លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានប្ដូរវេនអាស៊ានអះអាងថា អាស៊ានមិនអាចធានាមិនឱ្យមានទំនាស់ និងសង្គ្រាមបានទេ ប៉ុន្តែ អាស៊ានបានដើរតួនាទីបើកចំហសម្រាប់ការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ អ្នកជំនាញជំរុញឱ្យប្រធានប្តូរវេន និងសមាជិកអាស៊ានទាំងអស់បង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដូចជា ការដាក់ចេញវិធានការជាក់លាក់ដោះស្រាយបញ្ហាប្រឈមនានា ក្នុងតំបន់ឱ្យមានប្រសិទ្ធភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានប្តូរវេនអាស៊ានមិនទាន់អាចដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ឱ្យជឿនលឿនទៅមុខនោះ ថ្លែងក្នុងទិវារំឭកខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាននៅថ្ងៃទី៨ ខែសីហាថា អាស៊ានមិនអាចធានាដាច់ណាត់ថា ពុំមានទំនាស់ និងសង្គ្រាមទេ ប៉ុន្តែ លោកបញ្ជាក់ថា អាស៊ានបានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហសម្រាប់ការសន្ទនា និងពិគ្រោះយោបល់ ដែលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ លោកបារម្ភថា អាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗ ជាច្រើន ដូចជា ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយលោកថា បញ្ហានេះអាចបង្កឱ្យអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ បើសិនមិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អនោះទេ។ ទោះយ៉ាងណាក្ដី លោក ហ៊ុន សែន ជឿជាក់ថា អាស៊ាននឹងសម្រេចបាននូវទស្សនៈក្នុងការកសាងឱ្យបាននូវសហគមន៍អាស៊ានមួយ ដោយពុំបោះបង់ចោលអ្នកណាម្នាក់នោះទេ៖ «សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្ន បានបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងឆន្ទៈនយោបាយយ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ានក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចការនាំមកនូវវិបុលភាព សេដ្ឋកិច្ចជូនសហគមន៍អាស៊ានមួយ ដែលប្រកបដោយស្មារតីរួមគ្នា និងសាមគ្គីភាព»។
កម្ពុជាបានចូលជាសមាជិកទី១០ នៃអាស៊ាន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៩ នៅទីក្រុងហានណូយ ប្រទេសវៀតណាម។ ក្នុងរយៈពេលជាង២៣ឆ្នាំមកនេះ លោក ហ៊ុន សែន អះអាងថា កម្ពុជាកំពុងដើរតួនាទីសកម្មក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងការប្ដេជ្ញាចិត្តជំរុញស្មារតីរួបរួមរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ លោកបញ្ជាក់ថា អាស៊ានចាំបាច់ត្រូវឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ដោយលើកកម្ពស់ស្មារតីអាស៊ាននៃការរួបរួមទាំងផ្ទៃក្នុងអាស៊ាន និងជាមួយប្រទេសដៃគូខាងក្រៅ។
ជុំវិញរឿងនេះ អ្នកជំនាញមើលឃើញថា កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីការចូលជាសមាជិកអាស៊ានកន្លងមកនេះ រួមមាន ការទូតស្មើមុខស្មើមាត់លើឆាកអន្តរជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងផលប្រយោជន៍ផ្សេងៗ ទៀត។ ពួកគេបន្តថា ដំបូងឡើយ អាស៊ានគឺជាអង្គការមួយ ដែលដើរតួនាទីការពារសន្តិសុខក្នុងតំបន់ និងទប់ស្កាត់រំហូរនៃលទ្ធិកុម្មុយនិស្តចូលតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ រហូតមកដល់ពេលនេះ អាស៊ានមិនទាន់សម្រេចនូវគោលបំណងរបស់ខ្លួននៅឡើយទេ។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា សង្កេតឃើញថា កិច្ចប្រជុំរបស់អាស៊ានកន្លងមកគ្រាន់តែចេញសេចក្ដីថ្លែងការណ៍នោះ មិនមានប្រសិទ្ធភាព ដើម្បីដាក់សម្ពាធសមាជិករបស់ខ្លួនឱ្យអនុវត្តសម្រាប់ដោះស្រាយបញ្ហានោះទេ។ ម្យ៉ាងទៀត លោកថា អាស៊ានតែងតែបរាជ័យក្នុងការចាត់វិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ជាពិសេស វិធានការឆ្លើយតបចំពោះរបបសឹកនៅភូមា ដែលមិនអនុវត្តតាមកិច្ចព្រមព្រៀង ៥ចំណុចរបស់ខ្លួន។ លោក វណ្ណ ប៊ុណ្ណា យល់ថា អាស៊ានគួរតែរៀបចំយន្តការ និងបង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធបន្ថែមទៀត ដើម្បីរកយន្តការដាក់សម្ពាធដល់សមាជិកណា ដែលមិនធ្វើតាម ដោយឱ្យទទួលខុសត្រូវ ចំពោះមុខអាស៊ាន៖ «បញ្ហាដែលបានកើតឡើងហ្នឹង រួមទាំងបញ្ហានៅភូមាជាដើម គឺវាហួសពីសមត្ថភាពអាស៊ាន ត្រូវដោះស្រាយ ដោយសារយន្តការរបស់អាស៊ានហ្នឹងបានត្រឹមពិភាក្សា ពិគ្រោះយោបល់ និងផ្តល់ជាវេទិកាសម្រាប់ការសន្ទនាគ្នារកដំណោះស្រាយ ដូច្នេះបញ្ហានានា នៅក្នុងតំបន់ ជាពិសេស នៅភូមា និងបញ្ហាផ្សេងទៀត គឺត្រូវការយន្តការអាស៊ានបូកនឹងអង្គការសហប្រជាជាតិ និងដៃគូពាក់ព័ន្ធផ្សេងទៀតផងដែរ»។
ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មើលឃើញថា អាស៊ានហាក់មិនមានឥទ្ធិពលក្នុងការដោះស្រាយបញ្ហាសមាជិករបស់ខ្លួន និងបញ្ហាក្នុងតំបន់ឱ្យបានជោគជ័យទេ។ លោកយល់ថា បញ្ហានេះ ដោយសារយន្តការ ឬសេចក្ដីសម្រេចរបស់អាស៊ានធ្វើឡើងត្រឹមការសម្របសម្រួល និងគោលការណ៍ឯកច្ឆន្ទ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ លើសពីនេះ លោកថា ប្រទេសសមាជិកអាស៊ានកំពុងមានបញ្ហាឯកភាពផ្ទៃក្នុងទាក់ទងបញ្ហាសន្តិសុខ គោលនយោបាយការបរទេស ជាពិសេស ទំនោររវាងអាមេរិក និងចិនជាដើម។ ដូច្នេះលោកមិនរំពឹងថា សមាគមតំបន់នេះ នឹងសម្រេចតាមគោលដៅនៃការកសាងសហគមន៍អាស៊ានតែមួយនៅឆ្នាំ២០២៥ បានទេ៖ «ការកត់សម្គាល់យន្តការរបស់អាស៊ានដូចមិនមានឥទ្ធិពលខ្លាំងទៅលើការដោះស្រាយទេ ដោយបញ្ហាទាំងអស់អាស៊ានដើរតួនាទីត្រឹមជាអ្នកសម្របសម្រួលបានច្រើនជាងតួនាទីជាអ្នកដោះស្រាយ»។
អាស៊ានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែលបច្ចុប្បន្នមានប្រទេសចំនួន១០ ជាសមាជិក គឺមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ឬមីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។