ទស្សនៈ​នានា​ដែល​ត្អូញត្អែរ​ពី​ភាព​អយុត្តិធម៌​របស់​លោក ហ៊ុន សែន ជុំវិញ​សម្ពាធ​អន្តរជាតិ

ដោយ មាន ឫទ្ធិ
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ត្អូញត្អែរ​ដោយ​សារ​ប្រទេស​មហា​អំណាច ប្រើប្រាស់​ឥទ្ធិពល​មក​លើ​ប្រទេស​តូច​ៗ​ ថា​ជា​រឿង​អយុត្តិធម៌​នោះ សកម្មជន​ដែល​រង​គ្រោះ​ដោយសារ​រឿង​ដីធ្លី និង​អ្នក​វិភាគ​នយោបាយ ចំអក​ឲ្យ​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច ដែល​លោក​នាយករដ្ឋមន្ត្រី ចេះ​ទាមទារ​យុត្តិធម៌ ដូច​ដែល​ពលរដ្ឋ​ធ្លាប់​ស្រែក​តវ៉ា សុំ​យុត្តិធម៌​ពី​រដ្ឋាភិបាល​ដែរ។

នៅ​ពេល​ដែល​សម្ពាធ​អន្តរជាតិ ជាពិសេស​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ចាប់ផ្ដើម​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ចាត់​ទុក​ថា​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ពេល​នេះ​លោក​បាន​ហៅ​ចំណាត់​ការ​របស់​សហគមន៍​អន្តរជាតិ​ថា ជា​ប្រទេស​ធំ​ធ្វើ​បាប​ប្រទេស​តូច ដូច​ជា​កម្ពុជា​ ជាដើម​វិញ​ម្ដង។

ការ​ថ្លែង​​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​​ជួប​ជា​មួយ​កីឡាករ និង​កីឡា​ការិនី នៅ​វិមាន​សន្តិភាព ក្នុង​ក្រុង​ភ្នំពេញ។

បើ​ទោះ​ជា​បែប​ណា សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​ដែល​ធ្លាប់​រងគ្រោះ​ដោយ​គោលនយោបាយ របស់​រដ្ឋាភិបាល​យល់​ឃើញ​ថា ដល់​វេន​ដែល​លោក​នាយករដ្ឋមន្ត្រី ស្រែក​ទាមទារ​យុត្តិធម៌ ពី​ប្រទេស​ធំៗ​វិញ​ម្ដង​ហើយ។ សកម្មជន​ដីធ្លី នៅ​តំបន់​បឹង​កក់ ដែល​រងគ្រោះ​តាមរយៈ​គម្រោង​វិនិយោគ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច លើក​ឡើង​ថា ពេល​នេះ​លោក ហ៊ុន សែន គួរ​គិត​ឡើង​វិញ​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​គ្រួសារ ទ្រហោ​យំ​ស្ទើរ​រាល់ ព្រោះ​តែ​ទទួល​ភាព​អយុត្តិធម៌ ពី​រដ្ឋាភិបាល។

កញ្ញា សុង ស្រីលាភ ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់​ម្នាក់ ក្នុង​ចំណោម​គ្រួសារ​ផ្សេង​ទៀត នៅ​តំបន់​បឹងកក់​យល់​ឃើញ​ថា វា​គួរ​អោយ​អាម៉ាស់​ទៅ​វិញ​ទេ ដែល​កម្ពុជា​អនុវត្ត​គោល​នយោបាយ ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ជា​ចម្បង តែ​អនុវត្ត​ផ្ទុយ​ពី​អ្វី​ដែល​ខ្លួន​បាន​សន្យា។ ជាង​នេះ​ទៀត មាន​តំបន់​ខ្លះ​ពលរដ្ឋ​ស្ទើរ​លែង​មាន​ផ្ទះ​ស្នាក់​នៅ​ទៅ​ហើយ ព្រោះ​តែ​គោលនយោបាយ របស់​រដ្ឋាភិបាល​ផ្ដល់​ការ​វិនិយោគ​មាន​ផល​ប៉ះពាល់​ដល់​ភូមិឋាន​ពលរដ្ឋ។ កញ្ញា សុង ស្រីលាភ បន្ត​ថា នៅ​ពេល​ពលរដ្ឋ​ទាមទារ​រក​យុត្តិធម៌ និង​ការ​រស់​នៅ​ដ៏​សមរម្យ បែរ​ជា​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ជា​ក្រុម​ប្រឆាំង​ទៅ​វិញ​ជាដើម។ «»

