"ឆ្នាំ២០១៨​ ជម្លោះ​នយោបាយ​ស្រាយ​មិន​រួច ខណៈ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ​ត​ត្រកូល"

ដោយ មាន ឫទ្ធិ
2019-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ស ខេង, លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ស៊ុន ចាន់ថុល ជួរទី២៖ លោក កើត រិទ្ធ, លោក ឱម យ៉ិនទៀង, លោក ប៉ុល សារឿន, លោក នេត សាវឿន​ និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃ គឺរូបលោក ហ៊ុន សែន)។
រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ស ខេង, លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ស៊ុន ចាន់ថុល ជួរទី២៖ លោក កើត រិទ្ធ, លោក ឱម យ៉ិនទៀង, លោក ប៉ុល សារឿន, លោក នេត សាវឿន​ និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃ គឺរូបលោក ហ៊ុន សែន)។
RFA

លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស ត្រូវ​បាន​គណបក្ស​កាន់អំណាច​បំផ្លាញ​ឲ្យ​ធ្លាក់​ចុះ​ដុនដាប​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៨​នេះ។ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​យុគសម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​ពីរ​នេះ មានឈ្មោះ​តែ​នៅ​លើ​ក្រដាស មិន​ខុស​ពី​សម័យ​ខ្មែរក្រហម ដែល​ដាក់​ឈ្មោះ​ថា «​កម្ពុជា​ប្រជាធិបតេយ្យ​» នោះ​ទេ។ ២៧​ឆ្នាំក្រោយ​អង្គការសហប្រជាជាតិ​បាន​នាំ​លទ្ធិ​នេះ មក​ជូន​ពលរដ្ឋ​ខ្មែរ កម្ពុជា​កំពុង​បន្ត​រអិល​ធ្លាក់​ចូល​ក្នុង​គន្លង​របប​គ្រប់គ្រង​ផ្ដាច់ការ​រត​ពូជពង្សវង្សត្រកូល មិន​ខុស​ពី​ប្រទេស​កូរ៉េខាងជើង​នោះ​ឡើយ។

ខណៈ​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​គាស់​រម្លើង និង​រម្លាយ​ចោល​ជា​ស្ថាពរ​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ធានា​ជ័យជម្នះ​ដោយ​ស្វ័យប្រវត្តិ និង​ជានិច្ច​និរន្ត​របស់​គណបក្ស​កាន់អំណាច​របស់​លោក ឆ្នាំ​២០១៨ គឺជា​ឆ្នាំ «បញ្ចុះសព​ប្រជាធិបតេយ្យ​» និង​ជា​ឆ្នាំ​ដំបូង​នៃ​ការ​វិល​ត្រលប់​មកវិញ​នៃ​របប​គ្រប់គ្រង​បែប​ឯក​បក្ស។ លោក ហ៊ុន សែន បាន​ជម្នះ​រៀបចំ​ព្រឹត្តិការណ៍ ដែល​ទទួលរង​ការ​ថ្កោលទោស​ជុំ​ទិស ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ថា ជា​ការ​បោះឆ្នោត «ក្លែង​ក្លាយ​» និង​ធ្វើឡើង​គ្រាន់តែ​ឆាកល្ខោន​បែប​បង្គ្រប់​កិច្ច។ ឆ្នាំ​២០១៨ ក៏​ជា​ឆ្នាំ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប ដែល​កម្ពុជា​ពុំ​មាន​របប​គ្រប់គ្រង​ស្របច្បាប់ ឬ​ទទួល​បាន​ការ​ទទួល​ស្គាល់​ពេញមុខ​ពេញមាត់​នៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស​ក្រោម​ក្រសែ​ភ្នែក​របស់​ក្រុម​ប្រទេស​លោក​ខាងលិច។

វិបត្តិ និង​កម្ដៅ​នយោបាយ​នៅ​កម្ពុជា មិនបាន​ផុត​រលត់​ឡើយ ក៏ប៉ុន្តែ​រឹតតែ​ពុះកញ្ជ្រោល នៅ​ទូទាំង​សាកលលោក។ ពី​លោក​ខាងកើត ហ្វីលីពីន​-​កូរ៉េខាងត្បូង​- ជប៉ុន ដល់​លោក​ខាងលិច សហភាព​អឺរ៉ុប​-​សហរដ្ឋអាមេរិក​-​កាណាដា​-​អូស្ត្រាលី និង​នូវែលហ្សេឡង់ ទីណា​មាន​ប្រជាពលរដ្ឋ​ដើមកំណើត​ខ្មែរ​រស់នៅ សំឡេង​កងរំពង​ផ្អើល​អស់​ជាតិ​សាសន៍​នៃ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ បាន​លាន់ឮ​កក្រើក​ខ្ទរខ្ទារ ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន និង​ការ​បង្កើត​របប​ថ្មី​របស់​លោក ដែល​ពួកគេ​ថា បាន​មកពី​អំពើ «​ប្លន់ និង​ជាន់​ឈ្លី​ឆន្ទះ» ស្រស់ៗ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ​ដោយ​ស្របច្បាប់។

លោក ហ៊ុន សែន នៅតែ​ចិញ្ចឹម​ចិត្ត​ដោយ​មិន​ញញើត បន្ត​ប្រើ​សារ​កម្មសិទ្ធិបញ្ញា​ផ្ដាច់មុខ​របស់​លោក​កាលពី​ឆ្នាំ២០១៧ «​ស្ដាយ​មិនបាន​សម្លាប់​» ពលរដ្ឋ​ខ្មែរ​រួម​ឈាម​ខ្លួនឯង ដែល​អាច​ចាត់ទុកជា​បទល្មើស​ឃាតកម្ម​ជាក់ស្ដែង​ប្រឆាំង​មនុស្សជាតិ​មាន​ចេតនា​គិតទុក​ជាមុន ប្រព្រឹត្ត​ក្នុង​អំឡុង​ពេល​កំពុង​កាន់​អំណាច​នៅ​លើ​ទឹកដី​កំណើត​ខ្លួនឯង៖ «ម៉ែ​! ស្ដាយ​ណាស់​អាហ៍​!»។ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨ នេះ លោក​ថែម​បាន​បញ្ចេញ​ចរិក​កោងកាច​ជា​ឃាតក ដោយសារ​មិនបាន​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​ជា​ដៃគូ​នយោបាយ​ដ៏​ស្រួចស្រាល់​របស់​លោក​៖ «ហ្អែង​ចង់​ដឹង​ពេល​ហ្នឹង​ហា បើ​មិន​ហ្អែង​មិន​គេច​ទាន់​ទេ ពេលនេះ គឺ​ធ្វើបុណ្យ​ខ្មោច​ហ្អែង​បាត់​ទៅ​ហើយ តែឯង​ពូកែ​រត់ ពូកែ​ស្រែក ហើយ​រត់​ក៏​លឿន តែ​គ្រាន់តែ​គេ​មិន​ដេញ​តាម​តែ​​ប៉ុណ្ណឹង​​ទេ ឲ្យ​ឯង​រត់​សិន អញ​ក៏​មិនទាន់​ចង់​សម្លាប់​ហ្អែង​ដែរ»។ ខណៈ​មាន​ពេល​ខ្លះ​ទៀត​លោក​គំរាម​ប្រើ​រ៉ុកកែត​ធុន​បេអឹម ២១ (BM21) ដើម្បី​កម្ចាត់​ក្រុម​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី ដែល​លោក​ចាត់ទុកថា ជា​ក្រុម​ភេរវករ​៖ «សូម្បី​តែ​​បេអឹម២១ ក៏​គេ​ហ៊ាន​វាយ​ចូល​ទៅ​កន្លែង​ហ្នឹង​ដែរ»

ឆ្នាំ២០១៨ នេះ ក៏​ជា​ឆ្នាំ​ដំបូង​ដែរ ដែល​លោក ហ៊ុន សែន ផុងខ្លួន​រឹតតែ​ជ្រៅ​ធ្លោយមាត់​បញ្ចេញ​សារ «តាម​វាយ​ដល់​ផ្ទះ​» ដើម្បី​គំរាម​ដល់​ក្រុម​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំងឡាយ​ណា ​ដែល​ហ៊ាន​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នៅ​អូស្ត្រាលី ទាំង​ដែល​លោក​ភ្លេច​គិត​ថា សារ​នេះ អាច​ជា​បទល្មើស​ព្រហ្មទណ្ឌ​ថ្មី​បន្ថែម​មួយទៀត ដែល​លោក​មាន​ចេតនា​នាំចេញ «​អំពើ​ហិង្សា​នយោបាយ​» យក​មក​សាបព្រោះ និង​ចង់​អនុវត្ត​នៅ​ប្រទេស​លោក​សេរី​៖ «ខ្ញុំ​ប្ដូរផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីងមោង​រូប​ខ្ញុំ យក​ទៅ​ដុត អញ​តាម​វាយ​ដល់​ផ្ទះ ប្រាប់​ឲ្យ​ហើយ។... អ្នកឯង​ចាត់ទុកថា​អា​ហ្នឹង​រូប ហ៊ុន សែន ហើយ​យក​ទៅ​ដុត​... តាម​ដល់​ផ្ទះ។ អត់​ទេ ក្របួច​យក​តែម្ដង។ ហើយ​អា​ចលនា​សង្គ្រោះ​ជាតិ​ស្អី​គេ​នុះ ឃើញ​មួយ​វាយ​មួយ ឃើញ​ពីរ​វាយ​ពីរ។ ប្រាប់​ឲ្យ​ហើយ​ទៅ កុំ​ចេញមុខ​ឲ្យ​សោះ​! ចេញ​ម៉ោ ត្រូវ​ហើយ ឃើញ​មួយ​វាយ​មួយ ឃើញ​ពីរ​វាយ​ពីរ»

សារ​នេះ​បាន​ដុត​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឲ្យ​ក្ដៅក្រហាយ​កាន់តែ​សន្ធោសន្ធៅ តាមរយៈ​ការ​ចេញ​ធ្វើបាតុកម្ម​ដុត​ទីងមោង​រូបលោក ហ៊ុន សែន នៅ​គ្រប់ទិសទី​នៅ​លើ​ពិភពលោក។

បន្ថែម​ពីលើ​កំហុស​ដែល​មាន​ស្រាប់ លោក ហ៊ុន សែន បាន​បោះជំហាន​ធំ​មួយ​កម្រិត​ទៀត​ហួស​បន្ទាត់​ក្រហម ដោយ​ហ៊ាន​ប្រើប្រាស់​ភាសា​កាប់សម្លាប់​ពូជសាសន៍​ខ្លួនឯង​ដោយ​មិន​អល់អែក នៅ​ក្នុង​ទឹកដី​ជប៉ុន ដែល​អាច​ចាត់ទុកថា​ជា​ចេតនា​នៃ​ការប្រព្រឹត្តិ​បទល្មើស​ប្រឆាំង​មនុស្សជាតិ ជា​លើកដំបូង​នៅ​ក្រៅ​ប្រទេស ហើយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អាច​កត់​ត្រាទុក បន្ថែម​លើ​ជង្រុក​នៃ​ភស្តុតាង​បទល្មើស​របស់​លោក​ដែល​មាន​ស្រាប់​៖ «ទេ​! ដាក់​ហ្អែង​ប៉ុន្មាន​នាក់​គ្រវាត់​ចោល​... ខ្ញុំ​អត់​មាន​អ្វី​ខ្លាច​ត្រូវ​មិន​ហ៊ាន​និយាយ​នោះ​ទេ។ អាណា​ត្រូវ​ចាប់​ញាត់​គុក ញាត់​ហ្អែង បើ​ហ្អែង​ធ្វើ​ខុស​មែន​។ ហ្អែង​បង្កើត​សង្គ្រាម អញ​ទប់​សង្គ្រាម។... ខ្ញុំ​ក្ដាប់​វីដេអូ​ហ្នឹង​បាន ពួក​ហ្អែង​ងាប់»

យ៉ាងណាក៏ដោយ ពាក្យពេចន៍​ក្អេងក្អាង​ទាំង​អម្បាល​មាណ​នេះ លោក​ក្លាហាន​បានតែ​ជាមួយ​ពលរដ្ឋ​ខ្លួនឯង​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន មិន​ហ៊ាន​ថ្លែង​សារ​កាប់សម្លាប់​បែប​នេះ​ឡើយ​នៅ​ពេល​ដែល​លោក ទៅ​ឈរ​ថ្លែងការណ៍​នៅ​ឯ​សាល​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្រោយ​ជម្នះ​រៀបចំ​ប្រសូត​របប​ថ្មីថ្មោង​ខុសច្បាប់​របស់​លោក​រួចមក។ ម្តង​នេះ ទំនងជា​ភ័យ​រឿង​អន្តរជាតិ​ថ្កោលទោស និង​អាមេរិក​វាស់ដី​ឲ្យ​ដើរ​ផង​នោះ គ្រាន់តែ​ថ្លែងការណ៍​រយៈពេល​មិន​ដល់​ជាង ១៥ នាទី​ស្រួលបួល​ផង លោក​អាន​រដិបរដុប​ខុស​ស្ទើរ​គ្រប់​ម៉ាត់។

លោក ហ៊ុន សែន និង​របប​របស់​លោក បាន​សម្រុក​បង្កើន​យុទ្ធនាការ​លើ​សមរភូមិ​ការទូត និង​រក្សា​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​មិន​ខ្លាច​នឹង​ចំណាយ​ថវិកាជាតិ​ដល់​ទៅ​ជិត ៣​លាន​ដុល្លារ ជួល​យន្តហោះ​ទំនើប ដឹក​ក្រុម​មន្ត្រី​អាម៉ីអាថោង​តាម​ជួយ​ហែហម​លោក ទៅ​ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ និង​បំផុស​ឲ្យ​ក្រុម​អ្នកគាំទ្រ​លោក​ចេញ​មក​ធ្វើបាតុកម្ម​គាំទ្រ​លោក នៅ​រៀងរាល់​ពេល​ដែល​លោក​មាន​វត្ត​មាននៅ​ប្រទេស​លោក​សេរី ដើម្បី​បញ្ចៀស​ពី​ការ​បាក់​មុខ​មាត់ នៅ​គ្រា​ដែល​លោក​ត្រូវ​បាន​ញាំញី​ដោយ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក។

ភាព​អាម៉ាស់​ដោយសារតែ​មាន​បាតុកម្ម​ឥត​ស្រាកស្រាន្ត​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជុំ​ទិស​នេះ បាន​ជំរុញ​ឲ្យ​មន្ត្រី​របប​លោក​ដែល​គេ​សង្ស័យ​ថា ជា​លោក ហេង សួរ ចេញ​មក​យក​បុង ដោយ​បញ្ជា​ផ្ទាល់​តាមរយៈ​សារ​ខ្សែអាត់​សំឡេង​បែក​ធ្លាយ​មួយ រៀបចំ​ផែនការ​ធ្វើបាប ឬ​សម្លាប់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ពិសេស​នៅ​ជប៉ុន និង​កូរ៉េខាងត្បូង​៖ «នៅ​ចំពោះ​មុខ ហើយ​គេ​ហ៊ាន​ជាន់​បែបនេះ គឺ​យើង​មិន​អាច​លើកលែង​ឲ្យ​វា​បានទេ ហើយ​បង ស្រេង ថ្ងៃមុន​ថា ឲ្យ​មុខសញ្ញា​អ្នក​ដែល​ជា​សកម្មជន​ពួកវា​មក​ហ្នឹង​ណា ..​ឥឡូវនេះ គឺ​យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​បន្តិច។ អានេះ​មក​ឲ្យ​វា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ទៅ»

ពាក្យ «បដិវត្ត​ពណ៌» «​សន្តិភាព​» និង «​សង្គ្រាម​» នៅតែ​ជា​ពាក្យ​ពេញ​និយម​ដដែល ដែល​លោក ហ៊ុន សែន និង​របប​របស់​លោក​តែង​យក​មក​ប្រើ​ធ្វើជា​ខែល​ដើម្បី​បិទបាំង​មហិច្ឆតា​ក្រាញ​អំណាច​ត​ពូជ​ផៅ​សន្តាន​របស់​ខ្លួន។ ពាក្យ «ញុះញង់» «រើសអើង​ពូជសាសន៍​» «​អគតិ​» «​កញ្ជះ​បរទេស​» «​លួច​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​» ក៏​ជា​ពាក្យ​ចោទ​ពេញ​និយម​បំផុត ដែល​មន្ត្រី​របប​លោក ហ៊ុន សែន ទន្ទេញ​ចាំ​ស្ទើរ​រត់មាត់ និង​នាំគ្នា​សូត្រ​បន្ទរ ដើម្បី​លាប​ពណ៌​ខ្មែរ​គ្នាឯង ដែល​របប​នេះ​ចាត់​ទុក​ថា​​ប្រឆាំង​នឹង​ខ្លួន តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​តេឡេ​របស់​ខ្លួន។

ក្នុង​ឆ្នាំ២០១៨ នេះ របប​លោក ហ៊ុន សែន បាន​អនុម័ត​ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​ដ៏​ចម្រូងចម្រាស ដែល​រង​ការ​រិះគន់​ថា បើកផ្លូវ​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម​កំពុង​រស់នៅ​កម្ពុជា​ខុសច្បាប់ អាច​ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់ ក្រោយ​របប​នេះ រង​សម្ពាធ​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ដែល​តែងតែ​ស្នើ​ឲ្យ​របប​នេះ ជួយ​ផ្តល់​កិច្ច​គាំពារ និង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដើមកំណើត​វៀតណាម​របស់​ខ្លួន ដែល​កំពុងតែ​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​បច្ចុប្បន្ន។ របប​នេះ ក៏បាន​ចាប់ផ្ដើម​អនុវត្ត​យ៉ាង​ប្រយ័ត្ន​ប្រយែង​បំផុត នូវ​យុទ្ធនាការ​បំឡាស់​ទី​ជនអន្តោប្រវេសន៍​វៀតណាម រស់នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក លើ​ផ្ទៃ​ទឹក​លើ​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឲ្យ​មក​រស់​លើ​ដី​គោក​វិញ ឲ្យ​រួចរាល់​ត្រឹម​ដំណាច់​ឆ្នាំនេះ ជាមួយ​នឹង​ការសន្យា​ផ្ដល់​លក្ខណៈ​អំណោយផល​ពិសេស ចម្លែក​ខុស​ពី​អ្វី​ដែល​របប​នេះ​ធ្លាប់​បាន​ប្រព្រឹត្តិ​មក​លើ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​តាមរយៈ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ដោយ​ហិង្សា។

ជុំវិញ​ទំនាក់ទំនង​អន្តរជាតិ​វិញ ឆ្នាំ​២០១៨ នេះ របប​ក្រុងភ្នំពេញ បាន​បង្កើន​ទំនោរ​ផ្អៀង​កាន់តែ​ខ្លាំង​ឡើងៗ​ទៅ​រក​មហាអំណាច​កុម្មុយនិស្ត​ចិន ដើម្បី​ធ្វើជា​បងធំ​សម្រាប់​ទប់ទល់​ជាមួយ​សម្ពាធ​របស់​ក្រុម​ប្រទេស​លោក​ខាងលិច​។ ក៏ប៉ុន្តែ​ហេតុការណ៍​នេះ មិនបាន​ធ្វើ​ឲ្យ​វៀតណាម ដែល​ធ្លាប់​ជួយ​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​ឡើង​កាន់​អំណាច​បាន​រហូត​មកដល់​សព្វថ្ងៃ​នេះ សប្បាយចិត្ត​នោះ​ឡើយ ខណៈ​ដែល​វៀតណាម​កំពុង​មាន​ជម្លោះ​ស្រាប់​ជាមួយ​នឹង​ចិន។ ទំនាក់ទំនង​ផ្អែមល្ហែម​ចាក់​ទឹក​មិន​លិច​រវាង​កម្ពុជា និង​វៀតណាម កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិចស្រពិល ដែល​ផុយ​ស្រួយ​នឹង​រង​ការ​ប្រេះ​ឆា។ ព័ត៌មាន​ពី​រឿង​ដែល​លោក ហ៊ុន សែន អាច​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​កម្ពុជា តម្រូវ​ឲ្យ​លោក ហ៊ុន សែន រុះ​រាន់​ត្រូវ​ធានា​អះអាង​ប្រាប់​មេដឹកនាំ​វៀតណាម​ផ្ទាល់មាត់ ដើម្បី​បដិសេធ​ព័ត៌មាន​នេះ ដែល​លោក​ចាត់ទុកថា គ្រាន់តែ​ជា​ពាក្យ​ចចាម​​អារ៉ាម​ប៉ុណ្ណោះ។

