មេ​បក្ស​ប្រឆាំង​ប្រកាស​ថា នឹង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ឆ្កួត

ដោយ ហេង រស្មី
2019-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បាន​ប្រកាស​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី​១១ មិថុនា យុទ្ធវិធី​មួយ​ដ៏​ល្អ​ប្រសើរ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​ឱ្យ​បាន​ឆាប់​នៅ​កម្ពុជា គឺ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ឆ្កួត។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា មាន​សំណុំរឿង​ជាច្រើន​ដែល​រង់ចាំ​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក នៅ​ចំពោះ​មុខ​តុលាការ​ប្រទេស​បារាំង ហើយ​លោក​ក៏​ចង់​ឱ្យ លោក ហ៊ុន សែន ហ៊ាន​មក​ប្តឹង​លោក​នៅ​ប្រទេស​បារាំង។

ការប្រកាស​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ឡើង​ក្រោយពី​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ហ៊ុន សែន លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង លោក ឌី វិជ្ជា កូនប្រុស​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក ហុក ឡងឌី មាន​គម្រោង​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ក្រោយពី​បាន​ចោទប្រកាន់​ជា​សាធារណៈ​ថា​លោក ហ៊ុន សែន រៀបចំ​ផែនការ​សម្លាប់​ឪពុក​លោក។

លោក ឌី វិជ្ជា ថា លោក​កំពុង​ឱ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់ ដើម្បី​ប្ដឹង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង តែ​មិន​បញ្ជាក់​ថា នឹង​ប្ដឹង​ទៅ​តុលាការ​នៅ​កម្ពុជា ឬ​ប្ដឹង​ទៅ​តុលាការ​ប្រទេស​បារាំង ដូច លោក ហ៊ុន សែន និង លោក ស ខេង ទេ។ លោក ឌី វិជ្ជា អះអាង​ថា លោក សម រង្ស៊ី មាន​ចេតនា​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ ដើម្បី​ធ្វើ​ឱ្យ​មតិ​ជាតិ និង​អន្តរជាតិ ភ័ន្តច្រឡំ នឹង​ការ​ស្លាប់​របស់​ឪពុក​លោក កាលពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ កាលពី​ថ្ងៃ​ទី​១១ មិថុនា។

លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់ លោក ហុក ឡង់ឌី តាមរយៈ​ការ​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅ​ពេល​កំពុង​ហោះហើរ​លើ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា មូលហេតុ ដែល​លោក ហ៊ុន សែន សម្រេច​ចិត្ត​សម្លាប់ លោក ហុក ឡង់ឌី ដោយសារ លោក ហុក ឡង់ឌី បាន​ដឹង​រឿង​អាក្រក់​របស់ លោក ហ៊ុន សែន ច្រើន​ពេក។ ជាពិសេស លោក ហុក ឡង់ឌី ត្រៀម​លាត​ត្រដាង រាល់​បទបញ្ជា ដែល លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សម្លាប់ មេ​សហជីព លោក ជា វិជ្ជា ក្នុង​ឆ្នាំ​២០០៤៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

សុធី ចៅ

ពី chau@cambodiademocracy.us

ខណៈពេលដែលអ្នកនយោបាយជាន់ខ្ពស់ទាំងពីរនេះកំពុងធ្វើសកម្មភាពប្រឆាំងនឹងគ្នាទៅវិញទៅមក ប្រទេសកម្ពុជា (ដីនិងសមុទ្រ) កំពុងតែមានទំហំកាន់តែតូចទៅៗជាងមុនជារៀងរាល់ថ្ងៃ។
អ្វីដែលខ្ញុំបានឮគឺថាពួកគេទាំងពីរបានហៅគ្នាថា "ឆ្កួត" ។ លោកសមរង្ស៊ីបានថ្លែងថាហ៊ុនសែនជាមនុស្សឆ្កួត ឯលោកហ៊ុនសែនវិញបាននិយាយថាលោកសមរង្ស៊ីក៏ជាមនុស្សឆ្កួតដែរព្រោះគាត់ធ្វើការឱ្យលោកហ៊ុនសែន។
ខ្ញុំមិនយល់ តើលោកទាំងពីរនេះឆ្កួតមែនឬ?

Jun 13, 2019 09:27 AM

គេហទំព័រ​ទាំងមូល