ក្រុម​សកម្មជន​ការពារ​ដីធ្លី​និង​ព្រះសង្ឃ​ទាមទារ​នៅមុខ​គុក​ព្រៃ​ស​ជំរុញ​ឲ្យ​ដោះលែង​មនុស្ស​១៧​នាក់

ដោយ ម៉ម មុនីរតន៍
2014.11.23
ទាមទារ​ដោះលែង​សកម្មជន ១៧ នាក់ ៦២០ ប្រជាពលរដ្ឋ ព្រះសង្ឃ និង​សង្គម​ស៊ីវិល ដាក់​ផ្ទាំង​រូបភាព​សកម្មជន​ដែល​ត្រូវ​ឃុំឃាំង​នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី ២៣ វិច្ឆិកា ២០១៤។
RFA/Morm Moniroth

មនុស្ស​ប្រមាណ​៣​រយ​នាក់ និង​ព្រះសង្ឃ​ប្រហែល ១០ អង្គ​បាន​ជួបជុំគ្នា នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស ទាមទារ​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត ដោះលែង​សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​នយោបាយ។

ការ​តវ៉ា​នៅ​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា ហាក់​ខុស​ប្លែក​ពី​ពី​សប្ដាហ៍​មុន​បន្តិច ដោយ​ហេតុ​ថា ក្រៅពី​ក្រុម​អ្នក​តវ៉ា​តស៊ូ​មតិ​ហើយ ក្នុង​នោះ​ថែមទាំង​មានសមាជិក​សភា​ក្រុង​ឡូវែល (Lowell) ប្រចាំ​រដ្ឋម៉ាសាឈូសេត (Massachusets) ដើម​កំណើត​ខ្មែរ​អាម៉េរិកាំង ចូលរួម​ផង​ដែរ។

លោក ម៉ម រ៉ាឌី ទើប​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ក្រុង​ឡូវែល ប្រចាំ​រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ដែល​បាន​ចូលរួម​ពិនិត្យ​ដោយ​ផ្ទាល់ ចំពោះ​ទិដ្ឋភាព​នៃ​ការ​តវ៉ា ថ្លែង​ថា​បរិយាកាស​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ពិតជា​គួរ​ឲ្យ​សង្វេគ និង​រន្ធត់។

ថ្លែង​បណ្ដើរ និង​សម្រក់​ទឹកភ្នែក​បណ្ដើរ​មុន​នឹង​លោក​ទម្លាក់​ក្បាល​មេក្រូ​ឲ្យ​អ្នកដទៃ​និយាយ​ជំនួស​វិញ ដោយសារ​អួល​ដើមក​ហា​ស្ដី​មិន​រួច លោក ម៉ម រ៉ាឌី ចាត់​ទុក​ថា លោក​បាន​ស្នើ​សុំ​ជួប​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដែរ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ឆ្មាំ​យាម​របង​ពន្ធនាគារ​ឡើយ។ លោក​បញ្ជាក់​ជំហរ​ថា នឹង​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក្រោយពី​លោក​បាន​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ពេល​នេះ«ឃើញ​បងប្អូន​ទាំងអស់​កុមារា​កុមារី អង្គុយ​ឈឺចុក​ចាប់។ ខ្ញុំ​ក៏​ឈឺចុក​ចាប់​ដែរ មិន​ដឹង​ជា​ពាក្យ​អ្វី​មក​និយាយ​ទេ»

ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា នៅ​ខាងមុខ​ពន្ធនាគារ​ព្រៃ​សរ​នេះ ហាក់​រៀង​ប្លែក​បន្តិច បើ​ប្រៀបធៀប​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន។ ប្លែក​នៅ​ត្រង់ថា​លើក​ទី​ពីរ​នេះ ក្រៅពី​រៀបចំ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា មាន​សូត្រ​មន្ត ធ្វើ​សមាធិ និង​បង្ហោះ​ប៉ោងៗ​ហើយ ជាពិសេស​នោះ គឺ​ក្រុម​អ្នក​តវ៉ា​បាន​យក​លុយ​ដុល្លារ​ក្លែងក្លាយ ម្ទេស​ស្រស់ អំបិល ហើយ​មានឈ្មោះ​ចៅក្រម និង ព្រះរាជ​អាជ្ញាធរ​មួយ​ចំនួន​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដូចជា​ចៅក្រម​លោក នូ វាសនា លោក ម៉ុង មុន្នីសោភា ព្រះរាជអាជ្ញា​លោក ធាង សុខ និង លោក កុល បុណ្យ ដុត​ហើយ​និង​ដាក់​បណ្ដាសា មុន​នឹង​បន្ត​ការ​ទាមទារ​ដូចនេះ នៅមុខ​មណ្ឌល​កែប្រែ ២១ និង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀត។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​បញ្ជាក់​ពី​ចៅក្រម និង ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រង​ការចោទប្រកាន់​ទាំងនេះ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ពុំ​អាច​ហៅ​ចូល​បាន​នៅ​ថ្ងៃ​ទី ២៣ វិច្ឆិកា។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ យល់​ឃើញ​ថា ដោយសារ​ពុំ​មាន​ជម្រើស​ទើប​ពួកគេ បង្ខំចិត្ត​ប្រើប្រាស់​មធ្យោបាយ​ដូចនេះ ដើម្បី​ទាមទារ។ បើ​ទោះជា​បែប​ណា លោក​កត់សំគាល់​ឃើញ​ថា រដ្ឋាភិបាល​ហាក់​ដូច​ខ្លាច​សម្បើម​ណាស់ នៅ​ពេល​ណា​មានការ​តវ៉ា​ម្ដងៗ ហើយ​ឆ្លើយតប​មកវិញ គឺ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់ខ្លួន​មនុស្ស​ដាក់​ពន្ធនាគារ«នៅ​ពេល​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ច្រើន មធ្យោបាយ​បាន​នៃ​ការ​ទប់ស្កាត់ គឺ​ចាប់​ដាក់​គុក ប្ដឹង​ចោទ​ប្រកាន់។ មធ្យោបាយ​នៃ​ព្រះសង្ឃ​ចេញ​ធ្វើ​ការ​តវ៉ា​ទាមទារ​​ច្រើន​មិន​ខុស​ពី​​ចាប់​ព្រះសង្ឃ​ដាក់​គុក។នៅ​ពេល​ដែល​នយោបាយ​ជាប់​គាំង ចរចា​មិន​ត្រូវ​គ្នា ចាប់​សកម្មជន​របស់​គណបក្ស​នយោបាយ​ហ្នឹង​យក​ទៅ​ដាក់​គុក ដើម្បី​ជាថ្នូរ។អា​នេះ​ជា​វប្បធម៌​អាក្រក់»

ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នកតស៊ូ​មតិ​ដើម្បី​ដីធ្លី និង​ព្រះសង្ឃ​ប្រមាណ ៣រយ​នាក់ ដែល​ឈរ​តវ៉ា នៅ​ខាងក្រៅ​បរិវេណ​របង ពន្ធនាគារ​ព្រៃ​ស ម១ និង ម​២ កាលពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា មិន​ត្រូវ​បង្ក្រាប​ដោយ​ក្រុម​អាជ្ញាធរ​ទេ។ កម្លាំង​មាន​សមត្ថកិច្ច​មួយ​ចំនួន ប្រដាប់​ដោយ​កាំភ្លើង ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ផ្នែក​ខាងក្នុង​នៃ​របង​ដែល​បង្ខាំង​មិន​ឲ្យ​មនុស្ស​ឆ្លងកាត់​ចូល​ទៅ​ក្នុង​បរិវេណ​ពន្ធនាគារ។ អ្នក​ខ្លះ​ទៀត ក្នុងចំណោម​នោះ​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ឃ្លាំមើល​សកម្មជន​នៅ​ផ្នែក​ខាងក្រៅ។

ដោយឡែក​រូបថត ចំនួន​១៧ សន្លឹក ស​ខ្មៅ ដែល​មាន​ផ្ទាំង​ធំៗ ត្រូវ​បាន​ប្រជាពលរដ្ឋ​តម្រៀប​ជា​ជួរ អម​ដោយ​ផ្កាឈូក​នៅ​នឹង​របាំង​ការពារ របស់​សមត្ថកិច្ច​មុខ​ផ្លូវ ។

ចំរៀង​ជាច្រើន​បទ ដែល​រៀបរាប់​យ៉ាង​ពិស្ដារ និយាយ​ពី​ការ​ជម្លៀស​ដោយ​បង្ខំ និង​បំបិទ​សិទ្ធិ​សេរីភាព ក្រោយពី​ក្រុមហ៊ុន​ឯកជន​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល ត្រូវ​បាន​ក្មេង​ចាស់​ប្រុស​ស្រី ស្រែកច្រៀង​យ៉ាង​កងរំពង«ត្រូវ​តែ​ខំប្រឹង​ៗ ព្យាយាម​ក្លាហាន។ នេះ​ជា​មេរៀន​សម្រាប់​តស៊ូ​ពួក​យើង។បញ្ហា​តូច​ធំ​ៗ»

ពាក់ព័ន្ធ​រឿង​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ការ​ចាប់ខ្លួន សកម្មជន​ដីធ្លី​ដែល​ជា​ស្ត្រី ១០​នាក់ សកម្មជន​គណបក្ស​នយោបាយ ៤​នាក់ និង​ព្រះសង្ឃ​៣ អង្គ ដោយ​មិនទាន់​គិត​ការ​ចាប់ខ្លួន មនុស្ស​និង​ព្រះសង្ឃ​បន្ថែម​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ​នៅឡើយ​ផង​ថា គឺជា​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​អ្នកតស៊ូ​មតិ ដើម្បី​សម្លុត​គំរាមកំហែង។

ភ្លាមៗ​ក្រោយពី​ចាប់ខ្លួន​ស្ត្រី​បឹងកក់ ព្រះសង្ឃ និង​សកម្មជន​គណបក្ស​នយោបាយ​មួយ​ចំនួន សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​ចាត់ទុកថា មូលហេតុ​ដែល​ចាប់ខ្លួន មនុស្ស​មួយ​ចំនួន​នេះ ដោយសារ​ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម និង​រំខាន​ដល់​មន្ត្រីរាជការ​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។