អ្នកនយោបាយ​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​បក្ស​កាន់​អំណាច​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ

ដោយ សេក បណ្ឌិត
2023.08.02
អ្នកនយោបាយ​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​បក្ស​កាន់​អំណាច​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ (អាវពណ៌ស្លាទុំ) ជា​រូបអ្នកទោសនយោបាយ ក្នុង​ចំណោម ៣៩នាក់ ដែល​ឆ្នាំពន្ធនាគារ​ដឹក​មក​ចូលរួមសវនាការ នៅ​សលាដំបូងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០២២។
រូបពីពលរដ្ឋ

អ្នកនយោបាយ​បក្ស​ប្រឆាំង​និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ទៅ​គណបក្ស​កាន់​អំណាច​គួរ​ដោះ​លែង​អ្នក​ទោស​នយោបាយ ដើម្បី​បង្ហាញ​ការ​ផ្សះផ្សា​ជាតិ និង​ការ​កែលំអ​ប្រជាធិបតេយ្យ​ឡើង​វិញ។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​បក្ស​កាន់អំណាច​ថា រដ្ឋាភិបាល​ថ្មី​ដែល​គ្រប់គ្រង​ដោយ​នាយករដ្ឋមន្ត្រី​ថ្មី គឺ​លោក ហ៊ុន ម៉ាណែត នៅតែ​រក្សា​ជំហរ​ចាស់​ដូច​លោក ហ៊ុន សែន ដដែល គឺ​គ្មាន​ការ​ដោះលែង​អ្នកទោស​មនសិការ​ឡើយ។

អ្នកនយោបាយ​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ថ្លែង​ថា គួរ​ដល់​ពេល​គណបក្ស​កាន់អំណាច​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​ហើយ ក្រោយ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ដោយ​គ្មាន​គូ​ប្រកួតប្រជែង​ពិត​ប្រាកដ​ចូលរួម​ការ​បោះ​ឆ្នោត កាលពី​ពេល​ថ្មីៗ នេះ។ ពួក​គេ​ថា ប្រសិនបើ​គណបក្ស​កាន់​អំណាច ផ្ដល់​សេរីភាព​ដល់​អ្នក​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ និង​អ្នក​ទោស​មនសិការ​ផ្សេងៗ ទៀត​ គឺ​ជា​ការ​បង្ហាញ​គំរូ​ថ្មី និង​របៀប​ដឹកនាំ​ប្រទេស​ថ្មី​របស់​អ្នក​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន លើកឡើង​ថា ការ​សាង​ប្រទេស​បាន​រីកចម្រើន មាន​តែ​ខ្មែរ​គ្រប់​ភាគី​ត្រូវរ៉ូវ​គ្នា។

លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា នៅ​ពេល​នេះ​សូម្បី​មេដឹកនាំ​យោធា​ភូមា ក៏​បាន​លើកលែង និង​ដោះលែង​អ្នក​ទោស​នយោបាយ​នៅ​ប្រទេស​នេះ​ដែរ ដូច្នេះ​លោក រ៉ុង ឈុន យល់​ថា រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា គួរ​បើក​ចិត្ត​ទូលាយ​ដោះលែង​អ្នកទោស​នយោបាយ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បន្ត​ទៀត​ថា ប្រសិនបើ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ គឺ​ជា​ការ​ចាប់​ផ្ដើម​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​មក​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ផ្លូវ​វិជ្ជមាន​ឡើង​វិញ។

លោក រ៉ុង ឈុន៖ «ឥឡូវ​ភូមា​ជា​សញ្ញា​មួយ​ជា​សារ​ថ្មី​មួយ​ហើយ​យើង​ចង់​ឃើញ​កម្ពុជា​យើង​មាន​ការ​លើកលែង​ទោស​ដូច​ភូមា​អ៊ីចឹង​ដែរ រាល់​ឥស្សរជន​នយោបាយ​ក៏​ដូច​សកម្មជន​នយោបាយ​ត្រូវ​ដោះលែង ក៏​ដូច​សកម្មជន​ស៊ីវិល មេ​សហជីព​ទទួល​បាន​ការ​លើកលែង​ទោស ក៏​ដូច​ជា ទទួល​បាន​សេរីភាព​ទាំង​អស់​គ្នា»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ លើកឡើង​ថា ប្រសិនបើ​អ្នក​នយោបាយ​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​ដឹកនាំ​រដ្ឋាភិបាល​នា​ពេល​ខាង​មុខ​នេះ លើកលែង​ទោស​ដល់​អ្នក​ទោស​មនសិការ​នោះ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​មេដឹកនាំ​មាន​ចិត្ត​គំនិត​ទូលំទូលាយ​ជាង​ឪពុក។ លោក​បន្ត​ថា ពេល​នេះ​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ កំពុង​រង់ចាំ​មើល​ការ​អនុវត្ត​របស់​មេដឹកនាំ​ថ្មី​នៃ​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ។

លោក កើត សារ៉ាយ៖ «ខ្ញុំ​ជឿ​ថា សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​មក​ដល់​ពេល​នេះ ក៏​មិន​មាន​អ្នក​ណា ចង់​ឃើញ​ប្រទេស​កម្ពុជា វិវឌ្ឍ​ទៅ​រក​ស្ថានភាព​ដែល​តានតឹង ដែល​ខ្មែរ និង​ខ្មែរ​មិន​អាច​ជជែក​ចរចា​គ្នា​បាន​ទេ ហើយ​នេះ​ខ្ញុំ​គិត​ថា ប្រសិន​បើ​មេដឹកនាំ​ខាង​មុខ​គាត់​អាច​បង្ហាញ​ពី​ចិត្ត​ទូលាយ​នៅ​ក្នុង​ការ​ស្ដារ​ស្ថានភាព​នេះ​បាន​ជា​កិត្យានុភាព​មួយ​ដ៏​សំខាន់​ណាស់​ដែល​គាត់​នឹង​ត្រូវ​ទទួល​បាន​បាទ»

អ្នកនយោបាយ​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ដូច្នេះ ក្រោយ​ពេល​រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា លើកលែង​ទោស​ខ្លះ​ដល់​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​អ្នកស្រី អ៊ុង សានសូជី (Aung San Suukyi) និង​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង ៧ពាន់​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ។ ចំណែក​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​ជិត ៤០ឆ្នាំ​មក​នេះ កំពុង​ឃុំ​ខ្លួន​អ្នក​ទោស​មនសិការ​រាប់​សិប​នាក់​ក្នុង​ពន្ធនាគារ និង​គេហដ្ឋាន។ អ្នក​ជាប់​ឃុំ​ទាំង​នោះ រួម​មាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កំពុង​អនុវត្ត​ទោស​នៅ​ក្នុង​ផ្ទះ ចំណែក​ឯ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា និង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទាំង​អយុត្តិធម៌។ របាយការណ៍​ប្រចាំថ្ងៃ​របស់​អង្គការ​លីកាដូ បង្ហាញ​ថា សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ឃុំ​ខ្លួន​អ្នក​ទោស​មនសិការ​ចំនួន ៥៣នាក់ ដាក់​ពន្ធនាគារ ក្នុង​នោះ​អ្នក​នយោបាយ​ចំនួន ២៥នាក់ សកម្មជន​ដីធ្លី ២៧នាក់ និង​មន្ត្រី​សហជីព​ម្នាក់។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រវល់​ក្នុង​ការ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី ដូច្នេះ​គណបក្ស គ្មាន​ពេល​វេលា​គិត​រឿង​ដោះលែង​អ្នក​ទោស​នយោបាយ​ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ប្រជាជនកម្ពុជា ដឹកនាំ​ដោយ​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត តែ​គណបក្ស​នេះ​នៅតែ​រក្សា​ជំហរ​ដដែល គឺ​អនុវត្ត​ច្បាប់​លើ​ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​​។

