សង្គម​ស៊ីវិល​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ដី​៤,៦​គ.ម​ការ៉េ​ជា​តំបន់​ត្រួត​ស៊ី​គ្នា

នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ភាគី​ប្រទេស​ថៃ នឹង​ឡើង​បកស្រាយ​ផ្ទាល់​មាត់​អំពី​ទំនាស់​ទាក់ទង​ទៅ​នឹង​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នា​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហុឡង់ដ៍ (Netherlands)។
ដោយ ខែ សុណង
2013-04-16
Share
ទាហាន​ខ្មែរ ៣០៥ ០៦-កុម្ភៈ-២០១០: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​តាម​កំពែង​ខាង​មុខ​នៃ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ
RFA Photo/Hang Savyouth

នេះ​ជា​បញ្ហា​ថ្មី​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង បើ​ទោះ​ជា​តុលាការ​យុត្តិធម៌​​អន្តរជាតិ​មួយ​នេះ បាន​សម្រេច​សាល​ក្រម ឲ្យ​កម្ពុជា​ទទួល​ជ័យជំនះ​ក្នុង​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ​ក៏ដោយ ក៏​រយៈពេល​ជិត​កន្លះ​សតវត្ស​ទៅ​ហើយ ទំនាស់​ប្រាសាទ​ព្រះវិហារ នៅ​តែ​មាន​ទំនាស់​បន្ត​​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា មួយ​ចំនួន​ដែល​បាន​ផ្សាយ​ថា ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ភាគី​ទាំង​ពីរ គឺ​កម្ពុជា និង ថៃ កំពុង​បកស្រាយ​ទាមទារ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេ ថា​ជា​តំបន់​ត្រួត​ស៊ី​គ្នា​នោះ គឺ​ជា​ការ​នាំ​ឲ្យ​កម្ពុជា ខាតបង់។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ មេសា ថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​បាន​ផ្សាយ​ថា ដី​ទំហំ ៤,៦​គ.ម.​ការ៉េ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) កំពុង​បកស្រាយ​ទាមទារ​នៅ​តុលាការ​​ទីក្រុង​ឡាអេ ថា​ជា​តំបន់​ត្រួត​ស៊ី​គ្នា។ លោក​យល់​ថា ការ​ផ្សព្វផ្សាយ​ដូច្នេះ នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។ ជាង​នេះ​ទៅ​ទៀត កម្ពុជា ជា​អ្នក​ខាត​បង់​ទៅ​វិញ។

លោក ប៉ូ សំណាង៖ «សូម​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ដឹង​ហើយ​ថា ៤,៦ គឺ​ជា​របស់​ខ្មែរ​ទេ ថៃ​គេ​គូសវាស​តាម​អំពើ​ចិត្ត​គេ ដូច្នេះ​គ្មាន​នរណា​ស្គាល់​ផែនទី​របស់​ថៃ​ទេ។ ថៃ​ហាក់​បី​ដូច​ធ្វើ​ហ្នឹង​ចង់​បាន​មួយ​ចំហៀង​ប្រាសាទ​ព្រះវិហារ​ហ្នឹង​តែ​ម្ដង ដូច្នេះ​យើង​ត្រូវ​ខាត​បង់​ច្រើន​ណាស់។ សូម​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ប្រកាន់​ជំហរ​ឲ្យ​បាន​ច្បាស់ ៤,៦ គឺ​គ្មាន​ដី​ថៃ​ទេ គឺ​ជា​ដី​របស់​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៦២ ហ្នឹង ប្រាសាទ​ព្រះវិហារ​ហ្នឹង​ប្រគល់​មរតក​មក​ទាំង ៣ ទាំង​ប្រាង្គ​ប្រសាទ​មក​កម្ពុជា រួច​ទៅ​ហើយ។ រដ្ឋាភិបាល​យើង​គាត់​មាន​គោល​ជំហរ​ល្អ​ណាស់ ប៉ុន្តែ​ភាគី​ថៃ ស្អែក​ខាន​ស្អែក​ហ្នឹង គឺ​គេ​កំពុង​បំភាន់​ភ្នែក​អន្តរជាតិ​ហើយ ថា ៤,៦ គីឡូម៉ែត្រ​ការ៉េ មាន​ដី​ថៃ នៅ​ក្នុង​ហ្នឹង។ ដូច្នេះ​គ្មាន​ទេ គឺ​ជា​ការ​គូស​វាស​របស់​ភាគី​ថៃ ពួក​អ្នក​ជ្រុល​និយម​របស់​ថៃ​ទេ»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ នេះ បាន​សម្រេច​សាលក្រម​ឲ្យ​កម្ពុជា ទទួល​ជ័យជំនះ ក្នុង​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ។

សាលក្រម​ឆ្នាំ​១៩៦២ ផ្អែក​ជា​សំខាន់​ទៅ​លើ​ផែនទី​ដែល​បារាំង គូរ​នៅ​ឆ្នាំ​១៩០៧។ ខាង​ភាគី​ខ្មែរ បកស្រាយ​ថា សាលក្រម​នោះ​បាន​ប្រគល់​មក​ឲ្យ​ខ្មែរ​នូវ​ប្រាសាទ និង​ដី​នៅ​ក្បែរ​ប្រាសាទ​ដែល​កំពុង​មាន​ទំនាស់​នេះ។ ឯ​ភាគី​ថៃ​វិញ បាន​បកស្រាយ​ថា តុលាការ​ក្រុង​ឡាអេ ប្រគល់​តែ​តួ​ប្រាសាទ​ទេ មិន​ប្រគល់​ដី​ឡើយ។ ការ​បកស្រាយ​ខុសគ្នា​នេះ​ហើយ ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​កម្ពុជា ស្នើ​ឲ្យ​តុលាការ​ពិភពលោក​នេះ បកស្រាយ​សាលក្រម​នោះ​ម្ដង​ទៀត។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មេសា តុលាការ​ក្រុង​ឡាអេ បាន​បើក​សវនាការ ដើម្បី​ស្ដាប់​ការ​បកស្រាយ​ផ្ទាល់​មាត់​អំពី​ទំនាស់​ទាក់ទង​ទៅ​នឹង​ដី​ទំហំ ៤,៦​គ.ម.ការ៉េ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ស្វាគមន៍​ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ៖ «ខ្ញុំ​សូម​ចាប់​អារម្មណ៍​ខ្ពស់ ហើយ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អង្គការ​សង្គម​ស៊ីវិល ដែល​លោក​មាន​សន្ដាន​ចិត្ត​មួយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​អំពី​ផល​ប្រយោជន៍​របស់​កម្ពុជា។ យើង​អត់​មាន​តំបន់​ស​ទេ យើង​គ្មាន​តំបន់ ៤,៦​គីឡូម៉ែត្រ​ការ៉េ​ទេ។ អាស្រ័យ​ទៅ​លើ​ផែនទី​ដងរែក ដែល​ជា​ផែនទី​មួយ​ដែល​យើង​យក​ទៅ​តតាំង​នៅ​ក្នុង​ការ​បកស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ឆ្នាំ​១៩៦២។ ដូច្នេះ​តាម​រយៈ​ខ្សែ​ព្រំដែន​មាន​ស្រាប់ តាម​រយៈ​ខ្សែ​ព្រំដែន​ស្ថាពរ​នេះ បង្ហាញ​ថា យើង​មាន​ដែនដី​មិន​ច្បាស់​លាស់ ដែន​ដី​ត្រួត​ស៊ី​គ្នា ឬ​ទឹកដី​ជម្លោះ​របស់​ថៃ នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ទេ។ ដូច្នេះ ៤,៦​គីឡូម៉ែត្រ​ការ៉េ​នេះ គឺ​ជា​ពាក្យ​ប្រឌិត​សុទ្ធសាធ​ដែល​មិន​មាន​និន្នាការ​ណា​មួយ​បង្ហាញ​ជា​ផ្លូវ​គតិ​យុទ្ធ ឬ​បង្ហាញ​នូវ​ឯកសារ​ណា​មួយ ក្រៅ​តែ​ពី​ការ​ប្រឌិត​ឡើង​ដោយ​ឯកតោ​ភាគី​របស់​ថៃ»

សវនាការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​បួន​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ ទី​១៥ ថ្ងៃ​ពុធ ទី​១៧ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី​១៨ និង ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ មេសា នេះ ភាគី​កម្ពុជា​បាន​ឡើង​បកស្រាយ​មុន​គេ។ ប្រតិភូ​នៃ​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ដល់​វេន​ភាគី​ប្រទេស​ថៃ នឹង​ឡើង​បកស្រាយ​ផ្ទាល់​មាត់​វិញ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។