គណបក្ស​ឆន្ទៈ​ខ្មែរ​រក​ឃើញ​ថា វៀតណាម​នៅតែ​ជួល​ដី​ខ្មែរ​តាម​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង

ដោយ សន ចាន់រដ្ឋា
2018-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​វៀតណាម នៅ​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ថត​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា។
កសិករ​វៀតណាម នៅ​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ថត​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា។
រូប៖ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ

គណបក្ស​ឆន្ទៈ​ខ្មែរ​រក​ឃើញ​ថា ជនជាតិ​វៀតណាម នៅតែ​ជួល​ដី​ខ្មែរ​ជាច្រើន​ហិកតារ តាម​តំបន់​ជាប់​ព្រំដែន​ខ្មែរ​-​វៀតណាម ស្ថិតនៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​ផ្ទុយ​ពី​សេចក្ដីណែនាំ​របស់ ក្រសួង​មហាផ្ទៃ។ សង្គម​ស៊ីវិល​ថា ដើម្បី​ទប់ស្កាត់​ការ ជួល​ដី​ឲ្យ​វៀតណាម មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​របប​លោក ហ៊ុន សែន អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​អ្នក​ជួល និង​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​ទឹក ភ្លើង និង​ផ្លូវ​តាម​តំបន់​ព្រំដែន។

ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក គង់ មុនីកា អះអាង​ថា ជនជាតិ​វៀតណាម​បន្ត​ជួល​ដី​ខ្មែរ​នៅ​ភូមិ​តែងម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

លោក គង់ មុនីកា មាន​ប្រសាសន៍​ថា ការ​បន្ត​ជួល​ដីស្រែ​អោយ​ភាគី​វៀតណា​ម​នេះ ដោយសារ​មានការ​ឃុបឃិត​គ្នា​ពី​អាជ្ញាធរ​ផង និង​មាន​ឈ្មួញ​រត់ការ​ដែល​មាន​ខ្នងបង្អែក​ធំៗ​ផង ដែល​មិនទាន់​ស៊ើប​ចេញ​នៅឡើយ។ លោក​បន្ត​ទៀត​ថា តាម​ការ​អោយ​ដឹង​ពី​ជនជាតិ​វៀតណាម​ដែល​មក​ធ្វើស្រែ​លើ​ដី​ខ្មែរ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ បាន​បញ្ជាក់​ថា​វៀតណាម​បាន ជួល​ដី​ខ្មែរ​រាប់​រយ​ហិកតារ​នៅ​តាម​ព្រំដែន ដោយ​មួយ​ហិកតារ​ជួល​បាន​តម្លៃ ៤​លាន​ដុង ស្មើ​ប្រមាណ ជាមួយ​លាន​រៀល​ខ្មែរ«នៅ​តែ​មាន​ការជួល​ដី​អញ្ចឹង នៅ​ឃុំ​ចន្ទ្រា ក៏​មាន នៅ​ឃុំ​ទួលស្តី​ក៏​មាន គឺ​មាន​យ៉ាង ច្រើន​នៅ​តាម​បន្ទាត់​ព្រំដែន ប៉ុន្តែ​គាត់​ថា បញ្ហា​ពលរដ្ឋ​ជួល​ដី​ឬក៏​អាជ្ញាធរ​ជួល​ដី​អោយ​វៀតណាម​នេះ​គឺ​ដោយសារ​ថា​មិន​អាច​ធ្វើស្រែ​ខ្លួនឯង​ចំណេញ ដូច្នេះ​ហើយ​ទើប​ជួល​ទៅ​អោយ​វៀតណាម ដោយសារ​ថា មិន​មាន​ប្រឡាយ​ទឹក និង​ទំនប់ទឹក​អី​អោយ​បាន​ត្រឹមត្រូវ​ទៅដល់​តំបន់​គាត់ ដូច្នេះ​ការ​ធ្វើ​ស្រែ​ក៏​មិន​អាច​ទទួល​ផល​បាន​ល្អ និង​ផ្គត់ផ្គង់​ជីវភាព​បាន។ ដូច្នេះ​ជួល​ដី​អោយ​វៀតណាម​បាន​តម្លៃ​ប្រសើរ​ជាង»

ក្រៅពី​មាន​ករណី​ជួល​ដី​ឲ្យ​វៀតណាម​នោះ ប្រតិភូ​គណបក្ស​ឆន្ទៈ​ខ្មែរ ក៏​រក​ឃើញ​ថា បច្ចុប្បន្ន​នេះ មាន​ឈ្មួញ​ចិន កំពុងតែ​ដើរ​ទិញ​ដី នៅ​តាម​ព្រំដែន​ខ្មែរ​-​វៀតណាម​ដែរ ជាពិសេស​នៅ​ក្បែ​ក្រុង​បាវិត ដោយ​ក្នុង​តម្លៃ​ចាប់ពី ៣​ពាន់​ដុល្លារ ក្នុង​មួយ​ហិកតារ។

លោក គង់ មុនីកា សម្ដែង​ក្តី​បារម្ភ​អំពី​បញ្ហា​បូរណភាព​ទឹកដី ពីព្រោះ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម គឺជា​រឿង​រសើប​នា​ពេល​កន្លងមក។ លោក​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន និង​អាជ្ញាធរ ព្យាយាម​ទប់ ស្កាត់​ការជួល​ដី​និង​ការ​លក់​ដី​នៅ​តាម​ព្រំដែន ឲ្យ​មាន​ប្រសិទ្ធភាព​ឡើងវិញ កុំ​ឲ្យ​មាន​សេចក្ដីណែនាំ តែ​នៅ​លើ​ក្រដាស«ក្នុងនាម​ជា​សមាជិក​មួយ​រូប​នៃ​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ គឺ​តាមរយៈ​ការ​ចុះ​ស្រាវជ្រាវ​នេះ ខ្ញុំ​នឹង​ធ្វើ​របាយការណ៍​លម្អិត​មួយ​ក៏ដូចជា​ផ្ដល់​អនុសាសន៍​ដើម្បី​ដោះស្រាយ​បញ្ហា ជូន​ទៅ​ឧត្តមក្រុមប្រឹក្សា ហើយ​ជូន​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី ថា តើ​អាច​មាន​យន្តការ​អាច​ជួយ​ដោះស្រាយ​យ៉ាងម៉េច​បាន»

អាស៊ីសេរីមិន​អាច​សុំ​ការ​ឆ្លើយ​ត​ពី​អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល បានទេ ដោយ​អង្គរក្ស​របស់​លោក បាន​លើក​ទូរស័ព្ទ និង​ប្រាប់​ថា​លោក​ជាប់​ប្រជុំ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ពុំ​ទទួល​ទូរស័ព្ទ​នោះ​ទេ។

