សាក្សី៖ អង្គរក្សលោក ហ៊ុន សែន ជិត២០០នាក់ចូលរួមធ្វើបាតុកម្មទម្លាក់លោក កឹម សុខា
2015.10.30

ទោះបីជាប្រមុខក្រសួងការពារជាតិ បដិសេធថា គ្មានកងទ័ព ឬអង្គរក្សមកចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា កាលពីថ្ងៃទី២៦ ខែតុលា នោះក្ដី ប៉ុន្តែក្រុមម្ចាស់ឡានឈ្នួលបញ្ជាក់ថា ពួកគាត់ជាអ្នកដឹកបាតុករដែលជាអង្គរក្សដោយផ្ទាល់ចេញពីបន្ទាយ អង្គរក្ស នៅក្រុងតាខ្មៅ យកមកធ្វើបាតុកម្មនៅមុខរដ្ឋសភា។ តើមានអង្គរក្សចំនួនប៉ុន្មាននាក់មកចូលរួមធ្វើបាតុកម្ម ហើយស្លៀកពាក់ដូចម្ដេចខ្លះ?
ប្រភពដែលថ្លែងសុំមិនបញ្ចេញ ឈ្មោះ ដែលជាម្ចាស់ឡានឈ្នួលនោះអះអាងថា ពួកគាត់បានដឹកក្រុមអង្គរក្សជិត ២០០នាក់ ចេញពីបន្ទាយនៅក្រុងតាខ្មៅ ដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។
ម្ចាស់ឡានឈ្នួលទាំងនោះលើកឡើងថា កងអង្គរក្សរបស់លោក ហ៊ុន សែន ទាំងនោះ ស្លៀកពាក់ស៊ីវិលបន្លំខ្លួនជាប្រជាពលរដ្ឋធម្មតា ដែលពួកគាត់ដឹកចេញពីបន្ទាយឈ្មោះថា "បញ្ជាការដ្ឋានកងអង្គរក្សសម្ដេច ហ៊ុន សែន" ឬហៅថា "បន្ទាយពោងលឿង" ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មកបាតុកម្មជាមួយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់ពាន់នាក់ទៀត។
អ្នកបើកឡានរូបនេះរៀបរាប់ដោយសំឡេងមួយៗថា កាលពីល្ងាចថ្ងៃទី២៥ ខែតុលា មានបុរសម្នាក់ទូរស័ព្ទមកលោកប្រាប់ថា ជួលឡានដឹកមនុស្សទៅប្រជុំក្នុងតម្លៃ ៤០ដុល្លារក្នុងឡានមួយ។ ប៉ុន្តែលោកថា ពេលលោកទៅដឹកមនុស្ស គេប្រាប់ឲ្យទៅបន្ទាយ។
លោក ថា នៅទីនោះមានរថយន្តចំនួន ១០គ្រឿង ដើម្បីដឹកក្រុមអង្គរក្ស ហើយក្នុងរថយន្តមួយគ្រឿងដឹកមនុស្ស ១៨នាក់។ បុរសដដែលបន្តថា អ្នកជិះក្នុងឡានរបស់លោក អ្នកខ្លះមានដំបង អ្នកខ្លះមានដុំថ្ម និងអ្នកខ្លះទៀតមានបដា៖ «ដឹកពីបន្ទាយពោងលឿង ទាំងអស់ សុទ្ធតែទាហានទាំងអស់...។ ប្រុសៗ ក្មេង អាយុ ៣០ចុះ។ អ្នកជិះក្នុងឡានគេមិននិយាយជាមួយយើងទេ គេទាក់ទងតែគ្នាទេ»។
បាតុកម្ម ហិង្សានេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ថា បាតុកម្មប្រឆាំងនឹងរូបលោកនៅប្រទេសបារាំង គឺជាសិទ្ធិប្រជាពលរដ្ឋ ចំណែកបាតុកម្មប្រឆាំងលោក កឹម សុខា នៅភ្នំពេញ ក៏ជាសិទ្ធិរបស់ពលរដ្ឋដូចគ្នា។ លោកថា បើលេងកុំខឹង បើខឹងកុំលេង ហើយលេងម្តងនេះអាចទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានសភា។
ម្ចាស់ឡានឈ្នួលដឹកបាតុករបន្តទៀតថា ពេលទៅដល់កន្លែងបាតុកម្មគេប្រាប់ឲ្យយកឡានទៅទុកនៅទីធ្លាកោះ ពេជ្រ។ លោកថា នៅពេលបាតុកម្មបានបញ្ចប់គឺក្នុងពេលលោកដឹកបាតុករទៅវិញ បាតុករខ្លះនិយាយអួតថា គេបានវ៉ៃតំណាងរាស្ត្រពីរបីដៃ៖ «កាលពី រៀបចំចេញទៅមានកាន់ដំបង ប៉ុន្តែទៅដល់ ចោលអស់ទៅ មិនដឹងថា ចោលនៅណាទេ។ ពេលទៅដល់គេឲ្យឈប់នៅសភា គេដេញឲ្យទៅឈប់នៅកោះពេជ្រ គេថា នៅចាំនៅកោះពេជ្រ។ មុនចេញគេឲ្យបាយមួយប្រអប់ម្នាក់ ពេលទៅដល់នោះអត់មានបាយទេ»។
រីឯបុរសម្នាក់ដែលអះអាងថា ជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តកណ្ដាល និងបានចូលរួមធ្វើបាតុកម្មនៅមុខរដ្ឋសភាដែរនោះប្រាប់ថា នៅព្រឹកថ្ងៃទី២៦ ខែតុលា លោកត្រូវបានគេប្រាប់ឲ្យមកប្រជុំនៅបន្ទាយទួលក្រសាំង។ លោកថា នៅពេលចូលដល់ក្នុងបន្ទាយ គេចែកបាយឲ្យម្នាក់មួយបញ្ចប់ រួចហើយដឹកចេញមកក្រៅដោយប្រាប់ថា មកប្រជុំនៅបន្ទាយធំ ប៉ុន្តែបែរជាគេដឹកឲ្យមកធ្វើបាតុកម្មនៅមុខរដ្ឋសភាទៅវិញ។
យុវជនរូបនេះហៅការដែលឲ្យរូបគេចូលរួមធ្វើបាតុកម្មជាការបោកបញ្ឆោត ព្រោះមិនបានប្រាប់ឲ្យដឹងមុន៖ «ពួក ខ្ញុំគ្រាន់តែជាកូនអុកសម្រាប់តែគេប្រើឲ្យមានគ្នាបានច្រើន ដោយសារតែគេបានប្រើវិធីបោកបញ្ឆោតឲ្យពួកខ្ញុំមកតែម្ដង។ គេអត់បានប្រាប់ថា មកបាតុកម្មទម្លាក់អ្វីឡើយ ដោយសារតែគេប្រាប់ថា មកដើម្បីប្រជុំ បើគេប្រាប់ថា មកបាតុកម្មគ្មានអ្នកណាមកទេ»។
យុវជនបន្តថា នៅពេលបាតុកម្មបញ្ចប់ក្រោយការវាយប្រហារលើតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ក្រុមបាតុករទាំងអស់គ្នាឡើងឡានត្រឡប់មកវិញ ហើយពេលនេះធ្វើដំណើរមកដល់ក្រុងតាខ្មៅ ឡានឈប់នៅមុខសណ្ឋាគារមួយ បន្ទាប់មកមានបុរសម្នាក់ពាក់អាវស មានអាយកូមកាន់នៅដៃ ផ្ដល់ប្រាក់ឲ្យបាតុករទាំងអស់ម្នាក់ ២ម៉ឺនរៀល។
យុវជនឲ្យដឹងទៀត ជនដៃដល់ដែលវាយតំណាងរាស្ត្រ មិនឈរនៅមុខសណ្ឋាគារដូចបាតុករទូទៅទេ គឺបានចូលទៅក្នុងសណ្ឋាគារ៖ «មេដឹកនាំ គេហៅថា មកបងប្អូនចុះពីឡានមកមុខរដ្ឋសភា ហើយអ្នកដែលស្រែកជាអ្នកដែលដឹកនាំ។ ពេលចេញមកវិញ គេជិះតាមផ្លូវជាតិលេខ១ វាងតាមផ្លូវថៃហ្គ័រ ហើយចូលបន្ទាយវិញ។ មុនចូលបន្ទាយគេចែកលុយម្នាក់ពីរម៉ឺន គេអត់បាននិយាយថា ថវិកានោះដើម្បីអ្វីទេ»។
ឆ្លើយតបការចោទប្រកាន់នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថា លោកមិនដឹងរឿងនេះទេ។ ចំណែកមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង បដិសេធថា កងទ័ពគ្មានសិទ្ធិចូលរួមធ្វើបាតុកម្ម គឺកងទ័ពមានតួនាទីការពារជាតិ។
លោក ហ៊ីង ប៊ុនហៀង ថ្លែងបែបនេះបន្ទាប់ពីទទួលដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា។ លោកបញ្ជាក់ថា ការចោទប្រកាន់នេះជាការស្រមើស្រមៃ៖ «ខ្ញុំសូមបញ្ជាក់ថា កងទ័ពនៅក្រោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានភារកិច្ចការពារជាតិ ការពារសន្តិសុខសង្គម ឬប្រជាពលរដ្ឋ ហើយបាតុកម្មគ្មានទេ កុំស្រមើស្រមៃគ្មានទេ»។
