លោក ហ៊ុន សែន អះអាង​ថា អាស៊ាន​មិន​អាច​ធានា​មិន​ឱ្យ​កើត​មាន​បញ្ហា​ទំនាស់ និង​សង្គ្រាម​បាន​ទេ

ដោយ មាន ឫទ្ធិ
2022.08.08
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន អះអាង​ថា អាស៊ាន​មិន​អាច​ធានា​មិន​ឱ្យ​កើត​មាន​បញ្ហា​ទំនាស់ និង​សង្គ្រាម​បាន​ទេ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពេល​ថ្លែង​សារ​រំឭក​ខួប​លើក​ទី ៥៥ឆ្នាំ​របស់​អាស៊ាន​ នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែសីហា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​អះអាង​ថា អាស៊ាន​មិន​អាច​ធានា​មិន​ឱ្យ​មាន​ទំនាស់ និង​សង្គ្រាម​បាន​ទេ ប៉ុន្តែ អាស៊ាន​បាន​ដើរ​តួនាទី​បើក​ចំហ​សម្រាប់​ការ​សន្ទនា និង​ការ​ពិគ្រោះ​យោបល់ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សន្តិភាព ស្ថិរភាព​នៅ​ក្នុង​តំបន់។ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ប្រធាន​ប្តូរ​វេន និង​សមាជិក​អាស៊ាន​ទាំង​អស់​បង្កើន​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត ដូច​ជា ការ​ដាក់​ចេញ​វិធានការ​ជាក់លាក់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​តំបន់​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​មិន​ទាន់​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ឱ្យ​ជឿនលឿន​ទៅ​មុខ​នោះ ថ្លែង​ក្នុង​ទិវា​រំឭក​ខួប​លើក​ទី ៥៥ឆ្នាំ​របស់​អាស៊ាន​នៅ​ថ្ងៃ​ទី៨ ខែសីហា​ថា អាស៊ាន​មិន​អាច​ធានា​ដាច់​ណាត់​ថា ពុំ​មាន​ទំនាស់ និង​សង្គ្រាម​ទេ ប៉ុន្តែ លោក​បញ្ជាក់​ថា អាស៊ាន​បាន​ដើរ​តួនាទី​ជា​អ្នក​ផ្តល់​វេទិកា​បើក​ចំហ​សម្រាប់​ការ​សន្ទនា និង​ពិគ្រោះ​យោបល់ ដែល​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព​នៅ​ក្នុង​តំបន់។ ទន្ទឹម​នឹង​នេះ លោក​បារម្ភ​ថា អាស៊ាន​នឹង​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ធំៗ ជា​ច្រើន ដូចជា ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ហើយ​លោក​ថា បញ្ហា​នេះ​អាច​បង្ក​ឱ្យ​អស្ថិរភាព​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ បើ​សិន​មិន​បាន​គ្រប់គ្រង​បញ្ហា​ទាំង​នេះ​ឱ្យ​បាន​ល្អ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន ជឿជាក់​ថា អាស៊ាន​នឹង​សម្រេច​បាន​នូវ​ទស្សនៈ​ក្នុង​ការ​កសាង​ឱ្យ​បាន​នូវ​សហគមន៍​អាស៊ាន​មួយ ដោយ​ពុំ​បោះបង់​ចោល​អ្នក​ណា​ម្នាក់​នោះ​ទេ៖ «សមិទ្ធផល​ដ៏​ធំ​សម្បើម​រហូត​មក​ដល់​បច្ចុប្បន្ន បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត និង​ឆន្ទៈ​នយោបាយ​យ៉ាង​ខ្លាំងក្លា​របស់​ប្រមុខ​ដឹកនាំ​អាស៊ាន​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព ក៏​ដូច​ការ​នាំ​មក​នូវ​វិបុលភាព សេដ្ឋកិច្ច​ជូន​សហគមន៍​អាស៊ាន​មួយ ដែល​ប្រកប​ដោយ​ស្មារតី​រួម​គ្នា និង​សាមគ្គីភាព»

កម្ពុជា​បាន​ចូល​ជា​សមាជិក​ទី១០ នៃ​អាស៊ាន កាល​ពី​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ១៩៩៩ នៅ​ទីក្រុង​ហានណូយ ប្រទេស​វៀតណាម។ ក្នុងរយៈពេលជាង២៣ឆ្នាំមកនេះ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​កំពុង​ដើរ​តួនាទី​សកម្ម​ក្នុង​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន និង​ការ​ប្ដេជ្ញា​ចិត្ត​ជំរុញ​ស្មារតី​រួបរួម​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់។ លោក​បញ្ជាក់​ថា អាស៊ាន​ចាំបាច់​ត្រូវ​ឈរ​លើ​ជំហរ​នៃ​ការ​ឯកភាព​គ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ដោយ​លើក​កម្ពស់​ស្មារតី​អាស៊ាន​នៃ​ការ​រួបរួម​ទាំង​ផ្ទៃក្នុង​អាស៊ាន និង​ជាមួយ​ប្រទេស​ដៃគូ​ខាង​ក្រៅ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​មើល​ឃើញ​ថា កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​ចូល​ជា​សមាជិក​អាស៊ាន​កន្លង​មក​នេះ រួម​មាន ការទូត​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ និង​ផល​ប្រយោជន៍​ផ្សេងៗ ទៀត។ ពួក​គេ​បន្ត​ថា ដំបូង​ឡើយ អាស៊ាន​គឺ​ជា​អង្គការ​មួយ ដែល​ដើរ​តួនាទី​ការពារ​សន្តិសុខ​ក្នុង​តំបន់ និង​ទប់ស្កាត់​រំហូរ​នៃ​លទ្ធិ​កុម្មុយនិស្ត​ចូល​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ អាស៊ាន​មិន​ទាន់​សម្រេច​នូវ​គោលបំណង​របស់​ខ្លួន​នៅ​ឡើយ​ទេ។

អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក វណ្ណ ប៊ុនណា សង្កេត​ឃើញ​ថា កិច្ចប្រជុំ​របស់​អាស៊ាន​កន្លង​មក​គ្រាន់តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​នោះ មិន​មាន​ប្រសិទ្ធភាព ដើម្បី​ដាក់​សម្ពាធ​សមាជិក​របស់​ខ្លួន​ឱ្យ​អនុវត្ត​សម្រាប់​ដោះស្រាយ​បញ្ហា​នោះ​ទេ។ ម្យ៉ាង​ទៀត លោក​ថា អាស៊ាន​តែងតែ​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​ជាក់លាក់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ ជាពិសេស វិធានការ​ឆ្លើយ​តប​ចំពោះ​របប​សឹក​នៅ​ភូមា ដែល​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង ៥ចំណុច​របស់​ខ្លួន។ លោក វណ្ណ ប៊ុណ្ណា យល់​ថា អាស៊ាន​គួរ​តែ​រៀបចំ​យន្តការ និង​បង្កើន​កិច្ច​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​បន្ថែម​ទៀត ដើម្បី​រក​យន្តការ​ដាក់​សម្ពាធ​ដល់​សមាជិក​ណា ដែល​មិន​ធ្វើ​តាម ដោយ​ឱ្យ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​អាស៊ាន៖ «បញ្ហា​ដែល​បាន​កើត​ឡើង​ហ្នឹង រួម​ទាំង​បញ្ហា​នៅ​ភូមា​ជា​ដើម គឺ​វា​ហួស​ពី​សមត្ថភាព​អាស៊ាន ត្រូវ​ដោះស្រាយ ដោយសារ​យន្តការ​របស់​អាស៊ាន​ហ្នឹង​បាន​ត្រឹម​ពិភាក្សា ពិគ្រោះ​យោបល់ និង​ផ្តល់​ជា​វេទិកា​សម្រាប់​ការ​សន្ទនា​គ្នា​រក​ដំណោះស្រាយ ដូច្នេះ​បញ្ហា​នានា នៅ​ក្នុង​តំបន់ ជា​ពិសេស នៅ​ភូមា និង​បញ្ហា​ផ្សេង​ទៀត គឺ​ត្រូវ​ការ​យន្តការ​អាស៊ាន​បូក​នឹង​អង្គការ​សហប្រជាជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ»

ចំណែក​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា អាស៊ាន​ហាក់​មិន​មាន​ឥទ្ធិពល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សមាជិក​របស់​ខ្លួន និង​បញ្ហា​ក្នុង​តំបន់​ឱ្យ​បាន​ជោគជ័យ​ទេ។ លោក​យល់​ថា បញ្ហា​នេះ ដោយសារ​យន្តការ ឬ​សេចក្ដី​សម្រេច​របស់​អាស៊ាន​ធ្វើ​ឡើង​ត្រឹម​ការ​សម្របសម្រួល និង​គោលការណ៍​ឯកច្ឆន្ទ ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។ លើស​ពី​នេះ លោក​ថា ប្រទេស​សមាជិក​អាស៊ាន​កំពុង​មាន​បញ្ហា​ឯកភាព​ផ្ទៃក្នុង​ទាក់ទង​បញ្ហា​សន្តិសុខ គោល​នយោបាយ​ការ​បរទេស ជាពិសេស ទំនោរ​រវាង​អាមេរិក និង​ចិន​ជា​ដើម។ ដូច្នេះ​លោក​មិន​រំពឹង​ថា សមាគម​តំបន់​នេះ នឹង​សម្រេច​តាម​គោលដៅ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​តែ​មួយ​នៅ​ឆ្នាំ២០២៥ បាន​ទេ៖ «ការ​កត់​សម្គាល់​យន្តការ​របស់​អាស៊ាន​ដូច​មិន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​ដោះ​ស្រាយ​ទេ ដោយ​បញ្ហា​ទាំង​អស់​អាស៊ាន​ដើរ​តួនាទី​ត្រឹម​ជា​អ្នក​សម្របសម្រួល​បាន​ច្រើន​ជាង​តួនាទី​ជា​អ្នក​ដោះ​ស្រាយ»

អាស៊ាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែល​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន១០ ជា​សមាជិក គឺ​មាន​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ឬមីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​ប្រទេស​វៀតណាម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។