កាលពី​ឆ្នាំ​២០១៥ របប​លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​លក់ ឬ ជួល​ដីស្រែ ដីចម្ការ ឬ ដី​លំនៅឋាន នៅ​តាម​ព្រំដែន​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង ទោះបីជា​ក្នុង​រូបភាព​ណា​ក៏ដោយ។ វិធានការ​នេះ​ត្រូវ​បាន​ដាក់​ចេញ បន្ទាប់ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ជួល​ដីស្រែ​ដីចម្ការ ឬ​ដី​លំនៅឋាន​របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន ឱ្យ​ទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​ដូចជា វៀតណាម ឡាវ និង​ថៃ ដើម្បី​បង្កបង្កើនផល ដាំ​ដុះ​ដំណាំ ឬ​ប្រកប​អាជីវ កម្ម​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ផលប្រយោជន៍​ប្រជា​ពល រដ្ឋ​ខ្មែរ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន មាន​ប្រសាសន៍ ថា ករណី​ជនជាតិ​ចិន​ដើរ​ទិញ​ដី​តាម​ព្រំដែន អាច​កើតមាន​មែន​ដោយសារតែ​ជនជាតិ​កាន់តែ​ច្រើន កំពុង​រស់នៅ​ក្នុង​ក្រុង​បាវិត ហើយ​ដី​ក៏​ចាប់ផ្ដើម​ឡើងថ្លៃ​ខ្លាំង​ណាស់​ដែរ។ ចំណែក​ករណី​ជនជាតិ​វៀតណាម​ជួល​ដី​ខ្មែរ​វិញ គឺ​ពិត​ជា​មាន​ពិតប្រាកដ​មែន ទាំង​ករណី​ថ្មី​និង​ករណី​ចាស់​។ ទោះ​យ៉ាង​ណា​ក្តី លោក​មើល​ឃើញ​ថា ដី​តំបន់​ព្រំដែន​នោះ មិន​សូវ​មាន​ពលរដ្ឋ​ខ្មែរ​សាមញ្ញ ជួល​ឲ្យ​វៀតណាម ប៉ុន្មាន​នោះ​ទេ គឺ​ភាគច្រើន​សុទ្ធតែ​ជា​ដី​របស់​អ្នកធំ​និង​អ្នក​មាន​អំណាច​នៅ​ភ្នំពេញ«ក្រសួងមហាផ្ទៃ​គួរតែ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ជួល​នោះ ហើយ​ខ្ញុំ​គិត​ថា ពាក់ព័ន្ធ​នឹង​ឈ្មោះ​បុគ្គល​នៃ​ការជួល​នោះ មិន​ពិបាក​រក​ទេ ព្រោះ​អាជ្ញាធរ​គេ​ដឹង​ហើយ​ថា ដី​ណា​របស់​អ្នកណា អ្នកណា​អ្នក​ជួល។ គួរតែ​ក្រសួងមហាផ្ទៃ ហៅ​អ្នក​ជួល នោះ​មក​សួរនាំ​ផ្ទាល់​តែម្ដង ថា​តើ​ហេតុ​អី​បាន​ជួល និង​មិន​អនុវត្ត​តាម​សេចក្ដីប្រកាស​របស់​ក្រសួងមហាផ្ទៃ ដែល​ហាម​មិន​អោយ​ជួល ហើយ​មាន​វិធានការ​តាមច្បាប់។ បើ​ធ្វើ​ដូច្នេះ​ខ្ញុំ​គិត​ថា ទប់​ស្កាត់​បាន​ហើយ ប៉ុន្តែ​កន្លងមក ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដីប្រកាស​អី​អ៊ីចឹង​មែន ប៉ុន្តែ​អ្នក​ដែល​ជួល​មិនមែន​ជា​ពលរដ្ឋ​ទេ​ភាគច្រើន គឺ​សុទ្ធ​តែ​ជា​អ្នក​មាន​អំណាច អ្នកធំ​ដែរ»

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន តែងតែ​ត្អូញត្អែរ​ពី​ភាព​លំបាក​លំបិន​របស់​ខ្លួន ដោយ​ភាគច្រើន​ជួល​ដី​ទៅ​អោយ​ប្រជាពលរដ្ឋ​វៀតណាម ហើយ​ខ្មែរ​ម្ចាស់​ដី តែងតែ​ចំណាកស្រុក​ទៅ​ថៃ ឬ​ធ្វើ​កម្មករ​រោងចក្រ និង​សំណង់​ក្នុងស្រុក ដោយសារ​ពួកគាត់​ធ្វើ​ស្រូវ​មិនសូវ​បាន​ផល​សម្រាប់​ផ្គត់ផ្គង់ ជីវភាព​ដូច​ប្រជាពលរដ្ឋ​របស់​គេ​ឡើយ។ ក្រៅពី​ការជួល​ដី​នោះ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ក្លាយ​ខ្លួន​ស៊ីឈ្នួល​ឲ្យ​ប្រជាកសិករ​ប្រទេស​គេ​នៅ​លើ​ដី​របស់​ខ្លួនឯង​ទៀត​ផង។

ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា គប្បី​ផ្ដល់​ចំណេះ ជំនាញ កសិកម្ម និង​ធ្វើការ​អភិវឌ្ឍ​នូវ​រាល់​ភូមិ​ស្រុក​ទាំងអស់​នៅ​តាម​ព្រំដែន ទាំង​ព្រំដែន​ថៃ និង​ព្រំដែន​វៀតណាម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​គ្មាន​ហានិភ័យ និង​អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​បាន​ដើម្បី​ជា​បង្គោល​ព្រំដែន​ដ៏​រឹងមាំ​ក្នុង​ការ​ការពារ​ព្រំដែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល