សាក្សី៖ អង្គរក្ស​លោក ហ៊ុន សែន ជិត​២០០​នាក់​ចូល​រួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា

ដោយ ប្រាជ្ញ ចេវ
2015.10.30
ហ៊ីង ប៊ុនហៀង ៦២០ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

ទោះបីជា​ប្រមុខ​ក្រសួង​ការពារ​ជាតិ បដិសេធ​ថា គ្មាន​កងទ័ព ឬ​អង្គរក្ស​មក​ចូល​រួម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា នោះ​ក្ដី ប៉ុន្តែ​ក្រុម​ម្ចាស់​ឡាន​ឈ្នួល​បញ្ជាក់​ថា ពួកគាត់​ជា​អ្នក​ដឹក​បាតុករ​ដែល​ជា​អង្គរក្ស​ដោយ​ផ្ទាល់​ចេញ​ពី​បន្ទាយ​ អង្គរក្ស នៅ​ក្រុង​តាខ្មៅ យក​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា។ តើ​មាន​អង្គរក្ស​ចំនួន​ប៉ុន្មាន​នាក់​មក​ចូលរួម​ធ្វើ​បាតុកម្ម ហើយ​ស្លៀកពាក់​ដូច​ម្ដេច​ខ្លះ?

ប្រភព​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ ឈ្មោះ ដែល​ជា​ម្ចាស់​ឡាន​ឈ្នួល​នោះ​អះអាង​ថា ពួកគាត់​បាន​ដឹក​ក្រុម​អង្គរក្ស​ជិត ២០០​នាក់ ចេញ​ពី​បន្ទាយ​នៅ​ក្រុង​តាខ្មៅ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។

​ម្ចាស់​ឡាន​ឈ្នួល​ទាំង​នោះ​លើក​ឡើង​ថា កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ទាំង​នោះ ស្លៀកពាក់​ស៊ីវិល​បន្លំ​ខ្លួន​ជា​ប្រជាពលរដ្ឋ​ធម្មតា ដែល​ពួកគាត់​ដឹក​ចេញ​ពី​បន្ទាយ​ឈ្មោះ​ថា "បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន" ឬ​ហៅ​ថា "បន្ទាយ​ពោង​លឿង"  ស្ថិត​ក្នុង​ភូមិ​ព្រែកសំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មក​បាតុកម្ម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រាប់​ពាន់​នាក់​ទៀត។

​ អ្នក​បើក​ឡាន​រូប​នេះ​រៀបរាប់​ដោយ​សំឡេង​មួយៗ​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​តុលា មាន​បុរស​ម្នាក់​ទូរស័ព្ទ​មក​លោក​ប្រាប់​ថា ជួល​ឡាន​ដឹក​មនុស្ស​ទៅ​ប្រជុំ​ក្នុង​តម្លៃ ៤០​ដុល្លារ​ក្នុង​ឡាន​មួយ។ ប៉ុន្តែ​លោក​ថា ពេល​លោក​ទៅ​ដឹក​មនុស្ស គេ​ប្រាប់​ឲ្យ​ទៅ​បន្ទាយ។

លោក ​ថា នៅ​ទី​នោះ​មាន​រថយន្ត​ចំនួន ១០​គ្រឿង ដើម្បី​ដឹក​ក្រុម​អង្គរក្ស ហើយ​ក្នុង​រថយន្ត​មួយ​គ្រឿង​ដឹក​មនុស្ស ១៨​នាក់។ បុរស​ដដែល​បន្ត​ថា អ្នក​ជិះ​ក្នុង​ឡាន​របស់​លោក អ្នក​ខ្លះ​មាន​ដំបង អ្នក​ខ្លះ​មាន​ដុំ​ថ្ម និង​អ្នក​ខ្លះ​ទៀត​មាន​បដា៖ «ដឹក​ពី​បន្ទាយ​ពោងលឿង ទាំង​អស់ សុទ្ធតែ​ទាហាន​ទាំង​អស់...។ ប្រុសៗ ក្មេង អាយុ ៣០​ចុះ។ អ្នក​ជិះ​ក្នុង​ឡាន​គេ​មិន​និយាយ​ជាមួយ​យើង​ទេ គេ​ទាក់ទង​តែ​គ្នា​ទេ»

បាតុកម្ម ​ហិង្សា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ថា បាតុកម្ម​ប្រឆាំង​នឹង​រូបលោក​នៅ​ប្រទេស​បារាំង គឺ​ជា​សិទ្ធិ​ប្រជាពលរដ្ឋ ចំណែក​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ភ្នំពេញ ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដូចគ្នា។ លោក​ថា បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង ហើយ​លេង​ម្តង​នេះ​អាច​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​សភា។​

បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន ឬ​ហៅ​ថា បន្ទាយ​ពោងលឿង ស្ថិត​ក្នុង​​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២១០៥
បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន ឬ​ហៅ​ថា បន្ទាយ​ពោងលឿង ស្ថិត​ក្នុង​​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២១០៥
RFA/Brach Chev

ម្ចាស់​ឡាន​ឈ្នួល​ដឹក​បាតុករ​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​កន្លែង​បាតុកម្ម​គេ​ប្រាប់​ឲ្យ​យក​ឡាន​ទៅ​ទុក​នៅ​ទីធ្លា​កោះ​ ពេជ្រ។ លោក​ថា នៅ​ពេល​បាតុកម្ម​បាន​បញ្ចប់​គឺ​ក្នុង​ពេល​លោក​ដឹក​បាតុករ​ទៅ​វិញ បាតុករ​ខ្លះ​និយាយ​អួត​ថា គេ​បាន​វ៉ៃ​តំណាងរាស្ត្រ​ពីរ​បី​ដៃ៖ «កាល​ពី​ រៀបចំ​ចេញ​ទៅ​មាន​កាន់​ដំបង ប៉ុន្តែ​ទៅ​ដល់​ ចោល​អស់​ទៅ មិន​ដឹង​ថា ចោល​នៅ​ណា​ទេ។ ពេល​ទៅ​ដល់​គេ​ឲ្យ​ឈប់​នៅ​សភា គេ​ដេញ​ឲ្យ​ទៅ​ឈប់​នៅ​កោះ​ពេជ្រ គេ​ថា នៅ​ចាំ​នៅ​កោះ​ពេជ្រ។ មុន​ចេញ​គេ​ឲ្យ​បាយ​មួយ​ប្រអប់​ម្នាក់ ពេល​ទៅ​ដល់​នោះ​អត់​មាន​បាយ​ទេ»

​ រីឯ​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កណ្ដាល និង​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ដែរ​នោះ​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា លោក​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​មក​ប្រជុំ​នៅ​បន្ទាយ​ទួលក្រសាំង។ លោក​ថា នៅ​ពេល​ចូល​ដល់​ក្នុង​បន្ទាយ គេ​ចែក​បាយ​ឲ្យ​ម្នាក់​មួយ​បញ្ចប់ រួច​ហើយ​ដឹក​ចេញ​មក​ក្រៅ​ដោយ​ប្រាប់​ថា មក​ប្រជុំ​នៅ​បន្ទាយ​ធំ ប៉ុន្តែ​បែរ​ជា​គេ​ដឹក​ឲ្យ​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​ទៅ​វិញ។

យុវជន​រូប​នេះ​ហៅ​ការ​ដែល​ឲ្យ​រូបគេ​ចូល​រួម​ធ្វើ​បាតុកម្ម​ជា​ការ​បោក​បញ្ឆោត ព្រោះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន៖ «ពួក ​ខ្ញុំ​គ្រាន់តែ​ជា​កូន​អុក​សម្រាប់​តែ​គេ​ប្រើ​ឲ្យ​មាន​គ្នា​បាន​ច្រើន ដោយសារ​តែ​គេ​បាន​ប្រើ​វិធី​បោក​បញ្ឆោត​ឲ្យ​ពួក​ខ្ញុំ​មក​តែម្ដង។ គេ​អត់​បាន​ប្រាប់​ថា មក​បាតុកម្ម​ទម្លាក់​អ្វី​ឡើយ ដោយសារ​តែ​គេ​ប្រាប់​ថា មក​ដើម្បី​ប្រជុំ បើ​គេ​ប្រាប់​ថា មក​បាតុកម្ម​គ្មាន​អ្នក​ណា​មក​ទេ»

