទំនាក់ទំនងនេះ បានធ្វើឲ្យមានការសង្ស័យថា រដ្ឋាភិបាលលោក ហ៊ុន សែន បានលួចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់ ដើម្បីឲ្យចិនសាងសងមូលដ្ឋានទ័ពនៅមូលដ្ឋានកងទ័ពជើងទឹករាម។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ តែងតែជំរុញឱ្យកម្ពុជា ឱ្យបើកឱកាស និងអនុញ្ញាតឱ្យអ្នកជំនាញអន្តរជាតិនានា ស្រាវជ្រាវ ពិនិត្យពីការពង្រីកឥទ្ធិពលនៃប្រទេសចិន ក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកនៅសមុទ្ររាម ជាជាងការនៅតែបន្តអូសបន្លាយពេលបង្ហាញព័ត៌មានឱ្យបានស៊ីជម្រៅ ព្រោះវាអាចធ្វើឱ្យកម្ពុជាកាន់តែខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។