ឆ្នាំ ២០១៨ ក៏​ជា​ឆ្នាំ​ដែល​លោក ហ៊ុន សែន សម្រេច​មហិច្ឆតា​ធានា​ផ្ចុងផ្ដើម​ឲ្យ​លោក ហ៊ុន ម៉ាណែត ឲ្យ​ឡើង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បន្តវេន​ពី​រូបលោក ខណៈ​ពេល​វេលា​កាន់អំណាច​របស់​លោក​ក៏​កាន់តែ​ខើច​ហើយ​នោះ។ លោក ហ៊ុន សែន បាន​ប្រញាប់​ដំឡើង​តំណែង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ក្លាយ​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ក្ដោប​ក្ដាប់​ស្ថាប័ន​យោធា​ជាតិ​សំខាន់ៗ​ចំនួន៥ ។ ក្នុង​ជួរ​បក្ស លោក ហ៊ុន សែន បាន​បញ្ចូល​លោក ហ៊ុន ម៉ាណែត ឲ្យ​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក ៣៧ រូប នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដ៏​មាន​ឥទ្ធិពល​ផុត​លេខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ទីបំផុត​ទៅ លោក ហ៊ុន ម៉ាណែត មានអំណាច​ក្នុង​បក្ស​ស្មើនឹង​មន្ត្រី​ថ្នាក់ដឹកនាំ​បក្ស​ចាស់ៗ រួមមាន​លោក ស ខេង និង​លោក សាយ ឈុំ ជាដើម។

ឆ្នាំនេះ ក៏​គឺជា​ឆ្នាំ​ដែល​លោក ហ៊ុន សែន ស្អប់​ណាស់​ពាក្យ​ថា «សម្ពាធ​អន្តរជាតិ» ហើយ​ព្យាយាម​បម្លែង​រឿង​នេះ​ឲ្យ​ទៅជា​រឿង​ជាតិនិយម ទាំង​ដែល​លោក​ភ្លេច​គិត​ថា លោក​ខ្លួនឯង​នៅ​ជាប់​ជំពាក់​គុណ​វៀតណាម និង​ចិន ដែល​ជា​ចៅហ្វាយនាយ​ធំ ដក​ខ្លួន​មិន​រួច​នោះ៖ «សម្ពាធៗ​ វា​ត្រូវ​ក្បាល ហ៊ុន សែន ហើយ!» «​ចង់​ឲ្យ​បង់ពន្ធ បង់ពន្ធ។ សូម​ផ្ដាំ ឱន​ក្បាល​ម្ដង ត្រូវ​ជំពាក់ ឱន​ពីរ​ដង ជំពាក់​ពីរ​ដង​ឱន ជំពាក់​បី​ដង​ឱន ឱន​មួយ​ជីវិត​ខ្មែរ​អត់​ឯករាជ្យ​បានទេ។ ប្រឹង​រស់​ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ​របស់​ប្រទេស ដើម្បី​ការពារ​សន្តិភាព​របស់​ប្រទេស»

បើ​ទោះ​ជា​ពេលខ្លះ​លោក ហ៊ុន សែន ធ្វើជា​អួត​ក្អេងក្អាង​មិន​ខ្លាច​សម្ពាធ​អន្តរជាតិ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​របប​នេះ​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ឲ្យ​ទៅ​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ដើម្បី​បញ្ចៀស​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA ពី​កម្ពុជា​។ ភ្លាមៗ​ក្រោយ​បង្កើត​របប​ថ្មី​រួចមក លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង អ្នកកាសែត សកម្មជន​ដីធ្លី និង​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់​ដែល​សុទ្ធ​តែ​ជា​អ្នក​ទោស​នយោបាយ ហើយ​ចុង​ក្រោយនេះ​បាន​បន្ទន់​ឥរិយាបថ តាមរយៈ​ការ​ចេញ​វិធានការណ៍​ដែល​របប​នេះ​ហៅថា ជា «​ការពង្រីក​លំហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល​» ឡើងវិញ​។ ក្រុម​អ្នកវិភាគ​យល់ថា ចំណាត់ការ​បន្តិចបន្តួច​ទាំងនេះ គ្រាន់តែ​ជា​ល្បិច​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​សម្ពាធ​ពី​អន្តរជាតិ​តែប៉ុណ្ណោះ។

តើ​ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន និង​របប​របស់​លោក អាច​នឹង​ហែល​ឆ្លងកាត់​វិញ្ញាសា​នៃ​សម្ពាធ​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប ដែល​នឹង​ត្រូវ​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» និង​សហរដ្ឋ​អាមេរិក ដែល​នឹង​ត្រូវ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​របប​លោក ហ៊ុន សែន បាន​ដែរ​ឬទេ​? តើ​ក្រុម​អ្នកនយោបាយ​ខ្មែរ អាច​នឹង​យក​ពាក្យ «​បង្រួបបង្រួម​ជាតិ​» មក​ប្រើ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ដោយ​តម្កល់​ផល​ប្រ​យោជន៍​ជាតិ​ជាធំ បាន​ដែរ​ឬទេ? តើ​ពលរដ្ឋ​ខ្មែរ ជាពិសេស​ក្រុម​លោក ស ខេង និង លោក សាយ ឈុំ នៅ​បន្ត​សម្ងំ​ស្ងៀម ឈរ​អោបដៃ​មើល​ឲ្យ​លោក ហ៊ុន សែន សម្រេច​ផែនការ​ប្រចាំ​ត្រកូល ដាក់​លោក ហ៊ុន ម៉ាណែត ឲ្យ​ឡើង​បន្ត​ធ្វើជា​អនាគត​នាយករដ្ឋមន្ត្រី​ជំនួស​លោក​បាន​ដែរ​ឬទេ​? តើ​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង អាច​បន្ត​រក្សា​ជំហរ​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ខណៈ​លោក ហ៊ុន សែន បាន​រៀបចំ​របប​ខុសច្បាប់​ចេញពី​ការបោះឆ្នោត​ក្លែងក្លាយ​រួច​ហើយ​នោះ បាន​ឬទេ ឬក៏​ពួកគេ​នឹង​ត្រូវ​បែកបាក់​គ្នា ហើយ​បន្ត​ចាញ់បោក​លោក ហ៊ុន សែន ម្ដង​ជា​ពីរ​ដង​ទៀត​នៅ​ឆ្នាំ២០១៩ នេះ​? ប្រសិនបើ​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដើរ​ខុស​ម្ដង​នេះ អនាគត​នយោបាយ​របស់​ពួកគេ ទំនងជា​នឹង​ត្រូវ​បញ្ចប់ ព្រោះ​ពួកគេ​បាន​ត្រឹម​តែ​បន្ត​ជួយ​លែង​ល្បែង​លម្អ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ គេ​ត្រូវ​រង់ចាំ​អ៊ុត​មើល​បន្ត​ទៀត ព្រោះថា​មានតែ​ពេលវេលា​ទេ ដែល​អាច​ផ្ដល់​ចម្លើយ​លើ​រាល់​បញ្ហា​ទាំងអស់​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល