យុវជន​​ចង់​ឲ្យ​អ្នក​នយោបាយ​ជជែក​ដេញ​ដោល​គ្នា​ជា​សាធារណៈ

ដោយ វណ្ណ វិចារ
2015.01.24
​គេហទំព័រ ៦២០ ​គេហទំព័រ http://www.politikoffee.com។
Screenshot

យុវជន​មួយ​ក្រុម​មាន​មហិច្ឆតា ចង់​ឲ្យ​អ្នកនយោបាយ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ។ នេះ​ជា​បំណង​របស់​វេទិកា​យុវជន​មួយ ឈ្មោះថា កាហ្វេ​នយោបាយ​។ ក្រុម​យុវជន​ទាំងនេះ រំពឹង​ថា ពួកគេ​នឹង​អាច​ជំរុញ​ឲ្យ​អ្នកនយោបាយ ពី​គ្រប់​មជ្ឈដ្ឋាន​លុបបំបាត់​វប្បធម៌​ឃោសនា​បែប​ប្រជាភិថុតិ ហើយ​បែរ​មក​ជជែក​ដេញដោល​គ្នា​ពី​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​វិញ។

យុវជន​កាហ្វេ​នយោបាយ សង្ឃឹមថា​គេហទំព័រ​របស់​ខ្លួន នឹង​ក្លាយ​ជា​ទីលាន​ប្រកួតប្រជែង​គំនិត​របស់​អ្នកនយោបាយ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​សំណាក់​យុវជន។ គេហទំព័រ​ផ្លូវការ​នេះ​សម្ពោធ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ដោយ​ចងក្រង​ប្រមូល​គំនិត របស់​យុវជន​ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ស្ថាបនិក​កាហ្វេ​នយោបាយ​រំពឹង​ថា គេហទំព័រ​ផ្ដុំ​គំនិត​យុវជន​នេះ នឹង​ក្លាយ​ជា​ឧបករណ៍​ត្រួស​ត្រាយផ្លូវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ ហ៊ាន​ចេញមុខ​ជជែក​វែកញែក តទល់​គ្នា​ជា​ចំហ​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ជាជាង​វាយប្រហារ ជេរ​បញ្ចោរ​គ្នា ទៅវិញទៅមក​នោះ។

អ្នក​សម្របសម្រួល និង​ជា​ស្ថាបនិក​កាហ្វេ​នយោបាយ យុវជន អ៊ូ រិទ្ធី មានប្រសាសន៍ថា ប្រទេស​កម្ពុជា​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​ជាង​២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បេក្ខជន​នាយករដ្ឋមន្ត្រី ពី​គ្រប់​គណបក្ស​មិនដែល​ជជែក​ដេញដោល​គ្នា ជា​សាធារណៈ​ឲ្យ​រាស្ត្រ​ឃើញ​ពី​សមត្ថភាព និង​ទស្សនវិស័យ​របស់​មគ្គុទ្ទេសក៍​ទាំងនោះ​ម្ដង​ណា​សោះ​។ លោក​បន្ត​ថា ក្រុម​យុវជន​កាហ្វេ​នយោបាយ នឹង​ព្យាយាម សរសេរ​អត្ថបទ​បង្ហាញ គំនិត​អភិវឌ្ឍ​ជាតិ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ពិសេស​ជំរុញ​ឲ្យ​អ្នកនយោបាយ ហ៊ាន​ប្រកួតប្រជែង​គ្នា​ប្រកបដោយ​ក្រមសីលធម៌ ឈរ​លើ​ចំណេះដឹង។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុមការងារ​ចរចា​កែទម្រង់​ការបោះឆ្នោត​បក្ស​ប្រឆាំង លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍ថា គណបក្ស​សង្គ្រោះជាតិ ស្វាគមន៍​បំណង​បង្កើត​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ដេញដោល​នេះ ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា នឹង​ដាក់​គំនិត​នេះ​ចូល​ក្នុង​របៀបវារៈ នៃ​ការកែទម្រង់​ការបោះឆ្នោត​ឬ​អត់​នោះ​ឡើយ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍ថា ក្រុម​ការងារ​កែទម្រង់​ការបោះឆ្នោត​របស់​សង្គម​ស៊ីវិល នឹង​បញ្ចូល​ចំណុច​ដេញដោល​គ្នា​របស់​បេក្ខជន​គណបក្ស​នានា​នោះ ស្នើ​ជា​ផ្លូវការ​ទៅកាន់​គណបក្ស​ទាំងពីរ។

កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ លោក កឹម សុខា អនុប្រធាន​បក្ស​ប្រឆាំង​ប្រកាស​ច្រើនដង​ច្រើន​សារ​ស្នើ​ឲ្យ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចូល​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ ដើម្បី​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន ក្នុង​កិច្ច​អភិវឌ្ឍន៍​ជាតិ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​តប​វិញ​ថា វេទិកា​ជជែក​ដេញដោល​បែបនេះ​មិន​ចាំ​បាច់​សម្រាប់​កម្ពុជា​ឡើយ។

ទោះជា​បែប​ណា​ក្ដី គណបក្ស​ទាំងអស់​បាន​បញ្ជូន​យុវជន ឲ្យ​ចូលរួម​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ ពី​បញ្ហា​នានា​ក្នុង​សង្គម​រួច​ហើយ កាលពី​ការបោះឆ្នោត​លើក​មុន តែ​កម្មវិធី​នេះ​ជា​កម្មវិធី​ចង្អៀត ដែល​រៀបចំឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ប៉ុណ្ណោះ។

យ៉ាងណា​មិញ​ដើម្បី​សម្រេច​គោលបំណង បង្កើត​វេទិកា​ដេញដោល​ជា​សាធារណៈ​របស់​អ្នក​នយោបាយ​នេះ ក្រុម​យុវជន​ទាំងនោះ ដាក់​ចេញ​បេសកកម្ម​មួយ​ចំនួន រួមមាន៖ បង្កើន​ការ​យល់ដឹង​ពី​បញ្ហា​សង្គម ច្បាប់​នយោបាយ ពង្រឹង​វប្បធម៌​ពិភាក្សា​តស៊ូ​មតិ ជំរុញ​ឲ្យ​យុវជន​ចូលរួម​ឲ្យ​បាន​ច្រើន និង លើកកម្ពស់​សេរី​នៃ​ការ​បញ្ចេញមតិ តាមរយៈ​ការ​សរសេរ​អត្ថបទ។

នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​ផ្ដល់​ជំនួយ ក្នុង​ការ​បង្កើត​គេហទំព័រ​កាហ្វេ​នយោបាយ អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា អ្នកស្រី​សង្ឃឹម​ថា វេទិកា​របស់​យុវជន​នេះ​នឹង​មាន​ការ​គាំទ្រ​ពី​អ្នកនយោបាយ​និង​សាធារណជន ពី​គ្រប់​មជ្ឈដ្ឋាន។ អ្នកស្រី​បញ្ជាក់​ថា អ្នកនយោបាយ​គួរតែ​សិក្សា​ស្វែងយល់​ពី តម្រូវការ​យុវជន​ឲ្យ​បាន​ច្រើន​ដើម្បី​ចងក្រង​គោ​លន​បាយ​នានា​សម្រាប់​អភិវឌ្ឍន៍​ជាតិ។

បច្ចុប្បន្ន​វេទិកា​កាហ្វេ​នយោបាយ មាន​សមាជិក​ប្រមាណ​៣​រយ​នាក់ ក្នុង​នោះ​សមាជិក​សកម្ម​មាន ៥០​នាក់។ ការងារ​ចម្បង​របស់​យុវជន​ទាំងនោះ គឺជា​ការ​ជជែក​ពិភាក្សា​គ្នា ពី​បញ្ហា​សង្គម សេដ្ឋកិច្ច​នយោបាយ ជា​រៀងរាល់​សប្ដាហ៍ ព្រមទាំង​សរសេរ​អត្ថបទ​វិភាគ បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន យក​ទៅ​ផ្សព្វផ្សាយ​តាម​គេហទំព័រ http://www.politikoffee.com។ បច្ចុប្បន្ន​គេហទំព័រ​កាហ្វេ​នយោបាយ មាន​យុវជន​សរសេរ​អត្ថបទ​វិភាគ និង​បញ្ចេញ​ទស្សនៈ​ចំនួន​៥០​អត្ថបទ ដោយ បែង​ចែក​ទៅតាម​ផ្នែក​មួយ​ចំនួន​រួមមាន៖ នយោបាយ សេដ្ឋកិច្ច ការបរទេស និង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។