លោក សាយ ឈុំ ផ្ដល់​សិទ្ធិ​ដល់​លោក រៀល ខេមរិន្ទ ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ៥នាក់​កំពុង​សុំ​សិទ្ធិ

ដោយ ទីន ហ្សាការីយ៉ា
2019-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ចូលរួម​​ពិនិត្យ និង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​វិមាន​ព្រឹទ្ធសភា ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ចូលរួម​​ពិនិត្យ និង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​វិមាន​ព្រឹទ្ធសភា ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​រិះគន់​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​របប​ក្រុង​ភ្នំពេញ​ថា ជា​មនុស្ស​​ឱកាសនិយម​ និង​ក្បត់​ឆន្ទៈ​ពលរដ្ឋ។ ការ​រិះ​គន់​នេះ​ដោយសារ​ប្រធាន​ព្រឹទ្ធសភា​របប​ក្រុង​ភ្នំពេញ​ លោក សាយ ឈុំ​ បាន​ចេញ​ព្រះរាជក្រឹត្យ​ជំនួស​ព្រះមហាក្សត្រ ផ្ដល់​សិទ្ធិ​ជា​ផ្លូវ​ការ​ដល់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ នៅ​ថ្ងៃ​ទី១៨ ​មីនា ខណៈ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ៥ទៀត​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដែរ។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​ អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​ពេល​នេះ​គឺ​ជា​ការ​​សម្លាប់​នយោបាយ​របស់​​ខ្លួន​ឯង​ទៅ​វិញ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៨ មីនា​ថា ជីវិត​នយោបាយ​របស់​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​នោះ​​នឹង​​ស្លាប់​ទៅ​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​ពលរដ្ឋ​​​ឈប់​គាំទ្រ។ លោក​ថា ពលរដ្ឋ​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ភាគច្រើន​យល់​ច្បាស់​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ដោយ​ពួកគាត់​មិន​ចាប់​អារម្មណ៍​នឹង​ក្រុម​បុគ្គល​ដែល​សុំ​សិទ្ធិ​នោះ​ទេ។ លោក​បន្ត​ថា អ្នក​ទាំង​នោះ​ជា​ក្រុម​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត៖ «ពលរដ្ឋ​ពុះកញ្ជ្រោល​ចង់​ផ្លាស់​ប្ដូរ​ហើយ​ស្អប់​អ្នក​ដែល​ទៅ​សុំ​សិទ្ធ​ធ្វើ​នយោបាយ​ ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ធ្វើ​នយោបាយ​អស់​ហើយ ។​ពលរដ្ឋ​ស្អប់​របប​ដឹក​នាំ​សព្វថ្ងៃ​នេះ​ហើយ​អ្នក​ដែល​ទៅ​អោន​ក្បាល​ជា​មួយ​របប​សព្វ​ថ្ងៃ​ជិះជាន់​ពលរដ្ឋ​ ដូច្នេះ​ពួក​គាត់​កាន់​តែ​ស្អប់​ថែម​ទៀត​អ្នក​ដែល​ចូលរួម​ជា​មួយ​របប​នេះ»

លោក​បន្ត​ថា សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ប្រមាណ ៩៥ភាគរយ​នៅ​តែ​ស្មោះ​ស្ម័គ្រ​ជា​មួយ​គណបក្ស​ សង្គ្រោះ​ជាតិ ​ដោយ​​មាន​លោក សម រង្ស៊ី និង​លោក កឹម សុខា​ ជា​មេ​ដឹក​នាំ​គណបក្ស​ដដែល និង​ចាត់​ទុក​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​នោះ​ជា​មនុស្ស​ចូលរួម​​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចំណែក​អ្នក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ ​ខេត្ត​កំពង់ចាម​ឯ​ណោះ​វិញ លោក ថាន សុរិទ្ធ ថ្លែង​ឲ្យ​ដឹង​ថា សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម​ជា​ច្រើន​នាក់​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​ដំណឹង​ថា​ លោក អ៊ូ ច័ន្ទរ័ត្ន​ និង​មន្ត្រី​គណបក្ស​នេះ​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​ពួក​គាត់​បាន​រិះគន់​ថា​ នោះ​ជា​ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ទោះ​យ៉ាង​ណា​លោក​ថា សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​នេះ​នៅ​តែ​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ​ ដដែល ដោយ​ឥត​ងាក​រេ៖ «អ្វី​ដែល​គាត់​ចេញ​មក​នេះ​ប្រហែល​គាត់​ទៅ​បង្កើត​គណបក្ស​មួយ​ទៀត​ហើយ​ ដែល​គាត់​ធ្វើ​ដោយ​ចិត្ត​ខ្លួន​ឯង​ឬ​មួយ​តាម​ការណែនាំ​យ៉ាង​មិច​គឺ​ពួក​យើង​មិន​ចាប់អារម្មណ៍​ទេ​ គឺ​ជា​សិទ្ធិ​របស់​គាត់​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​សូម​កុំ​ឲ្យ​បងប្អូន​កុំ​ចាប់អារម្មណ៍​ទៅ​លើ​ពួកគាត់​ ពីព្រោះ​ការ​ស្នើ​សុំ​សិទ្ធិ​នេះ​គឺ​គាត់​ធ្វើ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ​ មិន​មែន​ដើម្បី​ប្រយោជន៍​ជាតិ​ទេ​ បើ​ដើម្បី​ជាតិ​គឺ នៅ​រួម​គ្នា​ចូល​រួម​សកម្មភាព​ជា​មួយ​លោក​ប្រធាន​ សម រង្ស៊ី​ ដើម្បី​ជួយ​ដល់​ប្រទេស​ជាតិ»

មន្ត្រី​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​ ៥​នាក់ ក្នុងនោះ ៣នាក់​ជា​តំណាងរាស្ត្រ គឺ​លោក អ៊ូ ច័ន្ទរ័ត្ន លោក ជីវ កត្តា និង​លោក កង គឹមហាក់ រីឯ​ពីរ​នាក់​ទៀត គឺ​ជា​សមាជិក​គណៈកម្មការ​នាយក គឺ​អ្នកស្រី ទេព សុទ្ធី និង​លោក ច័ន្ទ សិលា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​លោក អ៊ូ ច័ន្ទរ័ត្ន​ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា លោក​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ៤នាក់​ផ្សេង​ទៀត​ បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ នៅ​ថ្ងៃ​ច័ន្ទ​ទី​១៨ ​មីនា​នេះ។ ទោះ​ជា​យ៉ាង​លោក​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​សុំ​សិទ្ធិ​នេះ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​នេះ​ទេ ខ្ញុំ​នឹង​ធ្វើ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ទទួល​នីតិសម្បទា​ពេញ​លេញ​ហើយ​ខ្ញុំ​នឹង​ធ្វើ​សន្និសីទកាសែត​​នៅ​ក្រុង​ភ្នំពេញ​។ខ្ញុំ​យល់​ហើយ​ដោយសារ​លោក​មិន​ទាន់​យល់​ពី​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​បាន​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​ដែរ​ ប៉ុន្តែ​ចាំ​ខ្ញុំ​ជម្រាប​​ជូន​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​សន្និសីទកាសែត»

អ្នក​វិភាគ​វ័យក្មេង លោក ប៉ុង់ ដេត យល់​ថា អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ពេល​នេះ​ គឺ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ប៉ុន្តែ​បុគ្គល​ទាំង​នោះ​នឹង​មិន​បាន​ផល​ចំណេញ​ពី​ការ​សុំ​សិទ្ធិ​នេះ​ទេ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ពួកគេ​នឹង​អស់​ប្រជាប្រិយភាព​ ដោយសារ​ពលរដ្ឋ​ឈប់​​គាំទ្រ​ ព្រោះ​ពួក​គាត់​គាំទ្រ​គណបក្ស​បក្ស​ សង្គ្រោះ​ជាតិ​ ដែល​មាន​លោក​ សម រង្ស៊ី និង​លោក កឹម សុខា​ ជា​មេ​ដឹក​នាំ៖ «ពីព្រោះ​ថា​គាត់​បង្កើត​គណបក្ស​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ជនរងគ្រោះ​ ដែល​របប​លោក​ ហ៊ុន សែន​ រំលាយ​ចោល ដូច្នេះ​អ្វី​ដែល​ធ្វើ​នៅ​ពេល​នេះ​ដូច​ចូល​ដៃ​ជា​មួយ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់ គឺ​មិន​ចំណេញ​ទេ ពីព្រោះ​អំណាច​ទាំង​អស់​នៅ​លើ​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ជាង​៥ពាន់​នាក់​របស់​បក្ស​ប្រឆាំង​ ជា​ពិសេស​ពលរដ្ឋ​ដែល​ជា​អ្នក​មើល​គឺ​ជា​រឿង​ដដែលៗ ធ្វើ​ឱ្យ​ពួកគាត់​សាំ»

រហូត​មក​ទល់​ថ្ងៃ​ទី​១៨ មីនា មាន​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​ ចំនួន ៩នាក់ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​អ្នក​គាំទ្រ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​​ជាច្រើន​នាក់​ទៀត​​នៅ​តែ​ប្រកាស​ប្រកាន់​ជំហរ​រង់ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក កឹម សុខា និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល