សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​អំពាវនាវ​ដល់​ពលរដ្ឋ​ទៅ​​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន

ដោយ សុ ជីវី
2022.05.19
សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​អំពាវនាវ​ដល់​ពលរដ្ឋ​ទៅ​​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន អ្នកទោសនយោបាយ លោក កាក់ កុម្ភារ (នៅខាងឆ្វេង ) យកមកកាត់ទោសនៅសវនាការ​នៃសាលាដំបូងរាជធានី
រូប៖ ហ្វេសប៊ុក Ah Pov

សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​​​នៅ​ពន្ធនាគារ​ព្រៃ​ស​បាន​​ផ្ញើ​លិខិត​មួយ​ច្បាប់​អំពាវនាវ​ដល់ ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ទាំង​អស់​ទាំង​​គ្នា​នៅ​ថ្ងៃ​ទី​០៥ ខែ​មិថុនា​ ខាង​មុខ​​ ដើម្បី​ផ្លាស់​ប្ដូរ​​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន ដោយ​សន្តិវិធី។​ ពួកគេ​ក៏​ ស្នើ​ទៅ​ពលរដ្ឋ​​​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន​ផង​ដែរ។​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត​ យល់​ថា​ លិខិត​អ្នក​ជាប់​ឃុំ​​នេះ​ជា​សេរីភាព​បញ្ចេញ​មតិ​ និង​ជា​ការ​ជំរុញ​ទៅ​ពលរដ្ឋ​ឲ្យ​ចូលរួម​បោះឆ្នោត​​​ដែល​ស្រប​ទៅ​នឹង​ច្បាប់​។

ក្រុម​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ​លើកឡើង​ថា​ ការបោះឆ្នោត​​ខាង​មុខ​ជា​ការ​បើក​ឱកាស​ផ្ដល់​សិទ្ធិ​ដល់​​ពលរដ្ឋ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ ​​​ឬ​ផ្លាស់​ប្ដូរ​​មេដឹកនាំ​ ដោយ​សន្តិវិធី អហិង្សា បញ្ចៀស​សង្គ្រាម​ រំលត់​សង្គ្រាម​ និង​​បញ្ចប់​​សង្គ្រាម​បង្ហូរ​ឈាម​​។​ លិខិត​របស់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ចុះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ ​ប្រាប់​ទៅ​ពលរដ្ឋ​ កុំ​ឲ្យ​ចាញ់​បោក​អ្នក​នយោបាយ​ដែល​​តែងតែ​គំរាមកំហែង​ សំឡុត​ បំភ័យ​ថា​ បើ​ខ្លួន​គេ​ចាញ់​ឆ្នោត​​​នឹង​ផ្ទុះ​សង្គ្រាម ត្បិត​ការ​សំឡុត​ បំភ័យ​នោះ​គឺ​មិន​ពិត​ទេ​។​

សកម្មជន​នយោបាយ​ដែល​ជាប់​ឃុំ​ព្រោះ​រឿង​នយោបាយ​ទាំង​នោះ​អំពាវនាវ​ដល់ ​ជន​រួម​ជាតិ​ខ្មែរ​​ទៅ​បោះឆ្នោត​តាម​ឆន្ទៈ​ និង​សម្បជញ្ញៈ​ របស់​ខ្លួន​។​ ពួកគេ​លើកឡើង​ទៀត​ថា​ ក្នុង​ចំណោម​គណបក្ស​ទាំង​១៧​ដែល​ចូលរួម​​ការប្រកួតប្រជែង​ការបោះឆ្នោត​ គឺ​គណបក្ស​ភ្លើងទៀន​ ​ដែល​មាន​កម្លាំង​នយោបាយ​គ្រប់គ្រាន់​ ក្នុង​ការ​ជួយ​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​ ស្ដារ​ប្រព័ន្ធ​យុត្តិធម៌​ និង​ធ្វើ​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ពិត​ប្រាកដ​។​

ប្រពន្ធ​មន្ត្រី​​គណបក្ស​សង្គ្រោះជាតិ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា​ ដែល​ប្ដី​លោកស្រី​​បាន​ហត្ថលេខា​លើ​លិខិត​​ដែរ​នោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី១៨ ខែឧសភា ថាប្ដីលោកស្រី​ ចង់​ឃើញ​ពលរដ្ឋ​​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទៅ​បោះឆ្នោត​ទាំង​អស់​គ្នា​។​ លោកស្រី​យល់ថា​ ប្ដី​លោក​ស្រី​ និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​រំពឹង​ថា​​ ក្រោយ​ការ​បោះឆ្នោត នៅ​ពេល​ដែល​គណបក្ស​ភ្លើងទៀន​ឈ្នះ​ឆ្នោត​ ឬ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ នឹង​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​៖ «​នឹង​អាច​មាន​ការ​ចរចា​​ឬ​ក៏​យ៉ាងណា​មិញ​​ដំណោះស្រាយ​នយោបាយ​ នឹង​បញ្ចប់​វិបត្តិ​នយោបាយ​ក្នុង​ពេល​ឆាប់ៗ​នេះ​សំខាន់​គណបក្ស​ភ្លើងទៀន​​ នឹង​អាច​​​មាន​សំឡេង​ច្រើន​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​ចរចា​​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ឬ​​​ក៏​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ព្រោះ​សំខាន់​ឥឡូវ​នេះ​គំនាប​ផ្នែក​នយោបាយ​អញ្ចឹង​​ត្រូវ​ដោះស្រាយ​​តាម​ប្រព័ន្ធ​នយោបាយ​ មិនមែន​ប្រព័ន្ធ​តុលាការ​ទេ​​​​ »

នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ក្រុម​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ ព្រោះ​រឿង​នយោបាយ​​តែង​បាន​ផ្ញើ​សំបុត្រ​ចេញ​ពី​ពន្ធនាគារ​ ​ដោយ​ស្នើ​ឲ្យ​មាន​គោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ជាដើម។​

ទាក់ទង​ករណី​នេះ​ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ​ ឥសាន​ បាន​ទេ​នៅ​ថ្ងៃ​ទី១៨​ ខែ​ឧសភា ​។​

ដោយឡែក អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ លើកឡើង​ថា​ លិខិត​អ្នក​ជាប់​ឃុំ​ គឺ​ដូច​ទៅ​នឹង​ពលរដ្ឋ​ទូទៅ​ដែរ​ ក្នុង​ការ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត​។​ ទោះ​យ៉ាងណា​ លោក​ថា​ ចំពោះ​ការ​អំពាវ​​របស់​​អ្នក​ជាប់​ឃុំ​ស្នើ​ទៅ​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ភ្លើងទៀន គឺ​ធ្វើ​ឡើង​​​មុន​​កាល​បរិច្ឆេទ​នៃ​ការ​ឃោសនា​បោះឆ្នោត​ ហើយ​ទង្វើបែបនេះគឺ​​ជា​ការ​ខុស​ឆ្គង​ទៅ​នឹង​ច្បាប់​បោះឆ្នោត​​ ប៉ុន្តែ​លោក​ថា​ គ..ប​ គ្មាន​សមត្ថកិច្ច​​​ចោទ​ប្រកាន់​​នោះ​ទេ ដែល​ការ​សម្រេច​បែប​ណា​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ៖ «​ការ​ព្យាយាម​ឃោសនា​ ណាមួយ​ដែល​ប្រកាស​ជា​សាធារណ​នោះ​ជា​ការ​ខុស​ឆ្គង​នឹង​ច្បាប់​ឆ្នោត​ហើយ​បាទ​ គជប​ រៀបចំ​ និង​ទទួល​ខុស​ត្រូវ​លើ​​ស្ថានភាព​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ អញ្ចឹង​ ការ​បរិច្ឆេទ​​នៃ​ការ​ឃោសនា​បោះឆ្នោត​គឺ​មិនមែន​ពេល​នេះ​ទេ​បាទ»

ចំណែក​​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា​ និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ថា លិខិត​អ្នក​ជាប់​ឃុំ​នេះ​ ​ជា​ការ​លើក​ទឹកចិត្ត​ដល់​​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ដើម្បី​មាន​ឲ្យ​ការ​ផ្លាសប្ដូរ​មួយ​​​ដោយ​វិជ្ជមាន។​ លោក​បន្ត​ថា​ ការ​លើកឡើង​របស់​អ្នក​ជាប់​ឃុំ​ស្នើ​ទៅ​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ភ្លើងទៀន មិន​ខុស​ទៅ​នឹង​ច្បាប់​ឆ្នោត​ឡើយ​ហើយ​គ្រាន់​តែ​​​ជា​​ការ​ផ្ដល់​យោបល់​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ប៉ុណ្ណោះ៖ «​នេះ​ជា​ការ​សំដែង​មតិ​ ការ​ផ្ដល់​យោបល់​ទៅ​ឲ្យ​ម្ចាស់​ឆ្នោត​ទេ​ គ្មាន​ពាក់ព័ន្ធ​អី​គ្នា​ទេ​ គ្រាន់​តែ​ពួកគាត់​ស្រលាញ់​គោលនយោបាយ​ភ្លើងទៀន​អញ្ចឹង​ទៅ​​​គាត់​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ភ្លើងទៀន​​អញ្ចឹង​ទៅ​បាទ​ »

យុទ្ធនា​ការ​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ខាង​មុខ មាន​រយៈ ១៤ថ្ងៃ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែ​មិថុនា​ខាង​មុខ។ ទោះ​យ៉ាង​ណា​ កន្លង​មក​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ពេល​ថ្លែង​ជា​សាធារណ​ម្ដងៗ​ តែង​ស្នើ​ទៅ​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ មិន​ដែល​​រំលឹក ឬ​ព្រមាន​លោក​ ហ៊ុន​ សែន​ ថា​ ឃោសនា​​​ខុស​ច្បាប់​ម្ដង​ណា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។