ក្នុង បាតុកម្មទាមទារឲ្យលោក កឹម សុខា ចុះចេញពីតួនាទីជាអនុប្រធានទី១ រដ្ឋសភា បាតុករបានវាយតំណាងគណបក្សសង្គ្រោះជាតិ ពីររូបឲ្យរងរបួសធ្ងន់ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា ត្រូវបាតុករព្រួតគ្នាវ៉ៃដោយទាញចេញពីក្នុងរថយន្ត រួចហើយទាត់ធាក់តាមចិត្តចង់គ្មានអាជ្ញាធរមានសមត្ថកិច្ច ឬសន្តិសុខរបស់រដ្ឋសភាអន្តរាគមន៍ឡើយ។
ចំណែកសមាជិករដ្ឋសភាមក ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូបទៀត គឺលោក ញ៉យ ចំរើន ក៏ត្រូវបាតុករមួយក្រុមវាយដំលើរូបលោកយ៉ាងខ្លាំង និងបណ្ដាលឲ្យសន្លប់ភ្លាមៗនៅមុខអគាររដ្ឋសភា។ អ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅប្រទេសថៃ នៅឡើយ។
តំណាងរាស្ត្រ ញ៉យ ចំរើន និយាយប្រាប់វិទ្យុអាស៊ីសេរីថា ក្រោយពីវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ផ្យាថៃ (Phyathai Hospital) ក្នុងទីក្រុងបាងកក (Bangkok) បានធ្វើការវះកាត់ដៃស្ដាំរបស់លោកដែលបាក់បីកំណាត់ ហើយដាក់ដែកអបឆ្អឹងដែលបាក់នោះហើយ។ សុខភាពរបស់លោកនៅមានសភាពទ្រុឌទ្រោមនៅឡើយ។ ចំណែកលោក គង់ សភា កំពុងបញ្ចូលខ្យល់អុកស៊ីហ្សែននៅឡើយក្រោយពីវេជ្ជបណ្ឌិតធ្វើការ វះកាត់ក្ដោងច្រមុះដែលបាក់ស្រុតចូលទៅផ្នែកខាងក្នុង។
ថ្លែង ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៨ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទូចឲ្យជនប្រព្រឹត្តហិង្សាចូលខ្លួនសារភាព និងប្រាប់ឲ្យពលរដ្ឋរក្សាភាពស្ងប់ស្ងៀម និងទាមទារសាធារណជនដែលមានរូបថត ឬវីដេអូ របស់ជនប្រព្រឹត្តយកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច។
លោក ហ៊ុន សែន បានហៅការប្រើអំពើហិង្សាចំពោះអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថាជារឿងចម្លែក៖ «សាមី ខ្លួនតំណាងរាស្ត្រផ្ទាល់ និងអ្នកថតរូប ថតវីដេអូ ដែលបង្ហោះតាមហ្វេសប៊ុក សូមមេត្តាផ្ដល់រូបភាពទាំងនោះមកសមត្ថកិច្ច ដើម្បីសមត្ថកិច្ចអាចងាយរកឃើញអ្នកប្រព្រឹត្តបទល្មើសបទល្មើស»។
យ៉ាងណាក៏ដោយចុះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា បានចាត់ទុកបាតុកម្មហិង្សាលើរូបតំណាងរាស្ត្រ ជាបាតុកម្មបែបឧក្រិដ្ឋកម្ម និងជាការរៀបចំទុកជាមុនរបស់គណបក្សប្រជាជនកម្ពុជា។
នាយក ប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មានប្រសាសន៍ថា ភ្នាក់ងាររបស់លោកបានសម្ភាសក្រុមបាតុករមួយចំនួនដែលវាយដំទៅលើ តំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ នោះថា ពួកគេត្រូវបានជួល និងផ្ដល់សម្ភារៈដឹកជញ្ជូនដើម្បីមកធ្វើបាតុកម្មមុខរដ្ឋសភា និងនៅខាងមុខផ្ទះលោក កឹម សុខា។
ដោយឡែកចំពោះក្រុមអ្នកបើកឡាន ដឹកអង្គរក្សមកធ្វើបាតុកម្មប្រឆាំង លោក កឹម សុខា ចំនួនលើកឡើងថា បើសិនជាពួកគាត់ដឹងថា ដឹកមនុស្សមកធ្វើបាតុកម្មនោះ ពួកគាត់មិនដឹកនោះទេ៕