ពលរដ្ឋ​រិះគន់​ចំពោះ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ទៅ​នឹង​ការ​វាយតម្លៃ​របស់​ប្រទេស​មហា​អំណាច​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2020.09.21
ហ៊ុន សែន 081620 លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​សួន​ទឹក​ហ្កាដិន ស៊ីធី នៅ​ភ្នំពេញ ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ២០២០ ដែល​គំរាម​ចាប់​អ្នក​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម។
រូប៖ ហ្វេសប៊ុក

ពលរដ្ឋ ​រិះគន់​ចំពោះ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​ប្រទេស​មហា​អំណាច​លើ​ការ​រំលោភ​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា។ ពួកគេ ​យល់​ថា លោក ហ៊ុន សែន នៅតែ​រឹងរូស គឃ្លើន មិន​ព្រម​កែប្រែ​ឥរិយាបថ​របស់​ខ្លួន ក្នុង​ការ​ស្ដារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ឃ្លោក លៀព ឲ្យ​អាស៊ី​សេរី​ដឹងថា ការ​ចាប់ចង​លោក រ៉ុង ឈុន និង​អ្នក​ទោស​មនសិការ​កន្លង​មក ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន គឺជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​ផ្គើន​ទៅ​នឹង​អន្តរជាតិ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​ដើរ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​តាម​សហភាព​អឺរ៉ុប និង​ប្រទេស​មហា​អំណាច និង​គួរ​មាន​នយោបាយ​ផ្សះផ្សា​ជាតិ ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង រងគ្រោះ​ដោយ​វិបត្តិ​សេដ្ឋ​កិច្ច៖ «ដោយសារ​តែ​ការពារ​អំណាច​របស់​ខ្លួន​ឯង លោក ហ៊ុន សែន ត្រូវ​តែ​ជម្នះ​ប្រឆាំង​ជាមួយ​នឹង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ជាដើម។ យើង​ឃើញ​ហើយ​សហរដ្ឋ​អាមេរិក​ក្តី សហភាព​អឺរ៉ុប​ក្តី គេ​ផ្តល់​ជំនួយ EBA អោយ​កន្លង​មក គឺ​ដោយសារ​តែ​លោក ហ៊ុន សែន មាន​ចុះ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ដើម្បី​គោរព​សិទ្ធិ​មនុស្ស ដើម្បី​អនុវត្ត​តាម​អន្តរ​ជាតិ​ ដូច្នេះ​លោក ហ៊ុន សែន ពី​មុន​មក ហេតុអ្វី​មិន​ស្រែក​ថា អន្តរជាតិ ស្រែក​ថា អាមេរិក ឬក៏​សហភាព​អឺរ៉ុប​លូកដៃ ឬក៏​ដាក់​ទណ្ឌកម្ម ធ្វើ​បាប​កម្ពុជា​ទៅ? តែ​ដោយសារ​តែ​ហេតុ​អី​បាន​ជា​ពេលនេះ​គេ​ដាក់​ទណ្ឌ​កម្ម​មក​លើ​របប​លោក ហ៊ុន សែន? ដោយសារ​តែ​មើល​ឃើញ​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ចង​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​ក្ដី»

ស្រដៀង​គ្នា​នេះ ពលករ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន លោក ណុល​ វណ្ណៈ បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​លេស​ដោះសា និង​គេចវេះ​ពី​ទង្វើ​អាក្រក់​របស់​ខ្លួន​ ដើម្បី​កុំឲ្យ​អន្តរ​ជាតិ​បន្ត​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា អន្តរ​ជាតិ គេ​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​កៀប​សង្កត់ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទើប​បណ្ដាល​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA២០% ពី​កម្ពុជា។ លោក​លើក​ឡើង​ថា ទោះបី​ជា​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA២០% ពី​កម្ពុជា ប៉ុន្តែ​គេ​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ផ្សេងៗ ដល់​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​មហា​អំណាច​ទាំង​នោះ​នៅតែ​អាណិត​ដល់​ពល​រដ្ឋ និង​ទុក​ឱកាស​ឲ្យ​កម្ពុជា​ជានិច្ច៖ «ខ្ញុំ​សុំ​ស្នើ​ទៅ​ដល់​រាជ​រដ្ឋាភិបាល ត្រូវតែ​ធ្វើអ្វី​ត្រូវ​តែ​គិត​ដល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ អញ្ចឹង ប្រសិន​បើ​លោក ហ៊ុន សែន មិន​ធ្វើ​តាម​សំណើ​របស់​ប្រជា​ពលរដ្ឋ មិន​ធ្វើ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ទេ ប្រទេស​កម្ពុជា​របស់​យើង​នឹង​ធ្លាក់​ទៅ​កាន់​វិបត្តិ​សេដ្ឋ​កិច្ច​នេះ គឺ​កាន់​តែ​ធ្ងន់ធ្ងរ​មែន​ទែន។ អញ្ចឹង​សំណើ​របស់​ខ្ញុំ គឺ​ចង់​ឲ្យ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហ្នឹង​បន្ទន់​ឥរិយាបថ ព្រម​ទទួល​សំណើ​របស់​អន្តរ​ជាតិ ប្រសិន​បើ​លោក ហ៊ុន សែន ស្រលាញ់​ប្រជា​ពលរដ្ឋ ស្រលាញ់​ប្រ​ទេស​កម្ពុជា​ពិតមែន លោក​ត្រូវតែ​បន្ទន់​ឥរិយាបថ។ នេះ​គឺជា​សំណើ​របស់​ខ្ញុំ»

ការ​រិះ​គន់​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ លើកឡើង​ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ​លើក​ទី៥៥ ថា មហាអំណាច និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន មិន​ញញើត​ក្នុង​ការ​អនុវត្ត​នូវ​ស្តង់ដារ​ពីរ ​ចំពោះ​ការ​វាយ​តម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ប្រើប្រាស់​បញ្ហា​សិទ្ធិ​មនុស្ស​នេះ ​ជា​ឧបករណ៍​នយោបាយ​ ឬ​ជា​លេស​សម្រាប់​ការ​លូក​ដៃ​ចូល​ ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ រំលោភ​លើ​អធិបតេយ្យភាព​ និង​ឯករាជ្យ ភាព​របស់​កម្ពុជា​ និង​បណ្ដា​ប្រទេស​ទន់ខ្សោយ​ផ្សេង​ទៀត។ លោក​បន្ត​ថា ប្រទេស​មហា​អំណាច​ និង​ប្រទេស​លោក​ខាង​លិច​ខ្លះ​ បាន​នឹង​កំពុង​ប្រទាក់​ក្រឡា​គ្នា​ ជា​ប្រព័ន្ធ​ក្នុង​ការ​ដាក់​សម្ពាធ​ កៀប​សង្កត់​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​នយោបាយ​របស់​ខ្លួន​ ដូច​ដែល​ធ្លាប់​បាន​ធ្វើ​ មក​លើ​កម្ពុជា​កាល​ពី​ទសវត្សរ៍​​ឆ្នាំ​១៩៧០​ ដល់​ ឆ្នាំ​១៩៨០ ដោយ​រំលោភ​គោល​ការណ៍​អធិបតេយ្យ​រវាង​បណ្ដា​រដ្ឋ​ និង​​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ។

ទោះ​យ៉ាង​ណា ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ លោកស្រី សែម គារ៉ា ឲ្យ​ដឹង​ថា អង្គការ​ជាតិ និង​អន្តរ​ជាតិ លើក​ឡើង​ពីការ​ដើរ​ចាក​ឆ្ងាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺជា​រឿង​ត្រឹម​ត្រូវ ដោយ​សារ​តែ​លោកស្រី​មើល​ឃើញ​ថា ប្រជា​ពលរដ្ឋ​មិន​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ គឺ​ត្រូវ​រង​ការ​គំរាម​កំហែង និង​កៀប​សង្កត់​ពី​បុគ្គល​មាន​អំណាច។ លោកស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​ប្រជា​ពលរដ្ឋ និង​បើក​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ៖ «ចាប់​​ផ្ដើម​គេ​ដាក់​ទណ្ឌ​កម្ម EBA ហ្នឹង​មក ខ្ញុំ​មនុស្ស​មួយ​ចំនួន​អត់​មាន​ការងារ​ធ្វើ​ច្រើន។ អ្នក​ដឹក​នាំ​ឃើញ​តែ​គ្នា​គាត់ ការងារ​គាត់​ទេ តែ​គាត់​អត់​បាន​មក​ប្រឡូក​ទេ។ ចុះ​ឲ្យ​ចំ​កន្លែង​ដែល​ប្រជា​ពលរដ្ឋ​រស់​នៅ​ទេ គ្នា​គាត់​ថា​ម៉េច​ គឺ​អ៊ីចឹងៗ។ ដោយ​ឡែក ការងារ​គាត់ គឺ​ពុក​រលួយ​តែ​ម្ដង។ គឺ​កន្លែង​ហ្នឹង​ហើយ គឺ​ធ្វើ​ឲ្យ​ប្រទេស​មួយ​វា​មិន​អាច​រីក​ចម្រើន។ ធម្មតា ចង់​ឲ្យ​ប្រទេស​រីក​ចម្រើន លុះ​ត្រា​តែ​មេ​ដឹកនាំ​ត្រឹម​ត្រូវ។ ប្រទេស​ហ្នឹង​មួយ​បើ​មិន​មាន​អ្នក​លទ្ធិ​ប្រជាធិបតេយ្យ​ទេ គឺ​ក៏​ពិបាក​នឹង​នៅ​ដែរ ដោយសារ​តែ​អត់​ចេះ​គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក»

រី​ឯ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ លោក រស់ ដូនី លើក​ឡើង​ថា លោក ហ៊ុន សែន តែងតែ​លើក​ឡើង​នូវ​អ្វី​ដែល​ផ្ទុយ​ពី​ប្រទេស​មហា​អំណាច​ចង់បាន ហើយ​គិត​ថា ខ្លួនឯង​ធ្វើអ្វី គឺត្រឹម​ត្រូវ​រហូត ដោយ​មិន​ក្រឡេក​មើល​ប្រជា​ពលរដ្ឋ​នោះ​ទេ។ លោក​បន្ត​ថា របប​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​មនុស្ស ដោយ​មិន​បើក​សិទ្ធិ​ឲ្យ​ប្រជា​ពលរដ្ឋ​បញ្ចេញមតិ​នោះ​ទេ គឺ​តែង​មាន​ការ​គំរាម​កំហែង ចាប់ចង​ជាដើម។ លោក​សង្កត់​ធ្ងន់​ថា ប្រទេស​មហា​អំណាច​ទាំង​នោះ គឺ​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ និង​គោរព​សិទ្ធិ​មនុស្ស ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ដើរ​តាម​គន្លង​របស់​គេ គឺជា​រឿង​ល្អ៖ «ជាក់​ស្ដែង យើង​មើល​ក្នុង​ប្រទេស​យើង​រាល់ថ្ងៃ ប្រជាជន​គឺ​អត់​មាន​សិទ្ធិ​និយាយ​ពី​ព្រំដែន អត់​មាន​សិទ្ធិ​និយាយ​ពី​សិទ្ធិ​របស់​មនុស្ស​ខ្លួនឯង ឲ្យ​តែ​អ្នក​ណា​ហ៊ាន​និយាយ គឺ​តែងតែ​ធ្វើ​បាប​គេ កៀប​សង្កត់​គេ ឬក៏​ចាប់​គេ​ដាក់​គុក វ៉ៃ​គេ​បែក​ក្បាល បែក​អី​ អា​ហ្នឹង គឺ​ជាក់​ស្ដែង​យើង​ឃើញ​ហើយ​។ បើ​សិន​ជា​ប្រទេស​យើង​អាច​ដើរ​តាម​គន្លង​ខាង​សហភាព​អឺរ៉ុប​បាន អា​ហ្នឹង​ខ្ញុំ​យល់​ថា ល្អ ព្រោះ​ខាង​គេ​នេះ គឺ​គេ​គោរព​នូវ​លទ្ធិ​ប្រជាធិបតេយ្យ។ គេ​អត់​ដែល​មាន​ស្នើ​អី​ដែល​ឲ្យ​ធ្វើ​ខុស​ពី​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទេ គេ​គ្រាន់​តែ​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស តែ​យើង​ធ្វើ​អត់​បាន»

ទាក់ទង​នឹង​ករណី​នេះ​ដែរ អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា​មួយ​រូប ​គឺ​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​បញ្ជាក់​ថា មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ បែរ​ជា​ចោទ​គេ​ថា​លូកដៃ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទៅ​វិញ នៅ​ពេល​ដែល​គេ​លើក​ឡើង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ លោកបន្ត​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ ដូចគ្នា​ទៅ​នឹង​ការ​លើក​ឡើង​កាល​ពី​ជំនាន់ ប៉ុល ពត ដែរ។ លោក​បញ្ជាក់​ថា  កាល​ពី​ថ្ងៃ​ទី២២ មេសា ឆ្នាំ១៩៧៨  អតីត​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សម័យ​ខ្មែរ​ក្រហម លោក អៀង សារី ធ្លាប់​បាន​ចោទ​ប្រកាន់​ប្រទេស​អង់គ្លេស​ថា​បាន​ធ្វើ"ការ​លូកដៃ​ជ្រៀត​ជ្រែក​ដ៏​ស្អប់​ខ្ពើម ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នៅ​ពេល​ដែល​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា នៅ​ក្នុង​ពេល​នោះ។

ក្រៅ​ពី​នេះ សមាជិក​សភា​អាមេរិក​លោក​ អាឡែន ឡូវ៉ិនស្សល​ (Alan Lowenthal)​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​ការ​ចាប់​ខ្លួន​យុវជន​ជា​ច្រើន​នាក់​ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​នយោបាយ​និង​សង្គម​ ដាក់​ពន្ធនាគារ​ នា​ពេល​ចុង​ក្រោយ​នេះ​ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា​ របប​លោក​ហ៊ុន​ សែន​ធ្វើអ្វី​គ្រប់​បែប​យ៉ាង​ ដើម្បី​បន្ត​កាន់​អំណាច​ផ្ដាច់​ការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ មិន​តែ​ប៉ុណ្ណោះ អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដើរ​ប្រាស់​ចាក​ពី​កន្លង​ប្រជាធិបតេយ្យ​ផង​ដែរ ក្រោម​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។