តុលាការ​សាកសួរ​លោក គង់ គាំ រឿង​បាតុកម្ម​សង្គ្រោះជាតិ ក្នុង​សវនាការ​សំណុំរឿង​​លោក កឹម សុខា

0:00 / 0:00

សវនាការ​ជំនុំជម្រះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា លើក​ទី​៥៩ ក្នុង​សប្ដាហ៍​នេះ តុលាការ​ចាប់ផ្ដើម​សួរដេញដោល​សាក្សី​ពាក់ព័ន្ធ​អង្គហេតុ​បដិវត្តន៍​ពណ៌។ សាក្សី​ទី​១​ដែល​ត្រូវ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ គឺ​អ្នក​នយោបាយ​ជើងចាស់ លោក គង់ គាំ។ ទោះ​យ៉ាងណា អ្នកឃ្លាំមើល រិះគន់​ថា តុលាការ​បាន​ខ្ជះខ្ជាយ​ពេលវេលា ដោយ​សាក្សី​មាន​ទាំងអស់​៦​នាក់​តែ​តុលាការ​ទើប​សាកសួរ​សាក្សី​បាន​ម្នាក់​ប៉ុណ្ណោះ​ក្នុង​សវនាការ​ថ្ងៃនេះ។

តុលាការ​តម្រូវ​ឱ្យ​សាក្សី​ស្បថ ជា​មុន​សិន មុននឹង​ផ្ដល់​សក្ខីកម្ម​ឱ្យ​តុលាការ ដើម្បី​ធានា​ចម្លើយ​របស់​សាក្សី​ជា​ពាក្យពិត និង​ជា​អ្វី​ដែល​ពួកគេ​បានដឹង។ សាក្សី​ចាប់ផ្ដើម​ផ្ដល់​សក្ខីកម្ម​ដំបូង​គឺ ឧត្ដម​ទីប្រឹក្សា គណបក្ស​ភ្លើងទៀន លោក គង់ គាំ លោក​បំភ្លឺ​ទាក់ទង​អង្គហេតុ​បដិវត្តន៍​ពណ៌​ដែល​ជា​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៣។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ម្នាក់​មេធាវី ចាន់ ចេន ឱ្យ​ដឹង​ក្រោយ​ចប់​សវនាការ​ថា ការ​ផ្ដល់​ចម្លើយ​របស់​លោក គង់ គាំ ក្នុង​តុលាការ​គឺ​ផ្ដល់​ប្រយោជន៍​ដល់​សំណុំ​រឿង​នេះ​។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា តុលាការ​បាន​យក​មេរៀន​បដិវត្តន៍​ពណ៌​ដែល​គេ​រៀន​នៅ​ប្រទេស​ផ្សេង​មក​ចោទ​សួរ​កូនក្ដី​របស់​លោក​ដែរ ប៉ុន្តែ​លោក​ថា លោក កឹម សុខា នៅតែ​រក្សា​ចម្លើយ​ដដែល​គឺ​លោក​មិន​បាន​ដឹង​ទេ។លោក​បន្ត​ទៀត​ថា លោក កឹម សុខា អះអាង​ប្រាប់​តុលាការ​ទៀត​ថា ធ្វើ​ការ​ផ្លាស់ប្ដូរ ដែល​លោក កឹម សុខា ធ្វើ​គឺ​តាមរយៈ​ការបោះឆ្នោត៖ « នេះ​ជា​ការ​ប្រព្រឹត្តិ​ទៅ​ធម្មតា​ទេ​ណា ប៉ុន្តែ​សាក្សី​ឯកឧត្តម គង់ គាំ​ដែល​បាន​ចូល​ឆ្លើយ​គឺ​មាន​ប្រយោជន៍​សម្រាប់​រឿងក្ដី​កូនក្ដី​របស់​យើងខ្ញុំ​ពីព្រោះ​កូនក្ដី​យើងខ្ញុំ​អត់​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ »

សាក្សី​ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃទី​០៥ ខែ​តុលា​មាន​ចំនួន​០៦​នាក់ ប៉ុន្តែ​តុលាការ​ទើប​សាកសួរ​សាក្សី​តែ​ម្នាក់​ទេ​គឺ​អ្នកនយោបាយ​ជើងចាស់​លោក គង់ គាំ។ ក្រៅ​ពី​នេះ​សាក្សី​ប្រាំ​រូប​ទៀត​រួមមាន​៖​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផលវរុណ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា លោកស្រី សរ ស៊ន ចៅ​សង្កាត់រង​ទី​២​គណបក្ស​ភ្លើងទៀន លោក ខឿន វីរ៉ាត់ និង​សាក្សី​ម្នាក់ទៀត​លោក សេង សុវណ្ណា។

មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​តាមដាន​ដំណើរការ​សវនាការ​នេះ សង្កេត​ឃើញ​ថា តុលាការ​ហាក់​មាន​ចេតនា​ខ្ជះខ្ជាយ​ពេលវេលា ព្រោះ​តុលាការ​មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​ឱ្យ​សាក្សី​ឆ្លើយ​សំនួរ​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា ចម្លើយ​របស់​សាក្សី​ហាក់​មិន​សូវ​ច្បាស់ ដោយ​ក្នុង​អង្គហេតុ​តែមួយ ប៉ុន្តែ​សាក្សី​ផ្ដល់​ចម្លើយ​ផ្សេងគ្នា​។ លោក​យល់​ថា សាក្សី គួរតែ​ជា​មនុស្ស​ដែល​ដឹង​រឿងរ៉ាវ​ច្បាស់​នៃ​សំណុំ​រឿង​នេះ៖ « យើង​មើល​ក្នុង​សវនាការ​តាម​ការ​កត់សម្គាល់​ធ្វើ​ឱ្យ​មានការ​ខ្ជះខ្ជាយ​ពេល​វេលា​នៅ​ពេល​យើង​កោះ​អញ្ជើញ​សាក្សី​ឱ្យ​ចូល​បំភ្លឺ​បែរជា​សាក្សី​មិន​បាន​និយាយ​គ្រប់គ្នា​ធ្វើ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ដែល​ជា​សវនាការ​មួយ​ដែល​ហាក់​ពន្យារពេល​ដោយសារ​គាត់​ (​ តុលាការ​ )​ អត់​បាន​សួរ​មិន​យកចិត្តទុកដាក់​ទៅលើ​សាក្សី​នៅពេល​គាត់​អញ្ជើញ​គេ​ (​ សាក្សី​ )​ តើ​គាត់​គាត់​ (​ តុលាការ​ )​ បាន​រៀបចំ​ពេលវេលា​សម្រាប់​៦​នាក់​ហ្នឹង​អត់​ណា »

ការ​សួរ​ដេញដោល​នេះ​ដែរ តុលាការ​នៅតែ​រក្សា​ទម្លាប់​ចាស់ សួរ​សំនួរ​ដដែលៗ​លើ​លោក កឹម សុខា ហើយ​ពេលខ្លះ​ធ្វើ​ឱ្យ​លោក កឹម សុខា សួរ​ឌឺ​ទៅ​តុលាការ​វិញ រហូត​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ព្រមាន​ថា បើ​លោក កឹម សុខា ហ៊ាន​សួរ​ឌឺ​តុលាការ​ទៀត តុលាការ​នឹង​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​នៅ​ពន្ធនាគារ​វិញ។

មន្ត្រី​សិទ្ធិ​មនុស្សលោក​យី សុខសាន្ត យល់​ថា ការ​ព្រមាន​របស់​តុលាការ​ជា​ការ​គំរាមកំហែង​លោក​កឹម សុខា៖ « ចៅក្រម​គាត់​ថា ប្រសិនបើ​សួរ​បក​មក​ចៅក្រម​វិញ​ក៏ដូចជា​ឆ្លើយ​របៀប​ឌឺដង​មាន​ន័យថា ជនជាប់ចោទ​ (​ លោក កឹម សុខា ) មិន​សហការ​ជាមួយ​តុលាការ ដូច្នេះ​ហើយ​អាច​នឹង​យក​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​វិញ​នេះ តាម​ការ​កត់​សម្គាល់​ហាក់ដូចជា​ការ​គំរាមកំហែង​ទៅ​ជន​ជាប់​ចោទ​បាទ »។អ្នកឃ្លាំមើល​សវនាការ​ម្នាក់ទៀត​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អ៊ុល វ៉ាន់ រិះគន់​ថា ទោះ​តុលាការ​បាន​សួរ​ដេញដោល​លោក កឹម សុខា ជាច្រើន​សប្ដាហ៍​មក​ហើយ​ក្ដី ប៉ុន្តែ ដល់​ដំណាក់កាល​ការ​នៃ​កោះហៅ​សាក្សី​មក​បំភ្លឺ​តុលាការ នៅតែ​បាន​ចំណាយពេល​ច្រើន​សួរ​លោក កឹម សុខា ដដែល​។ លោក​បារម្ភ​ថា បើ​តុលាការ​មិន​ពន្លឿន​នីតិវិធី​ជំនុំជម្រះ​ទេ នឹង​ធ្វើ​ឱ្យ លោក កឹម សុខា ខកខាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ៖ « ខ្ញុំ​មើល​ឃើញ​ថា នេះ​ជា​ការ​ចំណាយ​ដ៏​យូរ​មែនទែន​នៅក្នុង​ការវិនិច្ឆ័យ​កាត់ក្ដី​ទៅ​លើ​សំណុំរឿង​មួយ​នេះ ហើយ​យើង​ឃើញ​ថា នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ ជា​ពេលវេលា​ដែល​ប្រទេស​កម្ពុជា​របស់​យើង​នឹង​រៀបចំ​ការ​បោះឆ្នោត​ហើយ​ក្នុង​ឯកឧត្តម កឹម សុខា ក៏​ជា​អ្នកនយោបាយ​មួយ​រូប​ដែល​អាច​មាន​សិទ្ធិ​ក្នុង​ការ​ឈរឈ្មោះ »

ដូច​សវនាការ​លើក​មុនៗ​ដែរ សំណុំរឿង​ក្បត់ជាតិ​លោក កឹម សុខា នៅតែ​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គទូត​នានា​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​កម្ពុជា​។ នៅ​ក្រៅ​របង​តុលាការ​ឯណោះ​វិញ​ក៏​មាន​អ្នកគាំទ្រ​លោក កឹម សុខា ប្រមាណ​៣០​នាក់​ឈរ​ចាំ​មើល ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​របស់​ក្រុម​សមត្ថកិច្ច​នៅ​ជុំវិញ​បរិវេណ​តុលាការ។

សវនាការ​លើក​ទី​៥៩​នេះ បញ្ចប់​ទាំង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា មិនទាន់​សួរ​សំណួរ​ពេញលេញ​ទៅ​សាក្សី ដោយ​ព្រះរាជអាជ្ញា​សម្រេច​បិទ​សវនាការ​នៅ​ម៉ាង​១២ និង​៣០​នាទី​ថ្ងៃត្រង់​។ តុលាការ​នឹង​បន្ត​សាកសួរ​សាក្សី​ផ្សេងៗ​ទៀត ក្នុង​សវនាការ​លើក​ទី​៦០ នៅ​ថ្ងៃទី​១២ ខែ​តុលា​ខាងមុខ ដែល​ជា​ការ​បើក​សវនាការ​ពេញ​មួយថ្ងៃ​ទាំង​ពេលព្រឹក និង​ពេល​ល្ងាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។