​ យុវជន​បន្ត​ថា នៅ​ពេល​បាតុកម្ម​បញ្ចប់​ក្រោយ​ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ ក្រុម​បាតុករ​ទាំង​អស់​គ្នា​ឡើង​ឡាន​ត្រឡប់​មក​វិញ ហើយ​ពេល​នេះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​តាខ្មៅ ឡាន​ឈប់​នៅ​មុខ​សណ្ឋាគារ​មួយ បន្ទាប់​មក​មាន​បុរស​ម្នាក់​ពាក់អាវ​ស មាន​អាយកូម​កាន់​នៅ​ដៃ ផ្ដល់​ប្រាក់​ឲ្យ​បាតុករ​ទាំង​អស់​ម្នាក់ ២​ម៉ឺន​រៀល។

យុវជន​ឲ្យ​ដឹង​ទៀត ជន​ដៃដល់​ដែល​វាយ​តំណាងរាស្ត្រ មិន​ឈរ​នៅ​មុខ​សណ្ឋាគារ​ដូច​បាតុករ​ទូទៅ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​សណ្ឋាគារ៖ «មេដឹកនាំ ​គេ​ហៅ​ថា មក​បង​ប្អូន​ចុះ​ពី​ឡាន​មក​មុខ​រដ្ឋសភា ហើយ​អ្នក​ដែល​ស្រែក​ជា​អ្នក​ដែល​ដឹកនាំ។ ពេល​ចេញ​មក​វិញ គេ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ​១ វាង​តាម​ផ្លូវ​ថៃហ្គ័រ ហើយ​ចូល​បន្ទាយ​វិញ។ មុន​ចូល​បន្ទាយ​គេ​ចែក​លុយ​ម្នាក់​ពីរ​ម៉ឺន គេ​អត់​បាន​និយាយ​ថា ថវិកា​នោះ​ដើម្បី​អ្វី​ទេ»

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថា លោក​មិន​ដឹង​រឿង​នេះ​ទេ។ ចំណែក​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង បដិសេធ​ថា កង​ទ័ព​គ្មាន​សិទ្ធិ​ចូលរួម​ធ្វើ​បាតុកម្ម គឺ​កងទ័ព​មាន​តួនាទី​ការពារ​ជាតិ។

លោក ហ៊ីង ប៊ុនហៀង ថ្លែង​បែប​នេះ​បន្ទាប់​ពី​ទទួល​ដំណើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា។ លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ស្រមើស្រមៃ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា កងទ័ព​នៅ​ក្រោម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មាន​ភារកិច្ច​ការពារ​ជាតិ ការពារ​សន្តិសុខ​សង្គម ឬ​ប្រជាពលរដ្ឋ ហើយ​បាតុកម្ម​គ្មាន​ទេ កុំ​ស្រមើស្រមៃ​គ្មាន​ទេ»

​ក្នុង​ បាតុកម្ម​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តួនាទី​ជា​អនុ​ប្រធាន​ទី​១ រដ្ឋសភា បាតុករ​បាន​វាយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ឲ្យ​រង​របួស​ធ្ងន់ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា។

​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  លោក គង់ សភា ត្រូវ​បាតុករ​ព្រួត​គ្នា​វ៉ៃ​ដោយ​ទាញ​ចេញ​ពី​ក្នុង​រថយន្ត រួច​ហើយ​ទាត់​ធាក់​តាម​ចិត្ត​ចង់​គ្មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​សន្តិសុខ​របស់​រដ្ឋ​សភា​អន្តរាគមន៍​ឡើយ។

ចំណែក​សមាជិក​រដ្ឋសភា​មក​ ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ទៀត គឺ​លោក ញ៉យ ចំរើន ក៏​ត្រូវ​បាតុករ​មួយ​ក្រុម​វាយដំ​លើ​រូបលោក​យ៉ាង​ខ្លាំង និង​បណ្ដាល​ឲ្យ​សន្លប់​ភ្លាមៗ​នៅ​មុខ​អគារ​រដ្ឋ​សភា។ អ្នក​ទាំង​ពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ នៅ​ឡើយ។

តំណាងរាស្ត្រ ញ៉យ ចំរើន និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយ​ពី​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ ផ្យាថៃ (Phyathai Hospital) ក្នុង​ទីក្រុង​បាងកក (Bangkok) បាន​ធ្វើ​ការ​វះកាត់​ដៃ​ស្ដាំ​របស់​លោក​ដែល​បាក់​បី​កំណាត់ ហើយ​ដាក់​ដែក​អប​ឆ្អឹង​ដែល​បាក់​នោះ​ហើយ។ សុខភាព​របស់​លោក​នៅ​មាន​សភាព​ទ្រុឌទ្រោម​នៅ​ឡើយ។ ចំណែក​លោក គង់ សភា កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​នៅ​ឡើយ​ក្រោយ​ពី​វេជ្ជបណ្ឌិត​ធ្វើការ​ វះកាត់​ក្ដោងច្រមុះ​ដែល​បាក់​ស្រុត​ចូល​ទៅ​ផ្នែក​ខាង​ក្នុង។

​ថ្លែង​ ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទូច​ឲ្យ​ជន​ប្រព្រឹត្ត​ហិង្សា​ចូល​ខ្លួន​សារភាព និង​ប្រាប់​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងៀម និង​ទាមទារ​សាធារណជន​ដែល​មាន​រូបថត ឬ​វីដេអូ របស់​ជន​ប្រព្រឹត្ត​យក​ប្រគល់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក ហ៊ុន សែន បាន​ហៅ​ការ​ប្រើ​អំពើ​ហិង្សា​ចំពោះ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​រឿង​ចម្លែក៖ «សាមី ​ខ្លួន​តំណាងរាស្ត្រ​ផ្ទាល់ និង​អ្នក​ថតរូប ថត​វីដេអូ ដែល​បង្ហោះ​តាម​ហ្វេសប៊ុក សូម​មេត្តា​ផ្ដល់​រូបភាព​ទាំង​នោះ​មក​សមត្ថកិច្ច ដើម្បី​សមត្ថកិច្ច​អាច​ងាយ​រក​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស​បទល្មើស»

​ យ៉ាង​ណា​ក៏ដោយ​ចុះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​តុលា បាន​ចាត់​ទុក​បាតុកម្ម​ហិង្សា​លើ​រូបតំណាង​រាស្ត្រ ជា​បាតុកម្ម​បែប​ឧក្រិដ្ឋកម្ម និង​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នាយក​ ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​ សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា ភ្នាក់ងារ​របស់​លោក​បាន​សម្ភាស​ក្រុម​បាតុករ​មួយ​ចំនួន​ដែល​វាយដំ​ទៅ​លើ​ តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ថា ពួកគេ​ត្រូវ​បាន​ជួល និង​ផ្ដល់​សម្ភារៈ​ដឹក​ជញ្ជូន​ដើម្បី​មក​ធ្វើ​បាតុកម្ម​មុខ​រដ្ឋសភា និង​​នៅ​ខាង​មុខ​ផ្ទះ​លោក កឹម សុខា។

ដោយ​ឡែក​ចំពោះ​ក្រុម​អ្នក​បើកឡាន ​ដឹក​អង្គរក្ស​មក​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា ចំនួន​លើក​ឡើង​ថា បើសិនជា​ពួកគាត់​ដឹង​ថា ដឹក​មនុស្ស​មក​ធ្វើ​បាតុកម្ម​នោះ ពួក​គាត់​មិន​ដឹក​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។