លោក ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរ​ជួយ​សម្រួល​សកម្មភាព​របស់​បក្ស​នយោបាយ

ដោយ វ៉ែន សុមេធ
2018.05.07
ហ៊ុន សែន ៦២២ ២០១៧ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ​ទី ០៧ ឧសភា នេះ អំពាវនាវ​ដល់​អាជ្ញាធរ​ទាំងអស់ ជួយ​សម្រួល​ដល់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​នីមួយៗ។ ការ​អំពាវនាវ​នេះ​ធ្វើឡើង ក្រោយ​ពេល​អាជ្ញាធរ​ក្រុងភ្នំពេញ​នៃ​របប​របស់​លោក ទើបតែ​បាន​ប្រកាស​ពី​ការ​ហាមឃាត់​មិន​ឱ្យ​មានការ​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ទីតាំង​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បញ្ហា​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​វាយតម្លៃ​ថា ជា​ការ​បំបិទ​សិទ្ធិ​ធ្ងន់ធ្ងរ។

កិច្ចការ​មួយ​ចំនួន​ដែល មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ​នោះ មាន​ដូចជា ការ​ចុះ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដើម្បី​បង្កើត​បក្ស​នយោបាយ ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បក្ស​ដែល​ទើប​បង្កើត​ថ្មី ការសម្រួល​ឱ្យ​មាន​ការ​ជួបជុំ​សកម្មជន​តាម​មូលដ្ឋាន ការ​លើក​ស្លាក​គណបក្ស និង​តម្រូវការ​ផ្សេងៗ​ទៀត។

លោក​អះអាង​ថា នេះ​ជា​លំហ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា។ «»

នេះ​ជា​លើកទីមួយ​ហើយ ដែល​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែល​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ឱ្យ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​របស់​គណបក្ស​កាន់អំណាច កាលពី​ចុង​ឆ្នាំ ២០១៧ កន្លងទៅ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​ការ​បើកផ្លូវ​ឱ្យ​ក្រុម​គណបក្ស​នយោបាយ​ដែល​ពុំ​សូវ​មាន​សក្ដានុពល និង​ការ​គាំទ្រ​ពី​ពលរដ្ឋ ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​ចំនួន​ច្រើនតែ​ប៉ុណ្ណោះ។ «»

អ្នកឃ្លាំមើល​សង្គម​រូប​នេះ ជឿជាក់​ថា បទបញ្ជា​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ទំនងជា​មិន​អាច​អនុវត្ត​បាន​ពេញលេញ​នោះ​ទេ ដ្បិត​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ជាពិសេស អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បាន​ធ្លាប់​ខ្លួន ឬ​ញៀន​នឹង​ការ​តាម​រំខាន និង​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ដទៃ​ក្រៅពី​បក្ស​កាន់អំណាច​រួច​ទៅ​ហើយ។ «»

នៅមុន​ការប្រកាស​របស់​លោក ហ៊ុន សែន នេះ​ប៉ុន្មាន​ថ្ងៃ អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង ទើបតែ​បាន​ដាក់​ចេញ​នូវ​បទបញ្ជា ហាមឃាត់​មិន​ឱ្យ​គណបក្ស​នយោបាយ​ប្រមូល​ផ្តុំ និង​ដង្ហែ​ក្បួន​ឃោសនា​ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ពេល​ខាងមុខ នៅ​តាម​ដង​ផ្លូវ និង​ទីតាំង​សំខាន់ៗ​ភាគច្រើន ក្នុង​រាជធានី​ភ្នំពេញ។

ផ្លូវ​សំខាន់ៗ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ហែ​ក្បួន​ឆ្លងកាត់​នោះ រួមមាន កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​វិមានឯករាជ្យ ដល់​ស្តុប​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មហាវិថី​សហព័ន្ធ​រុស្សី កំណាត់​មហាវិថី​ព្រះមុនីវង្ស ចាប់ពី​ស្តុប​បេកាសេ ដល់​ស្តុ​ប​អតីត​មន្ទីរពេទ្យ​ចិន កំណាត់​មហាវិថី​ព្រះសីហនុ ចាប់ពី​នាគ​បាញ់​ទឹក​ផ្លូវ​សុធារស ដល់​ស្តុប​អតីត​មន្ទីរពេទ្យ​ចិន កំណាត់​មហាវិថី​ម៉ៅ​សេទុង ចាប់ពី​ស្តុប​ចេនឡា ដល់​ស្តុប​ទេពផន កំណាត់​ផ្លូវ​ទេពផន ចាប់ពី​កែង​ស្តុប​មហាវិថី​ព្រះមុនីវង្ស ដល់​ស្តុប​នាងគង្ហីង កំណាត់​វិថី​សុធារស ចាប់ពី​កែង​ផ្លូវ​លេខ ១៥៤ ដល់​មហាវិថី​ព្រះសីហនុ និង​មហាវិថី​ព្រះ​សុរាម្រិត ព្រមទាំង​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង។

ចំណែក ទីប្រជុំជន​ដែល​អាជ្ញាធរ​ហាម​មិន​ឱ្យ​ប្រមូល​ផ្តុំ​ឃោសនា និង​ហែ​ក្បួន រួមមាន ផ្សារ​ធំថ្មី ផ្សារ​អូរឫស្សី ផ្សារ​អូឡាំពិក ផ្សារ​ទួល​ទំពូង ផ្សារ​ដេប៉ូ និង​ផ្សារ​ដើមគរ។ រីឯ​ទី​សាធារណៈ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ប្រមូល​ផ្តុំ​ឃោសនា​វិញ​នោះ មាន​ដូចជា សួន​ព្រះបរមរាជវាំង ទីធ្លា​ព្រះមេរុ សួន​មុខ​វត្ត​បុទុមវតី ទីតាំង​វិមានឯករាជ្យ និង​សួនច្បារ​វិមានឯករាជ្យ​ទាំងមូល ទីធ្លា​រូបសំណាក​លោកយាយពេញ សួនច្បារ​លោកតា​ក្រម ង៉ុយ និង​សួនច្បារ​លោក ហ៊ុន សែន។

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត លោក យឿង សុធា​រ៉ា ថ្លែង​ថា តម្រាយ​ផ្លូវ និង​ទីតាំង ដែល​អាជ្ញាធរ បាន​កំណត់​នេះ គ្រប​ដណ្តប់​ស្ទើរតែ​ពេញ​រាជធានី​ភ្នំពេញ​ទៅ​ហើយ។ លោក​បន្ត​ថា នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ថ្មី​ទៀត បន្ថែម​ពីលើ​ច្បាប់បោះឆ្នោត​ថ្មី​ដែល​ចែង​កំហិត​លើសលប់​រួចទៅ​ហើយ អំពី​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ។ លោក​បន្ត​ថា ការ​ដាក់​កំហិត​របស់​អាជ្ញាធរ​នេះ បង្កើត​ឱ្យ​មាន​ភាព​មិន​ស្មើគ្នា​រួច​ទៅ​ហើយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច និង​គណបក្ស​ដទៃ​ផ្សេងទៀត។ «»

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នៃ​រដ្ឋសភា នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី៧ ដល់ទី ២៧ ខែ​កក្កដា​ខាងមុខ ខណៈ​ការបោះឆ្នោត​នឹង​ត្រូវ​ធ្វើឡើង នៅ​ថ្ងៃអាទិត្យ​ទី ២៩ កក្កដា។ នៅ​ខណៈ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) កំពុង​ដំណើរការ​ចុះបញ្ជី​គណបក្ស និង​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត។ មាន​គណបក្ស​មួយ​ចំនួន​បានសម្រេច​ចិត្ត​ធ្វើ​ពហិការ​មិន​ចូលរួម​ការបោះឆ្នោត ដូចជា អតីត​គណបក្ស​សមរ ង្ស៊ី គឺ​គណបក្ស​ភ្លើងទៀន គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​អំណាច​ខ្មែរ​ជាដើម ចំណែក​បក្ស​មួយ​ចំនួន​ទៀត​បាន​ចុះបញ្ជី​រួចហើយ ដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា រីឯ​គណបក្ស​ជាច្រើន​ទៀត​កំពុង​បំពេញ​សំណុំ​បែបបទ​ដាក់​ទៅ គ..ប។

ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ កំពុង​រង​ការរិះគន់​ពី​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ថា ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​ឡើយ ដោយសារ​មិន​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ដោយសារ​របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្ស​នេះ​រួច​ទៅ​ហើយ នៅ​មុន​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​បាន​មក​ដល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។