លោក សុខ ឥសាន៖ «ការ​អនុវត្ត​ច្បាប់​នៅតែ​អនុវត្ត​ច្បាប់​ដដែល អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​នៅតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដដែល​ទេ។ រឿង​ភូមា​ជា​រឿង​ដោយ​ឡែក រឿង​កម្ពុជា​ជា​រឿង​ដោយ​ឡែក​សភាព​ការណ៍​ខុស​គ្នា​លក្ខណៈ​សម្បត្តិ​ខុស​គ្នា អ៊ីចឹង​មិន​អាច​យក​របស់​ណា ដែល​ចំណេញ​ផ្ទាល់​ខ្លួន​ទៅ​ប្រៀប​ធៀប ដើម្បី​ចំណេញ​ខ្លួន​ឯង​នោះ​ទេ ច្បាប់​យើង​យើង​ធ្វើ​តាម​ច្បាប់​កម្ពុជា ច្បាប់​ភូមា​គេ​ធ្វើ​តាម​ច្បាប់​ភូមា»

បើទោះជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ ក្រុម​អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ និង​រិះគន់​ថា រដ្ឋាភិបាល​នេះ តែងតែ​យក​ប្រព័ន្ធ​តុលាការ​មក​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង និង​អ្នក​នយោបាយ ដែល​មាន​ទស្សនៈ​មិន​ស្រប​នឹង​គណបក្ស​កាន់អំណាច។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ចាប់តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១៨ និង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៣ កក្កដា កាល​ពី​ពេល​ថ្មីៗ នេះ​សហគមន៍​អន្តរជាតិ នៅតែ​រិះគន់​រដ្ឋាភិបាល រឿង​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ​ដដែល។ លោក​យល់​ថា រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គួរ​ពិនិត្យ​ឡើង​ករណី​នេះ​ឡើង​វិញ និង​គួរ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​ដឹកនាំ​ប្រទេស​នា​ពេល​ខាង​មុខ​នេះ ដោះ​ស្រាយ​រឿង​នេះ​បាន​ល្អ គឺ​រដ្ឋាភិបាល​ក៏​នឹង​ទទួល​បាន​ផល​ចំណេញ ហើយ​លោក ហ៊ុន ម៉ាណែត ផ្ទាល់​អាច​នឹង​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ ឬ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍។

លោក ស៊ឹង សែនករុណា៖ «អ្នកដឹកនាំ​ថ្មី​បើសិនជា​មាន​ឆន្ទៈ​ចង់​ស្ដារ​មុខមាត់​ប្រទេស​ឡើង​វិញ​ ដោយ​អាច​រួចផុត​ពី​ការ​រិះគន់​ ពី​ការ​ដាក់​សម្ពាធ​នានា​ពី​សហគមន៍​អន្តរជាតិ​នោះ​គួរតែ​មាន​ការ​ពិនិត្យ​មើល​ទៅ​លើ​លទ្ធភាព​នៃ​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស ឬ​ក៏​ស្ថានភាព​នៃ​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ឬ​ក៏​ប្រជាធិបតេយ្យ​ទាំង​អស់​នេះ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​វិញ»

ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ​រៀបចំ​ការបោះឆ្នោត​ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ជា​លើក​ទី២​ កាល​ពី​ថ្ងៃ​ទី២៣ កក្កដា សហគមន៍​អន្តរជាតិ នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​បណ្ដើរៗ លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទោះ​យ៉ាង​ណា​ក្ដី ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត ហាក់​កំពុង​រង់ចាំ​មើល​ទង្វើ​របស់​រដ្ឋាភិបាល​នៃ​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ​ជា​មុន​សិន មុន​នឹង​ពួក​គេ​សម្រេច​ដាក់​ទណ្ឌកម្ម​បែប​ណា​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ដឹកនាំ​ប្រទេស​ប្រទេស​នៅ​ចុង​ខែ​សីហា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។