ភាសា​អយុត្តិធម៌​នេះ ​បាន​កើត​ឡើង​ស្ទើរ​រាល់ថ្ងៃ នៅ​ពេល​មាន​ការ​តវ៉ា​ ទាំង​នៅ​មុខ​តុលាការ អាគារ​រដ្ឋសភា និង​ក្រសួង ព្រម​ទាំង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ពី​សំណាក់ កម្មករ​រោងចក្រ និង​សហគមន៍​ដីធ្លី។ការ​ប្រឈម​ជា​ញឹកញាប់ អ្នក​តវ៉ា​បាន​ចោទ​ប្រកាន់​ថា ដើមចម​គឺ​ដោយ​សារ​រដ្ឋាភិបាល​ផ្ដល់​គោលនយោបាយ​វិនិយោគ ទៅ​ឲ្យ​ក្រុមហ៊ុន ហើយ​ពុំ​មាន​ការ​ដោះស្រាយ​សមរម្យ ទើប​បង្ក​ទៅ​ជា​ជម្លោះ។

រឿងរ៉ាវ​កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រើ​វិធាន​ក្ដៅ​ប្រឆាំង ម្ចាស់​លំនៅឋាន ចាប់​ដាក់​គោក បាញ់​បង្ក្រាប និង​ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត។ ភាព​អយុត្តិធម៌ ដែល​ធ្លាប់​កើត​ឡើង​ចំពោះ​ពលរដ្ឋ គេ​បាន​ឮ​ដោយ​ផ្ទាល់​មាត់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ម្ដង។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ពិត​ជា​រង​ភាព​អយុត្តិធម៌​បំផុត ពី​ប្រទេស​មហាអំណាច​ដូច​ជា​សហរដ្ឋអាមេរិក​ជាដើម ដែល​តែង​គំរាម​ដាក់​ទណ្ឌកម្ម​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ថ្លែង​នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ លោក ហ៊ុន សែន ក្រៅ​ពី​អះអាង​ពី​ភាព​ខ្លាំង​របស់​ខ្លួន ទៅ​ដល់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ដោយ​ខ្លួន​ឯង​តាំង​ពី​ចំណុច​សូន្យ​ហើយ​នោះ បាន​ចំអក​ឲ្យ​ក្រុម​ប្រទេស​ដែល​កៀរគរ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​លោក​ថា មិន​មាន​ប្រយោជន៍​អ្វី​ឡើយ ដែល​ធ្វើ​បែប​នេះ​ចំពោះ​កម្ពុជា។ លោក ហ៊ុន សែន ថែមទាំង​ហ៊ាន​ដៀមដាម​ឲ្យ​សហរដ្ឋអាមេរិក​ថា បើ​ចង់​លុកលុយ​កម្ពុជា​ដោយ​យោធា ប្រយ័ត្ន​ចោល​ខ្មោច​នៅ​ស្រុក​ខ្មែរ។ជាមួយ​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ក៏​ត្អូញត្អែរ​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ ដែល​អាង​តែ​ប្រទេស​ធំ ទន្ទ្រាន​ស្រេច​តែ​នឹង​ចិត្ត​មក​លើ​ប្រទេស​តូច។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ទៅ​វិញ​ថា នឹង​មិន​អាច​ឲ្យ​ប្រទេស​មហា​អំណាច ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​បាន​ឡើយ ដរាប​ណា​មាន​ការ​គាបសង្កត់​ខ្លាំង ប្រទេស​តូច​ក៏​ងើប​ប្រឆាំង​តវ៉ា​នឹង​ភាព​អយុត្តិធម៌​នោះ​វិញ​​ដែរ។

យ៉ាង​នេះ​ក្ដី ពលរដ្ឋ​ដែល​ត្រូវ​រងគ្រោះ ដោយ​​ការ​បណ្ដេញ​ទាំង​បង្ខំ​ពី​លំនៅឋាន បាន​សើច​ចំអក​ឲ្យ​លោក ហ៊ុន សែន ថា អ្នក​ដែល​ទទួល​ភាព​អយុត្តិធម៌​បំផុត​នោះ គឺ​មិនមែន​រដ្ឋាភិបាល​ទេ ពោល​គឺ​ពលរដ្ឋ​ដែល​លោក​នាយករដ្ឋមន្ត្រី​ស្អប់ ព្រោះ​ចេះតែ​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ពី​រឿង​អយុត្តិធម៌​សង្គម។

សកម្មជន​ដីធ្លី នៅ​បុរីកីឡា​កណ្ដាល​ទីក្រុង​ភ្នំពេញ លោកស្រី នៅ ណារី យល់​ឃើញ​ថា លោក ហ៊ុន សែន កោត​តែ​ចេះ​ស្រែក​ទាមទារ​ភាព​ត្រឹមត្រូវ​ដែរ។ លោក​ស្រី​បន្ត​ថា ការ​តវ៉ា​របស់​សហគមន៍​ដីធ្លី​រាល់​ថ្ងៃ​នេះ ព្រោះ​តែ​ចង់​បាន​​យុត្តិធម៌ ដូច​ដែល​លោក ហ៊ុន សែន ចង់​បាន​ការ​សណ្ដោស​ប្រណី​ ពី​ប្រទេស​មហាអំណាច​​នៅ​ពេល​នេះ ​យ៉ាង​ដូច្នោះ​ដែរ។ លោក​ស្រី​បន្ត​ថា ឥឡូវ​នេះ​ល្មម​ដល់​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី យល់​ពី​ការ​ឈឺចាប់ និង​ការ​តស៊ូ​ហាលថ្ងៃ ហាលភ្លៀង​របស់​ពលរដ្ឋ ព្រោះ​តែ​ចង់​បាន​សិទ្ធិ​រស់នៅ​សមរម្យ​ដែរ។

ចំណែក​អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា គ្មាន​អ្នក​ណា​ម្នាក់​ដែល​អាច​យល់​ស្ថាន​ការណ៍​ច្បាស់​ជាង​លោក ហ៊ុន សែន ខ្លួន​ឯង​នោះ​ទេ។ ការ​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ ក្នុង​បំណង​បង្ខំ​អោយ​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​គោល​នយោបាយ ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា មាន​ហេតុផល​តែ​ម្យ៉ាង​គត់ ដែល​មក​ដល់​ពេល​នេះ​ទៅ​ហើយ លោក ហ៊ុន សែន នៅ​តែ​ព្យាយាម​មិន​ទទួល​ស្គាល់​ថា ការ​ដឹកនាំ​របស់​លោក​មាន​បញ្ហា​ដូច​ការ​មើល​ឃើញ​របស់​សហគមន៍​អន្តរជាតិ​នោះ គឺ​រឿង​អំណាច​តែម្ដង។ អ្នក​វិភាគ​រូប​នេះ​យល់​ឃើញ​ថា ដើម្បី​បិទបាំង​កំហុស​ ក្នុង​បំណង​ឈាន​ទៅ​កាន់​អំណាច​តទៅ​ទៀត​នោះ មាន​តែ​ជ្រើសរើស​វិធី​មួយ​គត់ គឺ​ទម្លាក់​កំហុស​ថា ប្រទេស​មហា​អំណាច ធ្វើ​បាប​ប្រទេស​តូចតាច​ដូច​ជា​កម្ពុជា​ប៉ុណ្ណោះ។ «»

សហគមន៍​អឺរ៉ុប គំរាម​បិទ​ទីផ្សារ សំលៀកបំពាក់​នាំ​ចេញ​ពី​កម្ពុជា រី​ឯ​សហរដ្ឋអាមេរិក​វិញ សម្រេច​ដាក់​ទណ្ឌកម្ម​បិទ​វីសា​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ និង​គ្រួសារ​មួយ​ចំនួន ឈាន​ជើង​ជាន់​ទឹកដី​អាមេរិក។ហេតុផល​នៃ​ការ​គាប​សង្កត់​នេះ គឺ​សហគមន៍​អន្តរជាតិ ចង់​ឃើញ​កម្ពុជា​វិល​ទៅ​រក​ប្រជាធិបតេយ្យ​ឡើង​វិញ​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្ដី​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ស្មើមុខ​ស្មើ​មាត់ ដូច​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​អះអាង រដ្ឋាភិបាល​គួរ​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​ល្អ ទៅ​តាម​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ ប្រហែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ អាច​ចៀស​ផុត​ពី​គ្រោះ​កាច​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

កូនកម្ពុជា

សូមជំរាប ការពិត សហគមន៍អន្តរជាតិ ដាក់សម្ពាធ ទៅលើ លោក ហ៑ុន សែន និងបក្សពួក ពុករលួយរបស់ លោកហ៑ុន សែន ប៉ុណ្ណោះ
ការបន្ថយអនុគ្រោះពន្ធ គឺមិនប៉ះពាល់ដល់កម្មករកម្មការីនីឡើយ គឺប៉ះពាល់លុយពុករលួយ ដែលថៅកែរោងចក្រ សូក បង់លុយទៅអោយបក្សពួក លោក ហ៑ុន សែន មួយឆ្នាំៗ រាប់រយលានដុល្លារ !
ដូច្នេះ បក្សពួកសហជីបអាមុីអាថោងខ្លះដែលបានលុយសំណែនខ្លះ ក៏ធ្វើការ បំប៉ោងក្រឡៃការពិត ទៅ !
សូមពិចារណា ..

Dec 19, 2017 12:16 AM

អ្នក​អាន​អនាមិក

This is the consequence of an injustice society.
When Hun Sen orders Cambodian court throw innocent people in jail, Hun was so happy. Now it is his turn . But it is yet bad because he still has feeling. So, from now on , anyone will become supreme leader of Cambodia, one has to stand firm on JUSTICE. Further more, one needs to guaranty all Cambodian have EQUAL rights, opportunities, and treatments .

Dec 18, 2017 10:35 AM

អ្នក​អាន​អនាមិក

បងធំចេះរកយុត្តិធ័ម

Dec 18, 2017 08:14 AM

អ្នក​អាន​អនាមិក

បក្សពួក តាចាស់ ហ៑ុន សែន ស្លាប់ជាបន្តបន្ទាប់ មិនយូរទេ បើតាចាស់ ហ៑ុន សែន នៅតែមិនកែខ្លួន នឹងត្រូវបែកខួរក្បាលស្លាប់

Dec 18, 2017 06:03 AM

អ្នក​អាន​អនាមិក

លោក ហ៑ុន សែន ជាមនុស្សក្រឡិចក្រឡុច ម្តងនិយាយអីចេះ ម្តងនិយាយអីចុះ ដើម្បីតែការពារអំណាចខ្លួនតែប៉ុណ្ណោះ !
( ម្តងនិយាយពន្យុះ ម្តងនិយាយថ្ងូ ) ដូច្នេះបក្សសង្គ្រោះជាតិ កុំចាញ់បោក លោក ហ៑ុន សែន អោយសោះ ត្រូវប្រយ័ត្នជានិច្ច

Dec 18, 2017 05:43 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល