ព្រះសង្ឃ​និង​ពលរដ្ឋ​នៅ​បារាំង​នាំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​អឺរ៉ុប

ដោយ សេក បណ្ឌិត
2018-10-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​បារាំង នឹង​ទៅ​ជួបជុំគ្នា​ធ្វើបាតុកម្ម នៅ​ទីក្រុង​ប្រ៊ូសសែល នៅ​ថ្ងៃ​សុក្រ​ទី​១៩ តុលា ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដោយ​ប្រកាស​មិន​ទទួលស្គាល់​របប​ថ្មី​របស់​លោក ហ៊ុន សែន។

ក្រុម​បាតុករ​ទាំងនោះ​បញ្ជាក់​ថា អ្វី​ដែល​ពួកគេ​កើតទុក្ខ មិន​សុខចិត្ត ទទួលស្គាល់​របប​ថ្មី​នេះ ដោយសារ​របប​នេះ​កើតឡើង​ដោយ​ការបោះឆ្នោត​ក្លែងក្លាយ និង​កំពុង​ដឹកនាំ​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស។

ក្រុម​ព្រះសង្ឃ និង​ពលរដ្ឋ​ក្រៅ​ប្រទេស​ដែល​ស្រលាញ់​សេរីភាព​និង​ប្រជាធិបតេយ្យ បាន​បញ្ជាក់​ជំហរ​​ថា ការដែល​ពួកគាត់​ចេញមុខ​តវ៉ា ប្រឆាំង​បែបនេះ ដោយសារ​មិន​ចង់​ឲ្យ​លោក ហ៊ុន សែន និង​មន្ត្រី​ខិលខូច​របស់​លោក ដើរ​បោកប្រាស់ ភូត កុហក ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​សហគមន៍​អន្តរជាតិ អំពី​ស្ថានភាព​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

របប​លោក ហ៊ុន សែន មួយ​រយៈ​ពេល​ចុង​ក្រោយនេះ បាន​បញ្ជូន​ក្រុម​កូនជឹង​របស់​ខ្លួន ជាច្រើន​ចេញ​ក្រៅ​ប្រទេស​ជាពិសេស​ទៅ​ប្រទេស​លោក​សេរី ដោយ​ដើរ​អួត​ប្រាប់​ពលរដ្ឋ​ខ្មែរ​ខាងក្រៅ​ថា របប​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​ស្របច្បាប់ កំពុង​មាន​ការ​អភិវឌ្ឍ មានការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាដើម ប៉ុន្តែ​អ្វីៗ​ទាំងនេះ គឺជា​ការ​បោក​បញ្ឆោត បំភ័ន្ត​ភ្នែក ឬ​ផ្ទុយ​ពី​ការពិត​ទាំងអស់។

ព្រះចៅ​អធិការ​វត្ត​ធម្មរង្ស៊ី នៅ​ទីក្រុង​ប៉ារីស ព្រះតេជព្រះគុណ រស់ ប៊ុនថន មាន​ថេរដីកា​ថា ដោយ​ប្រការ​នេះ ហើយ ទើប​ធ្វើ​ឲ្យ​ព្រះសង្ឃ ដែល​ជា​បព្វជិត រក្សាសីល ត្រូវ​ចេញ​តវ៉ា ប្រឆាំង​មេដឹកនាំ​ប្រទេស​ផ្ដាច់ការ។

ព្រះតេជព្រះគុណ មាន​ថេរដីកា​ពន្យល់​ថា សកម្មភាព របស់​ព្រះសង្ឃ បែបនេះ​មិន​ខុស​ពី​ធម៌​វិន័យ ព្រះសម្មាសម្ពុទ្ធ​ឡើយ ហើយ​ជា​ព្រះសង្ឃ គួរតែ​បំពេញ​កិច្ច​ឲ្យ​ស្របតាម ធម៌​វិន័យ​របស់​ព្រះអង្គ ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ហើយ​នាំគ្នា​ដើរ​លើ​ផ្លូវ​ត្រូវ សុចរិត សច្ចធម៌ និង​អហិង្សា៖ «បាតុកម្ម ឬ​ធម្មយាត្រា​របស់​ព្រះសង្ឃ​នោះ គឺ​បាន​ន័យ​ថា ដើរ​លើ​ផ្លូវ​ត្រូវ គឺ​ផ្លូវធម៌ សច្ចធម៌ យុត្តិធម៌ គតិ​ធម៌ អហិង្សា ទាំងអស់​នឹង​នៅ​ក្នុង​ប្រជាធិបតេយ្យ​ដែល​យើង​ទាំងអស់​គ្នា​ចង់បាន ទទួល​យក​បាន​ទាំងអស់​គ្នា មិន​អត្តនោម័តិ ដូច​របប​លោក ហ៊ុន សែន សព្វថ្ងៃ ដែល​ដឹកនាំ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះ​ទេ»

ព្រះតេជព្រះគុណ រស់ ប៊ុនថន មាន​ថេរដីកា​បន្ត​ថា ព្រះសង្ឃ​ប្រមាណ ៣០​អង្គ និមន្ត​ពី​វត្ត​ទាំង​៧ ក្នុង​ក្រុង​ប៉ារីស និង​ព្រះសង្ឃ​ពី​តំបន់​ដទៃ​ទៀត​នៅ​អឺរ៉ុប​នឹង​ជួបជុំគ្នា ធ្វើ​បាតុកម្ម នៅ​ទីក្រុង​ប្រ៊ុចសែល នៅ​ថ្ងៃ​សុក្រ​ទី​១៩ តុលា។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​នៅ​ប្រទេស​បារាំង​មួយ​ចំនួន​ទៀត​វិញ ក៏បាន​នាំគ្នា​ចេញទៅ ទីក្រុង​ប្រ៊ុចសែលល​នៅ​ថ្ងៃ​តែមួយ ក្នុង​គោលបំណង​ដូចគ្នា​ដែរ។

តំណាង បាតុករ​មួយ​រូប លោក អ៊ុក សំអឿន បាន​ឲ្យ​ដឹង ថា នឹង​មាន​រថយន្តក្រុង​ចំនួន​៤ ចេញពី​តំបន់​ផ្សេង​នៃ​ក្រុង​ប៉ារីស​ទៅ​ទីក្រុង​ប្រ៊ុចសែល នៅ​ថ្ងៃ​សុក្រ​ទី​១៩ តុលា នោះ គឺ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​វិល​ទៅ​វិល​គន្លង​ប្រជាធិបតេយ្យ​ឡើ​វិញ៖ «យើង​ទាំងអស់​គ្នា​មាន​ឆន្ទៈ​តែមួយ គឺ​ទៅ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក ហ៊ុន សែន វិល​មក​រក​ប្រជាធិបតេយ្យ ព្រោះ​របប​នេះ​កំពុង​ដឹកនាំ​បំផ្លាញ​ប្រជាធិបតេយ្យ បោះឆ្នោត​ក្លែងក្លាយ​បន្លំ ដូច្នេះ​យើង​ទាំងអស់​គ្នា​សម្ដែង​ឆន្ទៈ​មិន​ទទួលស្គាល់ រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ឡើង ហើយ​យើង​មិន​ទទួលស្គាល់​មេដឹកនាំ​លោក ហ៊ុន សែន នោះ​ដែរ»

ក្រុម​បាតុកម្ម ដែល​មាន​ក្រុម​ព្រះសង្ឃ​ដឹកនាំ​ផង​នោះ ធ្វើឡើង​នៅ​គ្រា​ដែល លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​កំពូល អាស៊ី អឺរ៉ុប ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១៨ និង​ថ្ងៃ​ទី​១៩ តុលា។

កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប ឬ​ហៅថា ASEM គឺជា​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ដែល​មាន​មេដឹកនាំ​ទាំងអស់​នៅ​សហគមន៍​អឺរ៉ុប និង​អាស៊ី​ចូលរួម ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​លោក ហ៊ុន សែន ដែរ។

ប្រធានបទ​ដែល ASEM នឹង​លើក​យក​មក ជជែក​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺ «​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល សម្រាប់​បញ្ហា​ប្រឈម​ជាស​កល​» ដែល​មេដឹកនាំ​នៃ​ទ្វីប​ទាំងពីរ នឹង​ស្វែងរក​ការ​ពង្រឹង​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិ កសាង​កម្លាំង​រួមគ្នា ដើម្បី​ដោះស្រាយ បញ្ហា​ជាច្រើន​ទៀត រួមមាន ពាណិជ្ជកម្ម​និង​ការ​វិនិយោគ ការ​ផ្សា​ភ្ជាប់​​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ អំពើ​ភេរវកម្ម សន្តិសុខ​អ៊ី​ន​ធឺ​ណែ​ត បម្រែបម្រួល​អាកាសធាតុ និង​ការ​ធ្វើ​ចំណាកស្រុក​មិន​ទៀងទាត់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល