លោក ហ៊ុន សែន គ្រោង​រៀបចំ​ពិធី​សាសនា​មុខ​អង្គរវត្ត​ក្រោយ​រម្លាយ​បក្ស​សង្គ្រោះជាតិ

ដោយ មាន ឫទ្ធិ
2017.11.22
ម៉ែន សំអន ៦២២ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា-​ព្រឹទ្ធ​សភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

លោក ហ៊ុន សែន គ្រោង​នឹង​ដឹកនាំ​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់​នៃ​រដ្ឋាភិបាល​របស់​លោក ប្រារព្ធ​ពិធី​សាសនា​ដ៏​ធំ​មួយ​នៅមុខ​បរិវេណ​ប្រាសាទ​អង្គរវត្ត នៅ​ដើមខែ​ធ្នូ​នេះ។ ការ​ប្រកាស​រៀបចំ​ពិធីបុណ្យ​សាសនា​ដ៏​ប្រញាប់ប្រញាល់​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន បាន​សម្រេច​ផែនការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​បាន​បង្ហាញ​ការ​សោកស្ដាយ​ជា​សាធារណៈ ដែល​លោក​មិន​បាន​សម្លាប់​ក្រុម​បក្ស​ប្រឆាំង ដែល​មាន​អ្នកគាំទ្រ​រាប់​លាន​នាក់។

អ្នក​ជំនាញ​ខាង​ពុទ្ធសាសនា ព្រះ​តេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខ្មែរ​នៅ ប្រទេស​កាណាដា មាន​ថេរៈដីកា​ថា សេចក្ដី​សុខ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប មិនមែន​កើតឡើង​ដោយសារតែ​ការ​បន់ស្រន់​នោះ​ទេ។ ក៏ប៉ុន្តែ សេចក្ដី​សុខ និង​ស្ថិរភាព​យូរអង្វែង កើត​មាន​ឡើង​ពិតប្រាកដ​តាមរយៈ​ទង្វើ​ល្អ​ដែល​មេដឹកនាំ​ជា​អ្នក​ប្រព្រឹត្តិ។ ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ មាន​ថេរៈដីការ​ពន្យល់​ថា តាម​ទស្សនៈ​ព្រះពុទ្ធសាសនា ការ​បន់ស្រន់ បួងសួង​សុំ​សេចក្ដី​សុខ កើត​មាន​ឡើង​តែ​សម្រាប់​បុគ្គល​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ល្អ​តែប៉ុណ្ណោះ។ ដោយឡែក សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្តិ​អំពើ​អាក្រក់ ជា​បាបកម្ម​រួចហើយ នោះ​នឹង​មិន​អាច​គ្រាន់តែ​បន់ស្រន់​សុំ​សេចក្ដី​សុខ​រួច អាច​លាងបាប​កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រួច​ហើយ​នោះ​បាន​ទេ។ «»

ប្រតិកម្ម​របស់​ព្រះ​តេជគុណ​បណ្ឌិត ហុក សាវណ្ណ ពី​ខាង​លើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន គ្រោង​នឹង​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់​នៃ​រដ្ឋាភិបាល​របស់​លោក ប្រារព្ធ​ពិធី​សាសនា​ដ៏​ធំ​មួយ ដើម្បី​បួងសួង​សុំ​សេចក្តី​សុខ​ចម្រើន​ជូន​ប្រទេស​កម្ពុជា ដោយ​និមន្ត​ព្រះសង្ឃ ៥​ពាន់​អង្គ រាប់​បាត​នៅ​ខាង​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត។ ពិធី​នេះ នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ខាងមុខ​នេះ ដោយ​រដ្ឋាភិបាល បាន​សម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ដើម្បី​រៀបចំ​ពិធី​តាម​បែប​សាសនា​ដ៏​ធំ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា អា.កា.ប៉េ (AKP) ស្រង់​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​ពេល​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​បួងសួង​នេះ នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ថា ការរៀបចំ​ពិធី​នេះ គឺ​ធ្វើ​ឡើង​តាម​ការណែនាំ​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក ក្នុង​គោលបំណង​ដើម្បី​នាំមក​នូវ​សេចក្តី​សុខ​សប្បាយ និង​ស្ថិរភាព​នយោបាយ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។ ក្រៅ​ពី​នេះ អ្នកស្រី​ថា ការ​រៀបចំ​ពិធី​បន់ស្រន់​នេះ ក៏​ជា​ការ​សម្ដែង​ការ​ដឹងគុណ​ដល់​បុព្វបុរស​ខ្មែរ ដែល​បន្សល់ទុក​នូវ​ប្រាសាទ​បុរាណ​រាប់ពាន់​ដល់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយនេះ។ អ្នកស្រី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចូលរួម​អបអរសាទរ​ប្រារព្ធ​ពិធីបុណ្យ​បួងសួង​នេះ។

ការ​ប្រកាស​រៀបចំ​ពិធីបុណ្យ​សាសនា​ដ៏​ប្រញាប់ប្រញាល់​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ផែនការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ប្រជាជន​គាំទ្រ​ជាង​មួយ​ចំហៀង​ប្រទេស ហើយ​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ជាន់​ឈ្លី និង​ប្លន់​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ជាក់ច្បាស់។

នៅ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រម្លាយ​ចោល​ដោយ​បិទ​ផ្លូវ​តវ៉ា ដូច​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង្អុលបង្ហាញ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក​ប្រមាណ ៥ពាន់ នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​បុរស​ហិង្សា​និយម​រូប​នេះ បាន​និយាយ​ដោយ​មិន​អល់អែក​ថា ប្រសិនបើ​លោក​បាន​ដឹង​ជាមុន អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ខ្លួនឯង​ចោទ​ថា ជា​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាមរយៈ​រូបភាព «បដិវត្ត​ពណ៌» នោះ​លោក​នឹង​បញ្ជា​ឲ្យ​ក្រុម​របស់​លោក សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ​ចោល​តាំងតែ​ពី​ពេល​ដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​រាប់​សែន​នាក់​ចូលរួម នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​មក​ម្ល៉េះ។ លោក ហ៊ុន សែន បង្ហើប​ថា លោក​ទើបតែ​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​បក្ស​ប្រឆាំង​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់​ព្រាត់​រំលំ​រដ្ឋាភិបាល​របស់​លោក។ លោក ហ៊ុន សែន ថ្លែង​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថា លោក​ស្ដាយ​ណាស់​ដែល​លោក មិនបាន​សម្លាប់​អ្នក​ទាំងនេះ។

នេះ​មិន​មែន​ជា​លើកទីមួយ​ទេ ដែល​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ និយាយ​ថ្លែង​ជា​សាធារណៈ​អួតអាង​តែ​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​ខ្លួនឯង ដោយ​មិន​ខ្មាស​បរទេស នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​នេះ ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា តែងតែ​ឱនលំទោន​នៅ​ចំពោះ​មុខ​បរទេស​ជាពិសេស​ប្រទេស​វៀតណាម ដែល​បាន​លើក​បន្តុប​លោក​ឲ្យ​ឡើង​កាន់​អំណាច កាលពីដើម​ទសវត្សរ៍​ទី​៨០។ កាលពី​មុន​ពេល​បោះឆ្នោត​ឃុំ​-​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០១៧​កន្លងទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​សារ​គំរាម​ជាច្រើន​លើក​ច្រើន​សា​អំពី​សង្គ្រាម អំពី​រឿង​ក្ដារមឈូស និង​ថា​លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ​២០០ នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាពសម្រាប់​ប្រជាជន​​រាប់​លាន​នាក់។ «»

ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ មាន​ព្រះ​ថេរៈដីកា បន្ត​ដោយ​លើក​ឧទាហរណ៍​ជាក់ស្ដែង​ថា ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ គឺជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៃ​ការប្រព្រឹត្តិ​អំពើ​បាប។ ដូចគ្នា​នេះ​ដែរ ព្រះអង្គ​មាន​ព្រះ​ថេរៈដីកា​បញ្ជាក់​ថា ការ​ដាក់​ព្យួរ​មិន​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១១៨​នាក់ អាច​ធ្វើ​នយោបាយ​បាន​ក្នុង​រយៈពេល ៥ ឆ្នាំនេះ ក៏​ជា​អំពើ​បាបកម្ម​មួយ​ដែរ។ ព្រះអង្គ​មាន​ព្រះ​ថេរៈដីការ​បញ្ជាក់​បន្ថែម​ថា តាមរយៈ​អំពើ​បាប​នេះ គេ​មិន​អាច​គ្រាន់តែ​បួងសួង​សុំ​សេចក្តី​សុខ​នេះ នឹង​បាន​សុខ​នោះ​ទេ ពោល​គឺ​នឹង​ត្រលប់​ទៅជា​មានទុក្ខ​ដដែល ពី​ព្រោះ​ថា ពុទ្ធសាសនា មិនមែន​ស្ថិត​នៅ​លើ​តែ​អំពើ​បន់ស្រន់​នោះ​ទេ។ តែ​អ្វីៗ​គឺ​អាស្រ័យ​លើ​អំពើ​របស់​បុគ្គល​ជា​អ្នក​ប្រព្រឹត្តិ​នីមួយៗ។ ព្រះអង្គ​មាន​ថេរៈដីការ​ពន្យល់​ថា កាលណា​បុគ្គល​ធ្វើអំពើ​ល្អ បើ​មិន​បាច់​បន់ស្រន់ ក៏បាន​សេចក្តី​សុខ​ដែរ។

ព្រះអង្គ ហុក សាវណ្ណ ផ្ដល់​ឱវាទ​ទូន្មាន​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​សេចក្តី​សុខ សន្តិភាព​យូរអង្វែង បុគ្គល​ដែល​ជា​មេដឹកនាំ ត្រូវ​លះបង់​ឈប់​ប្រព្រឹត្តិ​អំពើ​បាប ដែល​ខ្លួន​បាន​ធ្វើ​នា​ពេល​អតីតកាល។ ជាក់ស្ដែង ក្នុង​ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នេះ តុលាការ​កំពូល​គួរ​លុបចោល​សេចក្តី​សម្រេច​របស់​ខ្លួន​វិញ ដោយ​ឈប់​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អនុញ្ញាត​ឲ្យ​សមាជិក​គណបក្ស​នេះ​ចំនួន ១១៨​នាក់ អាច​ចូល​ធ្វើ​នយោបាយ​ដូចដើម​វិញ ទើប​អាច​ធានា​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ជា​រៀង​រហូត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។