គ្រួសារ​​ជន​រងគ្រោះ​​ដង្ហោយ​​រក​​យុត្តិធម៌​​ក្នុង​​សំណុំរឿង​​គប់​​គ្រាប់​បែក​​កាល​​ពី​២៥​ឆ្នាំ​​មុន​

ដោយ យន់ សាមៀន
2022.03.30
គ្រួសារ​​ជន​រងគ្រោះ​​ដង្ហោយ​​រក​​យុត្តិធម៌​​ក្នុង​​សំណុំរឿង​​គប់​​គ្រាប់​បែក​​កាល​​ពី​២៥​ឆ្នាំ​​មុន​ លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀនរៀបចំ​ពិធី​បែប​ព្រះពុទ្ធសាសនា ដោយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ នៅមុខចេតិយជនរងគ្រោះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
រូប៖ លោក ថាច់ សេដ្ឋា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ គឺ​ជា​ខួប​គម្រប់ ២៥ឆ្នាំ​នៃ​ហេតុការណ៍​គប់គ្រាប់បែក​ដៃ​លើ​ហ្វូង​បាតុករ​អហិង្សា នៅ​មុខ​អគារ​រដ្ឋសភា​ចាស់ ក្បែរ​ព្រះបរមរាជវាំង។ ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅតែ​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​នាំ​ខ្លួន​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ឆ្លើយ​តប​ថា បើ​ភាគី​ណាមួយ​មាន​ភស្តុតាង​ថ្មី ពួកគេ​អាច​ដាក់​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​បន្ត​ស៊ើបអង្កេត​រឿង​នេះ។

គ្រួសារ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​កាល​ពី២៥ឆ្នាំ​មុន​ គ្មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​វែកមុខ​រក​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​យក​មក​ដាក់​ទោស​តាម​ច្បាប់។

អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី អ្នកស្រី លី នារី ដែល​បច្ចុប្បន្ន​មាន​វ័យ ៧៩ឆ្នាំ​ទៅ​ហើយ​នោះ មាន​ប្រសាសន៍​ថា អ្នកស្រី​នៅតែ​នឹក​រលឹក​កូនប្រុស​ដែល​បាន​​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នោះ។ កូនប្រុស​របស់​អ្នកស្រី​ លី នារី គឺ​លោក ជេត ដួងតារាវុធ ដែល​កាលនោះ លោក​មាន​វ័យ​ត្រឹម ២៩ឆ្នាំ និង​មាន​មុខ​របរ​​ជា​​វេជ្ជបណ្ឌិត។ អ្នកស្រី​បញ្ជាក់​ថា រយៈពេល២៥ ឆ្នាំ​មក​នេះ ពន្លឺ​យុត្តិធម៌​សម្រាប់​កូនប្រុស​របស់​អ្នកស្រី​មិន​ដឹង​ស្ថិត​នៅ​ទីណា​នោះ​ទេ៖ «ចំពោះ​រឿង​យុត្តិធម៌ ដូច​អត់​​ទាន់​​មាន​អ្វី​ទាំងអស់ ព្រោះ ២៥ឆ្នាំ​ហើយ​អត់​ដែល​មាន​អាជ្ញាធរ​ណា​គេ​មក​ប្រាប់​ថា ឥលូវ​រឿង​នេះ ស៊ើបអង្កេត​ដល់​នេះ​ហើយ រឿង​នោះ​យ៉ាងម៉េចៗ​ទៅ​ហើយ គឺ​អត់​ដែល​មាន​ទាល់តែ​សោះ គឺ​ស្ងាត់ឈឹង អ៊ីចឹង​ដូច​ខ្ញុំ​គ្មាន​សង្ឃឹម​ទេ»។

ទោះជាយ៉ាងណា អ្នកស្រី​ លី នារី នៅតែ​អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​កូនប្រុស​របស់​​អ្នកស្រី និង​ជនរងគ្រោះ​ដទៃទៀត។

ក្នុង​ខួប ២៥ឆ្នាំ​នៃ​ហេតុការណ៍​គប់​គ្រាប់​បែក​នេះ គណបក្ស​ភ្លើង​ទៀន​បាន​រៀបចំ​ពិធី​បែប​ព្រះពុទ្ធសាសនា ដោយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ។ ពិធី​នេះ​ប្រព្រឹត្តទៅ​រយៈពេល​ជាង​មួយ​ម៉ោង​នៅ​ព្រឹក​ថ្ងៃទី៣០ ខែមីនា នៅ​ទីតាំង​ចេតិយ​ជនរងគ្រោះ ដោយ​មាន​អ្នកចូលរួម​ប្រមាណ ២រយនាក់ ​(២០០)។ តំណាង​ជនរងគ្រោះ និង​គណបក្ស​ភ្លើងទៀន បាន​ឡើង​ថ្លែង​សារ​រៀបរាប់​ពី​ទុក្ខសោក និង​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ស៊ើបអង្កេត​រក​ឃាតករ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ឆ្លើយ​តប​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែង​ថា សំណុំរឿង​នេះ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។ លោក​ថា បើ​គ្រួសារ​ជនរងគ្រោះ និង​គណបក្ស​ភ្លើងទៀន​មាន​ភស្តុតាង​ថ្មី ពួកគេ​អាច​ដាក់​ភស្តុតាង​ទាំងនោះ​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី។ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​ចាត់ទុក​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​ដែល​រៀបចំ​ដោយ​គណបក្ស​ភ្លើង​ទៀន​នៅពេល​នេះ​ថា គ្រាន់តែ​ជា​ការ​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ៖ «ការ​ធ្វើ​បង្សុកូល​អ្វី​ហ្នឹង គឺ​ដើម្បី​គ្រាន់តែ​ឱ្យ​គេ​ចាប់​អារម្មណ៍ យក​ព្រឹត្តិការណ៍​ហ្នឹង​ដើម្បី​ធ្វើ​ជា​ពាណិជ្ជកម្ម​នយោបាយ។ តុលាការ​នៅតែ​បើក​ករណី​ហ្នឹង​សម្រាប់​ទទួល​ពាក្យបណ្ដឹង ទទួល​ព័ត៌មាន​​ពី​សាធារណជន ពី​អង្គការ​ណាមួយ​ដែល​នៅ​ក្នុង​ដែន​យុត្តាធិការ​របស់​ខ្លួន​ក្នុង​ការ​ចាប់ផ្ដើម​បន្ត​ថែម​ទៀត​ស្វែងរក​ជន​ដែល​ប្រព្រឹត្ត​អំពើ​បោក​គ្រាប់បែក​ហ្នឹង។ បើ​អត់​មាន យើង​មិន​ដឹង​ធ្វើ​ម៉េច​ទេ»។

គ្រួសារ​ជនរងគ្រោះ និង​គណបក្ស​ភ្លើង​ទៀន​បានច្រានចោល​ការ​លើកឡើងបែបនេះ​របស់​តំណាង​រដ្ឋាភិបាល។ 

អ្នកស្រី លី នារី ថ្លែង​ថា ការ​ស្វែង​រក​ភស្តុតាង​ គឺ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ មិន​មែន​មក​ទម្លាក់​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ដូច្នេះ​ឡើយ៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ធម្មតា​មិនអាច​ទៅ​រក​ភស្តុតាង រក​អ្វី​ឃើញ​ទេ។ ទាល់តែ​អាជ្ញាធរ​ហើយ លោក​មាន​សិទ្ធិ​មាន​អំណាច ស៊ើបអង្កេត​អ៊ីចឹង​ទៅ។ ខ្ញុំ​ប្រជាពលរដ្ឋ​ធម្មតា មិន​អាច​ទេ»

រីឯ​អនុប្រធាន​គណបក្ស​ភ្លើងទៀនលោក ថាច់ សេដ្ឋា វិញ លោក​ចាត់​ទុក​សម្ដី​របស់​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​រឿង​ធ្វើ​បុណ្យ​កេង​ចំណេញ​នយោបាយ​នោះ​ថា ជា​ការ​ប្រមាថ​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួកគាត់៖ «គ្រាន់តែ​រំឭក​ដល់​វីរបាតុករ​អហិង្សា​ដើម្បី​យុត្តិធម៌ បែរ​ជា​រឿង​កេង​ចំណេញ​នយោបាយ អាហ្នឹង​​មានន័យ​ថា យើង​គ្រាន់តែ​និយាយ​ឱ្យ​ឮ​ទេ។ ហើយ​បន្ថែម​ពី​លើ​ហ្នឹង គឺ​ហាក់ដូចជា​យើង​បញ្ឈឺ​ទៅដល់​វិញ្ញាណក្ខន្ធ ឬ​គ្រួសារ​ជនរងគ្រោះ​ថែម​ទៀត​ផង។ មិន​រក​មុខ​ឃាតករ​ឱ្យ​ឃើញ បែរ​ជា​ទៅ​(ចោទ)​រឿង​រក​ចំណេញ​នយោបាយ​វិញ អាហ្នឹង​គឺ​ថា​យើង​មិន​អាច​ទទួល​យក​បាន​ទេ»

ហេតុការណ៍​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ​អហិង្សា​កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះ បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ១៦នាក់ និង​ជាង ១០០ នាក់​ផ្សេង​ទៀតរង​របួស។ របាយការណ៍​ស៊ើបអង្កេត​នានា​សុទ្ធតែ​បង្ហាញ​ថា ការ​វាយប្រហារ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ។ តុលាការ​ក្រុងប៉ារីស​នៃ​ប្រទេស​បារាំង​បាន​ប្រកាស​អនុវត្ត​ដីកា​ចាប់​ខ្លួន​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ​ទាំងពីរ​រូប​នេះ​កាលពី​ចុង​ឆ្នាំ ២០២១ ពី​បទ «ប៉ុនប៉ង​សម្លាប់​មនុស្ស» ផ្អែក​តាម​បណ្ដឹង​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ភរិយា ដែល​ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បោក​គ្រាប់បែក​នោះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​មែន​នោះ សេចក្ដី​សម្រេច​របស់​តុលាការ​បារាំង​នេះ​អាច​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការ​ស៊ើបអង្កេត​បន្ថែម៖ «រដ្ឋាភិបាល​យើង​មិន​មាន​ឆន្ទៈ​ស្វែងរក​យុត្តិធម៌​ក្នុង​រឿង​ហ្នឹង​ទេ បើ​តាម​ខ្ញុំ​មើល ពីព្រោះ​រយៈពេល ២៥ឆ្នាំ​ហើយ អត់​មាន​ពន្លឺ​អ្វី​ផង។ នេះ​យើង​មើល​ឃើញ​រឿង​ហ្នឹង វា​ជា​រឿង​និទណ្ឌភាព​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ»

ក្នុង​ខួប​២៥ ឆ្នាំ​នៃ​ហេតុការណ៍​គប់​គ្រាប់​បែក​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ​ដែល​ជា​អ្នកដឹកនាំ​បាតុកម្មអហិង្សា​នៅ​គ្រា​នោះ បាន​បង្ហោះ​សារ​​លើ​ទំព័រ​ហ្វេសប៊ុក​ថា ការ​រំលឹក​ខួប​នៅ​ឆ្នាំ​នេះ ខុស​ពី​លើក​មុនៗ ពីព្រោះ​តុលាការ​បារាំង​បាន​វែកមុខ​ឧក្រិដ្ឋជន និង​កំពុង​តាម​ចាប់​ពួកគេ​យក​ទៅ​កាត់​ទោស។ ​លោក​បញ្ជាក់​ថា ឧក្រិដ្ឋជន​ទាំងពីរ​នាក់ គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ហើយ​អ្នកបញ្ជា​ពី​ក្រោយខ្នង​ដែល​ត្រូវ​ទទួល​ទោស​ធ្ងន់ជាង​គេ​បំផុត​នោះ គឺ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។