ចៅក្រមស៊ើបសួរនៃសាលារាជធានីភ្នំពេញលោក វ៉ាន់ សែនវិសុទ្ធ សម្រេចឃុំខ្លួនស្ត្រីសកម្មជនបក្សប្រឆាំងម្នាក់ គឺលោកស្រី ថន គឹមសាន នៅក្នុងពន្ធនាគារព្រៃស (ម២) នៅល្ងាចថ្ងៃទី១៦ ខែមីនា ដោយចោទប្រកាន់ពីបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា អះអាងថា មូលហេតុនៃចាប់ខ្លួន និងការចោទប្រកាន់នេះ ដោយសារតែស្ត្រីសកម្មជនបក្សប្រឆាំងរូបនេះ បានបង្ហោះសារតាមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១២ ខែមីនា ថាវ៉ាក់សាំងចិនគ្មានគុណភាពចាក់ទៅនាំឱ្យគ្រោះថ្នាក់ដល់ពលរដ្ឋ។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនលោកស្រី ថន គឹមសាន កាលពីថ្ងៃទី១៤ ខែមីនា ខណៈលោកស្រីកំពុងធ្វើការជាអ្នកកែឆ្នៃម្ហូបនៅក្នុងភោជនីយដ្ឋានមួយ ក្នុងក្រុងភ្នំពេញ។ កូនស្រីរបស់សកម្មជនបក្សប្រឆាំងរូបនេះ គឺកញ្ញា ហន សុមេធា ឲ្យដឹងថា អាជ្ញាធរបានចាប់ខ្លួនម្តាយរបស់ខ្លួនដោយមិនបានបង្ហាញដីកា និងមិនបានផ្តល់ដំណឹងដល់ក្រុមគ្រួសារនោះទេ។
លោកស្រី ថន គឹមសាន មានអាយុ ៥១ឆ្នាំ គឺជាសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការបង្ហោះសាររិះគន់វ៉ាក់សាំងចិននេះ គឺគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ ហើយពុំបានធ្វើឲ្យប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សង្គមនោះទេ។ លោកយល់ថា វិធានការរបស់អាជ្ញាធរនេះ គឺជាការបន្តយុទ្ធនាការបំបិទសំឡេងប្រឆាំងនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។