សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល​ធ្វើ​យុទ្ធនាការ​ពន្លឿន​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2019-07-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ស ខេង, លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ស៊ុន ចាន់ថុល ជួរទី២៖ លោក កើត រិទ្ធ, លោក ឱម យ៉ិនទៀង, លោក ប៉ុល សារឿន, លោក នេត សាវឿន​ និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃ គឺរូបលោក ហ៊ុន សែន)។
រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ស ខេង, លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ស៊ុន ចាន់ថុល ជួរទី២៖ លោក កើត រិទ្ធ, លោក ឱម យ៉ិនទៀង, លោក ប៉ុល សារឿន, លោក នេត សាវឿន​ និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃ គឺរូបលោក ហ៊ុន សែន)។
RFA

សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត ដែល​និយម​ប្រជាធិបតេយ្យ និង​ភាគច្រើន​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង នាំគ្នា​ធ្វើ​យុទ្ធនាការ​ផ្ញើ​សំបុត្រ​ប្រៃសណីយ៍ ទៅកាន់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដើម្បី​ពន្លឿន​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន។ យុទ្ធនាការ​នេះ នឹង​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃទី៧ ខែ​កក្កដា គាប់​ជួន​នឹង​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត​លោក ប៉ែន សុខផល ប្រាប់​អាស៊ីសេរី ឱ្យ​ដឹង​ថា ក្រុម​ការងារ​របស់​លោក​បាន​ត្រៀម​រៀបចំ​កាត​ប៉ុស្តាល់ ( Post Cardហៅ​ថា សំបុត្រ​ប្រៃសណីយ៍) ចំនួន ៥០០ សន្លឹក ដើម្បី​ផ្ញើ​ជូន​ទៅ​សមាជិកសភា​មួយ​រូប​គឺ​អ្នកស្រី លរី ត្រេហាន (Lori Trahan) និង សមាជិក​ព្រឹទ្ធសភា​ថ្នាក់​ជាតិ របស់​អាមេរិក​ពីរ​រូប​គឺ​អ្នកស្រី អេលីហ្សាប៊ែត វ័ររ៉ិន (Elizabeth Warren) និង​លោក អិដ ម៉ាឃី (Ed Markey)។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវ​សរសេរ​កាត​ប៉ុស្តាល់​នេះ​បីសន្លឹក ដោយ​សរសេរ​មួយ​សន្លឹក​ទៅ​តំណាងរាស្ត្រ​ម្នាក់៖ «ហើយ​ក្នុង​គោលបំណង​បីសន្លឹក​ហ្នឹង​ក្នុង​អត្ថន័យ​ដូចៗ​គ្នា ចេញពី​បេះដូង និង​ទឹកចិត្ត​របស់​ពលរដ្ឋ​សហគមន៍​រដ្ឋ​ម៉ាសាឈូសេត​ហ្នឹងឯង​។ យើង​មិន​ត្រូវ​ព្រងើយកន្តើយ​ទេ គឺ​យើង​នៅតែ​ជំរុញ គឺ​នឹង​ធ្វើ​ឱ្យ​ពួកគាត់ (​តំណាងរាស្ត្រ​) កាន់តែ​មាន​ភាព​ដឹង​លឺ និង​បន្ថែម​ការចាប់អារម្មណ៍​លើ​កម្ពុជា»

យុទ្ធនាការ​នេះ ធ្វើឡើង​នៅ​ស្រប​ពេល​ដែល​សេចក្ដី​ព្រាង​ច្បាប់ ដាក់ទណ្ឌកម្ម​មន្ត្រី និង​របប​លោក ហ៊ុន សែន រួមមាន​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩ និង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៩ ដែល​មាន​បំណង សើរើ​ឡើងវិញ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក (the Generalized System of Preferences (GSP) ប្រសិនបើ​របប​លោក ហ៊ុន សែន នៅតែ​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យ​បាន​ឆាប់។

យុទ្ធនាការ​នេះ ចាប់ផ្ដើម​ក្នុង​ថ្ងៃ​តែមួយ ដែល​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត រៀបចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី។

ជុំវិញ​ការ​រម្លឹក​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នេះ សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត នៃ​សហរដ្ឋអាមេរិក នឹង​រៀបចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី៧ ខែ​កក្កដា ខាង​មុខ​នេះ​។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត​លោក ទូច ឆាន់ ប្រាប់​អាស៊ីសេរី ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី២ ខែ​កក្កដា ថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប គួរ​ចងចាំ​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ដែល​បាន​បណ្ដុះបណ្ដាល​យុវជន​ខ្មែរ​ជាច្រើន ធ្វើ​ឱ្យ​ខ្មែរ​ភ្ញាក់​រលឹក​ឃើញ​អំពី​ព្រឹត្តិការណ៍ និង ភាព​អយុត្តិធម៌​សង្គម ដែល​កើតមាន​នៅ​ក្នុង​សង្គម​កម្ពុជា៖ «អ្វី​ដែល​យើង​ចង់បាន គឺ​ចង់​ឱ្យ​កូន​ខ្មែរ​យើង ឱ្យ​យល់​។ កុំភ្លេច​ថា បណ្ឌិត កែម ឡី គឺជា​វីរបុរស​មួយ ដូច​វីរបុរស​ខ្មែរ​ជាច្រើន ដែល​បាន​ពលី​ជីវិត ដើម្បី​ប្រទេស​កម្ពុជា​។ លោក​បាន​បង្រៀន​យើង​ច្រើន​ណាស់! ដូច្នេះ​អ្វី​ដែល​យើង​ធ្វើ​នេះ គឺជា​ការ​ក្រើន​រម្លឹក​កុំ​ឱ្យ​យើង​ភ្លេច ពី​ការ​លះបង់​។ ថវិកា​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​ប្រមូល​បាន នៅ​ថ្ងៃ​ទី៧ ខែ កក្កដា នៅ​សំពៅ​មាស​នេះ យើង​នឹង​យក​ទៅ​ជួយ​ផ្គត់ផ្គង់​សកម្មភាព​ការ​តស៊ូ ក្រើន​រម្លឹក និង​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​យល់ អំពី​អត្ថប្រយោជន៍​នៃ​ការ​ការពារ​ប្រទេស​របស់​យើង»

ជុំវិញ​ការ​រក​យុត្តិធម៌ ជូន​លោក​បណ្ឌិត កែម ឡី ដោយ​ប្រព័ន្ធ​តុលាការ​ខ្មែរ លោក ទូច ឆាន់ គ្មាន​ជំនឿ​ថា នឹង​មាន​ពន្លឺ​យុត្តិធម៌​នោះ​ឡើយ ដរាបណា​ប្រទេស​កម្ពុជា នៅតែ​បន្ត​ស្ថិត​ក្រោម​មេដឹកនាំ​ផ្ដាច់ការ ដូច​បច្ចុប្បន្ន។ លោក​អះអាង​ថា ដើម្បី​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី គឺ​មានតែ​ផ្លាស់ប្ដូរ​រលោក ហ៊ុន សែន និង​របៀប​ដឹកនាំ​បែប​សព្វថ្ងៃ ទៅ​រក​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិតប្រាកដ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល