ពលរដ្ឋ​មួយ​ចំនួន​ថា​​ ហ៊ុន សែន ​​បញ្ចុះ​​តម្លៃ​​អគ្គិសនី​​មិន​​សូវ​​បាន​​ផល​​ដល់​​ពលរដ្ឋ​​ក្រីក្រ​​​

ដោយ សន ចាន់រដ្ឋា
2018-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
RFA/Mom Sophon

ប្រជាពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ក្រីក្រ​នឹង​មិន​ទទួល​បាន​ផលប្រយោជន៍​​​ពី​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​របស់​លោក​ ហ៊ុន សែន ​នោះ​ទេ ប្រសិន​បើ​ខាង​អគ្គិសនី​​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​​ធ្វើ​អាជីវកម្ម​ចែកចាយ​ភ្លើង​​ទៅ​ឲ្យ​​ពលរដ្ឋ​ដូច​សព្វថ្ងៃ​នោះ​។ពលរដ្ឋ​អះអាង​ថា​ សព្វ​ថ្ងៃ​ថ្វីត្បិត​តែ​តម្លៃ​អគ្គិសនី​ចុះ​ថោក​បន្តិច​​ ប៉ុន្តែ​ពួកគាត់​​នៅ​តែ​បង់​ប្រាក់​ច្រើន​ដដែល។

​​​​​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ម្នាក់​លោក ជា តុង​ហាន់​ ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​១៧​ធ្នូ​ថា លោក​ស្វាគមន៍​នឹង​គោលនយោបាយ​បញ្ចុះ​តម្លៃ​អគ្គិសនី​របស់​លោក​ហ៊ុន សែន​​​ ប្រសិន​បើ​តម្លៃ​អគ្គិសនី​​ចុះ​ថោក​ដូច​ការ​លើក​ឡើង​នោះ​។ ប៉ុន្តែ​លោក​អះអាង​ថា​​ក្រុម​ហ៊ុន​ឯកជន​ដែល​ធ្វើ​អាជីវកម្ម​ចែកចាយ​ភ្លើង​បន្ត​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​ ដែល​គីឡូ​ភ្លើង​ហាក់​ឡើង​ខ្ពស់​កាន់​តែ​ច្រើន​ដោយ​មិន​ដឹង​មូលហេតុ​ ព្រោះ​​ពួកគាត់​ប្រើ​ភ្លើង​ជា​ធម្មតា​ដូច​សព្វ​ដង​តែ​គីឡូ​ភ្លើង​ឡើង​ច្រើន​ជាង​សព្វ​ដង​ ប្រមាណ​ពី​១៥​ទៅ​២០​ភាគរយ​ឯណោះ៖ «ខ្ញុំ​មិន​ដឹង​មូលហេតុ​អី​បាន​​ថា​យ៉ាង​មិច​ បើ​យើង​សំណូម​ពរ​ឲ្យ​ខាង​អគ្គិសនី​ជួយ​ដោះស្រាយ​ឲ្យ​ភ្លើង​ គេ​ថា​កុងទ័រ​របស់​ជប៉ុន​ល្អ​បំផុត​ហើយ​ភ្លើង​កាល​ខ្ញុំ​នៅ​ផ្ទះ​ចាស់​អស់​ត្រឹម​តែ​១៨​ម៉ឺន​រៀល​អី​ទេ​ តែ​ឥឡូវ​ឡើង​ដល់​២៥​ម៉ឺន​ក្នុង​ខែ​ណោះ​។ខ្ញុំ​មិន​យល់​ដែរ​ដោយ​សារ​យើង​អត់​មាន​ជំនាញ​ខាង​នឹង»

ចំណែក​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ លោក វន វ័ន អះអាង​ថា​នៅ​តំបន់​ដែល​លោក​រស់​នៅ​ក៏​កុងទ័រ​​ភ្លើង​អគ្គិសនី​ដើរ​លឿន​​ខ្ពស់​ខុសប្រក្រតី​​ដែរ ដូច្នេះ​បើ​ទោះ​បី​ជា​លោក​ហ៊ុន សែន​បញ្ចុះ​តម្លៃ​អគ្គិសនី​ក៏​មិន​អាច​ជួយ​កាន់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ពួកគាត់​បាន​ដែរ ព្រោះ​មាន​បទពិសោធន៍​រួច​មក​ហើយ​ គឺ​នៅ​ពេល​ភ្លើង​ចុះ​ថោក​តែ​ពួកគាត់​​ត្រូវ​ចាយ​ប្រាក់​ថ្លៃ​អគ្គិសនី​ច្រើន​ជាង​ពេល​មុន​ទៀត​ផង៖ «បើ​និយាយ​ទៅ​ក្នុង​មួយ​ខែ​អស់​ពី​ ៣០​ទៅ​ជាង​ ៣០​គីឡូវ៉ាត់ ខុស​ពី​មុន​ដែល​ខ្ញុំ​ប្រើ​អស់​តែ​២៧​ទៅ​ ២៨​គីឡូវ៉ាត់​ទេ។ ខ្ញុំ​សូម​ធ្វើ​ឲ្យ​មិច​ឲ្យ​តែ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការ​ត​ភ្លើង​នឹង​ឲ្យ​មាន​ស្តង់ដារ​ ហើយ​សេវា​ថោក​ ទី​២​ កុងទ័រ​នឹង​ត្រូវ​តែ​ស្តង់ដារ​ បើ​សិន​ជា​យក​កុងទ័រ​តូច​មិន​មាន​ស្តង់ដារ​មក​ប្រើ​នៅ​តែ​មាន​បញ្ហា​ដដែល​នឹង»

លោក ហ៊ុន សែន​ អួត​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិធី​​​សម្ពោធ​បើក ឲ្យ​ប្រើប្រាស់​វារីអគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹង​ត្រែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ​ថា នៅ​សល់​តែ ១៤ថ្ងៃ​ទៀត​ទេ ​តម្លៃ​អគ្គិសនី​គ្រប់​ប្រភេទ​នៅ​កម្ពុជា​នឹង​ចុះ​ថោក​ជាង​មុន។ ក្នុង​នោះ​លោក ​ហ៊ុន​ សែន​ អះអាង​ថា​ ការ​ប្រើ​អគ្គិសនី​ចាប់ពី ១១ ដល់ ៥០​គីឡូវ៉ាត់ម៉ោង​ (K.W.H) ដែល​បច្ចុប្បន្ន​តម្លៃ​ ៦១០​រៀល​ក្នុង​​មួយ​គីឡូវ៉ាត់​​នឹង​ចុះ​មក​នៅ​ត្រឹម ៤៨០​រៀល​​គីឡូវ៉ាត់​នៅ​ឆ្នាំ២០១៩ ដល់​ ២០២០ ខាង​មុខ។ ចំណែក​អ្នក​ប្រើ​ចាប់​ពី ៥១​គីឡូវ៉ាត់ ដល់ ២០០​គីឡូវ៉ាត់​ក្នុង ១ខែ នឹង​ចុះ​ត្រឹម ៦១០រៀល​​ក្នុង​មួយ​គីឡូវ៉ាត់ គឺ​ខុស​ពី​សព្វ​ថ្ងៃ​តម្លៃ​ចន្លោះ​ពី​ ៧២០ទៅ​ ៧៧០រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​នោះ ហើយ​អ្នក​ប្រើ​លើស​ពី ២០០​គីឡូវ៉ាត់​ក្នុង ១ខែ បច្ចុប្បន្ន​តម្លៃ​ ៧៧០រៀល​​ក្នុង​ ១គីឡូវ៉ាត់​នឹង​ចុះ​មក​នៅ​ត្រឹម ៧៤០រៀល​ក្នុង​មួយ​គីឡូវ៉ាត់​វិញ​៖«សំឡេង​ទី​៣ ហើយ​ឥឡូវ​នេះ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាន​យក​ឱកាស​នេះ​ដើម្បី​ប្រកាស​សារ​ជាថ្មី​ម្ដង​ទៀត​​ទាក់​ទង​នឹង​ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ សម្រាប់​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​ ហើយ​ក៏​ចេញ​បញ្ជា​ជា​ថ្មី​ម្ដង​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ក្រសួង​រ៉ែ​និង​ថាមពល​ ដើម្បី​សិក្សា​ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​នៅ​ឆ្នាំ​២០២១​និង​ចាប់​ពី​ឆ្នាំ​២០២១​ទៅ​»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ពលរដ្ឋ​នៅ​ស្រុក​រុក្ខ​គិរី​ខេត្ត​បាត់ដំបង​លោក សែន ពិរោះ​ លើក​ឡើង​ថា ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​មិន​អាច​ជួយ​ឲ្យ​ជីវភាព​របស់​ពួកគាត់​ធូរធារ​បាន​នោះ​ទេ ព្រោះ​ទំនិញ​កសិផល​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ពួកគាត់​រស់​នៅ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ក្នុង​តម្លៃ​សមរម្យ​​ ហើយ​អាជ្ញាធរ​របប​​លោក​ ហ៊ុន សែន​ មិន​បាន​រក​ទីផ្សារ​លក់​កសិផល​ជូន​ពួកគាត់​នៅ​ឡើយ។ លោក អះអាង​ទៀត​ថា ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​ អ្នក​ដែល​បាន​ប្រយោជន៍​ច្រើន​ គឺ​ក្រុមហ៊ុន​ឯកជន​ទៅ​វិញ​ទេ៖ ៖ «នៅ​ពេល​ដែល​គាត់​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំការ​ខ្ពស់​ ហើយ​នៅ​ពេល​ដែល​បាន​ផល​វិញ​មិន​សមរម្យ​ហើយ​ខាត​ដើម​ទៀង​ផង។ ដូច្នេះ​ការ​បញ្ចុះ​តម្លៃ​ភ្លើង​មិន​ទាន់​គ្រប់គ្រាន់​ទេ​ហើយ​សូម​ឲ្យ​ខាង​អគ្គិសនី​ពិនិត្យ​មើល​ឡើង​វិញ​និង​សូម​ឲ្យ​មាន​មន្ត្រី​ចុះ​ពិនិត្យ​ពី​កង្វល់​របស់​ពលរដ្ឋ​ផង​ ព្រោះ​នៅ​ពេល​ភ្លើង​ថ្ងៃ​ប្រើ​អស់​លុយ​ជាង​ពេល​ភ្លើង​ចុះ​ថោក​ដូច​សព្វ​ថ្ងៃ​នេះ»

លោក​បន្ថែម​ថា អាជ្ញាធរ​មិន​អើពើ​ជួយ​ពិនិត្យ​មើល​កុងទ័រ​អគ្គិសនី​ដែល​ក្រុម​ហ៊ុន​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ប្រជាពលរដ្ឋ​ត្អូញត្អែរ​យ៉ាង​ណា​ក៏​ដោយ​ ដូច្នេះ​ហើយ​បាន​ជា​ក្រុម​ហ៊ុន​ឯកជន​ក៏​ចេះ​តែ​ធ្វើ​សកម្មភាព​បាន​តាម​អំពើ​ចិត្ត​នោះ។

អ្នក​ជំនាញ​អគ្គិសនី​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ខេត្ត​បាត់ដំបង​ លោក ជិត ចេតនា មាន​ប្រសាសន៍​ថា​កុងទ័រ​អគ្គិសនី​ឬ​ហៅ​ថា​គីឡូ​ភ្លើង​អាច​កែ​ឲ្យ​ដើរខុស​ប្រក្រតី​​បាន​តាម​ចិត្ត​ចង់​​ប្រសិន​បើ​អ្នក​ប្រើ​ចង់​កែ។ ប៉ុន្តែ​លោក​អះអាង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុម​ហ៊ុន​ឯកជន​មិន​សូវ​ហ៊ាន​កែ​កុងទ័រ​ភ្លើង​ឲ្យ​ដើរ​ខុស​ប្រក្រតី​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​អគ្គិសនី​ដក​អាជ្ញាប័ណ្ណ៖ «ភាគ​ច្រើន​គេ​កែ​ឲ្យ​ដើរ​យឺត​បើ​កែ​ឲ្យ​ដើរ​លឿន​ដូច​មិន​សូវ​មាន​អ្នក​ណា​កែ​ទេ ព្រោះ​ពួក​ក្រុម​ហ៊ុន​គេ​មាន​កុងត្រា​ជា​មួយ​អាជ្ញាធរ​អគ្គិសនី ព្រោះ​តែ​គេ​ចាប់​បាន​រឿង​ធំ​ហើយ​។ការ​កែ​កុងទ័រ​ទាន់​តែ​ម្ចាស់ផ្ទះ​គេ​លួច​លាក់​កែ​ តែ​ជា​រឿង​ខុស​ច្បាប់​ហើយ»

លោក​សាស្ត្រា ចារ​ផ្នែក​អគ្គិសនី​រូប​នេះ ពន្យល់​ថា ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​លួច​កេង​ចំណេញ​អគ្គិសនី គឺ​អ្នក​ប្រើ​ត្រូវ​ពិនិត្យ​មើល​កុងទ័រ​ភ្លើង​ដែល​មាន​ស្រោម​បិទ​ជិត​មិន​ទាន់​មាន​ការ​ប្រើប្រាស់ ទើប​សម្គាល់​ជា​កុងទ័រ​ភ្លើង​ថ្មី ព្រោះ​ជាទូទៅ​ក្រុម​ហ៊ុន​ផលិត​កុងទ័រ​អគ្គិសនី​តាម​ស្តង់ដារ​ទាំង​អស់​មិន​មាន​ការ​បាត់បង់​ភ្លើង​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល